ខៀវ សាន​សា​ណា រវល់​ច្រើន តែសុខ​ភាពល្អ សម្រស់​ស្អាត

សាន​សា​ណា ជា​ពិធី​ការិនី​មួយរូប​ដែល​លេច​ធ្លោក្នុង​កម្មវិធី​ជាច្រើន នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធី​អ៊ិន។ សព្វថ្ងៃ​នេះ​សានសា​ណា​រវល់​នឹង​អាជីព​ជា​ពិធី​ការិនី ដែលជា​ហេតុធ្វើ​ឱ្យសា​ណាមាន​ការហត់​នឿយ​ខ្លាំង។ ប៉ុន្ដែ​ជុំវិញ​ភាព​មមា​ញឹកនៃ​អាជីព​នេះ​មិនបាន​ធ្វើឱ្យ​សម្រស់​សានសា​ណា​ធ្លាក់ចុះ​ទេ។ ផ្ទុយ​ទៅវិញ​សម្រស់​របស់​សានសា​ណាកាន់​តែស្រស់​ស្អាតជាង​មុន​និង​សុខភាព​កាន់តែ​មាំមួន។ រូប​សម្រស់​ដ៏ស្រស់​សោភា​របស់​សាណា​ត្រូវបាន​ទស្ស​និកជន​ទាំងក្នុង​និងក្រៅ​ប្រទេស​កោត​សរសើរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សានសា​ណា​រីក​រាយ​ណាស់​ក្នុងការ​ទម្លាយ​អាថ៌​កំបាំង​ពីការ​ថែរក្សា​សម្រស់ ក៏ដូច​ជាថែ​ទាំ​សុខភាព​រាង​កាយ​របស់​ខ្លួនជូន ប្រិយ​មិត្ដអ្នក​អានឱ្យ​បាន​ជ្រាប តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើងចូល​វិស័យ​សិល្បៈ

ដំបូង​ឡើយ​សានសា​ណាជា​និស្សិត​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ថ្ងៃមួយ​សានសា​ណាបាន ទៅ​សាលា ហើយក៏​បានជួប​អ្នកចាត់​ការទូ​ទៅនៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធី​អ៊ិន​ដោយ​ចៃដន្យ។ ដោយ​មើល​ឃើញ​សានសា​ណា​ពូកែ​និយាយ ហើយមាន​សមត្ថភាព​អាចធ្វើ​ជាពិធី​ការិនី​បាន​ក៏បាន​នាំសាន​សាណា​ទៅធ្វើ​ជាពិធី​ការិនី​នៅស្ថា​នីយ​ទូរ​ទស្សន៍​ស៊ីធី​អ៊ិនតែ​ម្ដង តាំងពី​ទូរទស្សន៍​ស៊ីធីអ៊ិន​ចាប់់ផ្ដើម​បង្កើត​ឡើងនៅ​ឆ្នាំ​២០០៣​រហូត​មកដល់​សព្វថ្ងៃ​នេះ។

ការ​ថែរក្សា​រូប​សម្រស់

ក្នុង​អាជីព​ជា​ពិធី​ការិនី​ដ៏ឆ្នើម​មួយរូប កាន់​កម្មវិធី​ជាច្រើន​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធី​អ៊ិន​ពិតជា​ធ្វើឱ្យ​សានសា​ណាមាន​ការ រវល់​និងហត់​នឿយ​ច្រើន។ ប៉ុន្ដែ​ភាព​មមា​ញឹក​នៅជុំ​វិញ​ការងារ​ជា​ពិធី​ការិនី​នេះ​សានសា​ណាក៏​មិន​បណ្ដោយ​ឱ្យ​សម្ផស្ស​ទៅតាម​អាយុ​កាល​ដែរ។ សានសា​ណាបាន​ធ្វើឱ្យ​ទូរ​ទស្ស​និកជន​គ្រប់រូប ទាំង​ក្នុង និង​ក្រៅ​ប្រទេស​បានធ្វើ​ការ​កោត​សរសើរ​ពីរូប​សម្រស់ ដ៏​ស្រស់​សោភា​ផូរផង់​របស់​ខ្លួន​ដែល​កាន់តែ​ស្អាត​ទៅៗ។

  • ការ​ថែរក្សា​សក់ ក្នុងនាម​ជា​ពិធី​ការិនី ត្រូវការ​ធ្វើ​ម៉ូតសក់​ជារៀង​រាល់ថ្ងៃ​រាល់​លើក។ ជា​ហេតុធ្វើ​ឱ្យ​សរសៃ​សក់ពុំ​សូវ មាន​សំណើម និងមាន​បញ្ហា​សក់​ស្ងួត ហើយ​បែក​ចុង។ ដូចនេះ​សានសា​ណាបាន​ជ្រើស​រើស​សាប៊ូ​ដែលត្រូវ​ជាមួយ​សរសៃ​សក់​និង​ស្បែក ក្បាល​រួមផ្សំ​នឹងការ​ប្រើ​ផលិត​ផល​អប់ផង ដើម្បី​ជួយ​បន្ទន់​សរសៃ​សក់ឱ្យ​ទន់​រលោង។
  • ការ​ថែរក្សា​ភ្នែក ៖ ការ​មើល​ឃើញ​វត្ថុអ្វី​មួយ​ដែលមាន​ទំហំ​តូចឬ​ធំ ស្អាតឬ​មិនស្អាត គឺ​អាស្រ័យ​ទៅលើ​ភ្នែកដែល​សម្លឹង​មើល។ ដូចនេះ​សានសា​ណា​ស្រឡាញ់​ភ្នែក​ណាស់ ហើយ​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​គ្រាប់​ភ្នែក​មិនឱ្យ​មាន​បញ្ហា​ឡើយ។ នៅ​ពេល​ចេញ​ទៅខាង​ក្រៅ​សានសា​ណាត្រូវ​ពាក់​វ៉ែនតា​ដើម្បី​ការពារ​ពីពន្លឺ​ថ្ងៃ។
  • ការ​ថែរក្សា​ចិញ្ចើម រោម​ភ្នែក និង​បបូរ​មាត់ ៖ សានសា​ណា​ស្រឡាញ់​ចិញ្ចើម​ក្រាស់​ហើយ​រាល់ថ្ងៃ​ក៏សាន​សាណា​មិនបាន​ថែទាំ​ចិញ្ចើម​ដែរ ព្រោះ​ចិញ្ចើម​របស់​សានសា​ណា​ក្រាស់​ស្រាប់​តាំងពី​ធម្មជាតិ។ នៅពេល​ទំនេរ​សានសា​ណា​ចូលចិត្ដ​ពត់រោម​ភ្នែក ដោយ​មិន​ប្រើ​ម៉ាស្កា​រ៉ាទេ ព្រោះ​ខ្លាច​ធ្វើឱ្យ​ខ្មៅ​រវង់​ភ្នែក។ សានសា​ណាប្រើ​ម៉ាស្កា​រ៉ា​នៅពេល​ឡើង​ឆាកតែ​ប៉ុណ្ណោះ​ហើយ​ពត់​ឱ្យង។ ចំពោះ​បបូរ​មាត់​សានសា​ណាចូល​ចិត្ដលាប​ក្រែម​ដែលមាន​ជាតិ​រលោង លាបរាល់​ពេលយប់។ ទោះបី​ជាឡើង​ឆាក​ឬចេញ​ទៅខាង​ក្រៅ សានសា​ណាប្រើ​ក្រែមដែល​មានពណ៌​ស្រាល​បន្ដិច​រួចយក​ក្រែម​ទឹក​រលោង​មកលាប​ពីលើ​បបូរ​មាត់ ដើម្បី​កុំឱ្យ​បបូរ​មាត់ប្រេះ និង ស្ងួត។
  • ការ​ថែរក្សា​ធ្មេញ ៖ ក្នុងមួយ​ថ្ងៃ​សានសា​ណាធ្វើ​ការ​សម្អាត​ធ្មេញ​៣ដង​យ៉ាងតិច។ បញ្ហា​មាត់​ធ្មេញ​សំខាន់​ណាស់​សម្រាប់​សានសា​ណាមិន​អាចឱ្យ​មាន​បញ្ហា​ក្លិនមិន​ល្អ​ឡើយ។ សានសា​ណាមាន​ការ​អនាម័យ​ធ្មេញ​ជានិច្ច​ចំពោះ​សុខភាព​មាត់​ធ្មេញ​ព្រោះបើ មានក្លិន​មិនល្អ ធ្វើឱ្យ​ខ្លួនឯង​ពុំមាន​សេចក្ដី​សុខ ហើយ​មាន​អារម្មណ៍​ខ្មាស​អ្នក​ដទៃ។
  • ការ​ថែរក្សា​ស្បែក​មុខ ដោយ​ប្រើ​ម្សៅ​ផាត់​រាល់ពេល​ឡើងឆាក​បានធ្វើ​ឱ្យស្បែក​មុខសាន​សាណា​ស្ងួតពុំ​មាន​សំណើម។ ជា​ហេតុ​ធ្វើឱ្យ​មានការ​ព្រួយ​បារម្ភ​ចំពោះ​ស្បែក​មុខ។ ដូចនេះ​សានសា​ណាបាន​ងាក​មកប្រើ​ឡេលាប​ស្បែក​មុខវិញ​ដោយ​លាប​នៅពេល យប់ ដើម្បី​ជួយឱ្យ​ស្បែកមុខ​មាន​ជាតិ​សំណើម ស្រស់​ស្អាត​តាមបែប​ធម្មជាតិ។
  • ការ​ថែរក្សា​ស្បែក​ដង​ខ្លួន ៖ ពេល​ចេញ​ទៅខាង​ក្រៅ សានសា​ណាបាន​ប្រើ​ឡេម្យ៉ាង​ដែលមាន​ជាតិ​ការពារ​ពន្លឺថ្ងៃ​ដែល​ធ្វើ​ឱ្យស្បែក​មិន​ក្រៀម​ស្ងួត​នៅពេល​ត្រូវ​កម្ដៅ​ថ្ងៃ តែឡេ​នេះមិន​បានជួយ​ឱ្យស្បែក​សទេ។ ពេល​នៅផ្ទះ​សានសា​ណាប្រើ​ឡេម្យ៉ាង​ទៀត ដែល​លាបទៅ​ជួយឱ្យ​ស្បែកមាន​ជាតិ​សំណើម ភ្លឺ​រលោង​ស្អាត។ រាល់ពេល​យប់​ក្រោយ​ពេលងូត​ទឹក​សម្អាត​ខ្លួន​ហើយ​សានសា​ណាយក ឡេមក​លាប​ពេញ​រាងកាយ​មុន​ពេល​ទទួល​ទាន​ដំណេក។
  • ការ​ថែរក្សា​ក្រចក​ដៃ​ជើង សានសា​ណា​ស្រឡាញ់​ក្រចក​ដៃជើង​ល្មម មិនវែង​ពេក ហើយ​ក៏មិន​ខ្លី​ពេកដែរ។ នៅ​ពេល​ចូលរួម​ក្នុងកម្ម​វិធី កញ្ញា​ចូលចិត្ដ​លាបថ្នាំ​ក្រចក​ពណ៌​ស និង​ពណ៌​ផ្កា​ឈូក ដោយ​លាបនៅ​ចុង​ក្រចក​ដៃ​រួចទើប​យក​ទឹក​រលោង​មក​លាប ពីលើ​ក្រចក​ដៃ។ រីឯ​ក្រចក​ជើង កញ្ញា​ចូលចិត្ដ​លាបថ្នាំ​ក្រចក​ពណ៌​ខ្មៅ​ដោយ​លាប​ពេញ​ក្រចក​បន្ទាប់​មកទើប​យកទឹក​រលោង​មក​លាប បន្ថែម​នៅលើ​ក្រចក​ជើង។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ការថែ​ទាំសុខ​ភាពរាង​កាយ

រាល់ថ្ងៃ​សានសា​ណាម​មាញឹក​ច្រើនក្នុង​អាជីព​ជាពិធី​ការិនី ដែល​ជួនកាល​ធ្វើឱ្យ​សាណា​ស្ទើរតែ​ភ្លេច​ញ៉ាំបាយ​ទឹក។ តែភាព​ហត់​នឿយ​ជុំវិញ​អាជីព​នេះ ក៏មិន​បានធ្វើ​ឱ្យ​កញ្ញា​ភ្លេចពី​ការថែ​ទាំ​សុខភាព​ដែរ។ រៀង​រាល់ថ្ងៃ​ទោះបី​ជាសាន​សាណា​មានពេល​ខ្លះភ្លេច ថែទាំ​សុខភាព​រាងកាយ ក៏មាន​លោកប៉ា​អ្នកម៉ាក់​របស់​កញ្ញា​ជួយ​រំលឹក​ដែរ។ ពេល​ល្ងាច​ត្រឡប់​មកពី​ធ្វើការ​វិញ​សានសា​ណា​ហាត់ ប្រាណ​ដូចជា​រាំជា​ដើម។ សានសា​ណា​ទទួល​ទាន​អាហារ​យ៉ាង​ទៀង​ទាត់ ៣ដង​ក្នុង​១ថ្ងៃ​ហើយ​កញ្ញា​មិនចូល​ចិត្ដ​អាហារ​ដែលមាន​ជាតិ ខ្លាញ់ទេ។ សានសា​ណា​ចូលចិត្ដ​ញ៉ាំ​ផ្លែឈើ និង​អាហារ​សាច់ បន្លែ​ច្រើន​ព្រោះ​ដើម្បី​ជួយឱ្យ​ស្បែក​មាន​សម្រស់។

បំណង​សម្រាប់​ថ្ងៃ​អនាគត

អាជីព​ជា​ពិធី​ការិនី​ពិតជា​មិនអាច​ឋិតថេរ​នោះទេ។ ប៉ុន្ដែ​សាន​សាណា​នៅតែ​ស្រឡាញ់​អាជីព​នេះ ហើយ​នៅតែ​បន្ដជា​ពិធី​ការិនី​រហូត​ទៀត ប្រសិន​បើមាន​ទូរទស្ស​និកជន​គាំទ្រ។ ទោះបី​ជាយ៉ាង​ណា​សានសា​ណា​ត្រូវការ​ភាពរីក​ចម្រើន​ទៅថ្ងៃ​អនាគត​ដោយ​ចង់មាន​ក្រុមហ៊ុន​ដើម្បី​ធ្វើ​ជំនួញ​មួយ។ នៅពេល​នេះ​កញ្ញា​មិនទាន់​ហ៊ាន​ប្រាប់​ដល់​ទូរទស្ស​និកជន​ថាជា​ជំនួញ​អ្វី​ឡើយ។

បណ្ដាំ​ផ្ញើ​របស់ ខៀវ សានសា​ណា

សម្រាប់​អ្នកដែល​មាន​រវល់​នឹងការ​ងារច្រើន សូម​ងាកមក​មើល​សុខភាព​ខ្លួនឯង​ផង​ព្រោះ​ប្រយ័ត្ន​សុខភាពទ្រុឌ​ទ្រោម​នាំឱ្យ​សម្រស់​ធ្លាក់ចុះ ហើយ​ថែម​ទាំងមាន​ផល​វិបាក​ទៅដល់​ការងារ​ជាច្រើន​ទៀត។ សម្រាប់​សុភាព​នារី​វិញ​ក្រៅពី​ចង់បាន​សុខភាព​មាំមួន ហើយ ត្រូវចេះ​ថែរក្សា​សម្ផស្ស​ផង កុំ​បណ្ដោយ​ឱ្យ​សម្រស់​ដ៏​ស្រស់​សោភា​ធ្លាក់ចុះ​ទៅតាម​អាយុ​កាលអី។ ចំណែក​ប្អូនៗ​ដែលជា​កុមារា កុមារី​កំពុង​សិក្សា​ត្រូវខិត​ខំរៀន​សូត្រ ព្រោះ​ប្អូនៗ​គឺជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ។

ការរៀប​រាប់ជូន​ខាងលើ​នេះ ជាការ​យល់​ឃើញ និង​ជាការ​អនុវត្ដ​ផ្ទាល់​របស់​កញ្ញា ខៀវ សានសា​ណា​តែ​ប៉ុណ្ណោះ។ សូម លោក​ស្រី​អ្នក​នាង​កញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ខៀវ សានសា​ណា ឈ្មោះ​ក្រៅ ៖ តុប ឬ ស្រី
  • អាយុ ៖ ២២ឆ្នាំ
  • កម្ពស់ ៖ ១,៥៥ ម៉ែត្រ
  • ទម្ងន់ ៖ ៤២ គីឡូ​ក្រាម
  • ទំហំ​ទាំងបី ៖ ៣២ ២៥ ៣៦
  • មានបង​ប្អូន ៖ ២នាក់ (ជាកូន​ទី២)
  • កម្រិត​វប្បធម៌ ៖ បរិញ្ញា​បត្រ​នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ទូរគម​នាគមន៍
  • អាជីព​បច្ចុប្បន្ន ៖ ជាពិធី​ការិនី​នៅ​ស្ថានី​យទូរ​ទស្សន៍ ស៊ីធី​អ៊ិន
  • ទីកន្លែង​កំណើត ៖ ភ្នំពេញ
  • ស្ថានភាព​គ្រួសារ ៖ នៅ​លីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *