កម្លោះរូបសង្ហា តារាសម្ដែង និងជាពិធីករមួយរូបនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ដែលកំពុងតែកសាងកេរ្ដិ៍ឈ្មោះឱ្យល្បីនោះគឺលោក ខេន វណ្ណាថាត។ សមត្ថភាពក្នុងការធ្វើពិធីករ និងសម្ដែងកាយវិការខារ៉ាអូខេរួមផ្សំនឹងរូបសម្រស់របស់វណ្ណាថាតមិនចាញ់តារាសម្ដែងដទៃទៀតប៉ុន្មានឡើយ។ សម្ជស្សរបស់វណ្ណាថាតមើលយូរកាន់តែស្រស់ស្អាតទៅ។ បច្ចុប្បន្ននេះ វណ្ណាថាតត្រូវ បានទស្សនិកជនចាប់ផ្ដើមស្គាល់ច្រើនហើយកេរ្ដិ៍ឈ្មោះចាប់ផ្ដើមឈានទៅរកភាពល្បីល្បាញជាសន្សឹមៗ។
វណ្ណាថាតមានសេចក្ដីសោមនស្សណាស់ក្នុងការទម្លាយអាថ៌កំបាំងពីភាពស្រស់សង្ហា និងរូបសម្រស់របស់លោកបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានជ្រាប តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិមុនឈានជើងចូលវិស័យសិល្បៈ
ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ វណ្ណាថាតបានចូលធ្វើការនៅក្រុមហ៊ុនមួយមានតួនាទីជាអ្នកគិតលុយ។បន្ទាប់មក ក៏មានក្រុមហ៊ុនទឹកដោះគោហ្វមូសបានបង្កើតកម្មវិធីប្រឡងជ្រើសរើសអ្នកប្រចាំទឹកដោះគោហ្វមូសវណ្ណាថាតក៏បានទទួលជ័យលាភី លេខ១។ ប្រហែលជារយៈពេល១ខែក្រោយពីប្រឡងទទួលបានជ័យលាភីលេខ១ហើយទើបស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ត្រូវការ ជ្រើសរើសពិធីករក្នុងកម្មវិធីប្លែកភ្នែក។ ពេលនោះទូរទស្សន៍ប៉ុស្ដិ៍លេខ៣បានអញ្ជើញវណ្ណាថាតឱ្យមកធ្វើតេស្ដសម្លេង និងថតកាយ វិការ ដោយសារវណ្ណាថាតមានទេពកោសល្យ និងពោរពេញទៅដោយសេចក្ដីក្លាហានបានធ្វើឱ្យវណ្ណាថាតក្លាយជាពិធីករក្នុងកម្មវិធី ជាច្រើនទៀតនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣។
ការថែរក្សាសម្រស់
សព្វថ្ងៃនេះ ថ្វីត្បិតតែវណ្ណាថាតមិនទាន់មានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង ដូចពិធីករដទៃទៀតមែនប៉ុន្ដែវណ្ណាថាតក៏កំពុងតែ បោះជំហានឈានទៅរកភាពល្បីល្បាញជាបណ្ដើរៗ តាមរយៈការថតកាយវិការខារ៉ាអូខេនិងធ្វើជាពិធីករកាន់កម្មវិធីច្រើននៅស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣។ ទាំងនេះជាមូលហេតុធ្វើឱ្យវណ្ណាថាតត្រូវប្រឈមមុខនឹងការហត់នឿយជាច្រើន។ តែទោះបីជាយ៉ាងណាក៏ ដោយ ភាពមមាញឹកនឹងការងារទាំងនេះមិនបានធ្វើឱ្យវណ្ណាថាតធ្វេសប្រហែសពីការថែទាំសម្រស់ឡើយ។
- ការថែរក្សាសក់ ៖ ពីមុនសក់របស់វណ្ណាថាតមានការបែកចុង ហើយពុំមានសំណើមទៀតផងដោយសារតែវណ្ណាថាតមិនបានចាប់អារម្មណ៍ថែទាំសក់។ ដូចនេះវណ្ណាថាតបានជ្រើសរើសសាប៊ូកក់សក់ ដែលត្រូវជាមួយស្បែកក្បាលនិងសរសៃសក់ ដោយ កក់សក់ក្នុងរយៈពេល២ ឬ៣ថ្ងៃម្ដង រួមផ្សំប្រើផលិតផលម្យ៉ាងជួយបន្ទន់សរសៃសក់ឱ្យទន់និងរយៈពេលកន្លះខែម្ដងទៀតផង។
- ការថែរក្សាភ្នែក ៖ រាល់ពេលចេញទៅសម្ដែងនៅខាងក្រៅ និងចូលក្នុងកម្មវិធីជាពិធីករភ្នែករបស់វណ្ណាថាតត្រូវទទួល រងនូវពន្លឺភ្លើងហ្វារ ឬកម្ដៅព្រះអាទិត្យ។ ដើម្បីការពារភ្នែកឱ្យបានល្អវណ្ណាថាតតែងតែបន្ដក់ទឹកថ្នាំលាងសម្អាតភ្នែកនៅពេលទំនេរពីការងារ ព្រោះខ្លាចភ្នែករកាំ និងមានបញ្ហាផ្សេងៗទៀត។
- ការថែរក្សាធ្មេញ ៖ បញ្ហាមាត់ធ្មេញជារឿងសំខាន់ដែលមិនអាចបណ្ដោយឱ្យមានបញ្ហាក្លិនមាត់មិនល្អទេ។ វណ្ណាថាតមានការថែទាំណាស់ចំពោះសុខភាពមាត់ធ្មេញ ព្រោះបើមានបញ្ហាក្លិនមាត់មិនល្អ ខ្លួនឯងក៏ពុំមានសេចក្ដីសុខដែរហើយមិនហ៊ាន និយាយទៅកាន់គេទៀត។ ដូចនេះវណ្ណាថាតត្រូវសម្អាតធ្មេញ៣ដងយ៉ាងតិចក្នុង១ថ្ងៃជាប្រចាំ។ បើមានការទំនាក់ទំនងការងារនៅ ខាងក្រៅ វណ្ណាថាតត្រូវសម្អាតធ្មេញម្ដងទៀតមុននឹងចេញទៅជួបភ្ញៀវ ឬមិត្ដភក្ដិ។ ម្យ៉ាងទៀតរយៈពេល៦ខែ វណ្ណាថាតត្រូវទៅ មន្ទីរពេទ្យពិនិត្យសុខភាពមាត់ធ្មេញម្ដង ព្រោះខ្លាចមានបញ្ហា។
- ការថែរក្សាស្បែកមុខ ៖ ក្នុងនាមជាតារាសម្ដែងកាយវិការខារ៉ាអូខេ ដែលត្រូវប្រឈមមុខនឹងពន្លឺថ្ងៃនិងនាមជាពិធីករ ត្រូវទទួលពន្លឺភ្លើងហ្វាររៀងរាល់ថ្ងៃ ហើយបានតុបតែងមុខដោយផាត់ម្សៅ ដែលងាយធ្វើឱ្យស្បែកមុខមានប្រតិកម្ម។ ដើម្បីចៀសវាង ស្បែកមុខមានបញ្ហាទាំងនេះ វណ្ណាថាតមិនបានបណ្ដោយឱ្យស្បែកមុខខូចទេ។ នៅពេលថតចប់វណ្ណាថាតត្រូវសម្អាតមុខភ្លាម មិនឱ្យ ម្សៅនៅជាប់នឹងស្បែកមុខយូរទេ។
- ការថែរក្សាស្បែកដងខ្លួន ៖ ជារឿងធម្មតាសម្រាប់មនុស្សទូទៅដែលចង់បានស្បែកស។ រាល់ពេលងូតទឹកវណ្ណាថាត បានយកសាប៊ូដែលត្រូវជាមួយស្បែកខ្លួនមកដុះលាងសម្អាតខ្លួន ដើម្បីជម្រះក្អែលឱ្យអស់។ នៅពេលចេញទៅខាងក្រៅវណ្ណាថាតបាន ជ្រើសរើសផលិតផលមកលាបពេញរាងកាយ ដើម្បីការពារពីកម្ដៅថ្ងៃ និងជំនួយឱ្យស្បែកមានសំណើម។
ការថែរក្សាសុខភាពរាងកាយ
សព្វថ្ងៃនេះ វណ្ណាថាតខិតខំសម្ដែងកាយវិការ និងបង្កើនសមត្ថភាពធ្វើជាពិធីករនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ដើម្បីឱ្យទស្សនិកជនច្រើនកាន់តែទទួលស្គាល់លោក។ ភាពអំណត់តស៊ូទាំងនេះ បានធ្វើឱ្យវណ្ណាថាតមានការមមាញឹកច្រើនតែក៏មិនបានធ្វើឱ្យ វណ្ណាថាតធ្វេសប្រហែសពីការថែទាំសុខភាពរាងកាយដែរ។ វណ្ណាថាតយល់ថា សុខភាពល្អអ្វីៗទើបដំណើរការជាក្រោយ ហើយ នរណាៗក៏ចង់បានសុខភាពល្អដែរ។ ដូចនេះនៅពេលទំនេរវណ្ណាថាតតែងតែហាត់ប្រាណនៅពេលល្ងាច។ វណ្ណាថាតចូលចិត្ដទទួលទាន អាហារបន្លែច្រើនជាងសាច់ ហើយទទួលទានអាហារយ៉ាងទៀងទាត់៣ដងក្នុង១ថ្ងៃនិងចូលចិត្ដញ៉ាំផ្លែឈើដើម្បីជំនួយសុខភាព។
បំណងសម្រាប់ថ្ងៃអនាគត
អាជីពជាសិល្បៈ គឺជាបំណងមួយចំណែកនៅក្នុងជីវិតរបស់វណ្ណាថាត ហើយវណ្ណាថាតនឹងចាប់អាជីពនេះរហូតប្រសិនបើមានទស្សនិកជនច្រើនគាំទ្រ។ តែទោះបីជាយ៉ាងណាវណ្ណាថាតយល់ថាអាជីពជាអ្នកសិល្បៈមិនអាចឋិតថេរនោះទេ។ ដូចនេះវណ្ណាថាតមានបំណងមួយផ្នែកទៀតសម្រាប់ថ្ងៃអនាគត គឺចង់ធ្វើជំនួញមួយ។ ប៉ុន្ដែជំនួញនោះជាអ្វីវណ្ណាថាតសុំលាក់ទុកសិនមិនទាន់ ទម្លាយប្រាប់ដល់ទស្សនិកជនដឹងទេ។
បណ្ដាំផ្ញើរបស់ ខេន វណ្ណាថាត
លោកអ្នកដែលរវល់នឹងការងារច្រើន ត្រូវឆ្លៀតពេលថែទាំសុខភាពខ្លួនឱ្យបានល្អ ទើបអ្វីៗល្អជាក្រោយ។ ចំពោះក្រុម គ្រួសារដែលមានតែអំពើហិង្សាស្ទើររៀងរាល់ថ្ងៃ សូមកុំឱ្យមានជម្លោះតទៅទៀត ព្រោះវាគ្មានអ្វីដែលចំណេញនោះទេមានតែខាតបង់ដូចជាបាត់បង់កិត្ដិយសជាដើម ថែមទាំងគេមើលងាយទៀត។ រីឯកុមារដែលកំពុងតែសិក្សាត្រូវយកចិត្ដទុកដាក់រៀនសូត្រឱ្យបានពូកែ កុំភ្លើតភ្លើនប្រព្រឹត្ដអ្វីដែលសង្គមមិនឱ្យតម្លៃឱ្យសោះ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ខេន វណ្ណាថាត
- អាយុ ៖ ២៩ឆ្នាំ
- កម្ពស់ ៖ ១,៧០ម៉ែត្រ
- ទម្ងន់ ៖ ៥៨គីឡូក្រាម
- បងប្អូន ៖ ៣នាក់(ជាកូនទី១)
- កម្រិតវប្បធម៌ ៖ បញ្ចប់មធ្យមសិក្សាទុតិយភូមិ
- អាជីពបច្ចុប្បន្ន ៖ ជាតារាសម្ដែង និងជាពិធីករនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣
- ទីកន្លែងកំណើត ៖ កំពង់សោម
- ស្ថានភាពគ្រួសារ ៖ នៅលីវ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply