បច្ចុប្បន្នរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលបានយកចិត្ដទុកដាក់ និងជំរុញឱ្យស្ដ្រីទៅសម្រាលកូននៅមន្ទីរពេទ្យ។ ប៉ុន្ដែដើម្បីសម្រាកសម្រាលកូនបាន ស្ដ្រីត្រូវចំណាយថវិកា ដោយត្រូវបង់ថ្លៃសេវាកម្ម និងសគុណក្រៅផ្សេងៗទៀតដើម្បីការយកចិត្ដ យកថ្លើមដល់បុគ្គលគ្រូពេទ្យមួយចំនួនតូច។ ពេលខ្លះក៏គេឃើញមានជម្លោះជាការជជែកគ្នាខ្លាំងៗរវាងគ្រូពេទ្យនិងភាគីអ្នកស្វែងរក សេវាកម្មដែរ។ មានគ្រូពេទ្យមួយចំនួនតូចបាត់បង់សីលធម៌ប្រព្រឹត្ដខុសតែក៏មានគ្រូពេទ្យមួយចំនួនធំរក្សាបាននូវការសង្គ្រោះដោយ មេត្ដាធម៌ដែរ។
ដោយសារបញ្ហាក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ មិនទាន់ត្រូវបានអនុវត្ដល្អទើបធ្វើឱ្យផ្ទុះទស្សនៈរិះគន់ធ្ងន់ៗពីប្រជាពលរដ្ឋ។ ទស្សនាវដ្ដី សុខភាពយើងលេខនេះ បានជួបសម្ភាសឯកឧត្ដមសាស្ដ្រាចារ្យ លី ប៉ូរប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ(ក.គ.ជ.)ដើម្បីបកស្រាយពីបញ្ហានេះជូនប្រជាពលរដ្ឋបានជ្រាបក្នុងគោលបំណងបង្កើនការយកចិត្ដទុកដាក់លើបញ្ហាក្រមសីលធម៌ នេះ។
ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ
ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាក្រមវិន័យ ចេញដោយអនុក្រឹត្យដែលមានលក្ខណៈជាច្បាប់ពេញលេញនិងជាក់លាក់ ចុះ ហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឱ្យគ្រូពេទ្យគោរពតាម ក្នុងគោលបំណងរក្សាគុណតម្លៃ សេចក្ដីថ្លៃថ្នូរ ប្រយោជន៍ជួយសង្គ្រោះអ្នកជម្ងឺ។ ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ត្រូវបានចងក្រងឡើង ដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យកម្ព្ពុជា (ក.គ.ជ.)។
អំពើប្រាសចាកក្រមសីលធម៌
គ្រូពេទ្យមួយចំនួនបានប្រើលក្ខខណ្ឌចិត្ដសាស្ដ្រគម្រាមយ៉ាងត្រជាក់ដើម្បីផលប្រយោជន៍ និងមិនទទួលខុសត្រូវនូវអំពើក្បត់ ឧត្ដមគតិ ក្បត់កាតព្វកិច្ចរបស់ខ្លួនថែមទៀត។ បុរសម្នាក់សុំមិនបង្ហាញអត្ដសញ្ញាណមានប្រសាសន៍ថា“គាត់បាននាំប្រពន្ធទៅសម្រាល កូននៅពេទ្យរដ្ឋមួយកន្លែង។ គាត់ត្រូវបង់ថវិកាលើសេវាសម្រាលកូនដល់មន្ទីរពេទ្យនិង២០០០០រៀលទៀតសម្រាប់ពេទ្យយាមម្នាក់ ដែលជួយពិនិត្យផ្ទៃពោះឱ្យប្រពន្ធគាត់។ តាមពិតប្រពន្ធគាត់ប្រាកដជាអាចសម្រាលកូនបានធម្មតា។ ប៉ុន្ដែដោយមិនដឹង និងមិនបានជូន សគុណឱ្យគ្រប់ពេទ្យយាមការយកចិត្ដទុកដាក់ពិនិត្យពីក្រុមគ្រូពេទ្យគឺមិនដិតដល់។ ទីបំផុតប្រពន្ធគាត់ត្រូវវះកាត់ដើម្បីសម្រាល កូន។ ដូច្នេះគាត់ត្រូវចំណាយថវិកា៣០ដុល្លារជូនសគុណលោកវេជ្ជបណ្ឌិតវះកាត់ ដើម្បីដំណើរការវះកាត់បានប្រសើរ។ លោក ពូបញ្ជាក់ថា នេះដោយសារគាត់មិនចេះចាយលុយ។ មានអ្នកសម្រាកពេទ្យក្បែរខាងគាត់ខ្សឹបប្រាប់ថា បើជូនលុយពេទ្យយាមគ្រប់គ្នា ប្រាកដជាអាចសម្រាលកូនធម្មតាបាន។ ហើយបើរាត្រីនោះមិនទាន់សម្រាល ដល់រាត្រីស្អែកមានពេទ្យយាមថ្មី គេក៏ត្រូវមានជំនូនជាថ្មី ម្ដងទៀត។ នេះជាករណីមួយហើយក៏មានករណីដោយឡែកផ្សេងទៀតមានលំនាំស្រដៀងៗគ្នា មានកម្រើកឡើងនូវជម្លោះទាស់សម្ដីដោយលេសផ្សេងៗរបស់គ្រូពេទ្យ ព្រោះតែជូនសគុណមិនស្មើគ្នា។ អ្នកមានជីវភាពខ្សត់ខ្សោយ គ្មានថវិកាគ្រប់គ្រាន់ គេអាចទុក មួយអន្លើសិនហើយក៏មានអ្នកសម្រាលកូនលើឥដ្ឋខ្លួនឯងដោយខ្វះអន្ដរាគមន៍ពីគ្រូពេទ្យដែរ។ នេះជាអ្វីដែលក្រុមការងារយើងបានជួបសម្ភាសនឹងអ្នកជម្ងឺ។ អំពើទាំងនេះផ្ទុយពីក្រមសីលធម៌ដែលមានចែងក្នុងសៀវភៅគណៈគ្រូពេទ្យ ត្រង់មាត្រា៣ មាត្រា៧មាត្រា ២៧ មាត្រា៥០ និងមាត្រាផ្សេងខ្លះទៀត។
មូលហេតុបង្កអំពើអសីលធម៌
លោកសំបូរ មាណ្ណារ៉ា អនុប្រធានដេប៉ាតឺម៉ង់ប្រវត្ដិសាស្ដ្រនៃសាកលវិទ្យាល័យភ្នំពេញអះអាងថា“សង្កេតជាទូទៅលើបញ្ហាសេដ្ឋកិច្ច គ្មានគ្រូពេទ្យណាម្នាក់ក្រីក្រជាងអ្នកជម្ងឺ រហូតបង្ខំចិត្ដត្រូវតែប្រព្រឹត្ដអំពើអសីលធម៌ដោយពុករលួយនិងកេងប្រវ័ញ្ចយក ចំណេញតាមដែលអាចធ្វើទៅបានតាមរយៈវិជ្ជាជីវៈរបស់ខ្លួននោះទេ។ ដោយអំពើអសីលធម៌មានច្រើនប្រភេទច្រើនរូបភាពដូច្នេះ មូលហេតុបន្ទាប់បន្សំដែលជាលេសក៏មានច្រើនយ៉ាងដែរ។ កាលណាមនុស្សបណ្ដោយឱ្យតណ្ហាសេចក្ដីលោភមកជាន់ឈ្លីលើវិចារណ- ញាណហើយ អ្វីៗប្រាកដជាអាចកើតឡើងដោយក្ដីងងឹតងងុល។ ឧទាហរណ៍ការចង់មានចង់់បានហួសពេកគេអាចទ្រាំមើលទ្រាំស្ដាប់សភាពការណ៍លំបាករបស់អ្នកខ្សត់ខ្សោយដែលមកពឹងពាក់លុះដំណាក់កាលចុងក្រោយបាន។ លោកសំបូរ មាណ្ណារ៉ា និងលោកសាស្ដ្រា ចារ្យ លីប៉ូរមានទស្សនៈស្របគ្នាថា“អ្វីដែលសំខាន់បំផុតនោះគឺការបាត់មនសិការនិងឧត្ដមគតិផ្ទាល់របស់បុគ្គលជាគ្រូពេទ្យ។ គោល ជំហរ ឧត្ដមគតិសំខាន់ណាស់ក្នុងការតម្រង់សីលធម៌វិជ្ជាជីវៈគ្រូពេទ្យ”។
ផលវិបាកនៃអំពើអសីលធម៌
1 . បញ្ហាផ្លូវចិត្ដ ៖ ក្រុមគ្រួសារ ពិសេសស្ដ្រីមានផ្ទៃពោះផ្ទាល់ តែងមានការភ័យខ្លាច អស់សង្ឃឹម តក់ស្លុតតានតឹង អារម្មណ៍ ក្នុងករណីគ្រូពេទ្យមានចេតនាបំភ័យដោយពោលពាក្យមិនសមរម្យ គំរោះគំរើយពោលស្មានៗពីទម្ងន់អាការជម្ងឺ។ នេះ ព្រោះតែចង់ឱ្យភាគីអ្នកជម្ងឺមានជាសគុណ ស្រោមសំបុត្រ និងលាភសក្ការៈដោយនិយាយថាកូនពិបាកកើតណាស់ អាចត្រូវវះកាត់ ជាដើម។ មិនតែប៉ុណ្ណោះការពោលពាក្យអសុរោះបោះបោករបស់ពេទ្យមួយចំនួនក៏ធ្វើឱ្យអ្នកជម្ងឺបន្ថែមនូវការឈឺចិត្ដ ភ័យខ្លាចពីសុវត្ថិ ភាពកូន ខឹងសម្បារចំពោះពេទ្យ បាត់បង់ភាពកក់ក្ដៅពីគ្រូពេទ្យ។ នេះជាហេតុការណ៍កើតឡើងចំពោះអ្នកស្រីផ.ល.។
2 . សេដ្ឋកិច្ច ៖ បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅមានកម្រិតជីវភាពក្រីក្រដែលជាបច្ច័យអាក្រក់មួយងាយឱ្យ មនុស្សកើតមានជម្ងឺ។ ចុះបើចំណូលមានអតុល្យភាពនឹងសេវាព្យាបាលដែលត្រូវចំណាយថវិកាច្រើនទាំងថ្នាំទាំងសេវាថែទាំ តើ ប្រជាពលរដ្ឋអាចនឹងមានបានម្ដេចរួច? នោះប្រទេសជាតិនឹងមិនមានការអភិវឌ្ឍជឿនលឿនឡើយ។ ពោលគឺអំពើអសីលធម៌ជា សត្រូវនៃការលូតលាស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ បើពេទ្យធ្វើឱ្យប្រជាជនខ្លាចឬស្អប់ខ្ពើមនោះគាត់អាចទ្រាំនឹងជម្ងឺ ជួនកាល រហូតដល់អាការជម្ងឺកាន់តែធ្ងន់ធ្ងរទើបគាត់ដាច់ចិត្ដរកពេទ្យនោះគាត់បាត់សុពលភាពក្នុងការបង្កបង្កើនផល បាត់បង់ប្រាក់ចំណូលកាន់ តែខ្ពស់ ជម្ងឺកាន់តែពិបាកកែ។
3 . សង្គមមនុស្ស ៖ អំពើអសីលធម៌របស់គ្រូពេទ្យមួយចំនួនមិនបានបង្កឱ្យមានសាមគ្គីភាពសេចក្ដីស្រឡាញ់រាប់អាន សេចក្ដីថ្លៃថ្នូរនោះឡើយ។ លើសពីនេះក៏អាចបណ្ដាលឱ្យកើតក្ដីច្រណែន ចងគំនុំនឹងគ្នា។ អ្នកស្រីផ.ល.អះអាងថា“គាត់ខឹង និងស្អប់ ពេទ្យមួយចំនួននោះណាស់ រហូតមានក្ដីប្រមាថមិនល្អក្នុងចិត្ដ”។
ដំណោះស្រាយចំពោះការប្រព្រឹត្ដខុសក្រមសីលធម៌
តាមរយៈប្រសាសន៍របស់ឯកឧត្ដមសាស្ដ្រាចារ្យ លី ប៉ូររំលឹកឱ្យដឹងថាកន្លងមកមានការប្រព្រឹត្ដខុសក្រមសីលធម៌ជាច្រើន ករណីផ្សេងៗគ្នា។ បន្ទាប់ពីបានបង្កើតឡើងនូវក.គ.ជ.កាលពីឆ្នាំ២០០០ការរៀបចំឱ្យមានការចុះឈ្មោះជាសមាជិកក.គ.ជ.ពីគ្រូពេទ្យ ទូទាំងប្រទេស យើងបានក្ដោបនិងរឹតបន្ដឹងនូវការគោរពក្រមសីលធម៌វិជ្ជាជីវៈកាន់តែប្រសើរឡើង។ ក្នុងនោះមានគ្រូពេទ្យខុសឆ្គង អាចទទួលការព្រមាន ការស្ដីបន្ទោស ឬដាក់ពិន័យនិងអាចត្រូវលុបឈ្មោះចេញពីបញ្ជីគណៈគ្រូពេទ្យ និងមានដាក់ពិន័យធ្ងន់ធ្ងរផ្សេង ទៀត។ ប៉ុន្ដែក៏នៅមានបុគ្គលមួយចំនួនរឹងរូសលួចលាក់ប្រព្រឹត្ដអំពើអសីលធម៌ដែរ។ ឯកឧត្ដមសាស្ដ្រាចារ្យ លី ប៉ូរ អះអាងថា គណៈគ្រូពេទ្យនឹងព្យាយាមសហការលុបបំបាត់អំពើពុំគប្បីទាំងនេះតាមគ្រប់រូបភាពដោយខិតខំអប់រំបណ្ដុះនូវមនសិការ ឧត្ដមគតិ គ្រូពេទ្យទាំងជំនាន់ចាស់ទាំងជំនាន់ថ្មីធ្វើយ៉ាងណាឱ្យពួកគេគោរពបានតាមក្រមសីលធម៌គ្រូពេទ្យនៅក្នុងគ្រប់កាលៈទេសៈទាំងអស់។
ដំបូន្មានអ្នកប្រឹក្សា
គ្រូពេទ្យជាមាតាដ៏ប្រពៃនៃអ្នកជម្ងឺ និងជាអ្នកសន្ដោសសង្គ្រោះជីវិតប្រជាពលរដ្ឋដោយខន្ដី មិនប្រកាន់ពណ៌សម្បុរភេទ ឋានៈ តួនាទី និងមានក្រឡើយ។ អ្នកដែលស្វែងរកសេវាសង្គ្រោះព្យាបាលមិនគួរទទួលបានការឈឺចាប់បន្ថែមទៀតទេ។ ដូច្នេះសូម គ្រូពេទ្យគ្រប់រូបកុំធ្វើខ្លួនឱ្យក្លាយជាប្រការដទៃកុំយកលេសអារម្មណ៍មិនល្អផ្ទាល់ខ្លួនទៅរំសាយចំពោះអ្នកជម្ងឺ កុំប្រព្រឹត្ដខុសក្រម សីលធម៌ផ្សេងៗ។ ទង្វើផ្ទុយពីអត្ដសញ្ញាណនៃសម្លៀកបំពាក់ឈុតពណ៌ស សូមកប់វាចោលទៅ។ ចុងក្រោយក៏សូមគោរពកោត សរសើរដោយស្មោះចំពោះគ្រូពេទ្យមួយចំនួនធំ ដែលជាពេទ្យគំរូដែលលោករក្សាបាននូវគុណតម្លៃដ៏ប្រសើរខ្ពង់ខ្ពស់ក្នុងការសង្គ្រោះ ដោយមេត្ដា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨
Leave a Reply