អាកាសធាតុនៅលើពិភពលោកប្រែប្រួលយ៉ាងឆាប់រហ័ស បានបង្ខំចិត្តមនុស្ស និងប្រទេសមួយចំនួនរិះរកគំនិតថ្មីៗដើម្បីទប់ទល់ទៅនឹងការប្រែប្រួលដ៏អាក្រក់នេះ។យ៉ាងណាមិញនៅពេលអាកាសធាតុក្តៅ អ្នកវិទ្យសាស្ត្របានខិតខំបង្កើតម៉ាស៊ីនត្រជាក់ កង្ហារជាដើម ដើម្បីបំបាត់ភាពក្តៅស្អុះស្អាប់។ រីឯនៅពេលមានខ្យល់ព្យុះ គេបានបង្កើតឧបករណ៍វាស់កម្រិតខ្យល់ព្យុះ ដើម្បីការពារនិងប្រកាសអាសន្នទុកជាមុនដល់ប្រជាជន។ ចុះបើអត់ភ្លៀងវិញ តើគេធ្វើដូចម្តេចវិញ? តើការបង្កើតរបស់ទាំងនោះមានប្រសិទ្ធភាព១០០% ដែលមិនធ្វើឲ្យមានផលប៉ះពាល់តបត្រឡប់មកវិញដែរឬទេ?
យោងតាមរបាយការណ៍ថ្មីមួយរបស់គេហទំព័រសារព័ត៌មានចិន Chinadaily កាលពី ថ្ងៃទី ២៣ ឧសភា ឆ្នាំ២០១២ថ្មីៗនេះ បានរាយការណ៍ឲ្យដឹងថា រដ្ឋាភិបាលប្រទេសចិននឹងបង្កើតបច្ចេកវិទ្យាថ្មីមួយដោយធ្វើឲ្យភ្លៀងសិប្បនិម្មិតចេញជារូបរាងឡើង នៅចន្លោះពី៣ទៅ៥ឆ្នាំខាងមុខទៀត ហើយធ្វើយ៉ាងណាឲ្យមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិកររបស់ខ្លួន។ ចំពោះវត្ថុធាតុដើម ដែលអាចធ្វើឲ្យគម្រោងខាងលើចេញជារូបរាងបាន មានដូចជាគ្រាប់រ៉ុកកែតជាង៧ពាន់គ្រាប់ យន្តហោះ ៥០គ្រឿងនិងត្រូវការកាំភ្លើងយ៉ាងហោចណាស់៧ពាន់ដើម ដើម្បីបាញ់សារធាតុ Silver iodide ទៅក្នុងពពកដើម្បីបង្កើតជាប្រតិកម្ម មានភ្លៀងធ្លាក់។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាប្រទេសមួយដែលធ្លាប់ទទួលរងគ្រោះធម្មជាតិនៅតំបន់ និងនៅខេត្តធ្វើកសិកម្មសំខាន់ៗមួយចំនួន និងធ្វើឲ្យមនុស្សសត្វ ស្លាប់បាត់បង់ជីវិតអស់ជាច្រើនផងដែរ។ មួយវិញទៀត ប្រទេសចិនក៏ជាប្រទេសមួយដែលទទួលរងពីការប្រែប្រួលអាកាសធាតុជាច្រើនផ្សេងទៀតដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងរញ្ជួយដីជាដើម។ ហើយកត្តាដែលនាំឲ្យអាកាសធាតុអាកាសនៅក្នុងប្រទេសចិន ទទួលរងការគម្រាមកំហែងយ៉ាងខ្លាំងនោះគឺដោយសារតែការរុករានយកដី និងកាប់ព្រៃឈើដើម្បីសាងសង់ទីក្រុងកាលពីជាង២ទសវត្សន៍មុន។ ទង្វើទាំងអស់នេះ បានធ្វើឲ្យអាកាសធាតុនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសចិនហួតហែងគ្មានភ្លៀង និងប្រែក្លាយពីដីមានជីជាតិទៅជាគ្មានជីជាតិ ដាំដំណាំអ្វីលែងកើត។
គួររំឮកផងដែរថា ដើម្បីសង្គ្រោះវិស័យកសិកម្មឡើងវិញ រដ្ឋាភិបាលចិនបានបញ្ចូលគម្រោងខាងលើនេះចូលទៅក្នុងគម្រោងថ្នាក់ជាតិ ដោយបានចំណាយថវិកាសរុបជិត ២៦៦លានដុល្លារអាមេរិកម្តងរួចទៅហើយកាលពី២ឆ្នាំមុនកន្លងទៅនេះ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២
Leave a Reply