ថ្មីៗកន្លងទៅនេះ វិទ្យាស្ថានជីវសាស្ដ្រ វេជ្ជសាស្ដ្រនិងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជាបានរៀបចំសន្និសីទមួយស្ដីពី យុទ្ធសាស្ដ្រក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។ នៅក្នុងអង្គពិធីនេះទទួលបានការអញ្ជើញចូលរួមពីបណ្ដាវេជ្ជបណ្ឌិតជំនាញៗ ក្នុងក្រសួងសុខាភិបាល និងមន្ដ្រីរាជការមកពីស្ថាប័ន ព្រមទាំងអង្គការផ្សេងៗប្រមាណជា២៨៦នាក់។ នៅក្នុងនោះមានវាគ្មិន១៦នាក់ និងមានប្រធានបទចំនួន១៦ ដែលបានលើកបង្ហាញក្នុងអង្គសន្និសីទ។
ដោយអង្គសន្និសីទនេះមានចំណែកដ៏សំខាន់ក្នុងការរកវិធីសាស្ដ្រ និងដំណោះស្រាយដើម្បីជំរុញវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនោះ ទស្សនាវដ្ដី សុខភាពយើង សូមចុះផ្សាយនូវចំណុចសំខាន់ៗជូនប្រិយមិត្ដអ្នកអានស្វែងយល់។
គោលបំណងបើកអង្គសន្និសីទ
នេះជាសន្និសីទលើកទីបីហើយ បន្ទាប់ពីមានសន្និសីទបែបនេះលើកទីមួយកាលពីឆ្នាំ២០០៣ និងលើកទីពីរកាលពីឆ្នាំ២០០៦។ តាមរយៈប្រសាសន៍របស់ឯកឧត្ដម ជា ណេង អនុប្រធានរាជបណ្ឌិតសភាកម្ពុជាបានឱ្យដឹងថាឆ្លងកាត់ការធ្វើសន្និសីទទាំងពីរលើក មកនេះ វិស័យសុខាភិបាលកម្ពុជាយើងនៅមានបញ្ហាជាច្រើនទៀតដើម្បីបន្ដដោះស្រាយជាអាទិប្រសិទ្ធភាពក្នុងការព្យាបាល បញ្ហា សេវាកម្ម និងសីលធម៌គ្រូពេទ្យជាដើម។ ដូច្នេះសន្និសីទលើកទីបីឆ្នាំ២០០៧នេះនឹងបន្ដត្រិះរិះពិចារណារកដំណោះស្រាយដើម្បីអភិវឌ្ឍ វិស័យសុខាភិបាលនៅកម្ពុជា។ អង្គសន្និសីទនេះនឹងជួយឱ្យមានលក្ខណៈកាន់តែប្រសើរឡើងនៅលើបញ្ហាមួយចំនួន។
- ស្ថាបនាទំនាក់ទំនងយ៉ាងជិតស្និទ្ធជានិច្ចនិរន្ដរ៍រវាងអ្នកប្រកបការងារវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលទូទាំងប្រទេស ជាពិសេសទំនាក់ទំនងកាន់តែប្រសើររវាងវិទ្យាស្ថានជីវសាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជាជាមួយក្រសួងសុខាភិបាល។
- ផ្លាស់ប្ដូរនូវចំណេះដឹង បទពិសោធរវាងសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឱសថបណ្ឌិត ទន្ដបណ្ឌិត ឱសថការី គ្រូពេទ្យទាំងនៅរាជធានីភ្នំពេញ ទាំងនៅតាមបណ្ដាខេត្ដក្រុង ព្រមទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជននានា។
- ផ្លាស់ប្ដូរយោបល់ស្វែងរករូបមន្ដថ្មីស្ដីពីការពិនិត្យ ការតាមដានជម្ងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជម្ងឺដ៏សមស្របប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ជួយបណ្ដុះស្មារតីសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឱសថបណ្ឌិត ទន្ដបណ្ឌិត និងមន្ដ្រីរាជការសុខាភិបាលឱ្យមានមនសិការវិជ្ជាជីវៈកាន់តែខ្លាំងឡើង។
- ស្វែងរកយុទ្ធវិធី ដើម្បីធ្វើការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាទៅថ្ងៃអនាគត។
អនុសាសន៍រួមក្នុងការកែលម្អ
សមាជិកអង្គសន្និសីទទាំងមូលបានធ្វើការផ្លាស់ប្ដូរយោបល់ និងរកឃើញនូវវិធានការមួយចំនួនដើម្បីជួយវិស័យសុខាភិបាលឱ្យមានលក្ខណៈកាន់តែប្រសើរ។ អនុសាសន៍កែលម្អទាំងនោះរួមមានដូចជាខាងក្រោមនេះ។
- គួរកែទម្រង់ការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកវេជ្ជសាស្ដ្រគ្រប់កម្រិតជាពិសេសគួរបង្រួញរយៈពេលសិក្សាវេជ្ជ-សាស្ដ្រមូលដ្ឋានមកក្រោម៦ឆ្នាំ
- ជំរុញឱ្យនិស្សិតពេទ្យទាំងអស់យកឯកទេសក្រោយឧត្ដមសិក្សាគ្រប់គ្នា ដោយពង្រីកឯកទេសកម្មគ្រប់ជំនាញទាំងនៅក្នុងនិងក្រៅប្រទេស បន្ទាប់ពីជាប់បរិញ្ញាបត្រវេជ្ជសាស្ដ្រដោយពុំចាំបាច់ឱ្យនិស្សិតទៅបំពេញការងារមួយរយៈពេលឡើយ ដើម្បីឱ្យគ្រូពេទ្យទាំងនោះអភិវឌ្ឍការងារទាន់ខ្លួននៅក្មេង ឱ្យស្របតាមការអភិវឌ្ឍសម្ភារៈ និងបរិក្ខារពេទ្យទំនើប
- គួរចាប់អារម្មណ៍លើបញ្ហាសម្ភារៈបរិក្ខារពេទ្យក្នុងការព្យាបាល
- គួរពង្រឹងបន្ថែមលើការងារអប់រំសុខភាពប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឱ្យសហគមចូលរួមចំណែក
- គួរបំផុសសហគម ឬមហាជនឱ្យចូលរួមអភិវឌ្ឍការងារសុខាភិបាល
- គួរមានមន្ទីរពេទ្យស្របតាមនិយាមអន្ដរជាតិ ដើម្បីជាដៃគូក្នុងការងារអភិវឌ្ឍវិស័យទេសចរណ៍
- គួរមានមជ្ឈមណ្ឌលជាតិរករោគវិនិច្ឆ័យ
- គួរជំរុញការបណ្ដុះបណ្ដាលគិលានុបដ្ឋានឱ្យមានកម្រិតខ្ពស់(បរិញ្ញាបត្រ អនុបណ្ឌិតនិងបណ្ឌិត)ដូចប្រទេសក្នុងតំបន់
- គួរសិក្សាឡើងវិញអំពីប្រាក់បំណាច់ជីវភាពគ្រូពេទ្យ
- គួរពិនិត្យឡើងវិញលើការងារសីលធម៌ពេទ្យ
- គួរពិចារណាលើការងារគ្រប់គ្រងសេវាឯកជន
- គួរពិនិត្យលើគ្រូពេទ្យបរទេសដែលអនុវត្ដការងារវេជ្ជសាស្ដ្រនៅកម្ពុជា
- គួរបើកទូលាយបន្ដិចលើការងារបណ្ដុះបណ្ដាលសុខាភិបាលក្រោមការត្រួតពិនិត្យជាប្រចាំរបស់រដ្ឋ
- ក្រសួងសុខាភិបាលគួរតែរកវិធីបំផុសឱ្យមន្ដ្រីខ្លួនឬគ្រូពេទ្យឯកជនចេះស្រឡាញ់ការងារបណ្ដុះបណ្ដាលបន្ដ(ការចូលស្ដាប់សិក្ខាសាលា ឬសន្និសីទផ្សេងៗ)
- គួរថ្លឹងថ្លែងការងារការពារ និងការងារព្យាបាលឱ្យមានលំនឹងគ្នា
- គួរសិក្សាស្វែងយល់ជាប្រចាំចំពោះកំហុសឆ្គងរបស់អ្នកអនុវត្ដវេជ្ជសាស្ដ្រគ្រប់កម្រិត
- គួរពង្រីកការផ្សព្វផ្សាយវេជ្ជវិជ្ជាឱ្យបានជ្រួតជ្រាបដល់ស្រទាប់មហាជន
- ក្រសួងសុខាភិបាលគួរត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មពីបញ្ហាឱសថបូរាណ ឱសថសម័យមួយចំនួននិងគ្លីនិកឯកជនមួយចំនួនដែលអួតអាងហួសលទ្ធភាពរបស់ខ្លួន
- ត្រួតពិនិត្យផ្ទះពេទ្យព្យាបាល ដែលជាជនបរទេសឱ្យបានត្រឹមត្រូវ
- សុំឱ្យប្រធានមន្ទីរពេទ្យរឹតបន្ដឹងវិន័យចំពោះមន្ដ្រីដែលប្រព្រឹត្ដខុស និងអសីលធម៌។
នៅក្នុងឱកាសបិទអង្គសន្និសីទ ឯកឧត្ដម សេង លឹមនៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រីមានប្រសាសន៍ថា“ខ្ញុំមានជំនឿជឿជាក់ថា គំនិត និងបទពិសោធល្អៗទាំងនេះបានផ្ដល់នូវទិន្នន័យដ៏មានតម្លៃដល់រាជរដ្ឋាភិបាល អង្គការឬគណៈកម្មាធិការជាតិ សម្រាប់កិច្ចអភិវឌ្ឍនានាយកទៅអនុវត្ដឱ្យបានជោគជ័យក្នុងដំណើរការអភិវឌ្ឍសង្គមយើងប្រកបដោយចីរភាព។ ជាពិសេសសន្និសីទ នេះពិតជាបានបង្កើតនូវការប្ដេជ្ញាចិត្ដធ្វើការរួមគ្នាក្នុងកម្រិតជាតិដោយប្រមូលផ្ដុំបញ្ញាញាណនៃវរជនវេជ្ជវិជ្ជាខ្មែរ ដែលធ្លាប់តែធ្វើ ការប្រតិបត្ដិដោយឡែកៗពីគ្នាមកត្រិះរិះពិចារណាស៊ីជម្រៅលើស្ថានភាពជាក់ស្ដែងដើម្បីផ្ដល់អនុសាសន៍ជូនរាជរដ្ឋាភិបាល។ រាល់អនុសាសន៍ដ៏មានតម្លៃទាំងឡាយដែលទទួលបានមកពីអង្គសន្និសីទនេះជាចំណែកមួយដែលជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨
Leave a Reply