នៅប៉ុន្មានឆ្នាំចុងក្រោយនេះប្រពៃណីទំនៀមទម្លាប់សាសនាចិនត្រូវបានប្រជាពលរដ្ឋខ្មែរដែលមានខ្សែស្រឡាយចិនប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ គ្រប់ពិធីបុណ្យសាសនាចិនទាំងអស់បានបង្កឱ្យមានភាពគគ្រឹកគគ្រេងសម្រាប់ប្រជាជនខ្មែរជាពិសេសអ្នករស់នៅ ទីក្រុងភ្នំពេញ។
ជនជាតិចិននៅស្រុកខ្មែរ
ទោះបីបច្ចុប្បន្ននេះជនជាតិចិនដែលរស់នៅរកស៊ីក្នុងស្រុកខ្មែរស្ទើរក្លាយជាខ្មែរអស់ទៅហើយក៏ដោយក្នុងនោះគ្រាន់តែនៅ មានឈាមជ័រ និងពូជអម្បូរតាកុង ម៉ាចិនតែប៉ុណ្ណោះ។ ព្រោះថាអ្នកដែលរស់នៅក្នុងស្រុកខ្មែរពុំមែនជាចិនដែលមកពីស្រុកចិនតែម្ដង នោះឡើយ ដោយសារថាចិនដែលមកពីស្រុកចិនតែម្ដងបានស្លាប់បាត់បង់ជីវិតទៅហើយ។ រីឯអ្នកដែលរស់នៅសព្វថ្ងៃគឺសុទ្ធតែជាកូន ចៅ ខ្លះ១តំណ ខ្លះ២តំណ និងខ្លះទៀតឈានទៅដល់៣តំណមនុស្សទៅហើយ។ ហេតុនេះហើយទើបអ្នកខ្លះមានគ្រួសារប្រពន្ធកូនជា ខ្មែរ ដោយមានខ្សែស្រឡាយជាចិនតែប៉ុណ្ណោះ។ ថ្វីបើជនជាតិដូចគ្នាមែនប៉ុន្ដែក្នុងនោះមានបែងចែកជាច្រើនប្រភេទ។ នៅកម្ពុជាមាន ចិនប្រមាណជា៥ប្រភេទគឺចិនហៃណាំ ចិនទៀជីវ ចិនកាតាំង ចិនខិនិងចិនហុកកៀន។ ដោយឡែកចិនទៀជីវមានចំនួនច្រើនជាងគេ នៅក្នុងស្រុកខ្មែរ។ បើតាមឯកសារប្រវត្ដិសាស្ដ្ររបស់ជនជាតិចិនពិធីបុណ្យចូលឆ្នាំប្រពៃណីចិនមានប្រវត្ដិតាំងពី៤០០០ឆ្នាំមកម្ល៉េះដោយកាលពីសម័យដើមគេប្រារឰធ្វើពិធីបុណ្យចូលឆ្នាំថ្មីនេះនៅរដូវច្រូតកាត់នានិទាឃរដូវដោយកំណត់យកថ្ងៃ១កើតខែ១(ចន្ទគតិ) ជារៀងរាល់ឆ្នាំធ្វើជាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនរហូតមកដល់សព្វថ្ងៃនេះ។
ប្រពៃណីចិនវាយលុកទស្សនៈខ្មែរ
ក្នុងមួយឆ្នាំៗមានបុណ្យជាលក្ខណៈឬប្រពៃណីសាសនាចិនជាច្រើនត្រូវបានប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្ដិមានដូចជា បុណ្យចូលឆ្នាំថ្មី សែនក្បាលទឹក សែនព្រះខែ សែននំអ៊ី សែននំចាំង សែនអ្នកតាជាដើម។ ក្នុងបណ្ដាបុណ្យទាំងអស់ខាងលើ មានតែ បុណ្យបីប៉ុណ្ណោះបានប្រែក្លាយក្រុងភ្នំពេញទៅជាក្រុងហុងកុងនោះគឺ បុណ្យចូលឆ្នាំថ្មី សែនក្បាលទឹកនិងសែនព្រះខែ។ នៅពេលជិត រដូវបុណ្យម្ដងៗប្រជាពលរដ្ឋខ្មែរដែលមានខ្សែស្រឡាយបានត្រៀមរណ្ដាប់សម្រាប់សែនសព្វសារពើ រួមទាំងថវិកាដើម្បីអបអរសាទរ ពិធីបុណ្យទាំងនេះ។ នៅឆ្នាំខ្លះសូម្បីតែក្នុងកម្មវិធីទូរទស្សន៍បានបញ្ចាំងអំពីការអបអរសាទរនេះផងដែរ។ ដោយសារពិធីបុណ្យចូលឆ្នាំ ចិនតែងតែមានការរៀបចំម្ហូបអាហារចំណីជាច្រើនជាគ្រឿងរណ្ដាប់សែននោះទើបបណ្ដាលឱ្យមានការទទួលទានអាហារជួបជុំគ្នា ដើម្បីជប់លៀងលាឆ្នាំចាស់ទទួលឆ្នាំថ្មី។
យោងទៅតាមហេតុផលខាងលើនេះហើយទើបខ្មែរយើងដែលជាប់ខ្សែស្រឡាយចិន ឬមិនជាប់នោះ នាំគ្នាផឹកស៊ីសប្បាយ រីករាយរហូតដល់លោកអ្នកមួយចំនួនស្រវឹងជ្រុលនាំឱ្យកើតទៅជាវិបត្ដិផ្សេងៗដូចជា ៖
1 . គ្រោះថ្នាក់ចរាចរ ៖ បើតាមរបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឱ្យដឹងថាមានកំណើននៃគ្រោះថ្នាក់ចរាចរកើនឡើងគួរឱ្យកត់សម្គាល់នារដូវបុណ្យចូលឆ្នាំចិន។ ដោយហេតុថាមានផឹកស៊ីគ្រឿងស្រវឹងនាំឱ្យមានការបើកបរខ្វះការប្រុង ប្រយ័ត្ន ឬការបើកបរខ្វះម្ចាស់ការដោយសារកត្ដាស្មារតីតែម្ដង។
2 . អំពើហិង្សា ៖ នៅពេលដែលមានជាតិស្រវឹងចូលខ្លួនបានញ៉ាំងឱ្យលោកអ្នកបរិភោគគ្រប់រូបបញ្ចេញនូវអត្ដចរិតព្រហើនកោងកាច ដែលជាបច្ច័យមួយនាំឱ្យមានជម្លោះ ជួនកាលអាចប្រើអំពើហិង្សាកាប់សម្លាប់គ្នាទៀតផងដោយសារការមិនអាចគ្រប់គ្រង ខ្លួនឯងបាន។
3 . ប្លន់ប្រដាប់អាវុធ ៖ ដើម្បីអបអរសាទរក្នុងពិធីចូលឆ្នាំ ជនជាតិចិនតែងតែដុតផាវ ឬកាំជ្រួចជាហេតុមួយធ្វើឱ្យជនខូចខិលមួយចំនួនតូចបានឆ្លៀតឱកាសផ្ទុះអាវុធដែលមានសម្លេងប្រហាក់ប្រហែលនឹងសម្លេងដុតផាវឬកាំជ្រួចដើម្បីប្លន់ទ្រព្យសម្បត្ដិប្រជា ពលរដ្ឋ។
4 . អគ្គីភ័យ ៖ ការអុជធូបទាន ផាវ ឬកាំជ្រួច សុទ្ធតែអាចបង្កជាគ្រោះអគ្គីភ័យបានទាំងអស់។ រៀងរាល់ឆ្នាំតែងតែ មានករណីអគ្គីភ័យកើតឡើងមួយ ឬក៏ពីរដែរ ក្នុងឱកាសចូលឆ្នាំចិន។
នាំគ្នាកាត់បន្ថយបញ្ហាក្នុងឱកាសបុណ្យចូលឆ្នាំចិន
មិនមែនជារឿងលំបាកណាស់ណាទេ ដែលលោកអ្នកទាំងអស់គ្នានាំគ្នាព្យាយាមកាត់បន្ថយនូវអ្វីមួយដែលរំពឹងថានឹងអាចកើតមានឡើង ដូចដែលរៀបរាប់ខាងលើ។ សូមនាំគ្នាបញ្ចៀសបញ្ហាដោយវិធីខាងក្រោម ៖
- សូមកុំទទួលទានគ្រឿងស្រវឹងហួសហេតុពេក ដែលធ្វើឱ្យលោកអ្នកបាត់បង់សតិនាំឱ្យលោកអ្នកមានការធ្វេសប្រហែសដើម្បីកុំឱ្យសប្បាយក្លាយជាទុក្ខ
- សូមបើកបរដោយប្រុងប្រយ័ត្ន បើស្រវឹងកុំបើកបរ បើបើកបរកុំទទួលទានគ្រឿងស្រវឹង
- សូមកុំបណ្ដោយឱ្យគ្រឿងស្រវឹងនាំផ្លូវលោកអ្នកទៅរកសេចក្ដីអន្ដរាយឱ្យសោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply