បូមមុនសំដៅលើការព្យាបាលម្យ៉ាង ដោយការប្រើម៉ាស៊ីនសម្រាប់សម្អាតគ្រាប់មុននៅលើស្បែកមុខ។ ការបូមមុនបាន ទទួលលទ្ធផលល្អតិចតួចណាស់។ ប៉ុន្ដែមានផលប៉ះពាល់ច្រើន គឺអាចធ្វើឱ្យមានប្រតិកម្មលើស្បែកមុខនិងប្រព័ន្ធកោសិកានៅលើ ស្បែកមុខទៀតផង។ ដើម្បីចៀសវាងបញ្ហាស្បែកមុខ និងប៉ះពាល់សុខភាពលោកអ្នកគួរតែយល់ឱ្យបានច្បាស់អំពីបញ្ហាបូមមុន។
ដោយឆ្លងកាត់បទពិសោធន៍ និងបានចុះទៅឃើញផ្ទាល់អំពីផលប៉ះពាល់នៃការបូមមុន ទើបលោកស្រី ច័ន្ទស្រីណុច ជា ម្ចាស់ហាងកែសម្ផស្សមីកាសា បានបកស្រាយឱ្យបានជ្រាបពីផលអាក្រក់នៃការបូមមុនតាមរយៈទស្សនាវដ្ដីសុខភាពយើង ជូនមិត្ដអ្នក អានបានយល់ដឹងពីបញ្ហាទាំងនេះ។
មូលហេតុនៃការបូមមុន
ការបូមមុនចេញពីស្បែកមុខ ភាគច្រើនធ្វើឡើងលើមិត្ដនារីដែលមានកង្វល់លើស្បែកមុខដែលកើតមុនហើយគ្មានវិធីព្យាបាល។ ការព្យាយាមព្យាបាលគ្រប់វិធីមិនបានសម្រេចទើបបណ្ដាលឱ្យលោកអ្នកមួយចំនួនសម្រេចចិត្ដយកវិធីចុងក្រោយគេបង្អស់មកអនុវត្ដន៍ គឺបូមមុនចេញពីមុខតែម្ដង។ ម្យ៉ាងទៀតលោកអ្នកទាំងនោះអាចគិតថាជាវិធីនេះគឺឆាប់ទទួលលទ្ធផលចំណេញពេលវេលា និងចំណេញថវិកា។
ផលប្រយោជន៍នៃការបូមមុន
អ្នកខ្លះបូមមុនទទួលបានជោគជ័យទាំងស្រុង ប៉ុន្ដែអ្នកខ្លះទៀតមិនបានទទួលលទ្ធផលដូចការរំពឹងទុកឡើយ។ បូមមុនមាន ផលប្រយោជន៍ជួយឱ្យអស់គ្រាប់មុនពីលើស្បែកមុខ និងធ្វើឱ្យលែងមានស្នាមកន្ទួលរមាស់ជាពិសេសបំបាត់ភាពរដិបរដុបលើស្បែក មុខ ដោយប្រែក្លាយទៅជាទន់ភ្លឺរលោង។ ម្យ៉ាងទៀតអាចជួយបញ្ឈប់ការកកើតគ្រាប់មុនជាបន្ដទៅទៀតបាន។
ផលប៉ះពាល់នៃការបូមមុន
ការបូមមុនមិនមែនអាចអស់មុនពីលើផ្ទៃមុខ១០០ភាគរយនោះទេ ព្រោះមានអ្នកខ្លះទទួលបានលទ្ធផលតិចតួចជួនកាលស្ទើរតែគ្មានបានទទួលលទ្ធផលសោះតែម្ដង។ ទាំងនេះអាស្រ័យទៅលើសាច់ឬស្បែកមុខតែប៉ុណ្ណោះ។ ក្រៅពីជួយឱ្យស្បែកមុខស្អាតខុសពីសភាពដើមហើយនោះ មិត្ដនារីគួរតែពិចារណាអំពីផលប៉ះពាល់នៃការបូមមុនផង។ ការបូមមុនមានផលប៉ះពាល់ច្រើនដល់ស្បែក មុខអាចនាំឱ្យមានស្នាមក្រហូង បង្កជាដំបៅខាងក្រៅ ឬក្លាយជាមហារីកនៅលើស្បែកមុខ។ ចំពោះកោសិកាខាងក្នុងនៃស្បែកមុខ អាចដាច់រលាត់ប្រព័ន្ធសរសៃចេញមកខាងក្រៅព្រោះម៉ាស៊ីនបូមមុនមានកម្លាំងរុញច្រានខ្លាំងជាងប្រព័ន្ធការពារកោសិកាខាងក្នុង។ ម្យ៉ាងវិញទៀតប្រសិនបើខ្វះបច្ចេកទេសនោះការបូមមុននាំឱ្យមានការប៉ះពាល់ទៅសរសៃភ្នែកទាំងគូ ជួនកាលបណ្ដាលឱ្យខ្វាក់តែម្ដងព្រោះកម្លាំងទាញនៃម៉ាស៊ីននាំឱ្យសរសៃដែលនៅជិតៗគ្នារងកម្លាំងជាមួយគ្រាប់មុនដែរ។
ដំបូន្មានអ្នកប្រឹក្សា
មិត្ដនារីគួរជ្រើសរើសវិធីដ៏ត្រឹមត្រូវមកព្យាបាល ដើម្បីថែរក្សាស្បែកមុខឱ្យបានយូរអង្វែង។ បូមមុនមិនមែនជាវិធីសម្រាប់ជ្រើសរើសនោះទេ ព្រោះបង្កផលអាក្រក់ច្រើនជាងផលល្អ។ គួរតែប្រឹក្សាជាមួយអ្នកជំនាញមុនសម្រេចចិត្ដជ្រើសរើសការព្យាបាលណាមួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply