ជម្ងឺគ្រុន​ឈាម​កើត​ឡើង​យ៉ាង​គំហុក​នៅឆ្នាំ ២០០៧

នៅ​ប៉ុន្មានខែ​ដើមឆ្នាំ​២០០៧​នេះ កុមារ​ដែល​កើត​ជម្ងឺ​គ្រុនឈាម មានការ​កើនឡើង​ពី៥ទៅ​៦ដង បើធៀប​នឹង​ឆ្នាំ២០០៦​ក្នុង​កំឡុង​ពេល​ដូចគ្នា។ ការកើន​ឡើងនេះ​ធ្វើឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​ប្រទេស​កម្ពុជា​មិនដែល​មានការ​រីករាល​ដាល​ជម្ងឺ​នេះ​ទាំង​គំហុក​ដូចឆ្នាំ​នេះ​នោះទេ។ ប្រសិនបើ​មិនមាន​វិធីទប់​ស្កាត់​ឱ្យបាន​ទាន់ពេល​វេលា​នោះ វាប្រាកដជា​បង្ក​សោកនា​ដកម្ម​យ៉ាងធ្ងន់​ធ្ងរដល់​កុមារ​តូចៗ​នៅ​តាម​បណ្ដា​ខេត្ដ​ក្រុងជា​មិនខាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅលើ​ទំព័រនេះ ទស្សនាវដ្ដី សុខភាពយើង សូម​ញំនាំ​នូវចម្ងល់​នៃការ​កើនឡើង និង​វិធីសាស្ដ្រ​ក្នុងការ​ទប់ស្កាត់​ជម្ងឺគ្រុន​ឈាម​នេះជូន​ប្រិយមិត្ដ​អ្នក​អាន​ជ្រាប។

ការកើន​ឡើងនៃ​ជម្ងឺ​គ្រុន​ឈាម

នៅតាម​បណ្ដា​ខេត្ដ​ក្រុង​មួយ​ចំនួន ដូចជា​ក្រុងភ្នំពេញ កណ្ដាល កំពង់ចាម តាកែវ ព្រៃវែង និង​ខេត្ដរតនគិរី មាន​ការផ្ទុះ​ឡើង​នៃជម្ងឺ​គ្រុន​ឈាម​យ៉ាងខ្លាំង​នៅដើម​ឆ្នាំ២០០៧​នេះ។ ដោយ​ក្នុងនោះ​មានកុមារ​ចំនួន​ប្រមាណ​ពី៥០០ទៅ​៦០០នាក់ បាន ឆ្លង​ជម្ងឺនេះ​តួលេខ​នេះបើ​ប្រៀបធៀប​នឹង​ឆ្នាំកន្លង​មកក្នុង​រយៈពេល​ដូចគ្នា​ឃើញថា​មានការ​កើនឡើង​ពី៥ទៅ​៦ដង។ ដោយ​ឡែក​នៅ មន្ទីរពេទ្យ​កុមារធំ​ចំនួន២​នៅទី​ក្រុង​ភ្នំពេញ​គឺមន្ទីរ​ពេទ្យ​កុមារជាតិ និង​មន្ទីរពេទ្យ​គុន្ធបុប្ផា​បានចេញ​របាយការណ៍​ថា ចាប់តាំង​ពីដើម ខែ​មេសា​កន្លងម​កថ្មីៗនេះ​មានកុមារ​ជាច្រើន​រយនាក់​ក្នុងមួយ​ថ្ងៃៗ បានចូល​មក​សម្រាក​នៅក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​កើត​ជម្ងឺ​គ្រុន ឈាម។ កុមារ​ទាំងនោះ​ភាគច្រើន​ពី៨០ទៅ​៨៥ភាគរយ​មកពី​ខេត្ដ​ក្រុង​ទូទាំង​ប្រទេស។

ការ​ប្រឈម​មុខក្នុង​ការទប់​ស្កាត់​ជម្ងឺ​គ្រុនឈាម

ការផ្ទុះ​ជម្ងឺ​គ្រុនឈាម​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​ឆ្នាំនេះ ធ្វើឱ្យ​ប្រទេស​យើង​ជួបបញ្ហា​ប្រឈម​យ៉ាង​ខ្លាំងនូវ​ការខ្វះ​ខាត​ចំនួនថ្នាំ​អាបេត​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ដ។ ដោយ​បច្ចុប្បន្ន​នេះនៅ​ក្នុងស្ដុក​របស់​ក្រសួង​សុខាភិបាល មានថ្នាំ​អាបេត ចំនួន​១០តោន​តែ​ប៉ុណ្ណោះ​ចំនួន​នេះ​រដ្ឋា​ភិបាល​បានត្រៀម​ទុកធ្វើ​អន្ដរាគមន៍​សម្រាប់​តែកន្លែង​ដែល​ផ្ទុះខ្លាំង​ក្លាជាង​គេតែ​ប៉ុណ្ណោះ។ ពេល​នេះក្រសួង​សុខាភិបាល​គ្រោង​នឹង​ផ្ដល់ថ្នាំ​អាបេត​ឱ្យ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជម្ងឺ​គ្រុនចាញ់​ប៉ារ៉ាស៊ិត​សាស្ដ្រ និង​បាណក​សាស្ដ្រ​ចំនួន៥០ តោន​បន្ថែម​ទៀត​ដើម្បី​ទប់ស្កាត់​ការរីករាល​នៃជម្ងឺ​គ្រុនឈាម។

រួមគ្នា​ទប់ស្កាត់​ជម្ងឺ​គ្រុនឈាម

ដោយ​សារឆ្នាំ​នេះមាន​ការផ្ទុះ​ឡើង​នៃជម្ងឺ​គ្រុនឈាម​មាន​លក្ខណៈ​រាយប៉ាយ មិនរីក​រាលដាល​តែមួយ​កន្លែង​នោះ ធ្វើឱ្យ​មាន​ការ​លំបាក​ក្នុងការ​គ្រប់​គ្រង។ ដូចនេះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃជម្ងឺ​នេះឱ្យមាន​ប្រសិទ្ធភាព​នោះ លុះត្រា​តែមាន​ការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជូន​ដំណឹង និង​រាយការណ៍​ឱ្យទាន់​ពេលវេលា​ពីការ​ផ្ទុះ​ជម្ងឺនេះ ងាយ​ស្រួល​ត្រៀម​លក្ខណៈ​ទប់ស្កាត់ ជាបន្ទាន់។ លោកអ្នក​គួរចូល​រួមធ្វើ​អនាម័យ​តាមលំ​នៅដ្ឋាន ដើម្បី​កម្ចាត់​មូសខ្លា និង​កប់ចោល​ឱ្យអស់​រាល់អ្វី​ដែលជា​ជម្រក​សម្រាប់ មូស​ខ្លាពង​បាន។ កុមារ​ត្រូវស្លៀក​ពាក់ខោ​អាវជិតៗ និង​ត្រូវ​ដេកក្នុង​មុងជា​ប្រចាំ។ លោកអ្នក​ត្រូវអនុញ្ញាត​ឱ្យភ្នាក់ងារ​សុខា​ភិបាល ដាក់ថ្នាំ​អាបេត​ក្នុងពាង​ទឹកឬ​អាងទឹក​របស់​ខ្លួន​ព្រោះថ្នាំ​អាបេត​មិនមាន​សារធាតុ​ពុលទេ ហើយ​មាន​ប្រសិទ្ធភាព​បានរយៈ​ពេល៣​ខែក្នុង ការការ​ពារកុំឱ្យ​កើត​មូសខ្លា។ នៅពេល​លាងពាង​មិនត្រូវ​បោះថ្នាំ​អាបេត​នោះ​ចោលទេ។ សូម​ប្រញាប់​យកកូន​ទៅមន្ទីរ​ពេទ្យ​ជាបន្ទាន់ បើកុមារ​ក្ដៅខ្លួន ដោយ​មិន​ត្រូវ​ព្យាបាល​ដោយខ្លួន​ឯងនោះ​ឡើយ។

រោគមុន និងជម្ងឺ​ឈាមក្ដៅ

នាងខ្ញុំ​ឈ្មោះ ន.ក អាយុ២១ឆ្នាំ នាងខ្ញុំ​មានសុខភាព​ល្អធម្មតា តែនៅ​លើផ្ទៃមុខ​របស់នាង​ខ្ញុំមាន​ឡើងមុន​មិនឈប់​សោះ​អស់រយៈ​ពេល៧​ឆ្នាំមក​ហើយ ហើយ​បានធ្វើ​ការ​ព្យាបាល​ជាច្រើន​លើក​(ចំនួន១៣ដង) នៅតាម​ហាងកែ​សម្ផស្ស​ល្បីៗ តាមមន្ទីរ ពេទ្យ និង​គ្លីនិក​ឯកជន​នានា។ ហើយ​រយៈ​ពេល​ព្យាបាល​មានពី​៣ខែ​ឡើង​ទៅដល់​រាប់ឆ្នាំ នៅតាមទី​កន្លែង​នីមួយៗ។ ហើយ​វិធីព្យា បាលក៏​មាន​ច្រើនដែរ ខុសៗគ្នា​មាន​ទាំងការ​លេបថ្នាំ លាបថ្នាំ ព្យួរស៊ីរ៉ូម បូមឈាម​លាយ​ជាមួយ​ថ្នាំចាក់​ត្រគាក លាបម្សៅ លាបឡេ ព្រម​ទាំង​ការផឹក​ឱសថ​បុរាណ​ផងដែរ។ ហើយ​ការ​ព្យាបាល​គឺមាន​ប្រសិទ្ធភាព​ដែរចាប់​ពីដំណាក់​កាល​ព្យាបាល​ដំបូង​រហូត​ដល់​ដំណាក់ កាលបញ្ចប់ តែផុត​ពេល​ព្យាបាល​ប្រហែល​២ទៅ៣​ខែ​ក៏ចាប់​ផ្ដើម​ឡើងវិញ​ដដែល​(មានន័យថា​មុនបាត់​នៅពេល​ដែលមាន​ការ​ព្យាបាល​ប៉ុណ្ណោះ)​វាមិន​បានបាត់​បង់ជា​រៀងរហូត​នោះទេ។ ហើយ​ពេលថ្មីៗ​នេះ​នាងខ្ញុំ​ឮគេ​និយាយ​ថា ប្រហែល​ជានាងខ្ញុំ​មានឈាម​ក្ដៅ ហើយ​បានជាវា​ឡើងមុន​មិនឈប់​បែបនេះ ជាពិសេស​ពេល​ញ៉ាំសាច់ និង​ស៊ុត​វាតែង​តែរមាស់​ភ្លាមៗ ហើយពីរ​បីថ្ងៃ​ក្រោយ​មក វាក៏ ឡើង​មុន​តែម្ដង។ នាង​ខ្ញុំចង់​ដឹងថា តើនាងខ្ញុំ​មានជម្ងឺ​នេះមែន​ដែរ ឬទេ? តើឈាម​ក្ដៅ​នោះ​វាយ៉ាង​ម៉េច​ទៅ? ហើយ​ធ្វើម៉េច​ទើបវា ត្រជាក់ តើត្រូវ​ទទួលការ​ព្យាបាល​តាម​របៀប​ណា? ត្រូវលេប​ថ្នាំ? ជាថ្នាំ​អ្វីដែរ? នាងខ្ញុំ​សូមឱ្យ​ទស្សនាវដ្ដី សុខភាពយើង​ជួយរក ដំណោះ​ស្រាយ​នូវចម្ងល់​របស់​នាងខ្ញុំផង។

កញ្ញា ន.ក អាយុ ២១ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិតយើង ៖ តាមការ​រៀបរាប់​របស់​ប្អូនស្រី ពិតជា​គួរឱ្យ​កោត​សរសើរ និង​អាណិត​អាសូរ​ណាស់ ខិតខំ​ព្យាបាល​ខ្លួនគ្រប់ ទិសទី​គ្រប់​មធ្យោ​បាយ និង​ទទួល​នូវ​ដំបូន្មាន​សម្បូរ​បែប។ សំណួរ​របស់​ប្អូនស្រី​ពិតជា​មានសារៈ​សំខាន់​ខ្លាំង​ណាស់ ហើយ​ពាក្យ​អកុសល​ទាំងនេះ​កំពុង​ទន្ទ្រាន​លើ​ជីវភាព​រស់នៅ​របស់​ខ្មែរយើង។ តាមពិត​ដើម្បី​ឆ្លើយនឹង​ប្អូនស្រី​ឱ្យបាន​ចំបាន​ច្បាស់ ខ្ញុំបាទ​ចង់បាន​នូវ​ព័ត៌មាន ដទៃទៀត តែទោះបីបែប​នេះក្ដី​ខ្ញុំនឹង​ខិតខំ​ឆ្លើយតប​នឹងប្អូន​ស្រីឱ្យ​បានច្រើន​សម្រាប់​ជាការ​យល់ដឹង​ដើម្បី​ធ្វើការ​សម្រេច​ចិត្ដ។ ប្អូនស្រី ចង់សួរ​ពីសំណួរ​ធំៗ គឺរោគមុន និង​ជម្ងឺ​ឈាម​ក្ដៅ។ ទាក់ទង​នឹង​រោគមុន សូមប្អូន​ស្រីស្វែង​យល់​ជាសរុប​នូវ​បណ្ដា​មូលហេតុ​ដែល​បង្កការ កើត​មុនលើ​ស្បែក​មុខជា​ច្រើន​យ៉ាង។

  • ពេល​ពេញវ័យ សកម្មភាព​ជាតិ​អ័រម៉ូន​កើនឡើង​ធ្វើឱ្យ​មានការ​ផលិតជាតិ​ក្រពេញ​កើន​ឡើង ដែលធ្វើ​ឱ្យស្ទះ​រន្ធស្បែក​ជាហេតុ​ធ្វើឱ្យ​កើតមុន ដែលខ្មែរ​យើង​និយម​ហៅថា មុនឡើង​ខ្លួន។
  • ការ​ប្រតិកម្ម​ជាមួយ​សារធាតុគីមី​ដែល​មាននៅ​ក្នុងគ្រឿង​សម្អាង​ដែល​ប្រើជា​ប្រចាំ ដូចជា​ការប្រើ​ថ្នាំសម្រាប់​លេប សម្រាប់​ចាក់​សម្រាប់​លាប​ជាដើម ព្រោះ​ជាតិគីមី​ធ្វើឱ្យ​រន្ធញើស​មានបញ្ហា។
  • ការបញ្ចេញ​ពលកម្ម និងការ​ហាត់​ប្រាណ​ចេញ​ញើស​ច្រើន​(មុននៅ​លើខ្នង ភាគច្រើន​កើត​លើអ្នក​លេងកីឡា)។
  • បញ្ហា​ស្ដ្រេស្ស ពិបាកចិត្ដ ឬគិត​ច្រើន ក៏បណ្ដាល​ឱ្យចេញ​មុនកាន់​តែខ្លាំង​ឡើងដែរ។
  • ការ​បម្រែ​បម្រួល​អ័រម៉ូន​របស់​ស្ដ្រីនៅ​ពេលមក​រដូវ ក៏ជាដើម​ចមនៃ​ការកើត​មុនដែរ ប៉ុន្ដែ​បញ្ហានេះ​កើត​លើស្ដ្រី​ប្រមាណ​ជា៤០%​តែ​ប៉ុណ្ណោះ។
  • មុនខ្លះ​មានកើត​ដោយសារ​កាំរស្មី​ព្រះអាទិត្យ​(ក្ដៅខ្លាំង) ព្រោះ​កាំរស្មី​ព្រះអាទិត្យ​មិនត្រឹមតែ​ធ្វើឱ្យ​មុនដែល​មាននៅ​លើ​ផ្ទៃមុខ​ដែលមាន​ស្រាប់​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ ហើយ​ងាយមាន​ស្លាកស្នាម​ខ្មៅថែម​ទៀត។ បរិយាកាស​នៅកន្លែង​ធ្វើការងារ​ដែលមាន សារធាតុ​គីមី​ដូចជា​ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម ក៏ជា​ដើម​ហេតុដែរ។
  • បើគ្រួសារ​ធ្លាប់​មានប្រវត្ដិ​កើតមុន​ច្រើននោះ កូនកើត​មកអាច​មានមុន​ច្រើនដែរ តែមុន​មិនមែន​ជាជម្ងឺត​ពូជទេ គឺដោយ​សារតែ​ប្រភេទ​ស្បែក​មុខតែ​ប៉ុណ្ណោះ។

ឆ្លងតាម​មូលហេតុ​ទាំងប៉ុន្មាន​ដែលបាន​រៀបរាប់​មកខាង​លើនេះ ករណី​ប្អូនស្រី គឺពិបាក​ក្នុងការ​ព្យាបាល​ណាស់ ដោយ​សារ មានកត្ដា​និង​មូលហេតុ​ជាច្រើន​ច្របូក​ច្របល់គ្នា ជាពិសេស​ការម្ដង​ទៅនេះ​ម្ដងទៅ​នោះ ជឿពាក្យ​នេះជឿ​ពាក្យ​នោះ ជាប្រការ​មិនល្អ ឡើយ។

ទាក់ទង​នឹងជម្ងឺ​ឈាម​ក្ដៅ ឬឈាម​ត្រជាក់​ដែលប្អូន​ស្រីហៅ​នោះ ការពិត​ជាពាក្យ​បង្កើត​ឡើង​សម្រាប់​ហៅ​ជម្ងឺ​មេតាប៉ូ​លីក​ដែលជា​ប្រជុំនៃ​ជម្ងឺ​ច្រើន​រួមគ្នា ដោយសារ​ការប៉ះពាល់​ទៅលើ​មេតាប៉ូលីក​នៅក្នុង​ខ្លួនមនុស្ស​ម្នាក់ៗ។ ជម្ងឺ​មេតាប៉ូលីក​កើតឡើង​ដោយ​សារមាន​ផល​ប៉ះពាល់​ទៅលើ​សារធាតុ​សំខាន់ៗ​នៅក្នុង​ខ្លួន ដូចជា​ជាតិស្ករ ជាតិខ្លាញ់ ជាតិ​ប្រូតេអ៊ីន ជាតិ​វីតាមីន ជាតិរ៉ែ​ជាដើម។ ជារួម មក ជម្ងឺ​មេតា​ប៉ូលីក​ប្រជុំទៅ​ដោយ​ជម្ងឺ​លើស​ជាតិស្ករ(ជម្ងឺទឹក​នោម​ផ្អែម) ជម្ងឺ​លើស​ជាតិខ្លាញ់​ក្នុងសរសៃ​ឈាម ជម្ងឺ​លើស​ជាតិ​អាស៊ីដ អ៊ុយរិច ជម្ងឺ​ក្រពេញ​អ័រម៉ូន​ជាដើម។

ប្រហែល​ជាប្អូនស្រី​បានជ្រាប​ច្បាស់​ហើយ​អំពីរោគ​មុនរបស់​ប្អូន។ ចំពោះ​ការ​ព្យាបាល​រោគមុន និង​ជម្ងឺ​ឈាមក្ដៅ​នេះ ខ្ញុំមិន ជម្រាប​ជូនទេ​ប្រសើរ​បំផុត​សូមប្អូន​ស្រីទៅ​ស្វែងរក​ការ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាងរោគ​សើស្បែក ដើម្បី​ទទួល​ដំបូន្មាន និង ការព្យាបាល​ត្រឹមត្រូវ​មួយ។ ទាក់ទង​នឹង​ជម្ងឺទាំង​ពីរនេះ ទស្សនាវដ្ដី សុខភាពយើង ធ្លាប់បាន​ចេញផ្សាយ​រួចមក​ហើយ​នូវអត្ថបទ មូលហេតុ​កើតមុន វិធីបង្ការ​ជម្ងឺមុន​និង​វិធី​ព្យាបាល​ជម្ងឺមុន នៅក្នុង​លេខ០១២, ០១៣ និង០១៤ ចេញផ្សាយ​សម្រាប់​ខែមករា កុម្ភៈ និងមីនា ឆ្នាំ២០០៧ ព្រមទាំង​អត្ថបទ​ឈាម​ក្ដៅជា​ជម្ងឺ​មេតាប៉ូ​លីក ចេញផ្សាយ​នៅក្នុង​លេខ០១៦ ខែឧសភា ឆ្នាំ២០០៧ នាពេល កន្លង​មកនេះ។

សូមជូនពរ​ប្អូនស្រី​ឱ្យបាន​ជាសះស្បើយ​ពីជម្ងឺតម្កាត់​ទាំងនេះ​នាពេល​ឆាប់ៗនេះ និង​ទទួល​បានសម្រស់​ស្អាត​ជាទីមោទនៈ​ឡើង វិញ។ បើនៅ​មានចម្ងល់​ទៀត ប្អូនស្រី​អាច​សរសេរ​សំបុត្រ​មក​ទស្សនាវដ្ដី សុខភាពយើង ជាថ្មី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *