អួល​បាយ​រកទឹក អួល​ទឹករក​ចប

មាត់ជា​ផ្លូវចូល​នៃ​អាហារ​ទាំងឡាយ អណ្ដាត​ជាអ្នក​ស្រង់នូវ​ឱជារស​ធ្មេញ​ជាអ្នក​ទំពា​ដ៏​ជំនាញ​ដើម្បី​បំបែក​អាហារ​ឱ្យល្អិត រីឯ​បំពង់​អាហារ​ប្រៀប​ដូចជា​ទុយោ​នាំ​អាហារ​ទៅដល់​ក្រពះ។ នៅពេល​ទទួល​ទាន​អាហារ​ដោយ​ប្រញាប់​មិនបាន​ប្រយ័ត្ន អាការ​មួយដែលតែង​កើតឡើង​គឺអួល។ ពេលអួល អ្នកខ្លះ​ខំគក់​ក្បាល ក្បាល​ជង្គង់ កញ្ចឹងក​ហើយទឹក​អាចជា​អ្នកជួយ​ឱ្យការ​អួលបាយ ឬចំណី អាហារ​របូតជ្រុះទៅក្រោម​ដើម្បី​បញ្ឈប់​ការអួល។ ប៉ុន្ដែ​ក៏មាន​ពេលខ្លះ​អួលបាយ​ហើយ​អួលទាំង​ទឹកថែម​បន្ទុក​មួយជាន់​ទៀតដែរ ជា ហេតុឱ្យ​ខ្មែរ​យើង​បង្កើត​ជាឃ្លា​មួយថា“អួលបាយ​រកទឹក អួលទឹក​រកចប”។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី​សុខភាព​​យើង​លេខ​​នេះ​បានជួប​​លោកវេជ្ជបណ្ឌិត ប្រាក់ ស៊ីថា ប្រធា​ន​ផ្នែក​​ជម្ងឺ​​ត្រចៀក​​ច្រមុះ​​បំព​ង់​ក​នៃមន្ទីរ​​ពេទ្យ​​ព្រះអង្គ​​ឌួង ដើម្បី​បកស្រាយ​ពី​អាការ​អួលជូន​ប្រិយមិត្ដ​អ្នកអាន​ទុកជា​ចំណេះ​ដឹង។

អាការ​អួល​អាហារ

អួលមាន​ការពាក់​ព័ន្ធ​សំខាន់​នឹង​បំពង់​អាហារ​គឺជា​អាការ​ស្ទះ​អាហារ ឬទឹក​ដោយ​ប្រការ​ផ្សេងៗ​ត្រង់​បំពង់​អាហារ។ អួល​អាចបង្ក​ពី​មូលហេតុ​ផ្សេងៗ​ច្រើនយ៉ាង និងបង្ក​ជាគ្រោះ​ថ្នាក់​ដោយឡែក​ពីគ្នា អាចធ្ងន់​អាច​ស្រាល​ជួនកាល​អាចស្លាប់​បាន បើជួយ​សង្គ្រោះ​មិនទាន់។ មិនតែ​ប៉ុណ្ណោះ​អាការ​អួលក៏​អាច​បញ្ជាក់​ឱ្យដឹង​អំពី​រោគ​សញ្ញា​នៃជម្ងឺ​ផ្សេងទៀត​ផងដែរ។

មូល​ហេតុនៃ​ការអួល

អាការ​អួល​ស្ដែង​ចេញ​តាមមូល​ហេតុផ្សេង​ៗគ្នា។

1 . រោគពី​កំណើត ដោយសារ​លក្ខណៈ​មិន​ប្រក្រតី​ខ្លះដែល​កើតឡើង​តាំងពី​កំណើត​ដូចជា​បំពង់​អាហារ​តូចត្បៀត ធ្វើឱ្យ ការលេប​អាហារ​លំបាក និងងាយ​អួល។

2 . ស្លាក់ ៖ ការ​ស្លាក់ឆ្អឹង​ឬវត្ថុ​រឹងផ្សេង​ៗ អាចធ្វើ​ឱ្យមុត​បំពង់​អាហារ និង​បណ្ដាល​ឱ្យឈឺ​នោះ​ចលនា​ជំរុញ​អាហារ​ឱ្យធ្លាក់ ទៅក្រោម​មាន​សភាព​ខ្សោយ ជា​ហេតុធ្វើ​ឱ្យការ​លេប​អាហារ​អាចអួល​បាន។

3 . ការ​ទទួល​ទាន​ច្រឡំ ៖ ការរៀប​ចំទុក​ដាក់មិន​បានត្រឹម​ត្រូវនូវ​ទឹកក្បុង​ឬ​អាស៊ីត​នឹងអាច​ធ្វើឱ្យមានការ​ច្រឡំ​ទទួលទាន ដែលនាំ​ឱ្យ​រលាក​ឬដុះ​សាច់នៅ​ត្រង់​បំពង់​អាហារ​ទៅថ្ងៃ​ក្រោយ​ដែលជា​មូលហេតុ​ឱ្យមាន​អាការ​អួលពេល​ទទួល​ទាន​អាហារ។

4 . ជម្ងឺ​បំពង់​អាហារ ៖ ជម្ងឺមួយ​ចំនួន​ដែល​នាំឱ្យ​ដុះសាច់​ក្នុង​បំពង់​អាហារ ឬត្បៀត​បំពង់​អាហារ​នោះជា​មូលហេតុ​នៃការ អួលមួយ​ប្រភេទ​ផ្សេង​ទៀត។

5 . ជម្ងឺ​សរសៃ​ប្រសាទ ៖ ពិសេស​ពាក់ព័ន្ធ​នឹង​សរសៃ​ប្រសាទ​ទី៩ និងទី​១០​ដែលមាន​តួនាទី​បញ្ជា​ចលនា​រំញ័រ​បំពង់​អាហារ ជំរុញ​ឱ្យ​អាហារ​ធ្លាក់ចុះ។ ជម្ងឺ​ប្រភេទ​នេះច្រើន​កើតឡើង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ព្រោះ​វ័យនេះ​ថាមពល​រាងកាយ​ទ្រុឌ​ទ្រោម សរសៃ​ប្រសាទ​បាត់បង់​សុពល​ភាព។ មនុស្ស​ចាស់ងាយ​កើត​អាការ​អួល​ញឹក​ញាប់​ចំពោះ​អាហារ​ស្ងួតឬ​ក្រៀម​ក្រោះ។

6 . ដុះដុំ​សាច់ក្នុង​បំពង់​អាហារ ដុះដុំ​សាច់អាច​បណ្ដាល​មកពី​ការហូប​ស្រា ឬបារី​ច្រើន​ហើយ​ច្រើន​កើត​ចំពោះ​មនុស្ស អាយុពី​៥០ឆ្នាំ​ឡើង។ បើ​អាការ​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ សូម្បី​តែទឹក​ក៏អាច​អួលដែរ។

7 . ដុះថង់​សាច់ក្នុង​បំពង់​អាហារ ៖ នេះជា​ករណី​ពិសេស​មួយ ព្រោះការ​ដុះថង់​សាច់នេះ ពេលលេប​អាហារ​អាហារ​នឹងធ្លាក់ ចូលក្នុង​ថ្នក់នោះ ធ្វើឱ្យ​ស្ទះនិង​អួល​អាហារ​បាន។

8 . ដុះឆ្អឹង​ខ្លីនៅ​បំពង់​អាហារ ការដុះ​ឆ្អឹងខ្ចី​លើស​តម្រូវ​ការនេះ​ច្រើនដុះ​នៅផ្នែក​ខាងលើ​នៃបំពង់​អាហារ។ វាធ្វើ​ឱ្យបំពង់ អាហារ​នឹងរួម​រង្វង់ផ្ចិត និង​ទើស​ផ្លូវ​អាហារ។ អាការ​បែបនេះ​លោកអ្នក​មិនអាច​លេប​អាហារ​បានដូច​ប្រក្រតី​ឡើយ។

9 . អាការ​ភើ ការភើ​ញឹក​ញាប់​ធ្វើឱ្យ​ជាតិ​អាស៊ីត​ច្រាល​ឡើង​មកលើ ជា​ហេតុនាំ​ឱ្យរលាក​បំពង់​អាហារ​មាន​ដំបៅ​ឬដុះ សាច់​មហារីក។ មូលហេតុ​ទាំងនេះ​ពិតជា​នាំឱ្យ​មានផល​រំខាន​ដល់​ដំណើរ​លំហូរ​ចុះនៃ​អាហារ ធ្វើឱ្យ​កើត​អាការ​អួល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​វិបាក​បណ្ដាល​ពីការ​អួល

ផល​វិបាក​ដែលនឹង​កើតឡើង​គឺ​អាស្រ័យ​ទៅលើ​មូលហេតុ។ បើអួល​បង្ក​ដោយ​ជម្ងឺ​មហារីក​នោះ​កម្រិត​គ្រោះថ្នាក់​ដល់​ជីវិត​ក៏កាន់​តែខ្ពស់។ ប្រសិន​បើអួល​ត្បិត​មូលហេតុ​នៃការ​ស្លាក់ឆ្អឹង​មិនបាន​ព្យាបាល​ឱ្យទាន់​ពេល អាចក្លាយ​ជា​ដំបៅ​ធ្លាយ​បំពង់​អាហារ​ឬអាប់​សែជា​ដើម។ ឯ​មូលហេតុ​ជម្ងឺ​ផ្សេង​ទៀត ដូចជា​បំពង់​អាហារ​តូចពី​កំណើត មានជម្ងឺ​បំពង់​អាហារ​ឬដុះ​ថង់សាច់ ជាទូ​ទៅអាច ឈានដល់​ការវះ​កាត់​បំពង់​អាហារ តែក៏​មិនអាច​គេចផុត​ពីការ​ឈឺចាប់ និង​ពិបាក​លេប​អាហារ​ដែរ។ លើសពី​នេះលោក​អ្នកត្រូវ ចំណាយ​ទាំង​ថវិកា និងពេល​វេលា ដើម្បី​ព្យាបាល​ជម្ងឺ​ដែល​បណ្ដាល​ឱ្យ​អួលនេះ។ លើកលែង​តែការ​ទទួល​ទាន​អាហារ​មានជាតិ​ជ័រស្អិត ចត់ ដូចជា​ខ្វិត ចេកខ្ចី​ជាដើម នោះពុំ​មានការ​ឈឺចាប់​ទេ​ពេល​អួល។

ការ​ព្យាបាល​ការអួល

បើមាន​ករណី​អួលញឹក​ញាប់​ខុស​ប្រក្រតី មានការ​ឈឺចាប់​ផងនោះ​ជា​បឋម​គឺត្រូវ​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​និង​ស្វែងរក​មូល​ហេតុ​ពិត​ប្រាកដ។ វិធី​សាស្ដ្រ​ព្យាបាល​ជា​សមត្ថ​កិច្ច​របស់​ពេទ្យ​ជំនាញ​ដោយ​អាស្រ័យ​ទៅលើ​មូលហេតុ​បង្ក។ នៅក្នុង​បណ្ដា មូលហេតុ​ចម្បងៗ អាចមាន​ការវះ​កាត់​បំពង់​អាហារ ដូចជា​ច្រឹបសាច់​ដុះ ឬឆ្អឹង​ខ្ចីចោល​ចាក់ថ្នាំ​ព្យាបាល​ដំបៅ​រលាក​ក្នុង​បំពង់​អាហារ ជាដើម។ ជួនកាល​បើ​ករណី​ធ្ងន់ធ្ងរ​ក៏អាច​កាត់​បំពង់​អាហារ​ចោល​ហើយ​តភ្ជាប់​ក្រពះ​ដល់​បំពង់ក​តែម្ដង​ក៏មាន។ នៅក្នុង​ករណី​អួល ម្ដង​ម្កាល ដែល​បណ្ដាល​មកពី​ការ​បរិភោគ​ប្រភេទ​អាហារ​ចត់ ឬស្អិត​ដោយ​ប្រញាប់ៗ​គឺជា​រឿង​ធម្មតា។ ម្យ៉ាងទៀត​បើអួល​ដោយ ខ្សោយ​ប្រព័ន្ធ​ប្រសាទ​ទី៩ និងទី​១០​លោកអ្នក​គួរទៅ​រក​សេវា​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ចិត្ដ​សាស្ដ្រ។

វិធី​បង្ការ​ការអួល

ប្រការ​សំខាន់​គឺ​លោកអ្នក​គួរយល់​គ្រប់ពី​មូលហេតុ​ដែលនាំ​ឱ្យអួល ហើយ​បង្ការ​ទៅតាម​មូល​ហេតុ​ទាំងនោះ​ដូចជា​មិន​បណ្ដោយ​ឱ្យមាន​ការស្លាក់ ឬ​ច្រឡំ​ទទួល​ទានទឹក​ក្បុងឬ​អាស៊ីត។ ករណី​មាន​ជម្ងឺក្នុង​បំពង់​អាហារ គប្បី​រួសរាន់​ព្យាបាល​កុំបង្អង់​ឱ្យ​រលាក​ឬដុះ​សាច់ទាន់។ បើកើត​អាការ​ភើញឹក​ញាប់ គួរឆាប់​ទៅរក​សេវា​ព្យាបាល ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ក្រពះ។ មូល​ហេតុ​ដោយ​ឡែក ដែលកើត​ឡើង​មិនអាច​បង្ការ​បាន ដូចជា​បុព្វ​ហេតុ​តាំងពី​កំណើត ដុះឆ្អឹង​ខ្ចីឬ​ថង់សាច់​លោកអ្នក​គួររក​វិធី​ដោះស្រាយ​កុំឱ្យ​ជម្ងឺ​ដុនដាប។ ចាំបាច់​បំផុត​បើមាន​ករណី​ខុស​ប្រក្រតី​ដោយ​ឈឺឬ​អួលញឹក​ញយពេក​ត្រូវឆាប់​ទៅរក​សេវា​ជំនាញ​ដើម្បី​ប្រឹក្សា។

ដំ​បូន្មាន​អ្នក​ជំនាញ

បើជម្ងឺ​បង្កឱ្យ​អួល​មាន​កម្រិត​ធ្ងន់ធ្ងរ នោះ​លោកអ្នក​មិនត្រឹម​តែអួល​បាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​អួលទឹក​ទៀត។ ដូច្នេះ​លោក​អ្នកគួរ​តែ​ប្រយ័ត្ន និងកត់​សម្គាល់​ឱ្យបាន​គត់មត់។ លោកអ្នក​មិនត្រូវ​បណ្ដោយ​ឱ្យ​អាការ​អួលបន្ដ​កើតឡើង​ជា​ប្រចាំ​រាល់​ពេល​ទទួល​ទាន នោះទេ ព្រោះវា​អាច​បង្ហាញពី​អាការ​រោគ​ផ្សេងៗ​ទៀត ដែលអាច​គ្រោះថ្នាក់​ដល់​ជីវិត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *