យុទ្ធ​នាកា​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​២០១២

យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​ឃុំសង្កាត់​បាន​ចាប់​ផ្ដើម​កាល​ពី​ព្រឹក​មិញ​នេះ​។ ​នៅរាជ​ធានី​ភ្នំពេញ គេ​សង្កេត​ឃើញ​ថា​ គណបក្ស​​ធំ​ៗ​ ចំនួន​៣​ ​បាន​​​ប្រមូល​ផ្ដុំ​​សមាជិក​ និង​ចេញ​ឃោសនា​យ៉ាង​សស្រាក់​សស្រាំ ​នៅ​ថ្ងៃ​ឃោសនា​ទី​មួយ​នេះ។ ចំណែក​គណបក្ស​​ ៧​ផ្សេង​​ទៀត​ មិន​​បាន​ធ្វើ​សកម្មភាព​ធំដុំ​ក្នុងថ្ងៃ​ដំបូង​នៃយុទ្ធ​នាការ​នោះ​​ទេ ​ដោយ​គ្រាន់​តែ​​​ចាក់​​​ប្រព័ន្ធ​ឧគ្ឃោសនា​ស័ព្ទ​នៅ​តាម​ ឃុំ​ និង​សង្កាត់​ ដែល​មាន​បេក្ខជន​ឈរ​ឈ្មោះ​តែ​ប៉ុណ្ណោះ។

រូបភាពគេហទំព័រសុខភាពកម្ពុជា

បណ្តា​គណ​បក្ស​នយោ​បាយ​ទាំង​១០​ដែល​បាន​ចុះ​ឈ្មោះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ/​សង្កាត់​ឆ្នាំ​២០១២​បាន​ចាប់​ផ្តើម​ជាផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​១៨ខែ​ឧសភា ហើយ​នឹងបញ្ចប់​នៅថ្ងៃ​ទី​៣១​ខែឧសភា​មុនរ​យៈពេល​៤៨​ម៉ោង​នៃថ្ងៃ​បោះឆ្នោត​។

ពិធី​ជួបជុំ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ​លោក កែប ជុតិមា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​រដ្ឋ​មន្ត្រី​ជា​ច្រើន ដែលជា​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា នៅ​ឯកោះ​ពេជ្រ ដោយ​មាន​សកម្ម​ជន​ជាង​មួយ​ម៉ឺន​នាក់។ តាម​ការ​គ្រោង​ទុកក្បួន​ឃោសនា​នោះ ​ហែ​បំបែក​ឆ្លាស់​គ្នា តាម​ខណ្ឌ​ទាំង ៩ នៅ​ភ្នំពេញ​។ រីឯគណបក្ស​ សមរង្ស៊ីវិញ ក៏បានជួបជុំហែ​ក្បួន​ទ្រង់ទ្រាយ​ធំផងដែរ ដោយ​បានជួបជុំ នៅ​សួនច្បារ​មុខ​វត្ត​បទុម មុន​​នឹង​​ដើ​រ​ហែ​ក្បួន និង​ជិះឡាន បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ ព្រមគ្នានេះ ​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា  ក៏​បាន​ជួបជុំ​នៅ​ទីស្នាក់ការ​គណ​បក្ស​កណ្តាល​របស់​ខ្លួន មុន​នឹង​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​។​ រីឯ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច និងគណ​បក្ស​នរោត្តម​រណ​ឫទ្ធិ មិន​មាន​ការ​ជួប​ជុំទ្រង់​ទ្រាយ​ធំ​និងហែ​ក្បួន​គួរឱ្យ​កត់​សម្គាល់​នោះ​ទេ ក្រៅ​តែពី​ដើរចុះទៅប្រាប់​អ្នក​ភូមិ​ដល់​ផ្ទះ​សម្បែង។

គួរ​បញ្ជាក់​ផងដែ​រថា កាល​ពីម្សិល​មិញ គ.ជ.ប ក៏​បាន​បង្ហាញ​​តួលេខ​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​ជាង​9លាន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ឆ្នាំ​២០១២ផងដែរ។ អគ្គ​​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំកា​របោះ​ឆ្នោត​ បាន​បង្ហាញ​តួ​លេខ​អ្នក​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​​៣ មិថុនា ​ឆ្នាំ​២០១២ ខាង​មុខ​នេះ គឺ​មាន​ចំនួន​៩.​២០៣.​៤៩​៣​នាក់ ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​ថ្មី​មាន​ប្រមាណ​៩០០.០០​នាក់​ បើ​ប្រៀប​ធៀប​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​មុន។

ចំពោះ​​កា​រិ​យាល័យ​បោះ​ឆ្នោត​គឺមាន​ចំនួន​១៨.​១០៧​ការិយាល័យ​ និង​មណ្ឌល​បោះ​ឆ្នោត​ចំនួន​១.​៦៣៣​នៅ​​ក្នុង​ទូ​ទាំង​ប្រទេស ។ លោក​ទេព នីថា អគ្គលេខា​ធិការ​ គ.ជ.ប​ បាន​បញ្ជាក់​នៅក្នុង​វេទិកា​ពិភាក្សា​តុមូល​ស្តី​ពី​ការ​ត្រៀម​រៀប​ចំ​ការ​បោះ​ឆ្នោតនិងទទួល​បាន​ព័ត៌​មាន​បោះ​ឆ្នោត​ដែ​រៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ កាល​ពីថ្ងៃទី​១៦ ឧសភា ​ថា អ្នក​ដែលបាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ​២០១២ នេះ​គឺ​មាន​ចំនួន​៩.​២០៣​៩៣​នាក់​ ហើយ​គណបក្ស​នយោ​បាយ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មាន​ចំនួន​១០​រួម​មាន​ គណបក្ស​ប្រជាជន​កម្ពុជា, ​គណបក្ស​​សម ​រង្ស៊ី​, គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច, គណបក្ស​នរោត្តម​ រណប្ញទ្ធិ​​, គណ​បក្ស​សិទ្ធិ​មនុស្ស​​ គណ​បក្ស​សញ្ជាតិ​កម្ពុជា, ​គណបក្ស​សម្ព័ន្ធ​ដើម្បី​លទិ្ធប្រជា​ធិបតេយ្យ​, គណបក្ស​ខ្មែរ​ឈប់​ក្រ, គ​ណបក្ស​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ និង​គណបក្ស​ចលនា​ប្រជា​ធិប​តេយ្យ​ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​លើ​ក​នេះ​មាន​ចំនួន​១១.​០៥៦​នាក់​ ក្នុងនោះ​បេក្ខ​ជន​ស្ត្រី​មាន​ប្រមាណ​២៥​ភាគរយ​ បើ​ប្រៀប​ធៀប​ការ​បោះ​ឆ្នោត​លើ​ក​មុន​មាន​តែ​​១០​ភាគរយ​ប៉ុណ្ណោះ​ ។ ប៉ុន្តែអ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​ការ​ចុះ​ឈ្មោះ​បេក្ខ​ជន​បោះ​ឆ្នោត​លើក​នេះ​ គឺ​បេក្ខ​ជន​​ឈរ​ឈ្មោះ​​ស្ទួន​រហូត​​ដល់​១៨៦​នាក់ ដែល​ធ្វើ​ឱ្យ​ គ.ជ.ប សម្រេច​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ។

ទាក់​ទិន​នឹង​ថវិកា​សម្រាប់​រៀបចំ​ការ​បោះ​ឆ្នោត​ លោក​ទេព នីថា បាន​រំលឹក​ថា ពីមុន​គ្រោង​ចំណាយ​ប្រមាណ​ពី​១៨​ទៅ​១៩​លាន​ដុល្លារ​នោះ ឥឡូវ​នេះ​ត្រូវ​កើន​ឡើង​ប្រមាណ​៨១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ។ ការ​កើន​ឡើង​នោះ​ គឺ​អាស្រ័យ​ដោយ​តម្លៃ​ទឹក​ខ្មៅ​ជ្រលក់​ដៃ​ដែល​ពី​មុន​យើង​ប៉ាន់​ស្មាន​តម្លៃ​តែ​៣១​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​ក្រោយ​ទិញ​​ជាក់​ស្តែង​កើ​ន​រហូត​ដល់​៨១​ម៉ឺន​ដុល្លារ​អា​មេរិក។​លោក​​បញ្ជាក់​ថា ក្នុង​គម្រោង​ចំណាយនេះ​រាជ​រដ្ឋា​ភិបាល​បាន​ចេញ​ថវិកា​ប្រមាណ​៧៦​ភាគរយ​ ហើយ​នៅ​សល់​២៤​ភាគរយ​ទៀត​គ.ជ.ប បាន​អំពាវ​នាវ​ស្វែង​រក​ជំនួយ​ពីខាងក្រៅ​ ។ លោក​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរថា ការ​អំពាវ​នាវ​រក​ជំនួយ​ខាង​ក្រៅ​គឺ​ គ.ជ.ប​មាន​ការ​យឺត​យ៉ាវ​បន្តិច​ ដែល​រហូត​មក​ដល់​ពេល​នេះ​ម្ចាស់​ជំនួយ​មួយ​ចំនួន​ធំ​មិន​ទាន់​មាន​កា​រឆ្លើយ​តប​នៅ​ឡើយ។

ចំណែក​លោក​គល់ បញ្ញា​ នាយក​ប្រតិ​បត្តិ​អង្គការ​ខុម​ហ្វ្រែ​ល​ បាន​លើក​ឡើង​ថា អ្នក​សារ​ព័ត៌​​មាន​មាន​តួ​នាទី​សំខាន់​ណាស់​នៅក្នុង​ការ​បោះ​ឆ្នោត​ ព្រោះ​តាម​រយៈ​សារព័ត៌​មាន​គឺ​សភាព​ការណ៍​នៅក្នុង​ការបោះ​ឆ្នោត​នឹង​ត្រូវ​រំលេច​ឡើង​ក្នុង​សារព័ត៌​មាន​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​​ទៀត​នោះ​ អ្នក​សារព័ត៌​មាន​ក៏ត្រូវ​តែនិយាយ​នូវអ្វី​ដែល​ជា​ការ​ពិត​ និង​មាន​ភស្តុ​តាង​ជាក់​ស្តែង ។​លោក​​គល់ បញ្ញា ​បាន​បញ្ជាក់​ថា ចំពោះ​តួ​នាទី​របស់​អង្គ​ការ​ខុម​ហ្វ្រែល ​គឺ​ធ្វើ​កា​រត្រួត​ពិនិត្យ​ការ​បោះ​ឆ្នោត​ ដើម្បី​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នោះ​​ គឺ​ខុម​ហ្វ្រែល​បាន​តាម​ដាន​កិច្ច​ការនោះ​តាំង​ពីពេល​ចាប់​ផ្តើម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មក​ម៉្លេះ ហើយ​ការ​ប្រព្រឹត្ត​ទៅ​របស់​ខុម​ហ្វ្រែល​គឺមាន​លក្ខណៈ​ស្តង់​ដា​ ដែល​អាច​ទទួល​យក​បាន ​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៨ ឧសភា ឆ្នាំ​ ២០១២

Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *