ប្រជាពលរដ្ឋនៅលើពិភពលោករួមទាំងកម្ពុជាផង ជារឿយៗតែងតែជួបប្រទះនូវគ្រោះធម្មជាតិដែលមានទាំងទ្រង់ទ្រាយតូចទាំងធំ ដោយក្នុងនោះក៏មានគ្រោះរាំងស្ងួតផងដែរ។ គ្រោះរាំងស្ងួតជាបច្ច័យមិនល្អមួយសម្រាប់ជីវភាពពលរដ្ឋសម្រាប់សេដ្ឋកិច្ច ជាតិ។ តាមការសង្កេតឃើញថា ភាពរាំងស្ងួតបង្កពីការកើនកម្ដៅនៅលើផែនដីដែលបណ្ដ្កលមកពីផលប៉ះពាល់នៃផ្ទះកញ្ចក់ ភាពស្ដើង នៃស្រទាប់អូហ្សូន ហើយក៏ពាក់ព័ន្ធនឹងការរីកចម្រើននៃឧស្សាហកម្មនិងការរេចរឹលនៃព្រៃឈើផងដែរ។
ទស្សនាវដ្ដី សុខភាពយើងលេខនេះសូមលើកយកពីបញ្ហាគ្រោះរាំងស្ងួតជូនប្រិយមិត្ដស្វែងយល់តាមរយៈបទសម្ភាសន៍ជាមួយលោក ស៊ឹម គង់ ប្រធានអភិវឌ្ឍកម្មវិធីនៃអង្គការម្លប់បៃតង។
គ្រោះរាំងស្ងួត
គ្រោះរាំងស្ងួតគឺជាគ្រោះធម្មជាតិមួយប្រភេទ ឬជាអព្ភូតហេតុដែលប្រាសចាកពីប្រក្រតីភាពនៃរដូវវស្សា និងរដូវប្រាំង។ ដំណើរខុសប្រក្រតីនៃរដូវនៅប្រទេសកម្ពុជាយើង គេសង្កេតឃើញថារដូវធំៗទាំងពីរនេះមានការប្រែប្រួល។ ពោលគឺរដូវវស្សាឬរដូវ ភ្លៀងធ្លាក់មានរយៈពេលខ្លី ហើយរដូវប្រាំងមានរយៈពេលវែងជាងធម្មតា។ ទាំងនេះធ្វើឱ្យមនុស្ស សត្វនិងធម្មជាតិទទួលបានអាកាស ធាតុក្ដៅយូរ បឹងបួរ ស្ទឹង ព្រែករីងរាក់ ដីបាត់បង់សំណើម ប្រេះក្រហែងជាដើម។ ទាំងនេះហៅថាគ្រោះរាំងស្ងួត។
មូលហេតុគ្រោះរាំងស្ងួត
មានហេតុផលសំខាន់ៗពីរដែលជាផ្នែកបង្កឱ្យអាកាសធាតុមានការប្រែប្រួល ហើយក៏ជាឫសគល់ធ្វើឱ្យមានគ្រោះរាំងស្ងួត គឺការរីកចម្រើនផ្នែកឧស្សាហកម្ម និងការហិនហោចទៅនៃព្រៃឈើ។
1 . ឧស្សាហកម្ម ៖ បច្ចុប្បន្ននៅពុំទាន់មានការទប់ស្កាត់ណាមួយដែលមានប្រសិទ្ធភាពនៅឡើយទេលើការបំភាយឧស្ម័ន(ប្រភេទឧស្ម័នពុល) និងឧស្ម័នកាបូនិចពីបណ្ដារោងចក្រផ្សេងៗ។ ប្រភេទឧស្ម័នមួយចំនួនធ្វើឱ្យស្រទាប់អូហ្សូនដែលជួយទប់ស្កាត់ កាំរស្មីពណ៌ស្វាយ(កម្ដៅ)ពីព្រះអាទិត្យកាន់តែស្ដើង ឬធ្លាយ។ ដូច្នេះកម្ដៅព្រះអាទិត្យដែលជះមកលើផែនដីពុំមានអ្វីជួយកាត់បន្ថយ នោះទេ ហើយក៏ធ្វើឱ្យបរិយាកាសផែនដីកើនកម្ដៅរៀងរាល់ថ្ងៃ។ ភ្នាក់ងារបំពុលនិងធ្វើឱ្យខូចស្រទាប់អូហ្សូនត្រូវបានគេរកឃើញថា មានរាប់រយប្រភេទនៅក្នុងបរិយាកាស ក្នុងនោះមានដូចជាកាបូនអុកស៊ីតកាបូនម៉ូណូអុកស៊ីតកាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនិច ស្ពាន់ ធ័រអុកស៊ីត ស្ពាន់ធ័រឌីអុកស៊ីត ស្ពាន់ធ័រទ្រីអុកស៊ីត អាសូតអុកស៊ីតអាសូតម៉ូណូអុកស៊ីត អាសូតឌីអុកស៊ីត ឌីអាសូតម៉ូណូអុកស៊ីត មេតាន បង់សែន ក្លរ៉ូភ្លុយអរ៉ូកាបូន។ល។ ប្រភពដែលនាំឱ្យមានឧស្ម័នទាំងនេះមានដូចជា ៖
- ឧស្សាហកម្មទាំងខ្នាតតូចទាំងខ្នាតធំ ពោលគឺចំហេះឥន្ទនៈផូស៊ីល(ធ្យូងថ្ម ប្រេង)នៅក្នុងរថយន្ដ រោងចក្រទោចក្រយានយន្ដយន្ដហោះជាដើម ដែលករណីនេះកើតមានជានិរន្ដរ៍រាល់ថ្ងៃស្ទើរគ្រប់ទីកន្លែង
- ផ្សែងដែលមានឧស្ម័នពុលផ្សេងទៀតដូចជា ការដុតអុស ដុតព្រៃឈើ ការដុតវាលស្មៅការប្រើអាវុធយុទ្ធភណ្ឌក្នុង សង្គ្រាមបន្ទុះភ្នំភ្លើង ដែលករណីទាំងនេះអាចកើតមានម្ដងម្កាល
- ការប្រើប្រាស់ទូទឹកកក ម៉ាស៊ីនត្រជាក់ ជីគីមីក្នុងផ្នែកកសិកម្ម កាកសំណល់សម្រាមជាដើម។
2 . ការបាត់បង់ព្រៃឈើ ៖ ព្រៃឈើវាជួយស្រូបយកកម្ដៅព្រះអាទិត្យ ដែលធ្វើឱ្យអាកាសធាតុលើផែនដីមានលំនឹងត្រជាក់ជានិច្ច និងបង្កឱ្យមានភ្លៀងធ្លាក់ទៀងទាត់។ ព្រៃឈើជួយស្រូបយកឧស្ម័នកាបូនិចដែលជាឧស្ម័នបំពុលមនុស្ស សត្វនិងបរិយាកាស។ ដូច្នេះបើព្រៃឈើបាត់បង់ទៅកាន់តែច្រើន នោះភាពត្រជាក់ក៏បាត់បង់ ទឹកភ្លៀងក៏ធ្លាក់មិនទៀងទាត់រដូវឧស្ម័នពុលក៏កើនឡើងកាន់ តែច្រើនក្នុងបរិយាកាស។ នេះជាហេតុបង្កមួយចំណែកទៀតដែលធ្វើឱ្យគ្រោះរាំងស្ងួតចាប់ផ្ដើមកើតឡើង។ការបាត់បង់ព្រៃឈើនេះ សំដៅទៅលើវិនាសកម្មនៅលើពិភពលោកទាំងមូល។ ប៉ុន្ដែតំបន់ណាដែលមានការបាត់បង់កាន់តែច្រើនតំបន់នោះក៏កាន់តែងាយនឹងទទួលរងនូវគ្រោះរាំងស្ងួតនេះដែរ។
ផលប៉ះពាល់នៃគ្រោះរាំងស្ងួត
គ្រោះធម្មជាតិមិនដែលផ្ដល់ផលល្អឡើយសម្រាប់មនុស្ស សត្វ និងបរិស្ថានគ្រាន់តែថាផលប៉ះពាល់នោះវាកើតឡើងទៅតាមប្រភេទគ្រោះធម្មជាតិ។ ក្នុងនោះគ្រោះរាំងស្ងួតនឹងបង្កបញ្ហាដូចជា ៖
- ដីបែកក្រហែង ខ្វះទឹក ដែលប៉ះពាល់ដល់ការធ្វើកសិកម្ម ដូចជាស្រូវ ដំណាំផ្សេងៗជាដើម
- អាចបាត់បង់ ឬកាន់តែថយបរិមាណពពួកមច្ឆជាតិតាមបឹង ត្រញំង ស្ទឹង ព្រែក ព្រោះទឹករាក់ ឬរីង
- រុក្ខជាតិក្រៀមស្វិត ឬងាប់ បាត់បង់ចំណីសត្វពាហនៈ បាត់បង់ជម្រកសត្វព្រៃ និងសត្វព្រៃគ្រប់ប្រភេទ
- បង្កឱ្យមានជម្ងឺផ្សេងៗ និងអាចបណ្ដាលឱ្យមនុស្សសត្វស្លាប់បាន
- ងាយកើតឡើងអគ្គីភ័យទាំងលំនៅដ្ឋាន ព្រៃឈើ និងព្រៃដំណាំចម្ការផ្សេងទៀត
- អាចរលាយដុំទឹកកកនៅតំបន់ប៉ូល និងអាចបណ្ដាលឱ្យមានគ្រោះទឹកជំនន់យ៉ាងគំហុកផងដែរ
សរុបមកភាពរាំងស្ងួតបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិជាប្រព័ន្ធ និងបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់សេដ្ឋកិច្ចប្រជាពល- រដ្ឋ និងជាតិ។ ប្រជាពលរដ្ឋនឹងជួបនូវភាពក្រីក្រ ដែលជាឧបសគ្គនៃការអភិវឌ្ឍន៍។
ការបង្ការគ្រោះរាំងស្ងួត
ប្រការសំខាន់នោះគឺរួមគ្នាទប់ស្កាត់មូលហេតុដែលបង្កឡើង។
- ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើតាមគ្រប់រូបភាព ការពារព្រៃឈើ និងធ្វើការដាំដុះឡើងវិញដើម្បីរក្សាលំនឹងបរិស្ថាន
- កាត់បន្ថយការប្រើប្រាស់យានយន្ដ និងប្រើថាមពលកើតឡើងវិញបានជំនួសការប្រើចំហេះឥន្ទនៈផូស៊ីល
- ពង្រឹងវិស័យច្បាប់ឱ្យបានតឹងរ៉ឹង។
ដំបូន្មានអ្នកប្រឹក្សា
គ្រោះរាំងស្ងួតបង្កផលលំបាកច្រើនណាស់សម្រាប់គ្រប់សង្គមជាតិ ពិសេសសង្គមជាតិដែលជួបប្រទះផ្ទាល់។ ដូច្នេះភារៈនេះមិន មែនជាបន្ទុករបស់ជាតិសាសន៍ណាមួយដាច់ដោយឡែកនោះទេ យើងត្រូវតែជួយគ្នាតាមកាលៈទេសៈនិងតាមលទ្ធភាព។ មនសិការ នេះសំខាន់ណាស់ ដើម្បីរួមចំណែកទប់ស្កាត់កុំឱ្យមានគ្រោះរាំងស្ងួតកើតឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply