ក្រសួង​​​សុខា​​​ភិបាល​​​កំពុង​​​យុទ្ធនាការ​​​ផ្ដល់​​​បន្ថែម​​​ថ្នាំ​​​វ៉ាក់សាំង​​​ជម្ងឺ​​​កញ្ជ្រឹល

ក្រសួង​​​សុខា​​​ភិបាល​​​កំពុង​​​បើក​​​យុទ្ធនាការ​​​ផ្ដល់​​​​បន្ថែម​​​​ថ្នាំ​​​​បង្ការ​​​​ជម្ងឺ​​​​កញ្ជ្រឹល​​​​ដល់​​​​កុមារ​​​​អាយុ​​​​ពី​​​​៩​ខែ​​​​ដល់​​​​៥​ឆ្នាំ​​​​នៅ​​​​ទូ​ទាំង​​​​ប្រ​ទេស​ ​ចាប់​​​​ពី​​​​ថ្ងៃ​​​​ទី​​​​១០​ ​ខែ​​កុម្ភៈ​ ​ដល់​​​​ថ្ងៃ​​​​ទី​២​៨​ ​ខែ​មីនា​ ​ឆ្នាំ​​​​២០១១​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខា​ភិបាល​រាជ​ធានី​បាន​ប្រាប់​ទស្សនា​វដ្ដី​ ​សុខភាពយើង​ ​កាល​ពី​ដើម​ខែ​កុម្ភៈ​ថា​ ​នៅ​ថ្ងៃ​ទី​១០​ ​ខែ​កុម្ភៈ​នេះ​ ​កម្ពុជា​បាន​ត្រៀម​វ៉ាក់​សាំង​គ្រប់​គ្រាន់​សម្រាប់​ការ​បើក​យុទ្ធ​នាការ​ផ្ដល់​ថ្នាំ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​លើក​ទី​១​ទៅ​កាន់​ ​កុមារ​ដែល​មាន​អាយុ​ចាប់​ពី​៩​ខែ​ដល់​៥​ឆ្នាំ​។ ​លោក​បន្ដ​ថា​ ​យុទ្ធ​នា​ការ​លើក​ទី១​នេះ​ ​ត្រូវ​បាន​ជ្រើស​រើស​ខេត្ដ​-​ក្រុង​ដែល​មាន​ចំនួន​ស្នើ​ ​នឹង​ពាក់​កណ្ដាល​នៃ​ប្រទេស​។ ​លោក​ថ្លែង​ថា​ ៖​ ​បន្ទាប់​ពី​បញ្ចប់​យុទ្ធ​នា​ការ​លើក​ទី​១​ទៅ​ ​មន្ដ្រី​សុខា​ភិ​បាល​យើង​នឹង​បន្ដ​យុទ្ធ​នា​ការ​ផ្ដល់​ថ្នាំ​ ​បង្ការ​ជម្ងឺ​កញ្ជ្រឹល​ជា​លើក​ទី​២​ទៀត​ឱ្យ​បាន​គ្រប​ដណ្ដប់​លើ​២៤​ខេត្ដ​-​ក្រុង​។ ​លោក​បញ្ជាក់​ថា​ ​វ៉ាក់​សាំង​ការ​ពារ​ជម្ងឺ​កញ្ជ្រឹល​ត្រូវ​បាន​ដាក់​ ​បញ្ចូល​ជាមួយ​នឹង​ថ្នាំ​ប៉ូលីយ៉ូ​ផង​ដែរ​។​

រាជរដ្ឋាភិបាលកម្ពុជាមានផែនការបំបាត់ជម្ងឺកញ្ជ្រឹល និងបំបាត់ជម្ងឺតេតាណូសមាតា និងទារកក្នុងឆ្នាំ២០១២

យោងតាមសេចក្ដីអំពាវ​នាវ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ស្ដី​ពី​ផែន​ការ​យុទ្ធ​សាស្ដ្រ​បំ​បាត់​ជម្ងឺ​កញ្ជ្រឹល​ ​និង​បំបាត់​ជម្ងឺ​តេ​តា​ណូស​ ​មាតា​ ​និង​ទារក​នៅ​ប្រទេស​កម្ពុជា​ដែល​ ​សុខភាពយើង​ ​បាន​ទទួល​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទទួល​ស្គាល់​នូវ​កត្ដា​ ​ដែល​នាំ​មក​នូវ​ជោគ​ជ័យ​ក្នុង​ការ​បំបាត់​ជម្ងឺ​កញ្ជ្រឹល​ ​និង​ការ​បំបាត់​ជម្ងឺ​តេ​តា​ណូស​មាតា​និង​ទារក​ ​គឺ​ត្រូវ​ធ្វើ​ការ​គ្រប​ដណ្ដប់​វ៉ាក​សាំង​ឱ្យ​ ​ប្រ​ជា​ជន​នៅ​គ្រប់​សហគមន៍​ ​ដោយ​រួម​ទាំង​ទី​ក្រុង​ ​និង​តំបន់​ ​ដែល​មិន​មាន​ឱកាស​ទទួល​បាន​វ៉ាក់​សាំង​ការ​ពារ​កន្លង​មក​ ​ដូចជា​ជន​បទ​ ​ដាច់​ស្រយាល​ ​ជន​ជាតិ​ភាគ​តិច​ ​និង​ប្រជាជន​ដែល​កំពុង​ចល័ត​ ​គិត​ទាំង​ក្រុម​អ្នក​ចំណាក​ស្រុក​ប្រកប​មុខ​របរ​តាម​រាជ​ធានី​-​ខេត្ដ​នានា​ផង​ដែរ​។

លោក សុខ សុគន្ធ ​បញ្ជាក់​ថា​ ​យុទ្ធ​នាការ​នេះ​បាន​តម្រូវ​ឱ្យ​បុគ្គ​លិក​ ​និង​មន្ដ្រី​សុខា​ភិបាល​គ្រប់​លំដាប់​ថ្នាក់​មាន​ការ​ទទួល​ខុស​ ​ត្រូវ​ខ្ពស់​ ​សកម្មភាព​តស៊ូ​ជំនះ​រាល់​ការ​លំបាក​ ​សហការ​ជាមួយ​អាជ្ញា​ធរ​គ្រប់​ជាន់​ថ្នាក់​ ​​និង​អ្នក​ស្ម័គ្រ​ចិត្ដ​ភូមិ​ ​ដើម្បី​ចលនា​ស្វែង​រក​កុមារ​ ​នៅគ្រប់​ទីក​ន្លែង​ឱ្យ​មក​ទទួល​ថ្នាំ​បង្ការ​ឱ្យ​បាន​គ្រប់​គ្នា​ ​ទើប​យុទ្ធ​នាការ​នេះ​បាន​ជោគ​ជ័យ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

យុទ្ធនាការ​​​ផ្ដល់​​​ថ្នាំ​​​បន្ថែម​​​បង្ការ​​​ទាំងអស់​​​គ្នា​​​ត្រូវ​​​បន្ដ​​​រួមគ្នា​​​ចលនា​​​អប់រំ​​​ប្រជាជន​​​ឱ្យបាន​​​យល់ដឹង​​​ពី​​​អត្ថ​​​ប្រយោជន៍​​​នៃ​​​ថ្នាំបង្ការ ហើយនាំ​​​បុត្រ​​​ធីតា​​​ឱ្យមក​​​ទទួល​​​ថ្នាំ​​​បង្កា​​រ​​​ជា​​​បន្ដ​​​ទៀត ព្រមទាំង​​​ផ្ដល់​​​សេវា​​​សុខភាព​​​មាតា និង​​​ទារក​​​ដូចជា​​​ការ​​​ពិនិត្យ​​​ផ្ទៃពោះ ការសម្រាលកូនជាដើម។

លោក គឹម អាង អនុប្រធានការិយាល័យបច្ចេកទេសនៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​វ៉ាក់​សាំង​នេះ​រដ្ឋា​ភិ​បាល​ ​បាន​ប្រើ​ប្រាស់​ថវិកា​បដិភាគ​ជាមួយ​នឹង​ម្ចាស់​ជំនួយ​ដែល​មាន​ឈ្មោះ​ថា​ ​GAVI​ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កុមារ​បាន​ទទួល​វ៉ាក់​សាំង​ការ​ពារ​ ​ជម្ងឺ​កញ្ជ្រឹល​ឱ្យ​បាន​២​ដូស​ក្នុង​មួយ​​ជីវិត​របស់​ពួក​គេ​។ ​លោក​ថ្លែង​ថា​ ​៖​ ​ខ្ញុំ​បាន​ដឹង​ព័ត៌​មាន​ខ្លះៗ​ពី​កម្ម​វិធី​ផ្ដល់​ថ្នាំ​បង្ការ​នេះ​ ​គឺ​ថា​កម្ម​វិធី​ ​នេះ​ ​ត្រូវ​ចុះ​ទៅ​អនុវត្ដ​នៅ​តាម​សហគមន៍​ទាំង​ទី​ក្រុង​និង​ជន​បទ​ ​ដោយ​តម្រូវ​ទៅ​លើ​កុមារ​ដែល​មិន​ទាន់​បាន​ទទួល​វ៉ាក់​សាំង​ការ​ពារ​ ​ជម្ងឺ​កញ្ជ្រឹល​សោះ​ ​និង​កុមារ​ដែល​ធ្លាប់​បាន​ទទួល​ម្ដង​ហើយ​ ​ប៉ុន្ដែ​ក៏​អាច​មាន​ឱកាស​និង​បាន​ទទួល​ម្ដង​ទៀត​ដែរ​។ ​ដូច្នេះ​ការ​រៀប​ចំ​របស់​ ​រដ្ឋាភិបាល​ទៅ​លើ​កម្ម​វិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​នេះ​ ​វា​កំពុង​តែ​ជំរុញ​ឱ្យ​កម្ពុជា​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​លើ​កម្ម​វិធី​ផ្ដល់​ថ្នាំ​បង្ការ​ដូច​ប្រទេស​ ​ដទៃ​ទៀត​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories: , , , ,

Leave a Reply

Your email address will not be published. Required fields are marked *