អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ។ ដោយសារតែការយល់ដឹងស្ដីពីច្បាប់ចរាចរណ៍នៅមានកម្រិតបានធ្វើឱ្យអ្នកបើកបរប្រឈមនឹងគ្រោះថ្នាក់ចរាចរបាន គ្រប់ពេលវេលា។ អ្នករងគ្រោះថ្នាក់ចរាចរភាគច្រើនអាចការពារខ្លួនពីគ្រោះថ្នាក់បានប្រសិនបើពួកគេយល់ពីការបើកបរដោយ សុវត្ថិភាព និងអនុវត្ដបាននូវវិធានការនានា ដែលមានចែងក្នុងច្បាប់ចរាចរណ៍។
នៅក្នុងទំព័រនេះ ទស្សនាវដ្ដី សុខភាពយើងនឹងលើកយកពីកម្មវិធីសុវត្ថិភាពចរាចរណ៍មកបង្ហាញជូនប្រិយមិត្ដអ្នកអាន ជ្រាប ដើម្បីរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរនៅកម្ពុជា។
អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
ជារៀងរាល់ឆ្នាំអត្រាគ្រោះថ្នាក់ចរាចរណ៍ មានការកើនខ្ពស់ឡើងៗជាលំដាប់។ គិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្ស៣នាក់បានស្លាប់កាលពីឆ្នាំ២០០៥។ ដោយឡែកនៅឆ្នាំ២០០៦ តួលេខនេះបានកើនឡើងដល់ចំនួន៤នាក់ក្នុងមួយថ្ងៃហើយអ្នករងរបួសដោយ គ្រោះថ្នាក់ចរាចរណ៍សរុបមានជាង ២៦.០០០នាក់។ គ្រោះថ្នាក់ទាំងនោះប្រមាណជា៧០%កើតឡើងចំពោះអ្នកបើកបរម៉ូតូ។ តាមការកត់សម្គាល់ឃើញថាជាង៩០%នៃគ្រោះថ្នាក់នៅលើដងផ្លូវបណ្ដាលមកពីកំហុសដែលបង្កដោយមនុស្ស។ កំហុសទាំងនោះរួមមាន ការបើកបរហួសល្បឿនកំណត់(៤១%)ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនមាន(១៨%) ការបើកបរវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់(១៣%) ការមិនគោរពសិទ្ធិអាទិភាពជាដើម។
កម្មវិធីសុវត្ថិភាពចរាចរណ៍
ដើម្បីសុវត្ថិភាពនៅពេលបើកបរយាន្ដជំនិះនានានៅលើដងផ្លូវ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ និងអង្គការជនពិការអន្ដរជាតិបែលហ្សិកបានរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ទាំងនោះតាមរយៈកម្មវិធីសុវត្ថិភាពចរាចរណ៍។
- ការស្រង់ទិន្នន័យស្ដីពីជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៖ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានការកើន ឡើង ការប្រមូលព័ត៌មានស្ដីពីជនរងគ្រោះនៅកម្ពុជា ត្រូវធ្វើតាមរយៈជនរងគ្រោះនៅតាមមន្ទីរពេទ្យស្ថាប័នប៉ូលិសពាក់ព័ន្ធមួយ ចំនួន និងការវិភាគ។ របាយការណ៍ទាំងនោះចេញផ្សាយជារៀងរាល់ឆ្នាំ។
- ការដាក់បញ្ចូលមេរៀនសុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន ៖ ត្រូវមានការសហការយ៉ាងល្អជាមួយនាយកដ្ឋាន គរុកោសល្យ ដើម្បីបង្កើតកម្មវិធីអប់រំនៅតាមសាលាបឋមសិក្សាធ្វើយ៉ាងណាជំរុញឱ្យកុមារយល់ដឹងនូវសុវត្ថិភាពចរាចរណ៍។ ហើយ មានការចែកជូនអាវយឺត និងសម្ភារៈមួយចំនួន ដូចជាសៀវភៅខិត្ដប័ណ្ណផ្សេងៗទៅដល់សិស្សនៅតាមសាលារៀន។
- បង្កើនការអប់រំផ្សព្វផ្សាយជាសាធារណៈស្ដីពីសុវត្ថិភាពចរាចរណ៍ ៖ ត្រូវមានការផ្សព្វផ្សាយជាច្រើនតាមរយៈទូរទស្សន៍ វិទ្យុ និងខិត្ដប័ណ្ណនៅតាមខេត្ដក្រុងជាច្រើននៅក្នុងប្រទេសកម្ពុជាដើម្បីអប់រំប្រជាពលរដ្ឋនៅតាមតំបន់ឱ្យយល់ដឹងពីសុវត្ថិភាព ចរាចរណ៍។
- ការអប់រំនៅតាមសហគមន៍នៅតាមដងផ្លូវជាតិសំខាន់ៗ ៖ ត្រូវមានការបណ្ដុះបណ្ដាលអប់រំប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួន ដោយមានចែកជូននូវខិត្ដប័ណ្ណនានា ដើម្បីបង្កើនការយល់ដឹងចំពោះពួកគាត់។
ការរំពឹងទុកនាពេលអនាគត
នៅឆ្នាំ២០០៦ប្រទេសកម្ពុជាមានអត្រាស្លាប់ចំនួន១៨នាក់ធៀបនឹងយានយន្ដ១០.០០០គ្រឿង។ តួលេខនេះបានបង្ហាញថាប្រទេសកម្ពុជាមានអត្រាគ្រោះថ្នាក់ខ្ពស់ជាងបណ្ដាប្រទេសក្នុងតំបន់ និងបណ្ដាលឱ្យប៉ះពាល់ដល់សុខុមាលភាពនិងការអភិវឌ្ឍន៍ សង្គមជាតិជាខ្លាំង។ រដ្ឋាភិបាលនឹងចាត់វិធានការនានាដើម្បីទប់ស្កាត់អត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ធៀបនឹងយានយន្ដ ១០.០០០គ្រឿងឱ្យមកត្រឹមក្រោម៧នាក់ នៅឆ្នាំ២០១០ និងក្រោម២នាក់នៅឆ្នាំ២០២០។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply