ជម្ងឺឆ្លង គឺជាប្រការមួយដែលមនុស្សគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព។ បើកាលណាសុខភាព មានកើតជម្ងឺឆ្លងហើយនោះ គេក៏ពិតជាពិបាកព្យាបាលឲ្យបានជាឆាប់រហ័សដើម្បីមានកម្លាំងកំហែងទៅប្រកបកិច្ចការងាររកស៊ីប្រចាំថ្ងៃ។ បើជម្ងឺទាំងនោះ កើតមានចំពោះអ្នកមានប្រាក់កាសចាយគ្រប់គ្រាន់នោះ វាមិនសូវផ្តល់ជាបញ្ហាចោទសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេប៉ុន្មាននោះទេ តែបើកើតចំពោះអ្នកក្រីក្រ ឬចំពោះពលករ ពលការនីចំណាកស្រុកវិញ តើនឹងមានអ្វីកើតឡើងនាពេលបន្ទាប់?
យោងតាមគេហទំព័ររបស់កាសែតបាងកកប៉ុស្ដិ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនាពេលថ្មីៗនេះ បានប្រាប់ឲ្យដឹងថា ក្រុមមន្ត្រីថៃបានសម្តែងការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជម្ងឺឆ្លងដ៏ធ្ងន់ធ្ងរក្នុងចំណោមពលករទេសន្តប្រវេសន៍មកពីប្រទេសចំនួនបី មានកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នៅខណៈពេលដែលគោលនយោបាយរបស់រដ្ឋាភិបាលថៃស្ដីពីការពិនិត្យមើលសញ្ជាតិមិនតម្រូវឲ្យពួកគេទទួលការពិនិត្យសុខភាពប្រចាំឆ្នាំទេ។ ជម្ងឺឆ្លងដ៏ធ្ងន់ធ្ងរ ដែលពលករទេសន្តប្រវេសន៍មាន មានដូចជាជម្ងឺហើមដៃជើង ជម្ងឺកាមរោគ ជម្ងឺរបេង និងជម្ងឺដ៏ទៃផ្សេងទៀតនៅចំខណៈពេលដែលពលករជាច្រើនបានទទួលការពិនិត្យសុខភាពប្រចាំឆ្នាំក្រោមគោលនយោបាយធានារ៉ាប់រងសុខភាពរបស់ក្រសួង។ ក្រុមមន្រ្តីថៃ បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនចំពោះការរាលដាលនៃជម្ងឺឆ្លង ដ៏ធ្ងន់ធ្ងរក្នុងចំណោមពលករទេសន្តប្រវេសន៍មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានអះអាងកាលពីថ្ងៃម្សិលមិញវិញថា ពលករកម្ពុជាដែលទៅធ្វើការនៅក្រៅប្រទេសតែងតែធ្វើការពិនិត្យសុខភាពរបស់ពួកគេជាមុន។
គេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថា លោក ហ៊ូ វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងការងារ បានមានប្រសាសន៍ថា ពលករកម្ពុជាទាំងអស់តែងតែមកពិនិត្យសុខភាពមុនពេលពួកគេចេញដំណើរទៅធ្វើការនៅក្រៅប្រទេស។ លោកបានថ្លែងថា៖ «ពលរដ្ឋកម្ពុជា ក៏ដូចជាពលករផងដែរ ត្រូវមកពិនិត្យសុខភាពមុនពេលពួកគេធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស។ សម្រាប់ពលករដែលទៅធ្វើការនៅប្រទេសថៃ ពួកគេត្រូវពិនិត្យសុខភាពពីរដងមុនពេលពួកគេចាប់ផ្ដើមចូលធ្វើការគឺម្ដងពិនិត្យនៅប្រទេសកម្ពុជា និងម្ដងទៀតត្រូវពិនិត្យនៅថៃនៅពេលពួកគេទៅដល់ទីនោះ»។ ស្របពេលជាមួយគ្នានោះ លោកហ៊ូ វុទ្ធី ក៏បានថ្លែងដោយចោទជាសំណួរថាហេតុអី្វបានជាថៃនៅមានការភ័យខ្លាចចំពោះរឿងនេះ។ លោក ហ៊ូ វុទ្ធី បានបន្តថា លោកមិនបានដឹងថា តើមានពលករកម្ពុជាប៉ុន្មាននាក់ដែលបានទទួលការអនុញ្ញាតឲ្យទៅធ្វើការនៅប្រទេសថៃនោះទេ ព្រោះមានពលកររាប់រយនាក់ចេញចូលប្រទេសថៃរៀងរាល់ថ្ងៃ។ លោកបានថ្លែងបន្តទៀតថា៖ «មន្ត្រីថៃបានពន្យារពេលដំណើរការពិនិត្យសញ្ជាតិនេះបន្តរហូតដល់ ពាក់កណ្ដាលខែមិថុនា ហើយបើសិនជាពលករណាមួយដែលមិនទទួលបានការអនុញ្ញាតឲ្យធ្វើការទេ ពួកគេនឹងត្រូវបញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញ»។
គួររំឮកផងដែរថា កាលពីថ្ងៃទី២៩ ធ្នូ ២០១១ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ហោ ណាំហុង បានមានប្រសាសន៍ពេលមានជំនួបជាមួយសមភាគីថៃរបស់លោក គឺលោក សុរ៉ាពង្ស តូវីចាក់ចៃគុល ថាមានពលករទេសន្តប្រវេសន៍កម្ពុជាចំនួនជាង២៥ម៉ឺននាក់ដែលធ្វើការ ដោយខុសច្បាប់នៅប្រទេសថៃ រហូតមកដល់ពេលនេះពលករចំនួនជាង៩ម៉ឺននាក់បានទទួលការអនុញ្ញាតឲ្យធ្វើការនៅថៃ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៥ មេសាឆ្នាំ២០១២ សមាជិកសភាអាស៊ានបានអនុម័តសេចក្តីសម្រេចចិត្តដ៏សំខាន់មួយសំដៅទប់ស្កាត់រាល់អំពើរំលោភសិទ្ធិផ្សេងៗលើពលករចំណាកស្រុកនៅក្នុងតំបន់ដែលសមាជិកសភាកម្ពុជា បាននិយាយថាពលករកម្ពុជានឹងទទួលបានផលប្រយោជន៍ពីសេចក្តីសម្រេចចិត្តនេះ។ ហើយកាលពីសប្តាហ៍មុននេះនៅក្នុងសន្នីសីទសារព័ត៌មាន បូកសរុបលទ្ធផលនៃការប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការងាររបស់ប្រទេសជាសមាជិកអាស៊ានទាំង១០ បានព្រមព្រៀងគ្នា បង្កើតយន្តការការពារសិទ្ធិ និងបណ្តុះបណ្តាលពលករ ឲ្យមានជំនាញដើម្បីងាយស្រួលគ្រប់គ្រងការចំណាកស្រុក រកការងារធ្វើនៅក្នុងតំបន់។ នៅចំពោះមុខនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា កម្ពុជាសូមសំណូមប្រទេសសមាជិកទាំងអស់ ប្រកាន់យកនូវគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស ដោយជៀសវាងឱ្យបានដាច់ខាតនូវការប្រមាថ និងការបង្កផលលំបាកដល់ជីវិតពលករទេសន្ដប្រវេសន៍។
គួរបញ្ជាក់បន្ថែមថា ពលករទេសន្តរប្រវេសន៍កម្ពុជា ត្រូវបានគេសង្កេតឃើញថា តែងតែទទួលរងនូវការរំលោភបំពានផ្លូវភេទ ការវាយធ្វើបាបរូបរាងកាយ ការបង្ខិតបង្ខំឱ្យធ្វើការច្រើនម៉ោង និងការបរិភោគមិនគ្រប់គ្រាន់ និងត្រូវបានយោធាថៃបាញ់សម្លាប់ជាញឹកញយដោយគ្មានមូលហេតុច្បាស់លាស់ត្រឹមត្រូវ ដែលនេះគឺជាអំពើដ៏ព្រៃផ្សៃ និងបានរំលោភដល់សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរសម្រាប់ជនជាតិកម្ពុជា កាលពីពេលកន្លងទៅនេះ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៩ ឧសភា ឆ្នាំ ២០១២
Leave a Reply