ស្ដ្រី​ពពោះ​អាយុ​លើស​៣៥ឆ្នាំ​ច្រើន​តែមាន​គ្រោះ​ថ្នាក់

នៅពេល​ដែលមាន​ផ្ទៃពោះ​គ្រប់​ស្ដ្រី​ចាំបាច់​ត្រូវទៅ​ជួប​គ្រូពេទ្យ ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ដែល​កើត​មាន ឡើង​ចំពោះ​ម្ដាយ និងកូន​ក្នុងផ្ទៃ។ ជា​ដំបូង​គ្រូពេទ្យ​វាយ​តម្លៃ​ទៅលើ​កត្ដា​ដែល​អាចនាំ​ឱ្យមាន​គ្រោះថ្នាក់​សម្រាប់​ម្ដាយ​និង​ទារក ដែលនៅ​ក្នុងផ្ទៃ។ មាន​បញ្ហា​ជាច្រើន​ដែលអាច​បង្ក​គ្រោះ​ថ្នាក់​បាន​ក្នុងនោះ​អាយុ​របស់​ម្ដាយក៏​ជាកត្ដា​មួយ​ដែល​គួរឱ្យ​ព្រួយ​បារម្ភ។ ការ មាន​ផ្ទៃពោះ​នៅពេល​ដែល​មាន​អាយុ​តិច ឬច្រើន​អាចនាំ​ឱ្យមាន​បញ្ហា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ទាំងម្ដាយ​និងកូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ស្វែងយល់​ជាមួយ​ទស្ស​នាវដ្ដី សុខភាព​​​​​យើង តាមរយៈ​អត្ថ​បទ​ការព​ពោះ​នៅវ័យ​ចំណាស់​មាន​គ្រោះ​ថ្នាក់​ដែលជា បទ​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រ​ចារ្យ លៀង ច័ន្ទរិទ្ធ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។

បញ្ហា​របស់​ស្ដ្រី​វ័យ​ចំណាស់

ជា​ធម្មតា​មនុស្ស​គ្រប់រូប​នៅពេល​ដែល​ឈាន​ដល់​អាយុ​ចាប់ពី​៣៥​ឆ្នាំឡើង​ទៅ គេចាត់​ទុកថា​ជា​វ័យ​ចំណាស់។ វ័យនេះ​លោក អ្នក​ទាំង​ប្រុស​ទាំងស្រី​ភាគ​ច្រើន​ជួប​បញ្ហា​មិន​ប្រក្រតី​ផ្នែក​សុខភាព ដោយ​ត្រូវ​ប្រឈម​មុខនឹង​ជម្ងឺ​មួយ​ចំនួន​ដូចជា​ជម្ងឺ​លើស​ឈាម ទឹកនោម​ផ្អែម ទឹកនោម​ប្រៃ បេះដូង ឈឺ​សន្លាក់​ជាដើម។ ក្នុង​ករណី​ដែលស្ដ្រី​នោះមិន​មានផ្ទៃ​ពោះ​កម្រិត​​​នៃការ​ប្រឈម​មុខនឹង គ្រោះ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។ ផ្ទុយទៅ​វិញបើ​ស្ដ្រីស្ថិត​នៅក្នុង​វ័យនេះ​ហើយ​ថែមទាំង​ពពោះ​ទៀត​នោះ អត្រា​នៃគ្រោះ​ថ្នាក់​កើនឡើង​ទ្វេ ដង​លើស​ស្ដ្រី​ធម្មតា។ សណ្ឋាន​ពពោះ​ត្រូវបាន​បែងចែក​ជាពីរ​ដំណាក់​កាល។

  • ស្ដ្រី​ដែលមាន​កូន​ដំបូង​នៅពេល​មាន​អាយុ​លើស​ពី៣៥​ឆ្នាំ
  • ស្ដ្រី​ដែលមាន​កូនចុង​ក្រោយ​នៅពេល​មាន​អាយុ​លើសពី​៤០ឆ្នាំ

គ្រោះ​ថ្នាក់​ដែល​កើត​លើការ​ពពោះ​របស់​ស្ដ្រី​ចំណាស់

មិនមែន​គ្រប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​នៅពេល​មាន​អាយុ​លើសពី​៣៥ឆ្នាំ​សុទ្ធតែ​មានគ្រោះ​ថ្នាក់ទាំង​អស់នោះ​ទេ។ លោកអ្នក ដឹងទេ​ថា​ជារៀង​រាល់ថ្ងៃ​នៅ​ទូទាំង​ពិភព​លោក​មាន​ស្ដ្រី​ប្រហែល​១៤០០​នាក់​ស្លាប់​ដោយ​បញ្ហា​ដែល​ទាក់ទង​នឹងការ​មាន​ផ្ទៃពោះ និង ការ​សម្រាល​កូន។ មាន​ស្ដ្រីរាប់​ម៉ឺន​អ្នក​ជួប​ប្រទះ​នឹង​ផល​វិបាក​ក្នុង​ពេលមាន​ផ្ទៃពោះ​ដែល​គំរាម​កំហែង​ដល់​ជីវិត​ស្ដ្រី និង​ទារក ឬក៏ បន្សល់​ឱ្យពួក​គេនូវ​ពិការ​ភាព​ធ្ងន់ធ្ងរ។ បញ្ហា​សំខាន់ៗ​នៃគ្រោះ​ថ្នាក់នោះ​រួមមាន​គ្រោះថ្នាក់​ចំពោះ​ម្ដាយ​និង​គ្រោះ​ថ្នាក់​ចំពោះ​ទារក។

1 . គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ

ស្ដ្រីជា​ម្ដាយ​មាន​អត្រា​គ្រោះ​ច្រើន​ជាងកូន ដែល​ជួន​កាល​អាច​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ទៀង​ផង​បើ​ជួយ​សង្គ្រោះ​មិនទាន់ ពេល​វេលា។

  • អាចមាន​បញ្ហា​រលូត​កូន ព្រោះ​តាមការ​សិក្សា​បាន​បញ្ជាក់​ឱ្យដឹង​ថា​ស្ដ្រី​ដែល​អាយុ​លើសពី​៤០ឆ្នាំ​ឡើងទៅ​អាច​ប្រឈម មុខនឹង​បញ្ហា​រលូត​កូន​រហូត​ដល់៥០​ភាគរយ​ឯណោះ។
  • មិនអាច​សម្រាល​តាម​ធម្មតា​បាន ហើយ​ចាំបាច់​ត្រូវ​វះកាត់​ព្រោះ​ស្ដ្រីជា​ម្ដាយ​អាចមាន​ជម្ងឺ​ផ្សេងៗ​ដូចជា​ជម្ងឺ​លើស​ឈាម ទឹកនោម​ផ្អែម​ជាដើម។
  • ស្ដ្រីខ្លះ​មានជម្ងឺ​ទឹកនោម​ផ្អែម​ហើយ​មាន​ផ្ទៃពោះ ឬមាន​ផ្ទៃពោះ​ហើយ​ទើបមាន​ជម្ងឺ​ទឹកនោម​ផ្អែម​នោះជា​ហេតុផល​មួយ ដែល​ធ្វើឱ្យ​ស្ដ្រីមាន​បញ្ហា​ក្រឡា​ភ្លើង​នៅពេល​សម្រាល
  • មាន​បញ្ហា​កើតមិន​គ្រប់ខែ ទោះបី​ជាស្ដ្រី​នោះ​ព្យាយាម​ប្រតិ​បត្ដិ​តាម​វេជ្ជ​បញ្ជា​យ៉ាងណា​ក៏ដោយ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

2 . គ្រោះថ្នាក់​ចំពោះ​កូន

កូន​ដែល​កើតមក​ពីម្ដាយ​ដែល​មាន​អាយុ​ច្រើន​អាចមាន​បញ្ហា​មួយ​ចំនួន​ដូចជា ៖

  • កូន​កើតមក​មិន​គ្រប់​លក្ខណៈ​ដែល​ទាក់ទង​ទាំង​ស្រុងទៅ​នឹងហ្សែន​ក្រូម៉ូ​សូម​ដែល​នៅក្នុង​ខ្លួនស្ដ្រី​ជាម្ដាយ​នោះ​ផ្ទាល់តែ​ម្ដង ដោយ​មិនមែន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ចំណី​អាហារ ឬក៏​បរិស្ថាន​នោះទេ។ ហេតុ​ផល​ទាំងនេះ​អាចនាំ​ឱ្យមាន​បញ្ហា​ខាង​ប្រាជ្ញា​ស្មារតី មិន ឆ្លាត ឬមិន​រហ័ស​រហួន រៀន​មិនចេះ​ជាដើម
  • ទារក​នៅក្នុង​ផ្ទៃមិន​សូវ​លូតលាស់​បានល្អ ជាហេតុ​ធ្វើឱ្យ​ទារក​កើតមក​មាន​ទម្ងន់​តិចជាង​២គីឡូ​ក្រាម​កន្លះ
  • អាចមាន​បញ្ហា​មរណៈ​ភាព​របស់​កុមារ​(កូនកើត​មកស្លាប់​)ច្រើន​ជាងចំណុច​គ្រោះថ្នាក់​ខាងលើ​នេះនៅ​មិនទាន់​គិតដល់​ស្ដ្រីដែល​មាន​អាយុ​លើសពី​៣៥​ឆ្នាំ ធ្លាប់មាន​ផ្ទៃពោះ​៤ដង​ឬច្រើន​ជាង​នេះនោះ​អត្រា​មាន​គ្រោះ​ថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ជាងនោះ​ទៅទៀត។

ប្រការ​គួរ​ប្រតិ​បត្ដិ ពេលមាន​ផ្ទៃពោះ​នៅ​វ័យ​ចំណាស់

វ័យ​ដែល​សម​ស្រប​បំផុត​សម្រាប់​ស្ដ្រី​មានផ្ទៃ ឬ​បន្ដ​ពូជនោះ​គឺចាប់​ពី​អាយុ​១៨​ដល់​៣៥​ឆ្នាំ។ អត្រា​មាន​គ្រោះថ្នាក់​នៃការ សម្រាល​នឹងត្រូវ​កាត់​បន្ថយ​យ៉ាង​ច្រើន​ក្រៃ​លែង បើសិន​ស្ដ្រីជា​ម្ដាយ​មាន​សុខភាព​ល្អ​និងមាន​អាហារ​គ្រប់គ្រាន់​នៅពេល​មានផ្ទៃ​ពោះ។ ប្រការ​មិនអាច​ខ្វះបាន​នោះ គឺស្ដ្រី​ត្រូវទៅ​ពិនិត្យ​សុខភាព​និង​ផ្ទៃពោះ​នៅពេល​មាន​ផ្ទៃពោះ​យ៉ាង​តិចពីរ​ដងក្នុង​កំឡុង​ពេលមាន​ផ្ទៃ ពោះ និង​សម្រាល​កូននៅ​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខ​ភាព។ ពីព្រោះ​បញ្ហា​គ្រោះ​ថ្នាក់​អាចកើត​ឡើង​ដោយ​មិនបាន​ដឹងជា​មុនក្នុង​ពេល មាន​ផ្ទៃពោះ​និងពេល​សម្រាល ឬ​ក្រោយ​សម្រាល។

ដំ​បូន្មាន​អ្នក​ជំនាញ

គ្រប់ស្ដ្រី​ទាំងអស់​គួរ​ពិចារ​ណាឱ្យ​បាន​ល្អិត​ល្អន់ កំណត់​ពេល​វេលា​ក្នុងការ​មានផ្ទៃ​ពោះ​ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ដូចដែល បាន​រៀបរាប់​ខាងលើ​នេះ។ សូម​ចងចាំ​ថាការ​មានផ្ទៃ​ពោះមុន​អាយុ​១៨​ឆ្នាំ ឬ​ក្រោយ​អាយុ​៣៥​ឆ្នាំ​អាចបង្ក​និង​បង្កើន​គ្រោះថ្នាក់​ដល់ សុខភាព​ម្ដាយ​និង​ទារក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *