ការហាត់កីឡាមិនត្រឹមតែមានសារៈប្រយោជន៍ដល់សុខភាពរាងកាយប៉ុណ្ណោះ តែថែមទាំងធ្វើឱ្យសាច់ដុំរបស់លោកអ្នករឹង មាំ និងស្រស់ស្អាតទៀតផង។ លោកអ្នកត្រូវជ្រើសរើសវិធីហាត់ប្រាណប្រភេទងាយៗដើម្បីធ្វើឱ្យសាច់ដុំដើមទ្រូងណែនបានល្អ។ តើគួរហាត់របៀបណាខ្លះ ដើម្បីធ្វើឱ្យមានសាច់ដុំដើមទ្រូងស្រស់ស្អាត?
បច្ចុប្បន្ននេះឧបករណ៍ហាត់កីឡាមានច្រើនប្រភេទសម្រាប់ជ្រើសរើស តែមិនមែនមានន័យថាអ្នកណាក៏អាចជ្រើសរើសយកមកហាត់តាមតម្រូវការបាននោះដែរ។ ការហាត់កីឡាតាមបច្ចេកទេសសម័យទំនើបគឺទាមទារនូវការចំណាយថវិកាសម្រាប់ជួល ឬទិញនូវឧបករណ៍ទាំងនេះ។ ក្នុងទំព័រទស្សនាវដ្ដី សុខភាពយើង លេខនេះសូមជម្រាបជូនអំពីរបៀបហាត់កីឡាប្រភេទងាយៗដោយ មិនបាច់ត្រូវការឧបករណ៍អ្វីទាំងអស់ ដើម្បីឱ្យលោកអ្នកអាចអនុវត្ដបានគ្រប់ៗគ្នា។
ពេលវេលាហាត់
ជាធម្មតាសម្រាប់អ្នកដែលចង់បានសាច់ដុំរឹងមាំ និងស្រស់ស្អាតនោះគួរតែចាប់ផ្ដើមអនុវត្ដការហាត់កីឡាជាបណ្ដើរៗកុំហាត់ទាំងគំហុក។ លោកអ្នកគួរជ្រើសរើសពេលវេលានៃការហាត់នៅពេលព្រឹកព្រលឹមបន្ទាប់ពីភ្ញាក់ពីដំណេកជាពេលល្អបំផុត។ លោកអ្នកគួរធ្វើការហាត់បន្ថែមទៀតនៅពេលមុនចូលគេងដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ទៅតាមអ្វីដែលយើងចង់បាន។
របៀបរបបហាត់
ការហាត់កីឡាដើម្បីសាច់ដុំដើមទ្រូងនេះអាចហាត់បានច្រើនរបៀបទៅតាមចលនារបស់សាច់ដុំជាពិសេសសាច់ដុំនៅដើម ទ្រូងដែលចង់ឱ្យមានភាពរឹងមាំ។ ជាដំបូងលោកអ្នកគួរតែជ្រើសរើសកន្លែងហាត់ឱ្យមានលក្ខណៈរាបស្មើស្រឡះស្អាតដែលអាចដេក ឬអង្គុយបាន ល្អបំផុតគួរតែហាត់នៅបរិវេណទីធ្លា។ លោកអ្នកគួរតែធ្វើចលនារាងកាយតិចៗនៅពេលហាត់លើកដំបូង ដើម្បីងាយ ស្រួលឱ្យមានការស៊ាំ ចៀសវាងការឈឺចាប់នៅសាច់ដុំឬនៅសន្លាក់។
របៀបហាត់ប្រាណជួយសាច់ដុំដើមទ្រូង
ការហាត់មានច្រើនរបៀបច្រើនយ៉ាង។ ប្រសិនបើលោកអ្នកព្យាយាមហាត់ឱ្យបានទៀងទាត់ទៅតាមពេលវេលារៀងរាល់ថ្ងៃនោះលោកអ្នកអាចនឹងទទួលនូវផលប្រយោជន៍ទាំងនោះជាមិនខាន។
1 . សូមធ្វើឱ្យបាន១០ដង នូវកាយវិការដូចខាងក្រោម ៖
- ដេកផ្ងារ បន្ទ្ទាប់មកសណ្ដូកជើងឱ្យត្រង់ ដោយដៃទាំងពីរលើកត្រង់ទៅលើ តាមបណ្ដោយខ្លួន
- ដៃទាំងពីរលើកបន្ដិចឱ្យផុតពីដីរហូតមកដល់ទន្ទឹមនឹងមុខ។ រីឯខ្លួនវិញក៏បង្ហើបមកជាមួយគ្នាបន្ដិចៗផងដែរ
- លោកអ្នកត្រូវបង្ហើបខ្លួនបន្ដិចម្ដងៗ រហូតដល់អាចអង្គុយបាន
- បន្ទាប់មកលោកអ្នកត្រូវឱនក្រាបចុះ និងធ្វើពោះឱ្យផត ព្រមទាំងត្រូវឈោងទៅឱ្យប៉ះចុងមេជើងដោយដៃទាំងពីរ
2 . សូមធ្វើឱ្យបានចំនួន២០ដង នូវកាយវិការដូចខាងក្រោម ៖
- លោកអ្នកត្រូវដេកឱ្យត្រង់ដោយផ្ងារដៃ ព្រមទាំងដាក់វាឱ្យស្របនឹងដងខ្លួន ហើយជើងត្រូវសណ្ដូកឱ្យត្រង់
- លោកអ្នកដាក់ជើងមួយឱ្យនៅស្ងៀម ហើយជើងម្ខាងទៀតត្រូវលើកឱ្យផុតពីដីប្រហែលជាប្រវែង៤០សង់ទីម៉ែត្រធ្វើ ដូចនេះឱ្យបានចំនួន១០ដង
- បន្ទាប់មកលោកអ្នកត្រូវអង្កុញជើងឡើងបន្ដិច ដើម្បីឱ្យពោះនិងភ្លៅកែងគ្នា។ ត្រូវលើកជើងធាក់ក្នុងលំហអាកាសឱ្យ ក្លាយជារាងរង្វង់តូច ដោយលើកខ្ពស់កម្ពស់ត្រឹមជង្គង់។
3 . សូមធ្វើឱ្យបានចំនួន១០ដង នូវរាល់កាយវិការដូចខាងក្រោម ៖
- សូមឈរកន្ធែកជើងឱ្យចុះជាបណ្ដើរៗ រួចដៃស្ដាំត្រូវចាប់មេជើងស្ដាំហើយដៃឆ្វេងត្រូវលាតត្រង់ទៅក្រោយរួចត្រឡប់ មកស្ថានភាពដើមវិញ។ បន្ទាប់មកធ្វើឱ្យចុះបន្ដិចទៅវិញ រួចដៃឆ្វេងចាប់មេជើងឆ្វេងហើយដៃស្ដាំលាតត្រង់ទៅក្រោយ។
- ឈរកន្ធែកជើងទាំងពីរដែលលាត្រង់ទៅខាង ក្បាលផ្អៀងបន្ដិចមកខាងឆ្វេងហើយដៃឆ្វេងដាក់ឱ្យចុះមកត្រឹមក្បាល ជង្គង់ រីឯដៃស្ដាំបោះរំលងក្បាលជង្គង់ឆ្វេងដែរ។ បន្ទាប់មកយើងត្រូវធ្វើផ្ទុយមកវិញ។
- លោកអ្នកត្រូវឈរឱ្យត្រង់ខ្លួន ហើយជើងកន្ធែកចេញ ដោយឱនទៅមុខ ហើយដៃលាតត្រង់ទៅមុខដែរ។
- ត្រូវមានលក្ខណៈឈរឱ្យត្រង់ខ្លួន ហើយដៃទាំងពីរទប់ខ្លួននឹងតួកៅអីផ្អែកដោយឈានជើងស្ដាំឡើងបន្ទាប់មកជើងឆ្វេង លាតឱ្យអស់ទៅក្រោយត្រឡប់មកទីតាំងដើមវិញ។ ហើយឈានជើងឆ្វេងឡើងរួចជើងស្ដាំលាតឱ្យអស់ទៅក្រោយវិញម្ដង។
ផលប្រយោជន៍នៃការហាត់សាច់ដុំដើមទ្រូង
ការហាត់រយៈពេលយូរៗអាចធ្វើឱ្យអ្នកហាត់មានសាច់ដុំរឹងមាំ ស្រស់ស្អាតនិងបំបាត់ចោលនូវស្រទាប់ខ្លាញ់ខ្លះក្រោមដើមទ្រូងបាន។ ការហាត់ប្រាណដើម្បីសាច់ដុំដើមទ្រូងមានប្រយោជន៍បានវាអាស្រ័យទៅលើពេលវេលានៃការហាត់។ លោកអ្នកគួរប្រើ រយៈពេលហាត់ឱ្យបានទៀងទាត់ពេលវេលាដើម្បីជាទុនមួយសម្រាប់ជួយជំរុញឱ្យទទួលបានផលប្រយោជន៍ទាំងអស់នោះ។ ប្រសិនបើ លោកអ្នកមិនអនុវត្ដឱ្យបានទៀងពេលនោះទេវាគ្រាន់តែជួយកម្ដៅសាច់ដុំឱ្យធ្វើចលនាបានស្រួលតែប៉ុណ្ណោះ។
បណ្ដាំផ្ញើរបស់សុខភាពយើង
ដើម្បីឱ្យបានសុខភាពរឹងមាំ និងរាងកាយស្រស់ស្អាតនោះ លោកអ្នកគួរជ្រើសរើសកីឡាប្រភេទណាដែលសមស្របទៅនឹង សុខភាពរាងកាយ។ ការហាត់ដើម្បីបានទទួលនូវអត្ថប្រយោជន៍ដូចដែលលោកអ្នកចង់បាននោះគឺត្រូវមានការហាត់ឱ្យបានសមស្រប និងត្រឹមត្រូវទៅតាមក្បួនខ្នាតបច្ចេកទេស ហើយមិនត្រូវហាត់ដោយគំហុក ឬទាំងប្រយោលនោះទេ។ ប្រសិនបើលោកអ្នកចង់ធ្វើការ ហាត់ដោយប្រើឧបករណ៍ហាត់កីឡាតាមក្បួនបច្ចេកទេសនោះលោកអ្នកគួរមានការប្រឹក្សាឱ្យបានត្រឹមត្រូវពីអ្នកជំនាញទើបប្រសើរ ចៀសវាងការហាត់ទៅធ្វើឱ្យមានប៉ះពាល់ដល់សុខភាពរាងកាយ។
នៅពេលឆាប់ខាងមុខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងចេញផ្សាយសៀវភៅ“ក្បួនហាត់ប្រាណពង្រីកសុដន់”និងក្បួនហាត់ផ្សេងៗទៀត ដែលនិពន្ធដោយលោកវេជ្ជ. លី ចេងហ៊ុយ។ សូមស្វែងរកអាន និងហាត់តាមដោយអនុគ្រោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply