ពលរដ្ឋ​ចំណាក​ស្រុក​កម្ពុជា​នៅ​ប្រទេស​ថៃ​មាន​អត្រា​ផ្ទុក​មេរោគ​អេដស៍​ខ្ពស់

ជម្ងឺ​អេដស៍គឺ​ជាឃាត​ករឈាម​ត្រជាក់​មួយ​ដែលបាន​សម្លាប់​មនុស្ស​ដែល​មិនមាន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រួម​ភេទ​នឹង​អ្នក​ដែល​មានដៃ​គូរ​ច្រើនកាល​ពីឆ្នាំ​២០១១​កន្លង​ទៅជម្ងឺ​អេដស៍​បានថយ​ចុះច្រើន​គួរឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​ជម្ងឺ និង​មេរោគ​អេដស៍​នៅតែ​បន្ត​ឆក់​យក​ជីវិត​ប្រជា​ពលរដ្ឋ​កម្ពុជា​ជាបន្ត​បន្ទាប់ មិន​ថា មនុស្ស​ចាស់ ក្មេង​ប្រុស​ស្រី​នោះ​ទេ ជា​ពិសេស​ការ​កើន​ឡើង​នៃជម្ងឺ​អេដស៍​ពី​សំណាក់​ពលករ ពល​ការនី ចំណាក​ស្រុក​ជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

យោង​តាម​​ក្រុម​មន្ត្រី​សុខាភិបាល កាល​ពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ពលករ​ទេសន្ត​ប្រវេសន៍​កម្ពុជា​ មាន​អត្រា​ផ្ទុក​មេរោគ​ហ៊ីវ​ខ្ពស់​ជាង​គេ​បំផុត​ ក្នុង​ចំណោម​ក្រុម​ពលករ​ទេសន្ត​ប្រវេសន៍​ នៅ​ប្រទេស​ថៃ ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដែល​មាន​ចាប់​ពី​ស្ថានភាព​ការងារ​របស់​ពួក​គេ​ រហូត​ដល់​ការ​ប្រកាន់​វប្បធម៌​របស់​ពួក​គេ​ ចំពោះ​ស្រោម​អនាម័យ។ នេះបើយោងតាមគេហទំព័រសារព័ត៌មានភ្នំពេញប៉ុស្តិ៍។

យោង​តាម​លទ្ធ​ផល​ថ្មីៗ​នៃ​ការសិក្សា​ចម្រុះឥរិយាបថ ដែល​ធ្វើ​ឡើង ​ដោយ​ក្រសួង​សុខភាព​សាធារណៈ​ប្រទេស​ថៃ​ បានបង្ហាញ​ថា ពលករ​ទេសន្តប្រវេសន៍​កម្ពុជា​ មាន​ប្រេវ៉ាឡង់​ផ្ទុក​មេរោគ​ហ៊ីវ​ខ្ពស់​ជាង​គេ​បំផុត ​រហូត​ដល់ ២,៥ ភាគ​រយ​ បើ​ធៀប​នឹង​ចំនួន​ពលករ​ទេសន្ត​ប្រវេសន៍​នៃ​ប្រទេស​ដទៃ​ទៀត ​នៅ​ក្នុង​ប្រទេស​ថៃ​។ ប្រេវ៉ាឡង់​ក្មេង​ជំទង់ ​នៅ​ក្នុង​ប្រទេស​ថៃ​ មាន​ប្រមាណ ១,៣ ភាគ​រយ ហើយ​ប្រទេស​កម្ពុជា​មាន​ប្រមាណ ០,៥ ភាគ​រយ​។

ជំនួយ​ការ​កម្មវិធី Raks Thai Foundation លោក Domrongphol Sangnanee បាន​ថ្លែង​ថា លទ្ធផល​នោះ​ ពុំ​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ លោក​បាន​គូស​បញ្ជាក់​ថា៖​ «ពលករ​ចំណាក​ស្រុក​កម្ពុជា​ជា​ច្រើន​ បម្រើ​ការ​ ក្នុង​វិស័យ​នេសាទ ហើយ​វា​មាន​ការ​លំបាក​បន្តិច​ ក្នុង​ការ​ចូល​ទៅ​រក​ពួក​គេ​ដើម្បី​អប់រំ»។ លោក​បាន​បន្ត​ថា៖​ «ចំពោះ​ករណី​ពលករ​ចំណាក​ស្រុកឡាវ ពួក​គេ ​មិន​មាន​ការងារ​ នៅ​ក្នុង​វិស័យ​នេសាទ​ទេ ហើយ​វា​ងាយ​ស្រួល​សម្រាប់​ពួក​គេ​ ទទួល​បាន​ឯកសារ​ ទាក់ទង​នឹង​មេរោគ​ហ៊ីវ ព្រោះ​ភាសា​មាន​លក្ខណៈ​ស្រដៀង​គ្នា។ ចំពោះ​ពលករ​មីយ៉ាន់ម៉ា ពួក​គេ​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម»។​​

លោក​បាន​បន្ត​ថា មូលហេតុ​មួយ​ទៀត​ គឺ​បណ្តាល​មក​ពី​ការ​មិន​ធ្លាប់​ ក្នុង​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​របស់​ពលករ​កម្ពុជា។ កត្តា​ផ្សេង​ទៀត​ ដែល​ជំរុញ​ឲ្យ​អត្រា​ផ្ទុក​មេ​រោគ​ហ៊ីវ​ ខ្ពស់​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​ ជា​រួម​មាន​បញ្ហា​ភាសា ​ដែល​ធ្វើ​ឲ្យ​យល់​ដឹង ​អំពី​យុទ្ធនាការ​ការពារ​មេ​រោគ​ហ៊ីវ​ ជួប​ឧបសគ្គ ហើយ​និង​ការ​មិន​អាច​ប្រើប្រាស់​បាន​សេវាកម្ម​របស់​អ្នក​ផ្តល់​សេវាកម្ម​សុខភាព​រដ្ឋ។ លោក​បន្តទៀត​ថា ក្តី​បារម្ភ​ជុំវិញ​ជម្ងឺ​ចម្លង​ ក្នុង​ចំណោម​ពលករ​កម្ពុជា​ ពុំ​ខ្ពស់​ទេ តែ​បាន​បន្ថែម​ថា ក្រសួង​សុខ​ភាព​សាធារណៈ មាន​ការ​ព្រួយបារម្ភ​ខ្លាំង ​ជាង​ទៅ​លើ​អត្រា​ជម្ងឺរបេង​ក្នុង​ចំណោម​ពលករ​មីយ៉ាន់ម៉ា ដែល​ជា​ជន​ជាតិ​មាន​ចំនួន​ពលករ​ភាគរយ​ច្រើន​ជាង​គេ​ ក្នុង​ប្រទេស​នេះ។ ពលករ​ស្រប​ច្បាប់​ត្រូវ​តម្រូវ​ឲ្យ​ត្រួត​ពិនិត្យ​សុខភាព​រៀង​រាល់ ឆ្នាំ និង​ត្រូវ​ទិញ​ធានា​រ៉ាប់រង​សុខ​ភាព៕

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ UNAids​ បានឲ្យដឹង​ថាអត្រា​មរណៈ​ភាព​ដោយ​សារ​ជម្ងឺ​អេដស៍​កំពុងស្ថិត​នៅកម្រិត​ទាបបំផុត​ក្នុងចំនួន​ ២១ភាគ​រយចាប់​តាំងពីការ​មានកើន​ឡើងខ្ពស់​បំផុតក្នុង​ឆ្នាំ ២០០៥​។ យោង​តាម​របាយ​ការណ៍​ប្រចាំឆ្នាំ២០១១​របស់អង្គការ​ដដែល​នេះបាន​ប្រាប់ឲ្យ​ដឹងបន្ត​ថា ទូទាំង​សកល​លោក​ចំនួនអ្នក​ឆ្លង​មេរោគ​ហ៊ីវ​ក្នុងឆ្នាំ​២០១០​ បានធ្លាក់​ចុះ២១%​ ពីចំណុច​ខ្ពស់បំផុត​ដែលបាន​កើតឡើង​កាលពី​ឆ្នាំ ២០១១។​ រីឯ​អត្រា​នៃចំនួន​អ្នកស្លាប់​ដោយសារ​ជម្ងឺអេដស៍​នៅកម្ពុជា​នាឆ្នាំ២០១១​កន្លងទៅនេះ​មានចំនួន​ប្រមាណ​ ២៦០៨​នាក់ ដែល​ចំនួននេះ​មានការ​ថមថយ​ចំនួន១១​ភាគរយ​បើធៀប​ទៅនឹង​ឆ្នាំកន្លង​ទៅដែលរួម​មានមនុស្ស​ស្លាប់ដល់​ទៅ២៩៤៣នាក់។​ នេះបើយោង​តាមការ​វាយតម្លៃ​របស់​សារព័ត៌​មាន​ក្នុងស្រុក​។ បើតាមអាជ្ញាធរ​អេដស៍ជាតិ​ ដែលហៅ​កាត់ថា​ NAA បានឲ្យ​ដឹងថា​ក្នុងចំនួន​ខាងលើ​មាន​ចំនួន​មនុស្ស២៤៨៤​នាក់ អាយុ១៥​ឆ្នាំ និង​១២៤នាក់​ជាកុមារ​។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៩ ឧសភា ឆ្នាំ​ ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *