ឈឺក្បាលជាអាការដែលស្ដែងចេញពីមូលហេតុច្រើនយ៉ាងផ្សេងៗពីគ្នា ហើយក៏អាចធ្វើឱ្យលោកអ្នកមានអាការផ្សេងៗមួយ ចំនួនទៀត។ ជាក់ស្ដែងមានលោកអ្នកមួយចំនួនអាចក្អួតចង្អោរពេលមានអាការឈឺក្បាលខ្លាំង។ ករណីនេះច្រើនទាក់់ទិនទៅនឹង សរសៃប្រសាទ ហើយអាចប៉ះពាល់ដល់ស្មារតី និងអាចបណ្ដាលឱ្យសន្លប់ក៏មានដែរ។ ដូច្នេះមានផលវិបាកជាច្រើនដែលនឹងកើតឡើង ពាក់ព័ន្ធការឈឺក្បាលនេះ។
ដើម្បីទម្លាយនូវមន្ទិលជុំវិញការឈឺក្បាលខ្លាំងដែលនាំឱ្យក្អួត លោកស្រីវេជ្ជបណ្ឌិត សូ សាភីជាប្រធានផ្នែកសង្គ្រោះកម្រិត ធ្ងន់(ប្រពោធនកម្ម)ប្រចាំមន្ទីរពេទ្យព្រះកុសុមៈ បានស្រាយបំភ្លឺតាមរយៈទស្សនាវដ្ដី សុខភាពយើង។
លក្ខណៈទូទៅនៃការឈឺក្បាលខ្លាំង
ក្រោយពីការប៉ះទង្គិចធ្ងន់ធ្ងរទៅលើក្បាលដែលធ្វើឱ្យអ្នកជម្ងឺក្អួតភ្លាមៗ ឬបន្ដិចក្រោយមកលោកអ្នកអាចកំណត់សម្គាល់ ទៅលើលក្ខណៈផ្សេងៗ ដូចជាអ្នកជម្ងឺឈឺក្បាលខ្លាំង ដែលពីមុនមិនធ្លាប់មានប្រវត្ដិឈឺក្បាលរ៉ាំរ៉ៃជាដើម។ ចំពោះលោកអ្នកដែលមាន ប្រវត្ដិប៉ះទង្គិចក្បាលតែមិនឈឺរ៉ាំរ៉ៃ រំលងពេលច្រើនខែឆ្នាំទើបចាប់ផ្ដើមឈឺក្បាលខ្លាំងនិងតឹងណែនកញ្ចឹងក។ ការឈឺក្បាលចាប់ផ្ដើម ឈឺយ៉ាងខ្លាំងជុំវិញក្បាលហើយអាចសម្រន់ការឈឺក្បាលនេះបានដោយលេបថ្នាំបំបាត់ឈឺចាប់ តែពុំអាចបាត់ទាំងស្រុងទេ ការឈឺចាប់ នឹងត្រឡប់មកវិញនៅពេលថ្នាំអស់ប្រសិទ្ធភាព។ ទីបំផុតនឹងឈានដល់ឈឺក្បាលផងក្អួតផងជាមួយគ្នា។
មូលហេតុបង្កឱ្យឈឺក្បាលខ្លាំង
ធម្មតាខួរក្បាលមនុស្សយើងស្ថិតនៅក្នុងប្រអប់ឆ្អឹងមួយដែលបិទជិត ហើយមានស្រោមខួរនិងទឹកខួរដែលស្រោបពីខាង ក្រៅ ដើម្បីការពារខួរក្បាល។ នៅក្នុងឆ្អឹងប្រអប់ខួរនោះមានសម្ពាធមួយដែលថេរជានិច្ចដោយអាស្រ័យលើតុល្យភាពលំនឹងបីយ៉ាង រួមផ្សំគ្នា គឺសម្ពាធទឹកខួរ សម្ពាធសរសៃឈាម និងសម្ពាធនៃសាច់ខួរ។ ក្នុងចំណោមសម្ពាធទាំងបីនេះបើសិនជាមានការកើនឡើង នៃសម្ពាធណាមួយ អាចធ្វើឱ្យកើនឡើងនៃសម្ពាធក្នុងប្រអប់ឆ្អឹងខួរក្បាលដែលធ្វើឱ្យអ្នកជម្ងឺមានអាការឈឺក្បាលខ្លាំង ជួនអាចមាន ក្អួត។ លើសពីនេះអ្នកជម្ងឺអាចឈានដល់អាការឡេះឡះវង្វេងស្មារតីឬអាចសន្លប់ក៏មាន។ ដូច្នេះឈឺក្បាលហើយក្អួតជារោគសញ្ញា បង្ហាញពីការឡើងសម្ពាធក្នុងប្រអប់ខួរក្បាល ដែលបណ្ដាលមកពីកត្ដាផ្សេងៗ។
- ធ្លាប់មានការប៉ះទង្គិចធ្ងន់ធ្ងរត្រង់ក្បាល ដូចជាគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីទីខ្ពស់ជាដើម
- មានជម្ងឺគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល
- ជម្ងឺរលាកខួរក្បាល ឬរលាកស្រោមខួរ ដែលជាជម្ងឺច្រើនកើតលើកុមារ និងមនុស្សពេញវ័យពិសេសអ្នកមានជម្ងឺអេដស៍
- មានជម្ងឺដុំសាច់ខួរក្បាល ភាគច្រើនជាជម្ងឺមហារីក
- ការស្ទះនៃចរន្ដទឹកខួរក្បាលដោយសារការសង្កត់នៃការហើមសាច់ខួរក្បាល ឬដុំឈាមទៅលើថតខួរក្បាលនិងផ្លូវបង្ហូរ ទឹកខួរក្បាល ហើយនាំឱ្យកើនសម្ពាធទឹកខួរក្បាល
- សម្ពាធឈាមខួរក្បាលឡើងខ្ពស់
- ករណីមានហើមសាច់ខួរក្បាល ឬមានដុំឈាមកកក្នុងសាច់ខួរក្បាលឬក្នុងស្រទាប់ខួរក្បាលឬការដាច់សរសៃឈាមខួរ ក្បាលដោយការប៉ះទង្គិច។
ការព្យាបាលឈឺក្បាលខ្លាំង
ឈឺក្បាលខ្លាំងក្អួតមិនមែនជាជម្ងឺឈឺក្បាលធម្មតានោះទេ។ ដូច្នេះអ្នកជម្ងឺមិនអាចព្យាយាមបន្ដលេបថ្នាំដែលទិញនៅតាម ឱសថស្ថានបានឡើយ។ ការលេបថ្នាំនៅផ្ទះដោយខ្លួនឯងមិនបានត្រឹមត្រូវតាមប្រភេទជម្ងឺមិនត្រឹមតែមិនអាចបំបាត់អាការជម្ងឺបាន ប៉ុណ្ណោះទេ ប៉ុន្ដែអាចបង្កបញ្ហាដល់សុខភាព និងធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។ កត្ដាចាំបាច់គឺត្រូវទៅរកពេទ្យជំនាញដើម្បីពិនិត្យពីអាការ រោគ និងមូលហេតុពិតប្រាកដ ដោយមានឧបករណ៍បច្ចេកទេសវិទ្យាសាស្ដ្រជាជំនួយ។ គ្រូពេទ្យអាចថតខួរក្បាល ដើម្បីឱ្យដឹងពីមូល ហេតុរបស់ជម្ងឺ ដូចជាស្ទះទឹកក្នុងខួរ ស្រោមខួរមានកំណកឈាម ហើមសាច់ខួរក្បាលឬដុំសាច់ក្នុងខួរក្បាលជាដើម។ ការព្យាបាល អាការឈឺក្បាលក្អួតនេះ អាចត្រូវឆ្លងកាត់ការវះកាត់ ឬព្យាបាលដោយថ្នាំទៅតាមស្ថានភាពជម្ងឺ។
ផលវិបាកនៃការឈឺក្បាលខ្លាំង
ការឈឺក្បាលខ្លាំងហើយក្អួតជារោគសញ្ញានៃជម្ងឺប្រភេទផ្សេងៗពាក់ព័ន្ធនឹងខួរក្បាល។ ការឈឺក្បាលខ្លាំងញឹកញាប់ ហើយឈានដល់ដំណាក់កាលឈឺក្បាលកាន់តែខ្លាំងជាប្រចាំ និងមានក្អួតផងនោះ មានន័យថាកម្រិតជម្ងឺខួរក្បាលកាន់តែដាប។ ជួនកាល ក្រោយមានការប៉ះទង្គិចភ្លាមៗ អាការជម្ងឺមិនមានលេចចេញអាការធ្ងន់ធ្ងរទេមួយរយៈក្រោយមកទើបមានផលរំខានធ្ងន់ធ្ងរកើត ឡើង ដូចជាឡើងកម្ដៅខ្លាំង ឡេះឡះ វង្វេងស្មារតី អាចសន្លប់ជាដើម ហើយក៏អាចបាត់បង់ជីវិតបើជួយសង្គ្រោះមិនទាន់។
ការបង្ការការឈឺក្បាលខ្លាំង
លោកអ្នកគួរចៀសវាងការដួលបោកក្បាលដោយប្រការផ្សេងៗ និងការប៉ះទង្គិចធ្ងន់ធ្ងរដោយរបស់រឹង។ គួរគប្បីប្រយ័ត្ន ប្រយែងពេលដើរនៅទីកន្លែងរអិលជាដើម។ ម្យ៉ាងទៀតការជក់បារីធ្វើឱ្យមានគ្រោះថ្នាក់ដល់សរសៃឈាមខួរក្បាលដែរនេះជាករណី គួរចៀសវាង។ លើសពីនេះក៏ត្រូវព្យាបាលបំបាត់ជម្ងឺផ្សេងទៀត ដូចជាការឡើងសម្ពាធឈាមខ្ពស់ជម្ងឺទឹកនោមផ្អែមជាដើម។ ពេល មានករណីឈឺក្បាលញឹកញាប់ត្រូវរកពេទ្យជំនាញដើម្បីព្យាបាលឱ្យទាន់ពេលវេលា។ ការពន្យារពេលកាន់តែយូររហូតប៉ះពាល់ដល់ ស្មារតីនោះ មានន័យថាជម្ងឺកាន់តែធ្ងន់ធ្ងរហើយ។
ដំបូន្មានអ្នកជំនាញ
ក្រោយមានករណីប៉ះទង្គិចនៅត្រង់ក្បាល ហើយមានឈឺក្បាលខ្លាំងក្អួតត្រូវឆាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាល។ អ្នកជក់បារីងាយប្រឈមមុខនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលណាស់។ ចំពោះក្មេងបើសង្កេតឃើញថាមានការឡើងកម្ដៅខ្លាំង អាការឡេះឡះ ឈឺក្បាល រឹងកញ្ចឹងក និងក្អួត ត្រូវឆាប់នាំក្មេងទៅមន្ទីរពេទ្យព្រោះអាចមានបញ្ហារលាកស្រោមខួរ ឬខួរក្បាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply