អង្ករ ឬស្រូវសរីរាង្គ គឺជាផលិតផលមួយដែលផលិតតាមក្បួនខ្នាត និងគោលការណ៏ធម្មជាតិ ដោយពុំប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬជីគីមី ដែលនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ភាគច្រើននៃប្រជាជនជាង ៣ពាន់លាននាក់ នៅអាស៊ី (ពាក់កណ្តាលនៃប្រជាជនពិភពលោក) រស់នៅពឹងផ្អែកលើស្រូវ-អង្ករ ជាអាហារសំខាន់។ កសិករខ្មែរបានប្រើប្រាស់ថ្នាំពុលពីធម្មជាតិ និង វិធីសាស្រ្តផ្សែងៗទៀតដើម្បីការពារផលដំណាំ និង កសិផលផ្សែងៗ ពីការបំផ្លាញយាយីពីសំណាក់កត្តាចង្រៃ តាំងតែពីមុនពេលមានជីគីមី និងថ្នាំកសិកម្មមកម្លេះ។
បច្ចុប្បន្ន អ្នកចូលរួមប្រមាណ ៧០នាក់ រួមមានតំណាងកសិករផលិតស្រូវសរីរាង្គមកពីបណ្តាខេត្ត តំណាងមន្ទីរកសិកម្មខេត្ត តំណាងអគ្គនាយដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអង្គការកសិកម្មយុវសហគ្រិនអ្នកបរិភោគ បាននឹងបន្តចូលរួមអង្គសិក្ខាសាលាមួយស្តីអំពី “កែលម្អដំណាំស្រូវ និងជីវៈចម្រុះរបស់យើង” នៅការិយាល័យអង្គការសេដាក។
ដើម្បីឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់ស្រូវ-អង្ករ ចំពោះការចិញ្ចឹមជីវិត និងការរស់នៅរបស់ប្រជាជនអាស៊ី សកម្មភាពរួមគ្នាដើម្បី ដំណាំស្រូវ -Collective Rice Action (CORA) ឆ្នាំ ២០១២ បាននឹងកំពុងរៀបចំធ្វើដោយបណ្តាអង្គការមហាជនក្រុមកសិករ ក្រុមស្រ្តីជនបទ និងក្រុមអ្នកបរិភោគ ក្នុងប្រទេសចំនួន ១៤ នៅអាស៊ីរួមមានប្រទេស ចិន ជប៉ុន កូរ៉េ កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា ស្រីលង្កា នេប៉ាល់ ប៉ាគីស្ថាន បង់ក្លាដេស ម៉ាឡេស៊ី និងប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី ២២ ឧសភាដល់ថ្ងៃទី ០៥ មិថុនា ឆ្នាំ ២០១២ ក្រោមប្រធានបទ “កែលម្អដំណាំស្រូវ និងជីវៈចម្រុះរបស់យើង” ក្នុងគោលបំណងរួមមួយដើម្បីការពារសិទ្ធិប្រជាជនមានអាហារ គ្រាប់ពូជ ការចិញ្ចឹមជីវិត សុខភាព និងបរិស្ថានជីវៈចម្រុះ។នៅប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការនេះ អង្គការសេដាក នឹងរៀបចំសិក្ខាសាលាស្តីអំពី “ស្រែសរីរាង្គដើម្បីនិរន្តរភាពការចិញ្ចឹមជីវិត” នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១២ នៅការិយាល័យអង្គការសេដាក ក្រុងភ្នំពេញ ក្នុងគោលបំណងៈ
1. បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការធ្វើស្រែសរីរាង្គ
2. បង្ហាញបទពិសោធន៌របស់កសិករធ្វើស្រែសរីរាង្គ ដែលចូលរួមចំណែកក្នុងការលើកស្ទួយជីវភាពកសិករ
3. ផ្សព្វផ្សាយផែនការជំរុញការធ្វើស្រែសរីរាង្គ ដើម្បីនិរន្តរភាពការចិញ្ចឹមជីវិត និងសុវត្ថិភាពចំណីអាហារ។
គួររំលឹកថា ឥឡួវនេះនៅកម្ពុជា ស្រូវសរីរាង្គលក់បានថ្លៃជាងស្រូវធម្មតា ។ អ្នកជំនាញការផ្នែកអភិវឌ្ឍន៍បានលើកឡើងថាប្រទេសកម្ពុជាមានឱកាសដ៏ធំធេងក្នុងការឈានទៅកាន់ទីផ្សារសរីរាង្គពិភពលោក ហើយនឹងក្លាយជាសួនច្បារបៃតងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។
បច្ចុប្បន្នស្ថានភាពនៃការប្រើប្រាស់ជីគីមី និងថ្នាំកសិកម្មនៅកម្ពុជា កំពុងមានការចាប់អារម្មណ៍ពីស្ថាប័ន និងសារធារណជនផ្សេងៗជាច្រើន ហើយកន្លងមក ក៏មានការសិក្សាមួយចំនួនបានធ្វើឡើងដោយផ្ដោតសំខាន់ទៅលើទីផ្សារ ស្ថានភាពនៃការប្រើប្រាស់ និង ផលប៉ះរបស់ថ្នាំកសិកម្ម និងជីគីមីទៅលើគ្រួសារកសិករ ព្រមទាំងបានផ្តល់អនុសាសន៍ ដល់កសិករ យើងថា គួរតែអនុវត្ដតាមវិធានការចម្រុះគ្រប់គ្រងដំណាំ ឫប្រព័ន្ធប្រពលវប្បកម្មចម្រុះ និងជាពិសេសការផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា និងប្រជាកសិករទាំងឡាយងាកមកប្រើប្រាស់ជី និងថ្នាំពុលធម្មជាតិជំនួសជីគីមី និងថ្នាំពុលគីមីជំនួសវិញ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២
Leave a Reply