ជម្ងឺរបេងសួតគឺជាជម្ងឺឆ្លងពុំមែនជាជម្ងឺតពូជឡើយ។ មនុស្សដែលមានជម្ងឺរបេងសួតគឺជាប្រភពចម្លងនៃជម្ងឺរបេង។ ជាទួទៅមានតែអ្នកដែលកើតជម្ងឺរបេងសួតតែប៉ុណ្ណោះ ដែលអាចចម្លងជម្ងឺនេះបាន។ ជម្ងឺរបេងគឺជាជម្ងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្ស ម្នាក់ទៀតតាមរយៈខ្យល់។ នៅពេលអ្នកជម្ងឺរបេងសួតក្អក កណ្ដាស់ ខាកស្ដោះ ឬនិយាយស្ដី ដោយមិនបានយកក្រមា ឬកន្សែងខ្ទប់មាត់ មេរោគរបេងដែលនៅក្នុងសួតរបស់បុគ្គលប្រភេទនេះបានចេញមកក្រៅខ្យល់ ជាដំណក់ទឹកតូចៗបំផុត។ នៅពេលដែលមនុស្សផ្សេងទៀតនៅក្បែរបុគ្គលនោះបានដកដង្ហើមចូលដោយនាំមកនូវខ្យល់ដែលមានផ្ទុកដោយមេរោគរបេងនេះ អ្នកនោះនឹងអាចឆ្លងជម្ងឺរបេងបាន។
ទស្សនាវដ្ដី សុខភាពយើង ជួបជាមួយលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់ សិន នឹងបកស្រាយអំពីជម្ងឺរបេងសួត ដើម្បីឱ្យលោកអ្នកជ្រាប និងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហានេះ។
ជម្ងឺរបេងសួត
ជម្ងឺរបេងគឺជាជម្ងឺឆ្លងយ៉ាងកាចសាហាវដែលអាចបណ្ដាលឱ្យមនុស្សស្លាប់បាន។ ជាទូទៅជម្ងឺរបេងត្រូវបានគេចែកចេញជា ២យ៉ាង គឺជម្ងឺរបេងសួត និងរបេងក្រៅសួត។
១ . ជម្ងឺរបេងក្រៅសួត : គឺជាជម្ងឺរបេងទាំងឡាយណាដែលកើតនៅលើសរីរាង្គផ្សេងៗទៀត ដូចជានៅតម្រងនោម ក្រលៀន ពោះវៀន សន្លាក់ឆ្អឹង ពោះវៀន ស្រោមបេះដូង ស្រោមសួត(របេងស្រោមសួតមិនមែនជារបេងសួតទេ) ហើយនិងកូន កណ្ដុរដែលនៅត្រង់ក(ខ្មែរយើងនិយមហៅថាម្រេញ ហើយម្រេញភាគច្រើនជាជម្ងឺរបេងកូនកណ្ដុរ)។
២ . ជម្ងឺរបេងសួត : របេងសួតក៏ដូចជារបេងក្រៅសួតដែរ ជម្ងឺរបេងប្រភេទនេះអាចឆ្លងតាមរយៈខ្យល់ដង្ហើម នៅពេល ដែលអ្នកជម្ងឺរបេងសួតនៅមានមេរោគនៅក្នុងខ្លួន និងនៅពេលដែលអ្នកជម្ងឺរបេងក្អក ឬកណ្ដាស់ និយាយខ្លាំងៗ អាចធ្វើឱ្យមេរោគ ហើរទៅក្នុងខ្យល់តាមរយៈដំណក់ទឹកមាត់តូចៗ។ ហើយនៅពេលដែលអ្នកមិនទាន់កើតមានជម្ងឺរបេងស្ថិតនៅជិតជុំវិញអ្នកជម្ងឺរបេង នៅពេលដែលដកដង្ហើមចូលទៅដោយមានដំណក់ទឹកមាត់តូចៗ ដែលមានមេរោគរបេងចូលទៅតាមខ្យល់ដកដង្ហើម អាចបណ្ដាលឱ្យ បុគ្គលទាំងនោះឆ្លងជម្ងឺរបេង។ និយាយឱ្យខ្លីជម្ងឺរបេងអាចឆ្លងតាមរយៈការក្អក កណ្ដាស់ ឬនិយាយខ្លាំងៗ ដែលចេញពីអ្នកជម្ងឺរបេង សួតទៅកាន់អ្នកគ្មានជម្ងឺ ឬអ្នកដែលនៅជិតជុំវិញអ្នកជម្ងឺរបេងសួត។
រោគសញ្ញាជម្ងឺរបេងសួត
រោគសញ្ញាជម្ងឺរបេងសួតដែលលោកអ្នកគួរតែកត់សម្គាល់នោះមានដូចជា :
- រោគសញ្ញាចម្បង : ក្អកលើសពី២១ថ្ងៃ(៣សប្ដាហ៍)
- គ្រុនក្ដៅស្រៀវស្រាញនៅពេលល្ងាច
- បែកញើសនៅពេលយប់
- ទទួលទានបាយមិនបាន
- ទទួលទានដំណេកមិនលក់
- ស្រកទម្ងន់
- ឈឺដើមទ្រូង(ពិសេសនៅតំបន់បោះដៃផុត)
- អស់កម្លាំង។ល។
ករណីដែលអ្នកជម្ងឺមិនបានមកធ្វើការព្យាបាលឱ្យទាន់ពេលទេនោះ ជម្ងឺនេះនឹងវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរដែលអ្នកជម្ងឺអាច ក្អកធ្លាក់ឈាម ហត់ជាដើម។
ចំពោះជម្ងឺរបេងសួតមធ្យោបាយសំខាន់បំផុតត្រូវពិនិត្យកំហាកដោយមីក្រូទស្សន៍ដែលអាចរកឃើញមេរោគរបេង ក្រៅ ពីនេះអាចមានមធ្យោបាយបន្ថែមទៀតដែរ ដូចជាការថតកាំរស្មីអ៊ិច។ ការយកកំហាកទៅពិនិត្យរកមេរោគនេះជាមធ្យោបាយសំខាន់ ដើម្បីរករបេងក្នុងការវិនិច្ឆ័យរករោគរបេងសួតបន្ថែមរោគសញ្ញាដូចដែលរៀបរាប់ខាងលើ។
វិធីព្យាបាលជម្ងឺរបេងសួត
ដោយឡែកជម្ងឺរបេងខុសប្លែកពីជម្ងឺដទៃទៀត ដោយការព្យាបាលគឺមានរយៈពេលវែង គឺមានរយៈពេលសរុប៦ខែ ហើយ ចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលដំបូងឬដំណាក់កាលបឋមមានរយៈពេលពីរខែ និងរយៈកាលបន្ដមានរយៈកាល៤ខែ សរុប ទៅមានរយៈពេល៦ខែ។ ចំណែកឯការព្យាបាលជម្ងឺរបេងសួតនេះតម្រូវឱ្យអ្នកជម្ងឺទទួលទានថ្នាំ ឬចាក់ថ្នាំឱ្យបានទៀងទាត់ និងរាល់ ព្រឹក។ ហើយការទទួលទានថ្នាំ និងចាក់ថ្នាំត្រូវមានការត្រួតពិនិត្យផ្ទាល់ពីរសំណាក់គ្រូពេទ្យ ឬបុគ្គលិកសហគមន៍ដែលបានបណ្ដុះ បណ្ដាល នេះហៅថាវិធីសាស្ដ្រព្យាបាលដោយដូតស៍។ ការទទួលទានថ្នាំត្រូវទទួលទានឱ្យគ្រប់ចំនួនគ្រប់កម្រិតឱ្យបានពេញលេញ គ្រប់ចំនួន៦ខែ មិនត្រូវឱ្យខាន១ថ្ងៃទេ។
ផលប៉ះពាល់នៃជម្ងឺរបេងសួត
ជម្ងឺរបេងបើសិនជាមិនបានព្យាបាលឱ្យបានដិតដល់ទេ ជម្ងឺរបេងអាចសាយភាពគ្រប់ទីកន្លែង ដែលអាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត។ លើសពីនេះបើសិនជាមិនបានមកធ្វើការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ អាចធ្វើឱ្យអ្នកជម្ងឺស្លាប់បាន។
វិធីការពាជម្ងឺរបេងសួត
មានវិធីជាច្រើនដែលអាចការពារជម្ងឺរបេង និងការចម្លងរបស់វាបាន :
- ការចាក់ថ្នាំបង្ការ“បេ សេ ហ្សេ” BCG : គឺជាវ៉ាក់សាំងដែលផ្ដល់ទៅឱ្យទារកទើបនឹងកើត។
- ការព្យាបាលអ្នកជម្ងឺរបេង ៖ ការព្យាបាលគឺជាវិធីការពារមួយដែលអាចបញ្ឈប់ការចម្លងជម្ងឺរបេងពីអ្នកជម្ងឺទៅអ្នក ដទៃទៀត។
- អ្នកជម្ងឺរបេងត្រូវខ្ទប់មាត់នឹងកន្សែង ឬក្រមានៅពេលដែលអ្នកជម្ងឺក្អក កណ្ដាស់ ឬនិយាយស្ដី។ អ្នកជម្ងឺរបេងមិនត្រូវ ខាកស្ដោះ ពាសវាលពាសកាលឡើយ។
- មានកត្ដាមួយចំនួនទៀតដែលអាចជួយកាត់បន្ថយការចម្លងបាន : អនាម័យផ្ទះសម្បែង ត្រូវបើកទ្វារបង្អួចដើម្បីឱ្យពន្លឺ ព្រះអាទិត្យ និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់។ កន្លែងដែលមានខ្យល់អាកាសចេញចូលល្អ អាចកាត់បន្ថយនូវគ្រោះថ្នាក់ នៃការចម្លងមេរោគថ្មីៗ ដោយការកម្ចាត់យ៉ាងឆាប់រហ័សនូវមេរោគរបេងដែលអណ្ដែតនៅក្នុងខ្យល់។ ចំណែកឯពន្លឺព្រះអាទិត្យអាច សម្លាប់មេរោគរបេងបានយ៉ាងលឿនបំផុត។
ដំបូន្មានអ្នកជំនាញ
ការព្យាបាលជម្ងឺរបេងបានទាន់ពេលវេលា និងទទួលទានថ្នាំឱ្យបានទៀងទាត់រហូតដល់ទីបញ្ចប់នៃការព្យាបាល គឺជាការព្យា បាល និងការពារដ៏ប្រសើរបំផុតដើម្បីកុំឱ្យមានមេរោគរបេងឆ្លងទៅអ្នកដទៃ។ ការបញ្ឈប់ការព្យាបាលដោយខ្លួនឯង វានឹងបណ្ដាល ឱ្យមេរោគរបេងស៊ាំនឹងថ្នាំ។ ជម្ងឺរបេងដែលស៊ាំនឹងថ្នាំពិបាកព្យាបាលឱ្យជាណាស់ ព្រមទាំងតម្លៃខ្ពស់ទៀតផង។ បើសិនជាលោកអ្នក មានការសង្ស័យថា លោកអ្នកអាចកើតមានជម្ងឺរបេង លោកអ្នកគួរតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យ ឬទៅមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបេស់លោកអ្នកបំផុត។
Leave a Reply