សម្រាមត្រូវបានគេរាប់បញ្ចូលនូវរបស់របរគ្រប់យ៉ាងដែលត្រូវបានគេបោះបង់ចោល ហើយអាចរលួយនិងបង្កឱ្យមានក្លិន មិនល្អ ក្លិនស្អុយជាដើម។ ក្លិនរបស់សម្រាមពុំមែនជាមេរោគទេប៉ុន្ដែក្លិនអាក្រក់ទាំងនោះអាចជះឥទ្ធិពលអាក្រក់ដល់ប្រព័ន្ធដង្ហើម ពិសេសសួត។ ការជះឥទ្ធិពលអាក្រក់នេះធ្វើឱ្យសួតមានសុខភាពមិនល្អ ទន់ខ្សោយហើយក៏អាចឱ្យមេរោគឱកាសនិយមចូលទៅបង្ក ជម្ងឺផ្សេងៗបានដែរ។
ដើម្បីដឹងថាក្លិនសម្រាមអាចធ្វើឱ្យមានផលប៉ះពាល់អាក្រក់យ៉ាងណាខ្លះដល់សុខភាពសួតនោះ លោកវេជ្ជបណ្ឌិត នីចន្ទី ប្រធានផ្នែកជម្ងឺសួតនៃមន្ទីរពេទ្យព្រះកុសុមៈបានបកស្រាយជូនប្រិយមិត្ដអ្នកអានតាមរយៈទស្សនាវដ្ដី សុខភាពយើង។
តួនាទីរបស់សួត
សួតមានតួនាទីសំខាន់ណាស់ពាក់ព័ន្ធទៅនឹងប្រព័ន្ធដកដង្ហើម ជាអ្នកស្រូបយកនូវឧស្ម័នអុកស៊ីហ្សែនដើម្បីចិញ្ចឹមសព៌ាង្គ កាយ និងបញ្ចេញចោលមកវិញនូវឧស្ម័នកាបូនិចមកខាងក្រៅ។ ម្យ៉ាងទៀត សួតប្រៀបដូចជាតម្រងត្រងនិងច្រោះឧស្ម័នដែលដក ដង្ហើមចូលទៅ។ កាលណាឧស្ម័នដែលដកដង្ហើមចូលទៅមានផ្សែងពុល(ដូចជាផ្សែងបារីផ្សែងរថយន្ដ)មានផ្ទុកមេរោគផ្សេងៗ និង មានក្លិនមិនល្អនោះ សួតរលាក ហើម និងអាចមានជម្ងឺផ្សេងៗ ដោយសារតែសារធាតុពុលក្លិនមិនល្អ និងមេរោគទាំងនោះ។ ចំពោះ លោកអ្នកដែលជក់បារី តាមក្បួនវេជ្ជសាស្ដ្រគេសង្កេតឃើញថាសួតមានពណ៌ក្រមៅពោរពេញទៅដោយជ័រថាដែលបណ្ដាលមកពី ផ្សែងបារី និងមានជម្ងឺច្រើនប្រភេទទៀតផង។
ផលប៉ះពាល់នៃក្លិនសម្រាម
សម្រាម និងក្លិនអាចបង្កជម្ងឺផ្សេងៗ ដូចជារលាកផ្លូវដង្ហើម ឈឺក្បាល វិលមុខ និងមានជម្ងឺផ្នែកផ្លូវដង្ហើមជាដើម។ សម្រាម ជាប្រភពនៃមេរោគទាំងឡាយ ឯក្លិននៃសម្រាមដែលបានមកពីការផ្អាប់រលួយនៃរបស់ប្រើប្រាស់កាកសំណល់ផ្សេងៗឬបានពីផ្សែង នៃការដុតបំផ្លាញសម្រាមទាំងនោះ ក៏អាចបង្កគ្រោះថ្នាក់បានដែរ។ ក្លិនស្អុយ ក្លិនឆ្អេះឆ្អាប ក្លិនឈ្ងៀមនិងក្លិនដែលមិនប្រក្រតីនៃ សម្រាមថ្វីត្បិតពុំមែនជាមេរោគប៉ុន្ដែការដកដង្ហើមក្លិនមិនល្អទាំងនោះចូលពីមួយថ្ងៃទៅមួយថ្ងៃរយៈពេលយូរនឹងអាចធ្វើឱ្យប្រព័ន្ធផ្លូវ ដង្ហើមមានបញ្ហា ពិសេសគឺសួត។ ទងសួត និងសួតមានប្រតិកម្មនឹងក្លិននោះបន្ដិចម្ដងៗធ្វើឱ្យកោសិកាសួតក្រិន និងអាចមានជម្ងឺ រលាកសួតរ៉ាំរ៉ៃ ជម្ងឺហឺតជាដើម។ ប្រភេទជម្ងឺទាំងនេះធ្វើឱ្យអ្នកជម្ងឺឈឺបន្ដិចម្ដងៗនៅពេលសុខភាពចាប់ទ្រុឌទ្រោមទើបលេចចេញជា រោគសញ្ញា។
ផលវិបាកនៃជម្ងឺដែលបង្កដោយក្លិនសម្រាម
អ្នកជម្ងឺហត់ខ្លាំង មានក្អក ដែលច្រើនធ្វើទុក្ខនៅពេលយប់។ បើព្យាបាលមិនទាន់ពេលវេលាអ្នកជម្ងឺអាចស្ទះដង្ហើមដោយ សារការរួមត្បៀតនៃទងសួត និងភាពមិនប្រក្រតីនៃចលនារបស់សួត។ អ្នកជម្ងឺត្រូវសម្រាកនៅមន្ទីរពេទ្យតាមការកំណត់របស់ពេទ្យ ត្រូវលេបថ្នាំក្នុងរយៈពេលយូរ។ ទន្ទឹមនឹងអ្នកជម្ងឺទទួលទានអាហារមិនសូវបាន ស្រកទម្ងន់និងមានផលរំខានដល់ការបំពេញការងារ អាជីវកម្ម និងការសិក្សាទៀតផង។
ការព្យាបាលជម្ងឺដែលបង្កដោយក្លិនសម្រាម
ការព្យាបាលត្រូវចាប់ផ្ដើមពីការលុបបំបាត់មូលហេតុបង្ក។ បន្ទាប់មកសន្និដ្ឋានពីកម្រិតជម្ងឺដូចជារលាកទងសួតឬសួតផ្ទាល់ ជម្ងឺហឺតជាដើមដោយការប្រើឧបករណ៍ទំនើប និងជំនាញផ្ទាល់របស់គ្រូពេទ្យ។ ករណីជម្ងឺហឺតនិងជម្ងឺសួតឈានដល់ដំណាក់កាល ធ្ងន់ធ្ងរ ការព្យាបាលត្រូវប្រើពេលយូរ ជួនអាចត្រូវព្យាបាលរហូតមួយជីវិតតែម្ដង។ អ្នកជម្ងឺនឹងត្រូវដាក់ថ្នាំប្រភេទវ៉ង់តូលីនតាម ហោប៉ៅជានិច្ច ដោយបាញ់បញ្ចូលទៅផ្លូវដង្ហើមតាមរយៈមាត់ដើម្បីជំនួយដល់បំពង់ខ្យល់ពេលស្ទះឬថប់ដង្ហើម ឬពេលជម្ងឺរើឡើងវិញ ជាយថាហេតុ។ ថ្នាំប្រភេទនេះប្រើដើម្បីជួយឱ្យទងសួត ឬកន្លែងហើមស្រកនិងបើកឡើងវិញ។ ប៉ុន្ដែថ្នាំវ៉ង់តូលីន(ស្ប្រ៉ាយ)នេះមិន អាចព្យាបាលជម្ងឺ និងអ្នកជម្ងឺឱ្យជារហូតបានទេអាចជួយអ្នកជម្ងឺបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ ដោយសារជម្ងឺនេះអាចត្រូវ ព្យាបាលអស់មួយជីវិត ត្រូវប្រើថ្នាំឱ្យបានសមស្របចៀសវាងខូចសុខភាពដោយសារថ្នាំដែរ។ ដោយឡែកសម្រាប់ថ្នាំចាក់ប្រើនៅ ពេលដែលជម្ងឺធ្វើទុកប៉ុណ្ណោះ។
វិធីបង្ការជម្ងឺដែលបង្កដោយក្លិនសម្រាម
លោកអ្នកគួរធ្វើអនាម័យឱ្យបានល្អទាំងក្នុង និងក្រៅផ្ទះ ពោលគឺកុំផ្អាប់ទុកកម្ទេចកម្ទីបន្លែ កាកសំណល់អាហារនិងសម្រាម យូររហូតរលួយមានក្លិនមិនល្អជះចេញមកដល់ច្រមុះ ដោយមិនត្រូវនៅទ្រាំហិតក្លិនទាំងនោះទេ។
ដំបូន្មានអ្នកជំនាញ
ក្លិនសម្រាមអាចបណ្ដាលឱ្យសួតរលាក ក្លាយជាជម្ងឺហឺតជាដើម។ ជម្ងឺហឺតនេះទៀតសោតអាចនឹងត្រូវព្យាបាលអស់មួយ ជីវិត។ ដូច្នេះលោកអ្នកត្រូវចេះបង្ការ ព្រោះការពារប្រសើរជាងព្យាបាល។ ការធ្លាក់ខ្លួនឈឺហើយទើបស្វែងរកសេវាព្យាបាល មិនមែន ជារឿងងាយស្រួលឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply