មហា​រីក​សួត ៖ ជម្រើស​សុខ​ភាព និងផ្សែង​បារី

សួតរង​ឥទ្ធិពល​ដោយ​ផ្ទាល់ពី​បរិស្ថាន​ខាងក្រៅ ហេតុនេះ​ហើយសួត​ប្រឈម​មុខនឹង​គ្រោះថ្នាក់​ដោយសារ​ហេតុផល​ផ្សេងៗ ដែល​ទាក់ទង​នឹង​បញ្ហា​របស់​ប្រព័ន្ធ​ដកដង្ហើម។ ជម្ងឺ​មួយ​ចំនួនរបស់​សួតបាន​សម្លាប់​ជីវិត​មនុស្សជា​ច្រើនរាប់​លាននាក់​នៅទូ​ទាំងពិភព លោក ជារៀង​រាល់ឆ្នាំ​ដោយជាប់​ចំណាត់​ថ្នាក់លេខ​២ បន្ទាប់ពី​ជម្ងឺ​សរសៃ​ឈាម​បេះដូង។ ដោយឡែក​នៅក្នុង​ប្រទេស​យើង ជម្ង្ងឺនេះ​ក៏ កំពុង​កើនឡើង​គួរឱ្យ​ព្រួយ​បារម្ភ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត កាំង ស័ ប្រធាន​ផ្នែក​ជម្ងឺសួត​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូ​វៀត​បកស្រាយ​ជម្រាប​ជូនលោក​អ្នកអំពី​បញ្ហា​ទាំងឡាយ​ដែលទាក់​ទងទៅ​នឹងជម្ងឺ​មហារីក​សួត​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

តើជម្ងឺ​មហា​រីកសួត ជាអ្វី?

មហា​រីកសួត​ជាជម្ងឺ​មួយ​ប្រភេទ​ដែលធ្វើ​ឱ្យកោ​សិកា​របស់​មនុស្ស​លូតលាស់​អនាធិប​តេយ្យ​ខុសក្បួន​ខ្នាតជា​ប្រចាំ​ធ្វើឱ្យ​ក្លាយ ជាដុំ​ដែលនាំ​ឱ្យស្ទះ​ដល់​បំពង់​សួត។ មហារីក​សួតចែក​ចេញជា​ពីរ​ប្រភេទ​គឺ ៖​

មហារីកសួតកើតដោយសួតផ្ទាល់តែម្ដង ដែលកើត​នៅលើ​កោសិកា​តូចៗ​ដែលមាន​តួនាទី​បញ្ចេញ​ទឹក​ក្រពេញ​នាំឱ្យ កោសិកា​នោះខូច​ហើយរីក​ធំ។ មួយទៀត​កើតនៅ​លើសារ​ធាតុ​រំអិល ឬអន្ធិល​ដែលមាន​នៅក្នុង​បំពង់​សួត។

  • មហារីកសួតបានមកពីគេ មានន័យ​ថាជម្ងឺ​មហារីក​កើតមាន​នៅកន្លែង​ផ្សេងៗ តែបាន​ឆ្លងមក​ដល់កោ​សិកាសួត​នាំឱ្យ សួតមាន​ជម្ងឺ​មហា​រីក។

មូលហេតុ​បង្ក​ជម្ងឺ​មហារីក​សួត

មូល​ហេតុ​ចម្បង​ដែលនាំ​ឱ្យមាន​ជម្ងឺ​មហារីក​សួតនោះ​គឺបារី ទាំង​អ្នកជក់ ទាំងអ្នក​ទទួល​រងផ្សែង​បារី​ពីគេ​(សូមអាន​ពីផល ប៉ះពាល់​នៃផ្សែង​បារី​តាមរយៈ​អត្ថបទ បុរស​ពិសា​បារី ដែលបាន​ចេញផ្សាយ​នៅលេខ​០១៦ ឆ្នាំទី២ របស់​ទស្ស​នាវដ្ដី​សុខភាពយើង) ព្រោះ​នៅក្នុង​បារី​មានជាតិ​គីមី​ជាង​៤០០០​ប្រភេទ ដែលមាន​ឥទ្ធិពល​យ៉ាងធ្ងន់​ធ្ងរដល់​សុខភាព​មនុស្ស។ ក្រៅពី​ផ្សែង​បារីនៅ​មានមូល ហេតុ​ផ្សេងៗ​ទៀតដែល​នាំឱ្យ​មាន​ជម្ងឺ​មហា​រីកសួត​គឺ​ពពួក​ធូលី​រ៉ែមាន​ទម្ងន់ធ្ងន់​នៅពេល​ដែលស្រូប​ចូលទៅ​មិនចេញ​មកវិញ​ទេ ហើយ បន្ដិចម្ដង​ៗបាន​ក្លាយទៅ​ជាដុំ​មហារីក។

ការឆ្លង​រីករាល​ដាលនៃ​ជម្ងឺ​មហារីក​សួត

ការឆ្លង​រីករាល​ដាលនៃ​ជម្ងឺ​មហារីក​សួតមាន​បីយ៉ាង។

1. តាមប្រព័ន្ធឡាំបាទិក ដោយ​ស្ដែងចេញ​ជាកូន​កណ្ដុរ។

2. តាមសរសៃឈាម ព្រោះក្នុង​មួយនាទី​សួតបាន​ទទួល​ឈាមពី​គ្រប់ទិស​ទីនៃ​សព៌ាង្គ​កាយ​ចំនួន​៦លីត្រ​ដើម្បី​ផ្លាស់ប្ដូរ អុកស៊ី​សែន ហេតុនេះ​បើមាន​មហា​រីកទោះ​នៅកន្លែង​ណាក៏​ដោយ ក៏ឆ្លង​រាលដាល​មកដល់​សួតបាន​ដែរ​តាមរយៈ​ចរន្ដ​ឈាមនេះ​ឯង។

3. ការរាលដាលតាមកោសិកាដែលនៅជិតគ្នា ឧទា​ហរណ៍​ក្នុង​ករណី​ដែលមាន​មហារីក​នៅថ្លើម​ប៉ុន្ដែ​ថ្លើមនៅ​ជិតសួត ជា ហេតុនាំ​កោសិកា​ថ្លើម និងសួត​អាចឆ្លង​មេរោគ​មហា​រីកពី​គ្នាទៅ​វិញទៅ​មកបាន។

រោគ​សញ្ញា​ជម្ងឺ​មហា​រីកសួត

ជម្ងឺ​មហារីក​សួតមាន​រោគ​សញ្ញា​ដូចជម្ងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀតដែរ ដោយ​ស្ដែងចេញ​ជាអាការ​ក្អក មានស្លេស​ដែលក្នុង​រយៈពេល​យូរ​រ៉ាំរ៉ៃ អាច​បណ្ដាល​ឱ្យធ្លាក់​ឈាម​ទៀតផង។ នៅពេល​ដែលដុំ​សាច់​មហា​រីកកាន់​តែធំ​ធ្វើឱ្យ​ស្ទះបំពង់ សួតនាំ​ឱ្យអ្នក​ជម្ងឺហត់ ពិបាក​ដក​ដង្ហើម។ ក្រៅពី​នេះក៏​នៅមាន​រោគ​សញ្ញានៅ​ក្នុងសួត​ដូចជា​ក្នុងករណី​ដែលដុំ​សាច់​មហារីក​កាន់ធំ សង្កត់​លើសរសៃ​ឈាម ធ្វើឱ្យ​ដំណើរ​ឈាមរត់​ទៅចិញ្ចឹម​សរីរាង្គ​ខាងក្រោម​មិនបាន​នាំឱ្យ​អ្នកជម្ងឺ​ហើមនៅ​ផ្នែកខាង​លើនៃ​រាងកាយ។ ជួនកាល​ដុំ​មហារីក​សង្កត់ទៅ​លើស​រសៃ​ប្រសាទ​នាំឱ្យ​អ្នកជម្ងឺ​មានការ​ឈឺចាប់​ជាខ្លាំង។ ម្យ៉ាងទៀត​នៅពេល​ដែលដុំ​នោះត្បៀត​ទៅលើ បំពង់​អាហារ ធ្វើឱ្យ​អ្នកជម្ងឺ​មិនអាច​បរិភោគ​អាហារ​បាន។ ដើម្បីធ្វើ​រោគ​វិនិច្ឆ័យ​នៃជម្ងឺ​មហារីក​សួត ចាំបាច់​ត្រូវ​ពិនិត្យ​រកមើល កោសិ​កាមហារីក​ដែលនៅ​នឹងសាច់​សួត។

ការព្យា​បាល​ជម្ងឺ​មហារីក​សួត

ការព្យា​បាល​អាស្រ័យ​ទៅតាម​ប្រភេទ និង​ទីតាំង​របស់​ជម្ងឺ​មហារីក។ ប្រសិន​បើជម្ងឺ​មហារីក​ជាប្រភេទ​ដែលបាន​មកពីគេ នោះ ចាំបាច់​ត្រូវព្យាបាល​ជម្ងឺ​មហារីក​ដើមឱ្យ​ជាសះ​ស្បើយ នោះជម្ងឺ​មហារីក​សួតក៏​ជាទៅ​តាមនោះ​ដែរ។ បើក្នុង​ករណី​ដែលជម្ងឺ​មហា រីកសួត​កើតមាន​នៅលើ​កោសិកា​តូចៗដែល​មាន​តួនាទី​បញ្ចេញ​ទឹក​ក្រពេញ​នោះ​ការព្យា​បាល​ចាំបាច់​ត្រូវប្រើ​ថ្នាំ និងបាញ់​កាំរស្មី ដើម្បី ទប់ទល់​កុំឱ្យ​កោសិកា​មហា​រីករីក​ធំធាត់​តទៅមុខ​ទៀតបាន។ ប៉ុន្ដែ​មិនប្រើ​ថ្នាំ​ដើម្បី​សម្លាប់​កោសិកា​នោះទេ ព្រោះ​នៅពេល​ដែល​វាងាប់ នាំឱ្យ​ស្អុយ។ ការ​ព្យាបាល​តាមវិធី​នេះ លទ្ធផល​ទទួល​បានមិន​សូវល្អ​ប៉ុន្មាន​ទេ។ ដោយឡែក​ចំពោះ​ជម្ងឺ​មហា​រីកសួត​ដែលកើត​មាននៅ លើ​កោសិកា​ធំៗនៅ​បំពង់​សួតដែល​មាន​សណ្ឋាន​ជាដុំនោះ​ប្រសិន​បើដឹង​ទាន់ពេល​វេលា(​មិនទាន់​រាលដាល) អាចធ្វើ​ការវះ​កាត់យក​ដុំ នោះចេញ​តែម្ដង ពេលនោះ​ជម្ងឺ​មហារីក​នឹងជា​សះស្បើយ។​ផ្ទុយមក​វិញនៅ​ប្រទេស​យើង មិនសូវ​ទទួល​បានអ្នក​ជម្ងឺ​ដែលរក​ឃើញជម្ងឺ មហារីក​នៅ​ដំណាក់​កាលដំបូង​នោះឡើយ។ តាមតួ​លេខរបស់​ផ្នែកសួត​នៃមន្ទីរ​ពេទ្យមិត្ដ​ភាពខ្មែរ​សូវៀត បានឱ្យ​ដឹងថា​មានអ្នក​ជម្ងឺ មហា​រីកសួត​៩៤នាក់​ប្រហែល​ជា១០​ភាគរយ​នៃអ្នក​ជម្ងឺសួត​ទាំងអស់​ក្នុងឆ្នាំ​២០០៦ ដែលបាន​មកពិនិត្យ​សួតចំនួន​៨៩៧​នាក់។

ផល​វិបាក​នៃជម្ងឺ​មហារីក​សួត

សឹងតែ​មិនចាំ​បាច់រៀប​រាប់​ជម្រាប​ជូនលោក​អ្នកទេ ព្រោះ​លទ្ធផល​ចុងក្រោយ​នៃជម្ងឺ​មហារីក​សួត​គឺស្លាប់​ដោយសារ​ការព្យា បាលមិន​ទាន់ពេល​វេលា។ ទាំងនេះ​ក៏ព្រោះ​តែការ​ធ្វេស​ប្រហែស​ក្នុងការ​ត្រួត​ពិនិត្យ​សុខភាព​របស់​លោកអ្នក។ លោកអ្នក​ទាំងឡាយ ដែល​កំពុង​ជក់បារី​សូម​ជ្រាបថា​បើលោក​អ្នកជក់​បារី​មួយ​កញ្ចប់​ក្នុងមួយ​ថ្ងៃរយៈ​ពេល​១៥ឆ្នាំ​លោកអ្នក​មានឱកាស​ប្រឈម​មុខនឹង​ជម្ងឺ មហារីក​សួតរហូត​ដល់៩០​ភាគរយ និងជម្ងឺ​ផ្លូវដង្ហើម​១០០​ភាគរយ។

វិធី​បង្ការ​ជម្ងឺ​មហារីក​សួត

លោកអ្នក​បានជ្រាប​អំពី​មូលហេតុ​បង្ក​ជម្ងឺ​មហា​រីកសួត​រួចមក​ហើយ។ ដូច្នេះ​ដើម្បី​ការពារ​ជម្ងឺនេះ​គប្បី​ត្រូវចៀស​វាងពី​កត្ដា ដែលអាច​បង្កជម្ងឺ។ លោកអ្នក​គួរកុំ​ពិសា​បារី និងពាក់​ម៉ាស​ការពារ​ធូលី​ផ្សេងៗ រួមទាំង​ធូលី​រ៉ែផង​ដែរ។ នៅពេល​មាន​បញ្ហា​មិន​ប្រក្រ​តី លោកអ្នក​គួរ​ប្រញាប់​ទៅកាន់​មន្ទីរ​ពេទ្យ ដើម្បី​ពិនិត្យ​សុខភាព​ឱ្យបាន​ច្បាស់​លាស់។

ដំបូន្មាន​អ្នក​ជំនាញ

ការដែល​លោកអ្នក​មក​ទទួល​ការព្យា​បាល​ជម្ងឺ​មហា​រីកសួត​នៅ​ដំណាក់​កាល​ដំបូង លោកអ្នក​មាន​ឱកាស​រស់រាន​មាន​ជីវិត។ ផ្ទុយ​ទៅវិញ​បើលោក​អ្នកមិន​បាន​ប្រុង​ប្រយ័ត្ន លោកអ្នក​អាច​បាត់បង់​ឱកាស​ជាសះ​ស្បើយ។ សូម​ព្យាយាម​ត្រួត​ពិនិត្យ​សុខភាព​ជា ប្រចាំ ហើយ​ស្វែងយល់​ពី​រោគ​សញ្ញា​ដែលអាច​បង្ក​ជម្ងឺបាន។ សូម​ជ្រើស​រើស​រវាង​សុខភាព និង​ផ្សែង​បារី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *