លោកអ្នកប្រាកដជាបានជ្រាបហើយនៅពេលបានឃើញ និងបានឮពាក្យក្មេងកំព្រានេះ។ ប៉ុន្ដែលោកអ្នកក៏ប្រហែលជាចង់ជ្រាបឱ្យកាន់តែច្បាស់ថែមទៀតថាហេតុអ្វីទើបកើតមានក្មេងកំព្រា ហើយតើពួកគេរស់នៅយ៉ាងដូចម្ដេចខ្លះ។ ដំណើរជីវិតរបស់មនុស្សតែងប្រព្រឹត្ដទៅខុសគ្នា ហើយកត្ដានេះគឺអាស្រ័យទៅលើបុគ្គលផ្ទាល់ខ្លួនតែម្ដងទោះបីអ្នកនោះជាក្មេងកំព្រាគ្មានការគ្រប់គ្រង ក៏ដោយ។
លោក ង៉ូវ ឈីវ ទីប្រឹក្សាមជ្ឈមណ្ឌលកុមារអាស៊ីអាស្ពេកានឹងស្រាយបំភ្លឺអំពីបញ្ហានេះជូនមិត្ដអ្នកអានសម្រាប់ជាការស្វែងយល់តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ក្មេងកំព្រាជាអ្នកណា?
ក្មេងកំព្រាគឺចង់សំដៅទៅលើក្មេងដែលគ្មានឪពុកម្ដាយ ឬមានតែម្ដាយគ្មានឪពុក ឬក៏មានតែឪពុកគ្មានម្ដាយ។ ពោលគឺក្មេងដែលគ្មានទីពឹង។ ម្យ៉ាងទៀតកុមារកំព្រាមិនត្រឹមតែជាកុមារដែលគ្មានឪពុកម្ដាយ ឬគ្មានសាច់ញាតិប៉ុណ្ណោះទេគឺពួកកុមារដែលគ្មានលទ្ធភាពក្នុងការរស់នៅដោយខ្លួនឯង កុមារដែលរស់នៅក្នុងគ្រួសារក្រីក្រនិងកុមារដែលអសមត្ថភាពមួយចំនួនទៀត។
មូលហេតុនាំឱ្យកើតមានក្មេងកំព្រា
គ្មានអ្នកណាម្នាក់ចង់រស់នៅតែឯកឯងនិងគ្មានអ្នកថែរក្សា មើលការខុសត្រូវនោះឡើយប៉ុន្ដែនេះជារឿងដែលមិនអាចកែប្រែបាន។ កុមារប្រមាណជាង៣៤០០នាក់ដែលបានមករស់នៅក្នុងមណ្ឌលកុមារកំព្រាអាស្ពេកាទូទាំងប្រទេសពួកគេសុទ្ធតែមានមូល ហេតុផ្សេងៗពីគ្នា។ ប៉ុន្ដែទោះបីជាយ៉ាងណា នេះគ្រាន់តែជាចំនួនមួយផ្នែកប៉ុណ្ណោះ។ មូលហេតុជាច្រើនដែលបណ្ដាលឱ្យមានក្មេង កំព្រា។
1 . បញ្ហាជម្ងឺអេដស៍ ៖ ជាជម្ងឺដ៏កាចសាហាវមួយដែលគ្មានមនោសញ្ចេតនា និងគ្មានការយោគយល់។ ថ្វីត្បិតតែវាទើបនឹង កើតមានឡើងក្រោយសង្គ្រាម ប៉ុន្ដែមនុស្សមិនតិចទេដែលស្លាប់ដោយសារជម្ងឺនេះនាពេលបច្ចុប្បន្នមានការកើនឡើងស្ទើរទូទាំង ពិភពលោក រួមទាំងកម្ពុជាផងដែរ។ កុមារកំព្រាមួយចំនួនដែលកំពុងរស់នៅតាមអង្គការសង្គ្រោះឬមណ្ឌលកុមារកំព្រាមានផ្ទុក មេរោគអេដស៍ដែលឆ្លងពីឪពុកម្ដាយហើយដែលឪពុកម្ដាយកុមារទាំងនោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
2. បញ្ហាសង្គ្រាម ៖ បើប្រៀបធៀបជាមួយនឹងពេលបច្ចុប្បន្នសង្គ្រាមមិនមែនជាកត្ដាទីមួយដែលបណ្ដាលឱ្យកើតមានក្មេង កំព្រានោះទេ តែវាអាចឈរនៅលំដាប់ថ្នាក់លេខពីរបាន។ ដោយសារតែសង្គ្រាមនេះហើយដែលបណ្ដាលឱ្យកើតមាននូវកុមារកំព្រា និងក្មេងអនាថា គ្មានទីពឹងពាក់អាស្រ័យ។ ប៉ុន្ដែមូលហេតុមួយនេះបានកន្លងទៅជាច្រើនឆ្នាំមកហើយសម្រាប់ប្រទេសកម្ពុជាយើង។
3. កត្ដាផ្សេងៗ ៖ ក្រៅពីជម្ងឺអេដស៍ និងបញ្ហាសង្គ្រាម ក៏នៅមានមូលហេតុជាច្រើនផ្សេងទៀតដែលរួមផ្សំបង្កើតឬ បន្សល់ទុកនូវកុមារកំព្រា ដូចជាគ្រោះថ្នាក់ចរាចរណ៍ ជម្ងឺផ្សេងៗ និងកុមារខ្លួនឯងផ្ទាល់តែម្ដង។ ប៉ុន្ដែកត្ដាផ្សេងៗនេះមិនសូវចោទជា បញ្ហាធ្ងន់ធ្ងរប៉ុន្មានឡើយ។ ហើយភាគច្រើនកុមារដែលនៅរស់ក្រោយឧបទ្ទវហេតុឬឪពុកម្ដាយរបស់គេរងគ្រោះនោះ ពួកគេតែង មានអ្នកមើលថែ និងចិញ្ចឹម។
ជីវភាពរស់នៅរបស់ក្មេងកំព្រាដំណើរជីវិត និងតម្រូវការមនុស្សគ្រប់រូបមានដូចៗគ្នា ការរស់រានមានជីវិត ការហូបចុក ស្លៀកពាក់ ជ្រកកោននិងតម្រូវ ការនៃការទទួលបាននូវចំណេះដឹង។ ក្មេងកំព្រាក៏ត្រូវការអ្វីទាំងអស់នោះដែរគ្រាន់តែថាតើគេអាចទទួលបានយ៉ាងដូចម្ដេចតែ ប៉ុណ្ណោះ។ កុមារខ្លះរស់នៅក្នុងមណ្ឌលកុមារកំព្រា ខ្លះរស់នៅក្រោមកិច្ចឧបត្ថម្ភរបស់អង្គការខ្លះទៀតសាច់ញាតិបងប្អូនយកទៅ ចិញ្ចឹមមើលថែ ពួកគេទាំងនោះមានសិទ្ធិដូចគ្នានឹងកុមារទូទៅដែរ។ នេះគ្រាន់តែក្រឡេកមើលទៅលើផ្លូវវិជ្ជមានតែប៉ុណ្ណោះ ចំណែកឯ ផ្លូវអវិជ្ជមានវិញក៏ឃើញមានច្រើនដែរ។ ក្មេងកំព្រាជាបញ្ហាគួរឱ្យព្រួយបារម្ភព្រោះកុមារខ្លះដែលបាត់បង់ឪពុកម្ដាយ គ្មានអ្នកមើលថែ បានដើរផ្សងព្រេងគ្មានទីដៅពិតប្រាកដ ស្វែងរកចំណីអាហារដើម្បីរស់ខ្លះក្លាយទៅជាក្មេងអនាថាដើរដេកតាមចិញ្ចើមថ្នល់ និងមួយ ចំនួនទៀតក្លាយទៅជាក្មេងមិនល្អលួចឆក់ទ្រព្យសម្បត្ដិអ្នកដទៃជាដើម។
ក្មេងកំព្រាប្រឈមមុខនឹងបញ្ហា
ទន្ទឹមនឹងការរស់នៅដោយគ្មានភាពកក់ក្ដៅ ខ្វះការថ្នាក់ថ្នមពីសំណាក់ឪពុកម្ដាយ ឬសាច់ញាតិក្មេងៗទាំងនោះងាយនឹងជួបប្រទះនូវគ្រោះថ្នាក់ផ្សេងៗ ពិសេសកុមារី។ ទាំងក្មេងស្រីទាំងក្មេងប្រុសដែលពុំសូវទទួលបានការអប់រំរៀនសូត្រអាចប្រឈមមុខនឹង ការលួងលោមបោកបញ្ឆោត អូសទាញបោកប្រាស់យកទៅលក់ ឬយកទៅប្រព្រឹត្ដអំពើអានាចានិងរកស៊ីផ្លូវភេទជាដើម។ កុមារមួយចំនួនទៀតដោយសារគ្មានអ្នកគ្រប់គ្រងមើលថែក៏ត្រូវសង្គមអូសទាញឱ្យប្រព្រឹត្ដអំពើអបាយមុខផ្សេងៗរួមទាំងការប្រើប្រាស់គ្រឿង ញៀន ចូលប្រឡូកក្នុងការរួមភេទទាំងវ័យក្មេង ដែលងាយឆ្លងជម្ងឺអេដស៍និងជម្ងឺកាមរោគផ្សេងៗ។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកកុំគិតថាក្មេងកំព្រាជាមនុស្សគ្មានតម្លៃឱ្យសោះ តាមពិតតម្លៃមនុស្សគឺស្ថិតនៅលើមនុស្សខ្លួនឯង។ សូមលោកអ្នកមេត្ដាជួយផ្ដល់កម្លាំងចិត្ដដើម្បីឱ្យពួកគេមានភាពកក់ក្ដៅ កុំមានការរើសអើង តែសូមអាណិតអាសូរដល់ពួកគេនិងផ្ដល់ឱកាសឱ្យ ពួកគេបានបង្ហាញពីសមត្ថភាពរបស់ខ្លួនគេផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply