មានបញ្ហាច្រើនណាស់ដែលមានការពាក់ព័ន្ធទៅនឹងកន្សោមនៃប្រដាប់ភេទរបស់បុរស។ ជម្ងឺក្លនក៏ជាជម្ងឺមួយប្រភេទដែរ ដែលតែងតែទាក់ទិនរវាងសរីរាង្គក្នុងពោះ និងកន្សោមពងស្វាស។ ចាស់បូរាណមួយចំនួនតែងនិយមហៅថាជម្ងឺក្លនលូន។ ជម្ងឺនេះ អាចកើតឡើងទាំងចំពោះក្មេងទាំងចំពោះមនុស្សវ័យចាស់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់ជីវិតផងដែរប្រសិនបើអ្នកជម្ងឺបណ្ដែត បណ្ដោយ មិនធ្វើការព្យាបាលឱ្យទាន់ពេលវេលា។
ទស្សនាវដ្ដី សុខភាពយើង លេខនេះបានជួបសម្ភាសលោកវេជ្ជបណ្ឌិត កែវ ការីណូជាប្រធានផ្នែកម៉ូត្រសាស្ដ្រនៃមន្ទីរពេទ្យ ព្រះកុសុមៈ ដើម្បីចែករំលែកព័ត៌មានស្ដីអំពីជម្ងឺក្លនលូនជូនប្រិយមិត្ដអ្នកអានបានជ្រាប។
អ្វីជាជម្ងឺក្លន?
ខ្មែរយើងតែងហៅជាសាមញ្ញថាជម្ងឺក្លន ឬក្លនលូន ឯនៅក្នុងភាសាបច្ចេកទេសរបស់បារាំងហៅថា អ៊ែកនី។ ជម្ងឺក្លនអាច ចាប់ផ្ដើមកើតមានឡើងចំពោះក្មេងតាំងពីកំណើតមកម្ល៉េះ ដោយសរីរាង្គក្នុងពោះធ្លាក់ចូលទៅក្នុងប្លោកពងស្វាសដែលច្រើនតែជា ស្រទាប់អេពីប្លុង និងពោះវៀនតូច។ ជម្ងឺក្លនមានពីរកម្រិត ៖
1 . ក្លនប្រភេទទី១ ឬអ៊ែកនីអាំងហ្គុយណាល់ ៖ ជាប្រភេទក្លនលូនដែលសរីរាង្គក្នុងពោះធ្លាក់ដល់បំពង់អាំងហ្គុយណាល់
2 . ក្លនប្រភេទទី២ ឬអ៊ែកនីអាំងហ្គុយណូស្កូតាល់ ៖ ជាប្រភេទក្លនលូនដែលសរីរាង្គក្នុងពោះធ្លាក់ចូលដល់ប្លោកពងស្វាស។
បំពង់អាំងហ្គុយណាល់ ជាផ្លូវដែលពងស្វាស បំពង់មេជីវិត សរសៃឈាមនិងសរសៃប្រសាទធ្លាក់ចុះមកផ្នែកខាងក្រោម (ប្លោកពងស្វាស)។ ជាទូទៅបំពង់អាំងហ្គុយណាល់នេះបិទជិតបន្ដិចម្ដងៗ ពេលទារកជិតកើតឬប្រសូតពីផ្ទៃម្ដាយទើបបិទជិតជា ស្ថាពរពេលទារកប្រសូតរួច។ ក្នុងករណីបិទមិនជិតដោយសារតែការវិវត្ដយឺត អាចនាំឱ្យកើតជម្ងឺក្លន។ ទន្ទឹមនឹងការបិទមិនជិតនៃ បំពង់អាំងហ្គុយណាល់ ប្រសិនបើក្មេងយំច្រើន មានជម្ងឺក្អកយូរអង្វែងក៏ជាហេតុធ្វើឱ្យមានសម្ពាធក្នុងពោះខ្លាំង ដែលអាចរុញច្រានធ្វើ ឱ្យសរីរៈផ្សេងៗ ដូចជាស្រទាប់អេពីប្លុង ពោះវៀនតូច ពោះវៀនធំនិងខ្នែងពោះវៀនជាដើម ងាយធ្លាក់ចូលទៅក្នុងប្លោកពងស្វាស។ ការធ្លាក់ចូលនេះហើយដែលហៅថាជម្ងឺក្លន ឬក្លនលូន។ ម្យ៉ាងវិញទៀតមនុស្សពេញវ័យ ឬមនុស្សចាស់ដែលធ្វើការធ្ងន់ ខំប្រឹងធ្វើអ្វី មួយ មានប្រព័ន្ធអាំងហ្គុយណាល់ខ្សោយឬខណៈពេលដែលក្នុងពោះមានសម្ពាធខ្លាំង ក៏អាចមានចលនារុញច្រានសរីរាង្គក្នុងពោះឱ្យ ចូលទៅក្នុងប្លោកពងស្វាសបង្កើតជាជម្ងឺក្លនបានដែរ។
រោគសញ្ញាជម្ងឺក្លន
ចំពោះមនុស្សពេញវ័យ គេអាចសង្កេតលក្ខណៈក្លនលូនបានដោយខ្លួនឯង។ ប៉ុន្ដែចំពោះកុមារដែលពុំទាន់ដឹងក្ដីគឺអាណា ព្យាបាលទើបអាចដឹងដោយប្រើការសង្កេតទៅលើលក្ខណៈខុសប្រក្រតីមួយចំនួន។
- នៅផ្នែកខាងក្រោមនៃពោះខាងឆ្វេង ឬខាងស្ដាំ នឹងឡើងប៉ោងជាងម្ខាងទៀត ពិសេសពេលវាយំ ពេលក្អកឬពេលប្រឹង។ ហើយជួនកាលវាអាចឡើងប៉ោងទាំងសងខាងដែរ ប៉ុន្ដែមានពេលខ្លះអាចស្រករាបទៅវិញជាពិសេសពេលឈប់យំ ពេលដេកផ្ងារលើ ផ្ទៃរាប ឬពេលយកម្រាមដៃសង្កត់បញ្ចូលតិចៗ
- ករណីក្លនលូនដែលសរីរាង្គធ្លាក់ចូលដល់ប្លោកពងស្វាស នោះប្លោកពងស្វាសនឹងឡើងធំ អាចតែម្ខាងឬទាំងសងខាង
- អាចមានការចុកចាប់ខ្លាំងនៅពេលដែលសរីរាង្គធ្លាក់ចូលក្នុងប្លោកពងស្វាសហើយវាមិនអាចលូនត្រឡប់មកក្នុងពោះវិញ នោះទេ។ ជាហេតុបង្កឬធ្វើឱ្យស្ទះផោម និងការធ្លាក់ចុះនូវលាមកក្នុងពោះវៀន
- អាចមានការក្អួតចង្អោរ ក្រោយពីមានការស្ទះដោយសារការបត់ពោះវៀននៅក្នុងប្លោកពងស្វាស
ការព្យាបាលជម្ងឺក្លន
កន្លងមកមានការព្យាបាលតាមបែបបូរាណ ដូចជាការពាក់ក្រវិលម្ខាង ការអុចតាមសរសៃ ឆ្កឹះឬកាយសរសៃក្បែរៗបរិវេណប្រដាប់ភេទជាដើម។ បើមិនដូច្នោះទេគេប្រើបង់ដារុំព័ទ្ធជុំវិញចង្កេះ ដើម្បីរឹតមិនឱ្យមានការឡើងប៉ោងនិងធ្លាក់ពោះវៀនចូល ទៅក្នុងប្លោកពងស្វាស តែពុំមានប្រសិទ្ធភាពឡើយ។ ការព្យាបាលតាមបែបវេជ្ជសាស្ដ្រទំនើបគឺជាការវះកាត់ដើម្បីធ្វើការព្យាបាល។ ក្នុងករណីដែលជម្ងឺកាន់តែធ្ងន់ ដោយមានការចុកចាប់ ដែលបណ្ដាលមកពីការស្ទះពោះវៀនអាចត្រូវធ្វើការព្យាបាលទាំងពោះវៀន ឬអាចកាត់តពោះវៀនក៏មាន។ ចំពោះការវះកាត់ព្យាបាលនេះអាចធ្វើបានចំពោះអ្នកជម្ងឺគ្រប់វ័យដោយរាប់បញ្ចូលទាំងក្មេងតូចផង ដែរ។ នេះជាមធ្យោបាយប្រសើរមួយដែរ។ ប្រសិនបើអ្នកជម្ងឺឆាប់ទៅទទួលសេវាវះកាត់ព្យាបាល ជាពិសេសអ្នកជម្ងឺដែលនៅក្មេង មានជម្ងឺមិនទាន់ធ្ងន់ធ្ងរ ដោយមុខរបួសវះកាត់ព្យាបាលឆាប់ជាសះស្បើយ។
ផលប៉ះពាល់នៃជម្ងឺក្លន
ដំណាក់កាលដំបូងនៃជម្ងឺក្លន ពេលខ្លះឈឺ ពេលខ្លះបាត់ឈឺ ឬមានអាការធម្មតាដូចមិនមានអ្វីកើតឡើងនោះទេ។ អ្នកជម្ងឺ មួយចំនួនយល់ច្រឡំថា ឈឺពោះបន្ដិចបន្ដួចធម្មតា។ ប៉ុន្ដែនៅពេលដែលអាការជម្ងឺកាន់តែធ្ងន់ធ្ងរទើបអ្នកជម្ងឺស្វែងរកសេវាព្យាបាល។ នៅក្នុងដំណាក់កាលធ្ងន់ធ្ងរនេះ ការសង្គ្រោះរបស់គ្រូពេទ្យជំនាញកាន់តែពិបាកនិងអាចមានផលប៉ះពាល់កាន់តែច្រើនដែរ។
- លាមកដែលស្ទះជាប់ក្នុងពោះវៀនបត់ជាប់ក្នុងប្លោកពងស្វាស អាចបង្កឱ្យមានមេរោគរីករាលដាលកាន់តែច្រើននិងអាច បង្កគ្រោះថ្នាក់ដល់ពងស្វាសថែមទៀតផង
- អ្នកជម្ងឺមានការឈឺចុកខ្លាំង ក្នុងដំណាក់កាលធ្ងន់ធ្ងរ
- អ្នកជម្ងឺអាចរលាកជាំពោះវៀន និងអាចរលួយដាច់ពោះវៀន
- អ្នកជម្ងឺអាចត្រូវវះកាត់តពោះវៀនដែលខូចធ្ងន់ធ្ងរ
- ជួនកាលអ្នកជម្ងឺអាចប៉ះពាល់ដល់សមត្ថភាពបន្ដពូជ
- អ្នកជម្ងឺត្រូវឆ្លងកាត់ការវះកាត់ព្យាបាលជាចាំបាច់
- អ្នកជម្ងឺអាចស្លាប់បាន ប្រសិនបើមានការធ្វេសប្រហែស
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើលោកអ្នកមានកូនដែលកើតជម្ងឺក្លន ឬបុរសទាំងឡាយដែលកើតជម្ងឺនេះសូមកុំមានការបារម្ភភ័យខ្លាចនូវការ វះកាត់ព្យាបាល ព្រោះថាការវះកាត់ព្យាបាលបានឆាប់គឺជាវិធីដ៏ប្រសើរក្នុងការបង្ការមិនឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។ ម្យ៉ាងទៀតការវះកាត់ ព្យាបាលនេះជាវិធីដ៏មានប្រសិទ្ធភាព ប្រើពេលប្រមាណជា១ម៉ោងតែប៉ុណ្ណោះនិងអាចជាសះស្បើយក្នុងរយៈពេល១សប្ដាហ៍ក្រោយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply