ជម្ងឺពងបែកក្នុងមាត់ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុពិតប្រាកដរបស់វាបានទេថាតើជម្ងឺនេះវាកើតឡើងដោយសារមូលហេតុអ្វីខ្លះនោះ។ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់ហើយជាសះស្បើយទៅវិញដោយឯកឯងមិនចាំបាច់ព្យាបាលឡើយ។មានប្រជាជននៅលើពិភពលោកប្រហែលជា២៥ភាគរយបានកើតមានជម្ងឺនេះដែលបណ្ដាលឱ្យមានការឈឺចាប់នៅ ក្នុងមាត់ និងពិបាកក្នុងការទទួលទានអាហារផងដែរ។
លោកវេជ្ជបណ្ឌិត សុក សំអាត ប្រធានផ្នែកត្រចៀកច្រមុះ និងបំពងក នៃមន្ទីរពេទ្យព្រះអង្គឌួងមានវត្ដមានបកស្រាយបំភ្លឺនូវប្រធានបទមួយស្ដីអំពីជម្ងឺពងបែកក្នុងមាត់ជូនប្រិយមិត្ដអ្នកអានដើម្បីស្វែងយល់តាមរយៈទស្សនាវដ្ដីសុខភាពយើង។
លក្ខណៈជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់គឺសំដៅដល់ជម្ងឺមួយប្រភេទដែលកើតមាននៅក្នុងមាត់ ដែលភាគច្រើនកើតមាននៅលើមនុស្សក្មេង និងយុវវ័យ។ ប្រជាជននៅលើពិភពលោកមានប្រហែលជា២៥ភាគរយបានកើតជម្ងឺនេះដោយចាប់ផ្ដើមដំបូងឡើងជម្ងឺពងបែកក្នុងមាត់មានពងទឹកតូច ឬធំ ទៅតាមសណ្ឋាននីមួយៗរបស់វា។ ហើយពងទឹកនេះក៏បានធ្លាយទឹករួចក្លាយទៅជាដំបៅរលាកសើស្បែក ដែលស៊ីស្បែករាក់ ឬជ្រៅទៅតាមកម្រិតនីមួយៗរបស់វានៅក្នុងមាត់រួចក៏បង្កទៅជាជម្ងឺពងបែកក្នុងមាត់។
ប្រភេទ និងរោគសញ្ញាជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ត្រូវបានបែងចែកជា៣កម្រិត។
1 . ប្រភេទកម្រិតទី១ ឬកម្រិតស្រាល ៖ ជាប្រភេទកម្រិតស្រាលមានការឈឺចាប់បន្ដិចបន្ដួចមានពងតូចៗនៅលើស្បែកខាងក្រៅសើៗ ហើយដំបៅមិនស៊ីជ្រៅឡើយ ហើយឆាប់ជាសះស្បើយតែក្នុងរយៈពេលពី៧ទៅ១០ថ្ងៃតែប៉ុណ្ណោះដោយមិនទុកស្លាក ស្នាមអ្វីទាំងអស់។ ពងបែកកម្រិតតូចមានទំហំតូចប្រហែលជា១មីលីម៉ែត្រ ឬយ៉ាងធំ១សង់ទីម៉ែត្រហើយមានប្រជាជនប្រហែល៨៥ ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ប្រភេទនេះ។
2 . ប្រភេទកម្រិតទី២ ឬកម្រិតធ្ងន់ ៖ ជាប្រភេទកម្រិតធ្ងន់មានការឈឺចាប់ខ្លាំងមានពងតិចជាងពងប្រភេទកម្រិតតូចនិងមានដំបៅស៊ីជ្រៅដល់ស្បែកខាងក្នុង ហើយជាសះស្បើយក្នុងរយៈពេលពី៦សប្ដាហ៍ទៅ៨សប្ដាហ៍ដោយបន្សល់ទុកស្លាកស្នាម។ ពងបែកប្រភេទកម្រិតធំមានទំហំពី២ទៅ៣សង់ទីម៉ែត្រនិងមានប្រជាជនប្រមាណ១០ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ស្ថិតក្នុង កម្រិតនេះ។
3 . ប្រភេទកម្រិតទី៣ ឬកម្រិតមានអែប៉េស ៖ ជាប្រភេទដែលមានទម្រង់ជាអែប៉េសដែលកម្រកើតមានហើយដំបៅ មានច្រើន និងមានទំហំចាប់ពី១ទៅ២សង់ទីម៉ែត្រផ្ដុំគ្នាជាកញ្ចុំៗនៅលើស្បែកខាងក្រៅ។ ការជាសះស្បើយគឺក្នុងរយៈពេលចាប់ពី៧ទៅ ១០ថ្ងៃតែប៉ុណ្ណោះ ដោយគ្មានទុកបន្សល់នូវស្លាកស្នាមអ្វីឡើយ ដូចគ្នានឹងពងបែកប្រភេទកម្រិតតូចដែរ។
មូលហេតុពងបែកក្នុងមាត់
ពិបាកក្នុងការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៃជម្ងឺពងបែកក្នុងមាត់ណាស់ ប៉ុន្ដែមានមូលហេតុមួយចំនួនដែលធ្វើឱ្យមាន ការសង្ស័យ។
- ការប៉ះទង្គិចសាច់ក្នុងមាត់
- អាលែស៊ីស្បែកក្នុងមាត់ដែលបណ្ដាលមកពីការទទួលទានចំណីអាហារ ដូចជាក្ដៅ ត្រជាក់ ផ្អែមជាដើម
- កង្វះជាតិវីតាមីនបេ១ បេ២
- មានវីរុសអែប៉េស និងមានវីរុសផ្សេងៗទៀតដែលកើតមាននៅក្នុងមាត់
- ជម្ងឺរលាកពោះវៀន
- លោកអ្នកខ្លះសម្អាតធ្មេញញឹកញាប់ពេក ក៏ធ្វើឱ្យមានអាលែស៊ីស្បែកក្នុងមាត់ដែរបណ្ដាលឱ្យក្លាយទៅជាមានពងបែក មាត់ព្រោះនៅក្នុងថ្នាំដុះធ្មេញ និងថ្នាំខ្ពុរមាត់ទាំងនោះមានជាតិសូដ្យូម ឡូរីល សុលផាតជាដើម។
- អ្នកជម្ងឺអេដស៍ និងអ្នកកើតមហារីកគ្រាប់ឈាមក៏មានពងបែកក្នុងមាត់ដែរ។
វិធីព្យាបាលពងបែកក្នុងមាត់
គេមិនអាចព្យាបាលឱ្យជាដាច់នោះទេ ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់និងជាសះស្បើយទៅវិញដោយឯកឯង។ ប៉ុន្ដែគេអាចព្យាបាលវាបានបណ្ដោះអាសន្ន ដូចជាក្នុងករណីមានពងបែកក្នុងមាត់រួមផ្សំនឹងការឈឺចាប់ត្រូវប្រើឱសថដើម្បីបំបាត់ការឈឺ ចាប់។ ចំពោះលោកអ្នកមានពងបែកក្នុងមាត់កម្រិតតូច ត្រូវប្រើថ្នាំខ្ពុរមាត់ណាដែលបំបាត់ការឈឺចាប់និងជាតិថ្នាំផ្សះអាចធ្វើឱ្យជា ឆាប់រហ័ស។ ផ្ទុយទៅវិញបើមានពងបែកក្នុងមាត់ប្រភេទកម្រិតធំវិញត្រូវប្រើថ្នាំប៉ូម៉ាតដែលជួយបំបាត់ការឈឺចាប់ ដែលមាន ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលឱ្យជាសះស្បើយរយៈពេលខ្លី។
ផលប៉ះពាល់ពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដូចជាធ្វើឱ្យលោកអ្នកមានការឈឺចាប់នៅក្នុងមាត់ពិបាកក្នុងការ ទំពាចំណីអាហារ មិនបានស្រួល និងមិនម៉ត់ល្អ អាចឱ្យក្រពះលោកអ្នករលាកដោយសារក្រពះពិបាកកិនរំលាយអាហារជាដើម។ ចំណែកពោះវៀនដែលត្រូវស្រូបសារធាតុចំណីអាហារបន្ដពីក្រពះទៅចិញ្ចឹមសរីរាង្គក៏មិនសូវបានល្អដែរ។
ដំបូន្មានអ្នកឯកទេស
ទោះបីជាជម្ងឺពងបែកក្នុងមាត់ជាជម្ងឺដែលកើតបាត់ៗ និងជាសះស្បើយដោយឯកឯងក៏ដោយប៉ុន្ដែអ្នកជម្ងឺក៏មិនត្រូវធ្វេសប្រហែសក្នុងការព្យាបាលដែរ។ ព្រោះពងទឹកខ្លះដែលកើតមកវាស៊ីជ្រៅបន្ដិចម្ដងៗរហូតធ្វើឱ្យមានដំបៅដល់ស្បែកស្រទាប់ខាងក្នុង ហើយមិនព្រមជាសះស្បើយឯកឯងសោះនោះ វាក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ដូច្នេះអ្នកជម្ងឺគួរទៅជួបគ្រូពេទ្យឯកទេស ជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply