លោកជំទាវ Penny Richard ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជាបានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ លើវិស័យសុខាភិបាលជាមួយលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកាលពីថ្ងៃទី៨កុម្ភៈ នៅទីស្ដីការក្រសួង។
នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវបានជម្រាបជូនលោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស អូស្ដ្រាលី ដែលបានជួយកម្ពុជា ជាពិសេសជួយពង្រឹងលើវិស័យសុខាភិបាល តាមរយៈគម្រោងពង្រឹងវិស័យសុខាភិបាលជំហានទី២ ដែលនៅក្នុងនោះមានទឹកប្រាក់សរុបចំនួន២២.៥លានដុល្លារអូស្ដ្រាលី ហើយចំនួនទឹកប្រាក់សរុបដែលប្រទេសអូស្ដ្រាលីចាប់ផ្ដើមជួយ ប្រទេសកម្ពុជានោះមកទល់ពេលនេះលើវិស័យសុខាភិបាលមានចំនួន៩៥.៥លានដុល្លារអូស្ដ្រាលីហើយ។
លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះប្រទេសអូស្ដ្រាលី ដែលបានជួយប្រទេសកម្ពុជាច្រើនណាស់មកហើយ ហើយបច្ចុប្បន្ននេះលោកបានយកចិត្ដទុកដាក់យ៉ាងខ្លាំង លើបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពជាច្រើនទៀតនៅក្នុងវិស័យសុខាភិបាល គឺការកាត់បន្ថយមរណភាពមាតា និងទារកដែលមានដំណើរការល្អ ព្រមទាំងកំពុងពង្រឹងនិងអភិវឌ្ឍន៍ធនធានមនុស្ស ដោយបានបណ្ដុះបណ្ដាលឆ្មបនៅតាមសហគមន៍ដើម្បីពង្រឹងក្នុងវិស័យសុខភាពមាតា និងទារក។ ក្រៅពីនេះបញ្ហាទប់ស្កាត់ការរីករាល ដាលនៃជម្ងឺអេដស៍ក៏ទទួលបានជោគជ័យច្រើនដែរ ហើយកម្ពុជាកំពុងខំប្រឹងបន្ដទប់ស្កាត់បន្ថែមទៀត។ ជាមួយគ្នានេះកម្ពុជាកំពុងតែ ប្ដេជ្ញាលុបបំបាត់ចោលនូវបញ្ហាជម្ងឺកញ្ជ្រឹល និងតេតាណូសឱ្យបាននៅបំណាច់ឆ្នាំ២០១២។ ម្យ៉ាងទៀតក្រសួងសុខាភិបាលនឹងរៀបចំ ធ្វើសន្និបាតនៅថ្ងៃទី១៥ខែមីនាខាងមុខ ហើយលោកក៏សូមអញ្ជើញលោកជំទាវឯកអគ្គរាជទូតមកចូលរួមក្នុងសន្និបាតនេះដែរ។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្ដថា គំនិតថ្មីមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺផែនការលុបបំបាត់ជម្ងឺគ្រុនចាញ់ឱ្យខាងតែបាននៅឆ្នាំ២០២៥ ហើយក្រសួងសុខាភិបាលបានកំពុងរៀបចំផែនការរួចហើយ និងមានការប្ដេជ្ញា ចិត្ដទាំងផ្នែកនយោបាយផងដែរ ដោយសង្ឃឹមថា នឹងអាចសម្រេចបានតាមគោលដៅនៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះបញ្ហាកាត់បន្ថយអត្រាមរណមាតានិងទារកនេះ បច្ចុប្បន្នកម្ពុជានៅមិនទាន់មានតួលេខច្បាស់លាស់នៅឡើយទេ ហើយកំពុងរងចាំលទ្ធផលពីការធ្វើអង្កេតប្រជាសាស្ដ្រនិងសុខភាព ប៉ុន្ដែអង្គការសុខភាព ពិភពលោក UNFPAបានធ្វើការប៉ាន់ស្មានថា អត្រាមរណភាពមាតានិងទារកនៅកម្ពុជាមានការថយចុះមួយកម្រិតហើយ ប៉ុន្ដែ កម្រិតនៃការថយចុះនេះនៅតិចតួចនៅឡើយ។
លោកជំទាវឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្ដចំពោះភាពរីកចម្រើនមួយចំនួន ដែលលោករដ្ឋមន្ដ្រីបានលើក ហើយ លោកជំទាវក៏ទទួលស្គាល់ផងដែរថា ស្ដ្រីកម្ពុជាដែលបានទទួលនូវការចាក់ថ្នាំបង្ការតេតាណូសមានចំនួនកើនឡើងច្រើន ហើយអូស្ដ្រាលី កំពុងតែធ្វើការពិចារណាលើការគាំទ្រផ្នែកសុខភាពផ្លូវភេទ និងសុខភាពបន្ដពូជ។ ជាមួយគ្នានេះលោកជំទាវក៏កំពុងតែធ្វើកិច្ចការមួយ ចំនួនជាមួយអង្គការសុខភាពពិភពលោក ដើម្បីធ្វើយ៉ាងណាបណ្ដុះបណ្ដាលឆ្មបនៅជនបទនៃប្រទេសកម្ពុជា។
Leave a Reply