វីរុស​នៃ​ជម្ងឺ​គ្រុន​ឈាម​ដែល​បាន​បាត់​បង់​អស់​៤០​ឆ្នាំ​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា

បច្ចុប្បន្ន​ជម្ងឺ​ប្លែកៗ​ និង​កាច​សាហាវ​ជា​ច្រើន កំពុង​តែ​ចូលមក​យាយី​ដល់​អាយុ​ជីវិត​មនុស្ស សត្វ ​ដែល​រស់នៅ​លើ​ភព​ផែន​ដី​មិនចេះ​ចប់មិន​ចេះ​ហើយ ពី​មួយថ្ងៃ​ទៅមួយ​ថ្ងៃ។ មាន​ជម្ងឺ​រាតត្បាត​ជាច្រើន​ដែល​មនុស្ស​លោក បាន​ខិត​ខំលុប​បំបាត់​។ ជម្ងឺ​ខ្លះ​ត្រូវ កម្ចាត់​បាន​ដោយ​ជោគ​ជ័យ ហើយ​ជម្ងឺ​ខ្លះ​ទៀត​មិនងាយ​នឹង​កម្ចាត់ ឬ​លុប​បំបាត់​នោះ​ឡើយ។ ថ្មីៗ​នេះ ការ​លេច​ឡើង​នូវ​ជម្ងឺ​រាត​ត្បាត​ដ៏ចម្លែក​នៅ​កម្ពុជា បាន​បន្ត​ជាក្តី​ព្រួយ​បារម្ភ​មួយ​សម្រាប់​ប្រជាពល​រដ្ឋ​កម្ពុជា​សារ​ជា​ថ្មី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រិយ​មិត្ត​អ្នក​អាន ប្រហែល​ជាបាន​ដឹងរួច​មក​ហើយ​ថា កាល​ពី​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ផ្ទុះ​ឡើង​នូវ​ជម្ងឺ​សើរ​ស្បែក​ដ៏​ចម្លែក និង​បាន​រាត​ត្បាត​ដល់​ប្រជាជន​នៅក្នុង​តំបន់​នៃ​ប្រទេស និង​ដែល​ធ្លាប់​បាន​ចុះផ្សាយ​នៅ​លើ​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​។ ការណ៍​នោះ មិន​ត្រឹម​តែបាន​ធ្វើឲ្យ​ប្រជាជន​វៀត​ណាមមាន​ការ​បារម្ភ​ប៉ុណ្ណោះ​នោះ​ទេ សូម្បី​តែ​ប្រទេស​ដែល​នៅជិត​ខាង រាប់​ទាំង​អង្គការ​សហ​ប្រជា​ជាតិ ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នោះ​ផង​ដែរ​។ ប៉ុន្តែ​នាពេល​ថ្មីៗ​នេះ​ជម្ងឺ​ចម្លែក​ថ្មី​មួយ​ទៀត​បានផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជម្ងឺ​នេះ​បាន​កប់បាត់​ខ្លួន​ជាង​៤០​ឆ្នាំមក​ហើយ។

បើយោង​តាម​មន្ត្រី​សុខា​ភិបាល​បានឲ្យ​ដឹងថា មជ្ឃម​ណ្ឌល​ជាតិ​បរា​សិត​វិទ្យា បាណក​វិទ្យា និង​ទប់ស្កាត់​ជម្ងឺ​គ្រុនចាញ់​បាន​រកឃើញ​ថា វិរុស​ចាស់​នៃ​ជម្ងឺ​គ្រុន​ឈាម ដែល​បាន​បាត់ខ្លួន​អស់រយៈ​ពេលជា​ច្រើន​ឆ្នាំមក​ហើយ​នោះ បាន​កើតមាន​ឡើងវិញ​ដែល​បណ្តាល​ឲ្យ​មជ្ឃ​មណ្ឌល​នេះ មាន​ការ​ព្រួយ​បារម្ភ​ថា ករណី​ជម្ងឺ​គ្រុន​ឈាម​នឹងមាន​ការកើន​ឡើង​នៅក្នុង​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​សារព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍​ដែលបាន​រាយ​ការណ៍។

សារព័ត៌​មាន​ដដែល​នេះ បាន​បន្ត​ថា ប្រធាន​មជ្ឃ​មណ្ឌល​ជាតិ​បរា​សិត​វិទ្យា និង​ទប់​ស្កាត់​ជម្ងឺ​គ្រុន​ចាញ់ លោក ច ម៉េង​ជួ​បាន​ថ្លែង​ថា មន្ត្រី​សុខា​ភិបាល​ថ្នាក់​ឃុំ សង្កាត់ ត្រូវ​ដាក់​ពង្រាយ​ដើម្បី​ពិនិត្យ​តាម​ដាន​ជម្ងឺ​មួយ​នេះ។ លោក​បាន​បញ្ជាក់​ថា «យើង​ព្រួយ​បារម្ភ​ថា ជម្ងឺ​ចាស់​ហៅ​ថា CHIKV ដែល​បាន​បាត់ខ្លួន​ជាង​៤០ឆ្នាំ​មក​ហើយ ហើយ​ឥឡូវ​នេះ វា​បាន​លេច​ចេញ​សារ​ជា​ថ្មី។

វាជា​ជម្ងឺ ដែល​ស្រដៀង​នឹង​ជម្ងឺ​គ្រុន​ឈាម វា​កើត​ពី​សត្វ​មូស។ ឥឡូវ​នេះ មន្ត្រី​កំពុង​ពិនិត្យ​សុខភាព​អ្នក​ភូមិ និង​ពន្យល់​ពួក​គេ»។

បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌​មាន​វិទ្យុ​អាស៊ី​សេរី​កាល​ពីសប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា​ករណី​ផ្ទុះ​ជម្ងឺ​រាតត្បាត​ម្យ៉ាង​នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ បានធ្វើឲ្យអ្នក​ភូមិ​ជា​ច្រើន​នាក់ ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដូចៗគ្នាជាបន្តបន្ទាប់។ ហើយកាល​ពី​ចុង​ខែ​មីនា ឆ្នាំ ២០១២ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពេជ្រមុនី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក៏​មាន​អាការៈ​គ្រុន​ក្ដៅ ទន់​ដៃ​ជើង ឈឺ​សន្លាក់​ឆ្អឹង និង​ហើម​សន្លាក់​ដៃជើងផងដែរ។ ជម្ងឺនេះបាន​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ និងធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដូច​គ្នា​នេះ​ម្ដង​រួច​មក​ហើយ។ ក្រោយ​ការ​ពិនិត្យ​ស្រាវជ្រាវ មន្ត្រី​ក្រសួង​សុខាភិបាល បាន​ដាក់​ឈ្មោះ​ជម្ងឺនោះ​ថា ជា​ជម្ងឺ​គ្រុន ឈីក វី (CHIKV) ដែល​បណ្ដាល​មក​ពី​មេរោគ​ម្យ៉ាង​ឈ្មោះ ឈី​គុន​ហ្គុន​យ៉ា (virus Chikungunya)។

សារ​ព័ត៌​មាន​ភ្នំពេញ​ប៉ុស្តិ៍ បាន​រាយការណ៍​សម្តី​របស់​លោក ច ម៉េងជួ បន្ថែម​ថា «វាកើន​ឡើង​ខ្លាំង​ដោយ​សារ​ភ្លៀង​ប្រសិន​យើង​ប្រៀប​ធៀប​នឹងឆ្នាំ​មុន ហើយ​ឆ្នាំនេះ ជា​វដ្ត​៥ឆ្នាំ​នៃ​ជម្ងឺ​គ្រុន​ឈាម​តាំង​ពីឆ្នាំ​២០០៧​មក។ ឪពុក​ម្តាយ​មួយ​ចំនួន​បាន​បញ្ជូន​កូន​ទៅ​ពេទ្យ​     យឺត​យ៉ាវ»។ លោក​បន្ថែម​ថា ឥឡូវ​នេះ មន្ត្រី​សុខា​ភិបាលបាន​ចែក​ថ្នាំ​អាបេត​៩០​តោន នៅ​ទូទាំង​ប្រទេស​និង​ទៅកាន់​តំបន់​ងាយ​កើត​មាន​ជម្ងឺ​គ្រុន​ឈាម ហើយ​មន្តី្រ​សុខា​ភិបាល​នឹង​ចែក​ថ្នាំ​បន្ថែម​នៅក្នុង​រដូវ​វស្សា​នេះ។​

គួរ​បញ្ជាក់​ថា កាល​ពីឆ្នាំ​២០០៧ ក្នុង​រយៈ​ពេល​១៨​សប្តាហ៍​ដើម​ឆ្នាំ ជម្ងឹ​គ្រុន​ឈាម​មាន​ចំនួន ៣៦៥៥​ករណី  ដែល​បាន​សម្លាប់​មនុស្ស​៤៨​នាក់។ មន្ត្រី​សុខា​ភិបាល​ ក៏បាន​ព្រមាន​ផងដែរ​ថា ជម្ងឺ​គ្រុន​ឈាម​នឹងកើន​ឡើង ដូច​កាល​ពីឆ្នាំ​២០០៧​ប្រសិន​បើគ្មាន​ការ​ចាត់​វិធាន​ការទប់​ស្កាត់​ឲ្យមាន​ប្រសិទ្ធ​ភាព​ទេ​នោះ​។

លោក ច ម៉េងជួ បាន​លើក​ឡើង​ថា «យើង​សូម​អំពាវ​នាវ​ដល់​ឪពុក​ម្តាយ ត្រូវ​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ទាន់ពេល​វេលា ហើយ​ដាក់​ថ្នាំ​អាបេត ដើម្បី​បង្ការ​ជាមុន»។

គួរ​រំឮក​បន្ថែម​ថា នៅ​ក្នុង​រយៈ​ពេល​៤ខែ​ដើមឆ្នាំ​២០១២​នេះ ជម្ងឺ​គ្រុន​ឈាម បាន​សម្លាប់​មនុស្ស​អស់១៤​នាក់​រួចមក​ហើយ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៧ ឧសភា ឆ្នាំ​ ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *