ក្នុងចំណោមជម្ងឺរបស់កុមារជាច្រើន ដូចជាជម្ងឺគ្រុនស្វិតដៃជើង រលាកស្រោមខួរ កញ្ជ្រឹលរលាកថ្លើមប្រភេទបេជាដើមសុទ្ធតែមានថ្នាំបង្ការ។ ដោយឡែកជម្ងឺស្អូចដែលឧស្សាហ៍កើតមានចំពោះកុមារស្ទើរតែគ្រប់រូបនោះបែរជានៅមិនទាន់មានថ្នាំបង្ការទៅវិញ។ ជម្ងឺនេះអាចធ្វើឱ្យកុមារមានគ្រោះថ្នាក់បាន បើសិនជាមានការធ្វេសប្រហែស មិនយកចិត្ដទុកដាក់នោះ។ ជម្ងឺស្អូចនេះអាច ព្យាបាលដោយវិធីងាយៗ តែទាមទារឱ្យមានបច្ចេកទេសក្នុងការព្យាបាលនិងចំណេះដឹងក្នុងការការពារឱ្យបានត្រឹមត្រូវ។
លោកវេជ្ជបណ្ឌិត ហ៊យ គឹមហេង ឯកទេសជម្ងឺកុមារទូទៅនៅក្នុងមន្ទីរពេទ្យកុមារជាតិចូលរួមបកស្រាយបំភ្លឺអំពីជម្ងឺស្អូច នេះតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺស្អូច
ស្អូចជាជម្ងឺមួយប្រភេទដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងជម្ងឺកញ្ជ្រឹលដែលកើតមានឡើងនៅលើមនុស្សគ្រប់វ័យ ជាពិសេសកុមារតូចៗឬទារកដែលមានអាយុក្រោម១ឆ្នាំ។ ជម្ងឺនេះអាចឆ្លងពីកុមារម្នាក់ទៅម្នាក់ទៀតបានដោយងាយតាមរយៈការប្រាស្រ័យទាក់ទងគ្នា តែពុំមានបណ្ដាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។ វាកើតឡើងក្នុងរយៈពេលខ្លីយ៉ាងយូរមួយសប្ដាហ៍តែប៉ុណ្ណោះនឹង បាត់ទៅវិញដោយឯកឯង។
រោគសញ្ញាជម្ងឺស្អូច
ការលេចចេញនូវស្នាមកន្ទួលក្រហមអុចៗតូចៗនៅលើស្បែក ភ្នែកក្រហមព្រឿងៗមានហៀរសំបោរនិងមានអាការក្ដៅ ខ្លួន(មិនលើសពី៣៨អង្សាសេ) ដែលមាតាបិតាតែងតែច្រឡំទៅនឹងជម្ងឺកញ្ជ្រឹល។ ស្នាមកន្ទួលក្រហមតូចៗជាដំបូងចេញនៅលើផ្ទៃមុខ ថ្ពាល់របស់កុមារ ហើយក្នុងរយៈពេល១-២ថ្ងៃប៉ុណ្ណោះ វានឹងរលុបបាត់ទៅវិញ។ បន្ទាប់មកវាចេញនៅលើដងខ្លួនឬដើមទ្រូងវិញម្ដង ហើយវានឹងចេញដេញបន្ដរហូតដល់ចុងជើងទៀត។ មិនតែប៉ុណ្ណោះពេលកើតជម្ងឺស្អូចគេសង្កេតឃើញមានចេញកូនកណ្ដុរតូចៗរីក ប៉ោងប៉ុនៗគ្នានៅក្បែរគុម្ពត្រចៀក និងកញ្ចឹង-ករបស់កុមារទៀតផង។ ក្រោយពេលដែលជម្ងឺស្អូចហើរអស់ គឺបន្សល់ទុកនូវស្នាមអុចៗ ខ្មៅ-ស តូចៗនៅលើស្បែក។
មូលហេតុកើតជម្ងឺស្អូច
ជាទូទៅជម្ងឺស្អូចកើតឡើងដោយសារមេរោគម្យ៉ាងដែលច្រើនមាននៅក្នុងទឹកសំបោរ កំហាកនិងទឹកមាត់របស់កុមារផ្ទាល់ ។ ជម្ងឺនេះកើតមានឡើងដោយឯកឯង ពុំមានបណ្ដាលមកពីការបរិភោគចំណីអាហារឬបរិស្ថានខាងក្រៅណាមួយនោះទេ។
វិធីព្យាបាលជម្ងឺស្អូច
ដោយសារជម្ងឺស្អូចជាប្រភេទជម្ងឺដែលមិនមានសភាពធ្ងន់ធ្ងរនោះ ដូច្នេះវិធីព្យាបាលក៏មិនសូវជាមានភាពស្មុគស្មាញប៉ុន្មានដែរ។ ដោយលោកអ្នកគ្រាន់តែផ្ដល់នូវចំណីអាហារ និងទឹកឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យកុមារមានសុខភាពល្អនិងជួយបន្ថយកម្ដៅ។ ប្រការសំខាន់នោះ សូមកុំធ្វើការព្យាបាលតាមទម្លាប់បុរាណ ដូចជាការយកស្លឹកឈើ សម្បកឈើ ខ្យងឬក្ដាមមកត្រាំទឹករួចយកមក ងូតឱ្យសោះ ព្រោះការធ្វើបែបនេះអាចធ្វើឱ្យមេរោគមានភាពងាយស្រួលជ្រៀតចូលក្នុងស្បែកដែលជាហេតុធ្វើឱ្យជម្ងឺរឹតតែមាន សភាពធ្ងន់ធ្ងរឡើង និងពិបាកនៅក្នុងការព្យាបាល។
ផលវិបាកនៃជម្ងឺស្អូច
ជម្ងឺស្អូចមិនសូវផ្ដល់ផលលំបាក ឬមានបញ្ហាប៉ះពាល់ទៅដល់សុខភាព និងរាងកាយនោះទេបើទោះបីជាជម្ងឺស្អូចអាចបណ្ដាលឱ្យកុមារមានជម្ងឺរលាកស្រោមខួរក៏ដោយ ក៏ប៉ុន្ដែមានអត្រាទាបបំផុតក្រោម១%ប៉ុណ្ណោះ។
ប្រការគួរប្រតិបត្ដិពេលកើតស្អូច
នៅពេលដែលលោកអ្នកមានឃើញលេចចេញនូវរោគសញ្ញាដូចដែលបានជម្រាបជូនខាងលើ ឬក្រោយពេលដែលបានដឹងថាបុត្រធីតារបស់លោកអ្នកមានកើតជម្ងឺស្អូច លោកអ្នកគួរតែយកចិត្ដទុកដាក់ទៅលើកុមារដោយត្រូវផ្ដល់ចំណីអាហារឱ្យពួកគេឱ្យបាន គ្រប់គ្រាន់។ ចំពោះកុមារដែលមានអាយុក្រោម១ឆ្នាំ ត្រូវបំបៅទឹកដោះឱ្យបានគ្រប់គ្រាន់ចៀសវាងកុំឱ្យកុមារខ្វះអាហារូបត្ថម្ភ។ ម្យ៉ាងវិញទៀត មាតាបិតាមិនត្រូវឱ្យកុមារកើតជម្ងឺស្អូចទៅលេងជាមួយក្មេងៗដទៃទៀតឬទៅសាលារៀនឱ្យសោះ ព្រោះវាអាច បណ្ដាលឱ្យឆ្លងជម្ងឺនេះទៅកុមារផ្សេងទៀតបានដោយងាយស្រួល។ ប្រការសំខាន់មាតាបិតាគួរតែនាំយកកុមារដែលមានជម្ងឺស្អូចទៅ ជួបគ្រូពេទ្យជំនាញឯកទេស ដើម្បីពិនិត្យ និងព្យាបាល ទើបជាការប្រសើរ។
វិធានការការពារជម្ងឺស្អូច
ទោះបីជានៅពេលបច្ចុប្បន្ននេះ ក្នុងប្រទេសកម្ពុជាយើងមិនទាន់មានថ្នាំបង្ការជម្ងឺស្អូចក៏ដោយតែក៏មានវិធានការទប់ស្កាត់ ជម្ងឺស្អូចនេះមួយចំនួនដែរ។ មាតាបិតាចាំបាច់ត្រូវមើលថែទាំបុត្រធីតាឱ្យបានល្អទាំងចំណីអាហារទាំងអនាម័យចៀសវាងកុំឱ្យកុមារខ្វះអាហារូបត្ថម្ភ ពិសេសត្រូវប្រយ័ត្នកុំឱ្យកុមារទៅលេងជាមួយក្មេងដទៃទៀតដែលមានកើតជម្ងឺស្អូច។
ដំបូន្មានអ្នកជំនាញ
សូមមាតាបិតាយកចិត្ដទុកដាក់ទៅលើកុមារឱ្យបានល្អទាំងចំណីអាហារទាំងអនាម័យ។ នៅពេលដែលបុត្រធីតាមានកើតជម្ងឺស្អូច ត្រូវឧស្សាហ៍ឱ្យពួកគេបរិភោគទឹក និងអាហារឱ្យបានច្រើន ហើយត្រូវនាំយកកុមារទៅជួបគ្រូពេទ្យជំនាញដើម្បីពិនិត្យនិងព្យាបាល។ សូមកុំរកដំណោះស្រាយដោយខ្លួនឯង និងធ្វើការព្យាបាលតាមទម្លាប់ឬតាមការយល់ឃើញដោយគ្មានការពិភាក្សា ជាមួយអ្នកជំនាញឱ្យសោះ ចៀសវាងនាំគ្រោះថ្នាក់ដល់កុមារ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply