លោកអ្នកនាងជាពិសេសសុភាពនារីប្រហែលជាចង់ទទួលជ្រាបអំពីបញ្ហាគ្រោះថ្នាក់ ដែលនាំឱ្យបាត់បង់កូនរបស់ស្ដ្រីមានផ្ទៃ ពោះ។ នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើង បានការសហការណ៍ពីលោកស្រីវេជ្ជបណ្ឌិត ប៉ែន រិកស៊ីអ្នកជំនាញខាងសម្ភព និងរោគស្ដ្រី នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
កូនស្លាប់ក្នុងពោះ
កូនស្លាប់ក្នុងពោះជាកូនដែលបាត់បង់ជីវិតនៅក្នុងពោះខណៈពេលដែលគភ៌កំពុងវិវឌ្ឍន៍ដោយពុំទាន់ខ្ជាក់ចេញភ្លាមៗទេ។ ជាទូទៅរយៈពេលដែលកូនស្លាប់ក្នុងពោះរហូតដល់ពេលវាខ្ជាក់មានលើសពី៤៨ម៉ោង។
មូលហេតុដែលនាំឱ្យកូនស្លាប់ក្នុងពោះ
កន្លងមកមានការពិបាកក្នុងការវិនិច្ឆ័យអំពីហេតុផលដែលបណ្ដាលឱ្យទារកស្លាប់ក្នុងពោះណាស់។ តាមបទពិសោធផ្ទាល់ របស់លោកស្រីវេជ្ជបណ្ឌិត ប៉ែន រិកស៊ី បានឱ្យដឹងថាមានមូលហេតុមួយដែលឧស្សាហ៍ជួបប្រទះញឹកញាប់ជាងគេនោះគឺការខូចតម្រង នោម និងខូចសរសៃឈាមរបស់ស្ដ្រីជាម្ដាយ។ ក្រៅពីនេះនៅមានហេតុផលមួយចំនួនទៀតដូចតទៅ។
- ស្ដ្រីជាម្ដាយមានកង្វះអាហារូបត្ថម្ភ ធ្វើការហួសកម្លាំង ការប៉ះទង្គិចនៅបរិវេណផ្ទៃពោះធ្ងន់ធ្ងរជាដើម
- អាចបណ្ដាលមកពីទារកផ្ទាល់ ដោយសារបញ្ហាមិនប្រក្រតីណាមួយនៃការលូតលាស់របស់វា
- អាចបណ្ដាលមកពីសុករបស់ម្ដាយមិនមានលក្ខខណ្ឌអនុគ្រោះដល់ការលូតលាស់របស់ទារក
រោគសញ្ញានៃការស្លាប់កូនក្នុងពោះ
គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់អាចធ្វើការកត់សម្គាល់ដោយខ្លួនឯង ដើម្បីឱ្យដឹងថាទារកក្នុងផ្ទៃនៅមានជីវិតដែរឬទេ។ ចំណុចគន្លឹះសម្រាប់សម្គាល់មានដូចជា ៖
- ទំហំនៃស្បូន ឬក៏ផ្ទៃពោះមិនបានរីកធំសមទៅតាមអាយុនៃគភ៌
- ទំហំនៃស្បូន ឬក៏ផ្ទៃពោះរួមតូច
- ក្នុងករណីដែលគភ៌មានអាយុពី៥ខែឡើងទៅ ទារកនឹងមិនបម្រះទៀតទេ។
- ក្នុងករណីដែលគភ៌មានអាយុពី៥ខែចុះ អាការចាញ់កូនដែលមានជាប្រចាំនោះនឹងបាត់ទៅវិញ។ គ្រប់យ៉ាងត្រឡប់មកដូច មនុស្សគ្មានផ្ទៃពោះ។
- ស្ដ្រីជាម្ដាយអាចធ្លាក់ឈាម អស់កម្លាំងល្ហិតល្ហៃ
- ប្រសិនបើការស្លាប់របស់ទារកក្នុងរយៈពេលយូរនៅក្នុងពោះ អាចធ្វើឱ្យស្ដ្រីមានអាការក្ដៅខ្លួនស្រៀវស្រាញព្រោះទារកក្នុងផ្ទៃចាប់ផ្ដើមករោគ។
គេអាចដឹងច្បាស់ថាទារកក្នុងផ្ទៃមានជីវិត ឬគ្មានយ៉ាងច្បាស់លាស់ ដោយការពិនិត្យឆ្លុះអេកូសាស្ដ្រដែលអាចរកមិនឃើញ ចលនាបេះដូងកូនឡើយ ចំណែកឯថង់ទឹកភ្លោះប្រែជាជ្រីវជ្រួញលែងមូលល្អ។
ផលវិបាកនៃការស្លាប់កូនក្នុងពោះ
បញ្ហាគ្រោះថ្នាក់គឺអាស្រ័យលើករណីនីមួយៗនៃការស្លាប់របស់កូន។ ប្រសិនបើកូនស្លាប់ហើយទឹកភ្លោះមិនទាន់បែកឬមិន មានធ្លាក់ឈាមនោះ គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ។ ប៉ុន្ដែបើសិនជាទឹកភ្លោះបែកត្រូវប្រញាប់ទៅមន្ទីរពេទ្យព្រោះបើទុកយូរអាច បណ្ដាលឱ្យឆ្លងរោគ ឬធ្លាក់ឈាមធ្ងន់ធ្ងរ(ដោយខូចខាតកត្ដាឃាត់ឈាម)នាំឱ្យមានគ្រោះថ្នាក់បាន។
ដំបូន្មានអ្នកជំនាញ
ដោយសារតែនៅពេលមានផ្ទៃពោះស្ដ្រីងាយរងនូវកត្ដាគ្រោះថ្នាក់ជាច្រើននោះ ទើបស្ដ្រីត្រូវចាំបាច់ទៅពិនិត្យជាប្រចាំ។ នេះ ជាសំណូមពរដ៏ទទូចរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា។ ដូចនេះសូមស្ដ្រីទាំងអស់ លះបង់ភាពខ្មាសអៀន និងពេលវេលាបន្ដិចបន្ដួចដើម្បីសុវត្ថិភាពខ្លួនឯងក៏ដូចជាទារកក្នុងផ្ទៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply