អាការឆ្អល់ពោះ ហើមពោះ និងចុកពោះ កើតមាននៅលើមនុស្សគ្រប់វ័យតាំងពីទារករហូតដល់មនុស្សចាស់។ អាការទាំងអស់នេះមិនមែនកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់នោះទេគឺវាកើតឡើងដោយសារតែលោកអ្នកទទួលទានអាហារដែលផ្ទុក ទៅដោយអាហារមិនល្អ និងសារធាតុមួយចំនួន ជាហេតុធ្វើឱ្យលោកអ្នកឆ្អល់ពោះ។ មិនតែប៉ុណ្ណោះអាចធ្វើឱ្យមិនដើរខ្យល់ (ផោម) ឬមិនបន្ទោរបង់ជាដើម។
ដើម្បីបកស្រាយបំភ្លឺជូនមិត្ដអ្នកអានឱ្យបានយល់អំពីឆ្អល់ពោះ លោក ខៀវ មីគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត្របានផ្ដល់ បទសម្ភាសតាមរយៈទស្សនាវដ្ដី សុខភាពយើង ដែលមានខ្លឹមសារដូចតទៅ។
ឆ្អល់ពោះ ជាអ្វី?
ឆ្អល់ពោះ គឺសំដៅទៅលើក្រពះពិបាកក្នុងការកិនរំលាយអាហារដែលបណ្ដាលឱ្យមានការឆ្អល់ពោះ។ ការដែលមនុស្សគ្រប់រូបទទួលទានអាហារច្រើនពេក ហើយជាអាហារដែលមានសារធាតុមួយចំនួនដែលក្រពះមិនអាចទទួលបានក្នុងការកិនរំលាយអាហារ ឱ្យបានល្អ ជាហេតុធ្វើឱ្យឈឺអួលៗ ឬចុកណែននៅចុងដង្ហើមផ្នែកខាងឆ្វេង ខាងស្ដាំឬឡើងទៅលើចុះក្រោម។
រោគសញ្ញានៃការឆ្អល់ពោះ
អាការរបស់អ្នកឆ្អល់ពោះមានសភាពដូចជាហើមពោះ ចុកពោះ កូរពោះ មិនដើរខ្យល់ មិនភើ មិនបន្ទោរបង់និងមានការឈឺចុកចាប់នៅក្នុងពោះ ដូចជាឈឺអួលៗនៅចុងដង្ហើមផ្នែកខាងឆ្វេង ស្ដាំឬឈឺរាលដាលនៅកន្លែងផ្សេងៗទៀតនៃរង្វង់ផ្ទៃពោះ។ អាការបែបនេះជាអាការដែលធ្វើឱ្យលោកអ្នកចាប់អារម្មណ៍ថាខ្លួនលោកអ្នកមានអាការឆ្អល់ពោះដោយសារតែក្រពះកិនរំលាយ អាហារមិនបានត្រឹមត្រូវ។
មូលហេតុនៃការឆ្អល់ពោះ
ឆ្អល់ពោះមានមូលហេតុជាច្រីនដែលបណ្ដាលមកពីលោកអ្នកទទួលទានអាហារច្រើនពេកហើយជាចំណីអាហារដែលគ្មានគុណភាព និងចំណីអាហារដែលផ្ទុកទៅដោយសារធាតុមួយចំនួនដូចជា ៖
- អាហារដែលមានជាតិហ្គាស ៖ មានដូចជាស្រា ទឹកសូដា ឬទឹកក្រូចជាដើមកាលណាលោកអ្នកពិសាច្រើនពេកនាំឱ្យវា បញ្ចេញជាតិអាស៊ីតច្រើននៅក្នុងក្រពះ បណ្ដាលឱ្យឆ្អល់ពោះ។
- អាហារផ្អាប់ ឬអាហារផ្អូម ៖ បើលោកអ្នកទទួលទានអាហារដែលផ្អាប់ ឬអាហារផ្អូម មានដូចជាត្រសក់ជ្រក់សណ្ដែក ជ្រក់ ស្ពៃជ្រក់ ល្ហុងជ្រក់ជាដើម។ ចំណីអាហារទាំងនេះធ្វើឱ្យក្រពះលោកអ្នកមានការពិបាកក្នុងការរំលាយអាហារហើយបង្កជាជាតិ អាស៊ីតច្រើនក្នុងក្រពះ បណ្ដាលឱ្យឆ្អល់ពោះ។
- អាហារដែលមានជាតិខ្លាញ់ច្រើន ៖ មានដូចជាខសាច់ជ្រូកឬឆាបន្លែជាមួយសាច់ជ្រូកដែលមានខ្លាញ់ច្រើនជាដើមបណ្ដាលឱ្យវាបង្កើតជាតិអាស៊ីតនៅក្នុងក្រពះ ធ្វើឱ្យលោកអ្នកកើតជម្ងឺមួយដែលពិបាករំលាយអាហារបង្កឱ្យមានអាការឆ្អល់ពោះ។
- ភាពកង្វះខាតនៅក្នុងប្រព័ន្ធប្រដាប់រំលាយអាហារ ៖ គឺភាពខ្សោយរបស់រសលំពែងមានន័យថាសារធាតុរបស់លំពែងវា ជួយដល់ក្រពះក្នុងការរំលាយអាហារនៅខ្សោយ ធ្វើឱ្យក្រពះរំលាយអាហារមិនបានល្អបង្កើតឱ្យឆ្អល់ពោះ។
- ជាតិឡាក់តា(ទឹកដោះគោ)ច្រើន ៖ នៅក្នុងក្រពះមានជាតិឡាក់តា(ទឹកដោះគោ)ច្រើនពេកក៏បង្កើតឱ្យលោកអ្នកមាន អាការឆ្អល់ពោះ ហើមពោះ ធ្វើឱ្យមិនដើរខ្យល់ ឬធ្វើឱ្យលោកអ្នកមិនបន្ទោរបង់បានដែរ។
ការព្យាបាលឆ្អល់ពោះ
ល់ពោះអាចព្យាបាលបានដោយផ្ដោតទៅលើការប្រើប្រាស់ឱសថ និងការបរិភោគចំណីអាហារត្រឹមត្រូវ។ ចំណីអាហារ ដែលជួយព្យាបាលមានដូចជាជាតិឡាក់តា(ទឹកដោះគោ) ជួយបំបាត់អាការឆ្អល់ពោះហើយធ្វើឱ្យក្រពះកិនអាហារបានល្អថែមទៀតផង តែហាមទទួលទានច្រើន។ ចេកណាំវ៉ា(ទុំ)ក៏ជួយសម្រួលដល់ក្រពះកិនរំលាយអាហារឱ្យបានម៉ត់ដែរ។ ស៊ុតផ្នែកស(ឆៅក្ដីឆ្អិនក្ដី) គឺជាផ្នែកមួយដែលជួយដល់ក្រពះកិនរំលាយអាហារបានល្អដែរ។ ដំឡូងជាចំណីអាហារដែលធ្វើឱ្យដើរខ្យល់។ ផ្លែល្ពៅជាបន្លែដែលជួយ សម្រួលក្នុងការបន្ទោរបង់។ ចំពោះចំណីអាហារបន្លែដែលសម្បូរទៅដោយសរសៃ(បន្លែពណ៌បៃតង)ក៏ជាផ្នែកមួយដែលជួយឱ្យក្រពះ ក្នុងការរំលាយអាហារបានល្អដែរ។ ចំណីអាហារទាំងអស់នេះសុទ្ធតែជាចំណីអាហារគ្មានគ្រោះថ្នាក់ដល់សុខភាព។ ហើយបន្ទាប់ពី លោកអ្នកទទួលទានអាហារណាក៏ដោយ តិចក្ដីច្រើនក្ដីត្រូវទទួលទានទឹកឱ្យបានច្រើនដើម្បីជួយដល់ក្រពះកិនរំលាយអាហារឱ្យបាន ម៉ត់។ ចំពោះការប្រើប្រាស់ឱសថគឺត្រូវប្រើឱសថដែលស្រូបសារធាតុជាតិខ្លាញ់ជាតិអាស៊ីត និងជាតិហ្គាសចេញពីក្នុងក្រពះ ដើម្បីឱ្យ ក្រពះរំលាយអាហារបានស្រួលវិញ។
ផលវិបាកនៃការឆ្អល់ពោះ
ឆ្អល់ពោះក៏នាំឱ្យមានផលប៉ះពាល់ច្រើនដែរ ដូចជាកាលណាលោកអ្នកមានការឆ្អល់ពោះដែលកើតឡើងដោយសារក្រពះរំលាយអាហារមិនបានម៉ត់ល្អ គឺផ្ដោតទៅលើក្រពះ និងពោះវៀនមានបញ្ហាដូចជាក្រពះអាចរលាកដោយសារការរំលាយអាហារមិន បានល្អ អាចធ្វើឱ្យមានជម្ងឺឈឺរ៉ាំរ៉ៃជារៀងរហូត។ ឆ្អល់ពោះបណ្ដាលមកពីក្រពះពាក់ព័ន្ធទៅនឹងសរសៃញ្ញាណដូចជាធ្វើឱ្យឈឺក្បាល ឆាប់រោយដៃជើង ឈឺឆ្អឹងខ្នង ជាពិសេសឈឺពេញរង្វង់ពោះតែម្ដង។ កាលណាឆ្អល់ពោះបណ្ដាលមកពីក្រពះកិនរំលាយអាហារមិនបាន ល្អនាំឱ្យពោះវៀនជាអ្នកស្រូបនូវសារធាតុពីក្រពះទៅចិញ្ចឹមសារពាង្គកាយក៏មិនបានល្អដែរ។ ព្រោះក្រពះមានតួនាទីកិនរំលាយ អាហារ ហើយទើបបញ្ជូនទៅពោះវៀនតូចរួចពោះវៀនតូចក៏បញ្ជូនបន្ដទៅពោះវៀនធំ។ ក្រោយពីពោះវៀនធំបញ្ចេញសារធាតុមួយ ចំនួនទៅចិញ្ចឹមសារពាង្គកាយរួចទើបបន្ទោរបង់ចេញមកក្រៅ។ បើក្រពះកិនអាហារមិនបានម៉ត់ល្អ១០០ភាគរយទេ នាំឱ្យពោះវៀនស្រូបបន្ដពីក្រពះទៅចិញ្ចឹមសរីរាង្គក៏មិនបាន១០០ភាគរយដែរ។
វិធីបង្ការអាការឆ្អល់ពោះ
មិនជាពិបាកទេ ប្រសិនបើលោកអ្នកចង់ទប់ស្កាត់អាការឆ្អល់ពោះជាមុនគឺគ្រាន់តែលោកអ្នកកុំទទួលទានអាហារណាដូចដែលបានរៀបរាប់ជូនលោកអ្នកបានជ្រាបនៅក្នុងមូលហេតុខាងលើ ដែលមានដូចជាចំណីអាហារផ្អាប់ ឬផ្អូមអាហារដែលគ្មានគុណ ភាព អាហារដែលមានជាតិខ្លាញ់ច្រើន និងចំណីអាហារណាដែលមានជាតិអាស៊ីតឬជាតិហ្គាសច្រើន។ បើធ្វើបានលោកអ្នកពុំមានអាការ ឆ្អល់អ្វីកើតឡើងទេ ហើយធ្វើឱ្យក្រពះមិនរលាកថែមទៀតផង។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកមានអាការឆ្អល់ពោះ ហើយលោកអ្នកប្រតិបត្ដិតាមការណែនាំដូចខាងលើនៅតែមិនបាត់ឆ្អល់ពោះ ទៀត។ សូមលោកអ្នកមេត្ដាឆាប់ប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិគ្រោះឬត្រូវព្យាបាលតាមវិធីបែបណាវិញ ដើម្បីធ្វើឱ្យលោកអ្នកឈប់ឆ្អល់ពោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply