ជម្ងឺស្លាប់មួយចំហៀងខ្លួនគឺជាជម្ងឺមួយដែលច្រើនកើតចំពោះមនុស្សចាស់ មានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ។ ជម្ងឺនេះបណ្តាលមកពីលោកអ្នកមានគ្រោះថ្នាក់ដាច់សសៃឈាមខួរក្បាលដូចជាមានដុំឈាមកកនៅក្នុងខួរក្បាលនិងមានការប៉ះទង្គិចក្បាលជាដើម។ ជម្ងឺនេះអាចបង្កឲ្យលោកអ្នកជួបនឹងផលវិបាកជាច្រើនជាពិសេសគឺទាក់ទងទៅនឹងអាយុជីវិត ប្រសិនបើលោកអ្នកនាងកញ្ញាមិនបានព្យាបាលត្រឹមត្រូវទេនោះ។
ទស្សនាវដ្តី សុខភាពយើងនិងគេហទំព័រសុខភាពកម្ពុជា បានជួបជាមួយលោក ប.ស អាយុ៥៨ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាអាជីវករនៅផ្សារច្បារអំពៅ។ លោកបានរៀបរាប់ផលវិបាកនៃជម្ងឺស្លាប់មួយចំហៀងខ្លួន ដើម្បីឲ្យមិត្តអ្នកអានបានជ្រាបកាន់តែច្បាស់អំពីបញ្ហានេះ។
លោក ប.ស បានរៀបរាប់ឲ្យដឹងថា គាត់ចាប់ផ្តើមឈឺជម្ងឺនេះតាំងពីដើមឆ្នាំ២០០៨មកម្លេះ។ គាត់បន្តថាកាលពីមុនគាត់អាចជួយលក់ លើកឥវ៉ាន់និងឌុបប្រពន្ធទៅលក់ដូរបានប៉ុន្តែសព្វថ្ងៃគាត់មិនអាចធ្វើកិច្ចការទាំងនេះបានទៀតទេ ព្រោះប្រពន្ធនិងកូនរបស់គាត់ខ្លាចគាត់មានការដួលដោយប្រការផ្សេងៗ។ គាត់បានបន្តទៀតថាបើគាត់មានការដួលម្តងទៀតនោះ ពេទ្យថាគាត់ប្រាកដជាត្រូវនៅដេកនៅនឹងមួយកន្លែងនិងអាចបណ្តាលឲ្យបាត់បង់ជីវិតថែមទៀតផង។ លោកពូ ប.សបានរៀបរាប់បន្ថែមថាកាលដែលគាត់មានជម្ងឺក៏ដោយសារតែគាត់ខំលើកឥវ៉ាន់ធ្ងន់ៗ ហើយពេលខ្លះគាត់ត្រូវជញ្ជូនរបស់របរធ្ងន់ៗនិងត្រូវមករៀបចំឥវ៉ាន់តាំងពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។ ជួនកាលការបរិភោគក៏មិនសូវទៀងទាត់ព្រោះរវល់នឹងការលក់ដូរនិងបរិស្ថាននៅជុំផ្សារមិនសូវមានបរិយាកាសល្អស្រាប់និងស្របពេលដែលគាត់មានអាការៈឈឺក្បាល រោយក និងស្រវាំងភ្នែកផងនោះគាត់ក៏បានដួលខ្លួនទាំងឥវ៉ាន់ដែលគាត់កំពុងលីទៅលើឥដ្ឋ។ ពេលនោះប្រពន្ធរបស់គាត់ដែលអង្គុយនៅក្បែរនោះស្ទុះមកទ្រក្បាលប្តីរបស់គាត់មិនឲ្យប៉ះទង្គិចខ្លាំងត្រូវនឹងឥដ្ឋតែក្បាលរបស់ប្តីគាត់នៅតែបានប៉ះត្រូវនឹងជ្រុងទូនៅក្បែរនោះទៅវិញដែលធ្វើឲ្យគាត់សន្លប់ដោយមិនដឹងខ្លួន។ ហើយប្រពន្ធរបស់គាត់ស្រែកឆោឡោឡើងឲ្យអ្នកលក់នៅក្បែរខាងជួយនឹងបានបញ្ជូនគាត់មកមន្ទីរពេទ្យកាល់មែត្រ។ លោក ប.ស បានប្រាប់បន្ថែមថាគាត់សន្លប់១ថ្ងៃ១យប់ទើបគាត់បានដឹងខ្លួនវិញ។ ក្រោយពីសំរាកព្យាបាលមួយរយៈពេលក្រោយមកសុខភាពរបស់លោកក៏បានធូរស្រាលជាងមុន។ តែលោកគ្រូពេទ្យបានផ្តល់ដំបូន្មានដល់រូបគាត់និងគ្រួសារថាត្រូវមានការប្រុងប្រយ័ត្នកុំធ្វើការងារធ្ងន់តទៅទៀតព្រោះសុខភាព និងជម្ងឺលោកមិនល្អទេបើទោះបីជម្ងឺស្លាប់មួយចំហៀងខ្លួនរបស់លោក ប.ស ស្ថិតក្នុងកម្រិតស្រាលក្តី។ ហើយលោកត្រូវមកទទួលការព្យាបាលនិងពិនិត្យសុខភាពជាប្រចាំ ជាពិសេសនោះត្រូវរកគ្រូពេទ្យជំនាញខាងចលនាព្យាបាលបន្ថែមដើម្បីឲ្យមានសុខភាពល្អប្រសើរជាងនេះ។
លោកពូ ប.ស បានបន្ថែមទៀតថាកាលមិនទាន់មានជម្ងឺស្លាប់មួយចំហៀងខ្លួននេះ គាត់ចង់ចាប់កាន់យកនេះយកនោះឬចង់ធ្វើអ្វីបានតាមចិត្តតែពេលគាត់កើតជម្ងឺនេះពេលគាត់ចង់ធ្វើអ្វីគឺពុំបានដូចចិត្តនោះទេព្រោះការបញ្ជារបស់ខួរក្បាលដូចជាស្ពឹកមិនរហ័សដូចមុនសោះ។ ប៉ុន្តែសព្វថ្ងៃសុខភាពរបស់លោកពូ ប.ស បានប្រសើរជាងមុនហើយដោយសារលោកបានអនុវត្តន៍ទៅតាមការណែនាំរបស់គ្រូពេទ្យទាំងការទទួលទានអាហារ និងឱសថជាដើមទើបធ្វើឲ្យសុខភាពរបស់គាត់កាន់ប្រសើឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកដែលជាអ្នកមើលថែទាំអ្នកជម្ងឺគួរគប្បីមើលថែអ្នកជម្ងឺឲ្យបានដិតដល់ព្រោះអ្នកជម្ងឺប្រភេទនេះត្រូវយកចិត្តទុកដាក់ជាពិសេសដើម្បីឲ្យរាងកាយនិងសុខភាពអ្នកជម្ងឺអាចងាកមកសភាពធូរស្បើយដូចកាលពីមុនវិញ។ ជាពិសេសត្រូវឲ្យអ្នកជម្ងឺពិសារថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា ហើយត្រូវរកគ្រូពេទ្យជំនាញខាងផ្នែកព្យាបាលដោយចលនាដើម្បីព្យាបាលអ្នកជម្ងឺឲ្យឆាប់ជាសះស្បើយ។ ព្រោះថាការព្យាបាលដោយចលនាគឺជួយឲ្យអ្នកជម្ងឺអាច មានសកម្មភាពឡើងវិញបានដូចជា ការដើរការឈរ ឬអាចកម្រើកអវយវៈរាងកាយបានតាមធម្មតាវិញក្រោយការព្យាបាល។
អត្ថបទដោយ ៖ សៀង វិរៈ
ចុះផ្សាយ ៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១២
Leave a Reply