ក្នុងមួយថ្ងៃៗមានសម្រាម ឬសំណល់ជាច្រើនតោនត្រូវបានបោះបង់ចោល។ ទោះបី ជាសម្រាមប្រភេទណាក៏ដោយក៏ជា ប្រភព និងជា ជម្រក នៃ មេរោគ គ្រប់ប្រភេទ ទាំង អស់។ ការទុកដាក់សម្រាមមិនបានល្អធ្វើឱ្យមេរោគដែលផ្ដុំនៅក្នុងសម្រាមរាតត្បាត នៅ គ្រប់ទីកន្លែង ពិសេសធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតមនុស្សរស់នៅ។ ដូច្នេះយើងត្រូវធ្វើដូចម្ដេចដើម្បីគ្រប់គ្រងកាក សំណល់ទាំងនោះ ប្រកប ទៅដោយ សណ្ដាប់ធ្នាប់ និងមានប្រសិទ្ធភាព?
កាលពីលេខមុនៗ លោកអ្នកធ្លាប់បានជ្រាបខ្លះៗរួចមកហើយអំពីការគ្រប់គ្រងកាកសំណល់ផ្ទះបាយ។ សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់នូវការគ្រប់គ្រងកាកសំណល់រឹងនិងរាវ ដោយជួប សម្ភាសជាមួយលោក ហេង ណារ៉េត ប្រធាននាយកដ្ឋានត្រួតពិនិត្យ និងបំពុលបរិស្ថាននៃក្រសួងបរិស្ថាន។ តា ម ការសិក្សា សម្រាម ត្រូវបានបែងចែកជាពីរប្រភេទ គឺសំណល់រឹង និងរាវ។
តើសំណល់រឹង ជាអ្វី?
សំណល់រឹង គឺសំដៅដល់វត្ថុរឹង សារធាតុរឹង ឬវត្ថុកម្ទេចកម្ទីរដែលគេលែងត្រូវការប្រើប្រាស់ បោះបង់ចោលឬតម្រូវឱ្យបោះបង់ចោល។
តើសំណល់រាវ ជាអ្វី?
សំណល់រាវ គឺសំដៅដល់វត្ថុរាវដែលបញ្ចេញពីប្រភពបំពុល ហូរចូលទៅក្នុងតំបន់ទីសាធារណៈឬហូរចូលទៅក្នុងបណ្ដាញលូ សាធារណៈ ទោះបីជាបានឬមិនបានធ្វើប្រតិកម្មក្ដី។
ប្រភេទសំណល់រឹង និងរាវ
ជាទូទៅសំណល់រឹង និងសំណល់រាវត្រូវបានបែងចែកជាច្រើនប្រភេទទៀត។
1 . សំណល់ទីក្រុង ៖ សំដៅដល់សំណល់ដែលបញ្ចេញពីលំនៅដ្ឋាន ក្នុងនោះមានសំណល់សរីរាង្គ ប្លាស្ទ្ទិកសម្រាម និងមាន ប្រភេទសម្រាមដែលបង្កគ្រោះថ្នាក់ផងដែរ។ ក្រៅពីនោះ អាចជាសំណល់ដែលសល់ពីការធ្វើពាណិជ្ជកម្មដូចជាសំណល់នៅតាម ភោជនីយដ្ឋាន ទីផ្សារ ការិយាល័យ សណ្ឋាគារ ការដ្ឋានសំណង់ រោងជាងមន្ទីរពេទ្យតូចធំជាដើមព្រមទាំងមានប្រភេទសម្រាមបង្ក ឱ្យមានគ្រោះថ្នាក់ផងដែរ។
2 . សំណល់ឧស្សាហកម្ម ៖ ជាសម្ភារៈដែលសល់ពីការផលិតមានលក្ខណៈប្រហាក់ប្រហែលនឹងសំណល់ទីក្រុងដែរប៉ុនែប្រ ភេទខ្លះមានផ្ទុកទៅដោយសារធាតុគីមី និងសារធាតុប្រកបទៅដោយគ្រោះថ្នាក់។
3 . សំណល់មន្ទីរពេទ្យ ៖ ជាសំណល់ដែលសល់ពីផ្នែកវេជ្ជសាស្ដ្រ ដូចជាសឺរ៉ាំង បង់រុំនិងសំណល់ផ្សេងៗទៀតដែលសល់ពី ការវះកាត់។
4 . សំណល់ប្រកបដោយគ្រោះថ្នាក់ ៖ គឺសំដៅទៅលើសារធាតុពុល ផ្ទុះ ឆេះ ធ្វើឱ្យច្រែះឬធ្វើអុកស៊ីដកម្មព្រមទាំងប្រភព សំណល់ដែលសល់មកពីឧស្សាហកម្មគីមី ដូចជាឧស្សាហកម្ម ប្លាស្ទិក ថ្នាំពុលកសិកម្ម ថ្នាំពេទ្យ ថ្នាំលាបឧស្សាហកម្មប្រេង ឧស្សាហកម្ម លោហៈធាតុ ឧស្សាហកម្មតម្បាញជាដើម។
5 . សំណល់សល់ពីអាងប្រតិកម្ម ៖ មានភក់ ផេះនៃឡដុតសំណល់ជាដើម។
អត្ថប្រយោជន៍ និងផលប៉ះពាល់សំណល់រឹង និងសំណល់រាវ
ការគ្រប់គ្រងកាកសំណល់មិនបានត្រឹមត្រូវ មិនត្រឹមតែបង្កផលវិបាក ចំពោះតែសុខភាព ប៉ុណ្ណោះទេថែមទាំងប៉ះពាល់សេដ្ឋ កិច្ចគ្រួសារផងដែរ។ យើងអាចបែងចែកផល ប៉ះពាល់ របស់វាដូចខាងក្រោម។
1 . ផលប៉ះពាល់ដល់សុខភាពមនុស្ស ៖ មិនថាជាសំណល់រឹង ឬសំណល់រាវនោះទេប្រសិនបើមិនមានការគ្រប់គ្រងល្អទេ វា ធ្វើឱ្យប៉ះពាល់ដល់គុណភាពជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ការចាក់ចោលសម្រាមទាំងនោះមិនបានត្រឹមត្រូវនៅទីក្រុងបាននិង កំពុងបង្កើតជាប្រភពដ៏ចម្បងដល់ការរីករាលដាលនៃជម្ងឺជាច្រើនប្រភេទ ដូចជាជម្ងឺគ្រុនពោះវៀនគ្រុនចាញ់ គ្រុនកេជាដើម។ ជម្ងឺទាំងនេះឆ្លងតាមរយៈសត្វរុយ និងភ្នាក់ងារចម្លងមេរោគផ្សេងៗទៀត ដូចជាសត្វជ្រូក ឆ្មានិងសត្វពាហនៈដទៃទៀត ដែលដើរលុក លុយក្នុងគំនរសម្រាម ហើយបានចម្លងជម្ងឺទាំងនោះទៅដល់មនុស្ស។
ចំពោះសារធាតុគីមីផ្សេងៗទៀតដែលមានប្រភពមកពីសំណល់ឧស្សាហកម្ម និងសំណល់ទីក្រុងអាចស្រូបចូលទៅក្នុងខ្លួន មនុស្សតាមរយៈការដកដង្ហើម ការបរិភោគ ឬការប៉ះពាល់ដោយផ្ទាល់។ មេរោគដែលបង្កឡើងដោយសម្រាមអាចមានគ្រោះថ្នាក់ រហូតបាត់បង់ជីវិតបាន ប្រសិនបើការជ្រាបចូលទៅក្នុងខ្លួនមនុស្សមានចំនួនច្រើន។ ប៉ុន្តែបើទោះជាការស្រូបចូលបរិមាណចំនួនតិចតួច ក៏ដោយ ក៏អាចបណ្ដាលឱ្យមានផលមិនល្អចំពោះសុខភាពដែរ ដូចជាការរលាកការពុលមានលក្ខណៈរ៉ាំរ៉ៃ និងជម្ងឺមហារីកផ្សេងៗ។
២ . ផលប៉ះពាល់ដល់បរិសា្ថន ៖ ការគ្រប់គ្រងសម្រាមមិនបានល្អអាចបំពុលបរិស្ថានហើយនាំឱ្យប៉ះពាល់ដល់សុខភាព មនុស្សដោយផ្ទាល់ និងប្រយោលទៀតផង។ ឧទាហរណ៍ ការដុតកាកសំណល់ដោយចំហរការទទួលទានសាច់ត្រីឬទឹក ដែលមានសារ ធាតុពុលផ្ទាល់ បានបង្កឱ្យកើតជាជម្ងឺ។ ការចាក់ចោលសម្រាមមិនបានត្រឹមត្រូវអាចធ្វើឱ្យទឹកនិងដីផ្ទុកទៅដោយជាតិពុល។ ដោយ ឡែកផលប៉ះពាល់ដោយប្រយោលអាចធ្វើឱ្យមានការបាត់បង់នូវធនធានដី ទឹក ខ្យល់ដែលជាតម្រូវការដល់ការទ្រទ្រង់ការរស់នៅ របស់មនុស្សសត្វ។
៣ . ផលចំណេញផលប៉ះពាល់សេដ្ឋកិច្ច ៖កន្លងមកមានទស្សនៈមួយចំនួនយល់ឃើញថាសំណល់រឹងគ្រាន់តែជាវត្ថុដែលគ្មាន តម្លៃ ដែលត្រូវគេបោះបង់ចោល។ ប៉ុន្តែធាតុពិត វត្ថុមួយចំនួនដែលជាសំណល់រឹងនៅតែមានតម្លៃប្រសិនបើយើងចេះកែច្នៃ វា។ ឧទាហរណ៍ សម្បកដបដែលប្រើប្រាស់រួច ថ្វីត្បិតតែវាបានអស់តម្លៃជាអ្នកវេចខ្ចប់ប៉ុន្តែវាមានតម្លៃជាសម្ភារៈសម្រាប់ទុកដាក់នូវ វត្ថុរាវផ្សេងទៀត។ នៅពេលសម្បកដបបែក វាមានតម្លៃជាថ្មីម្ដងទៀតតាមរយៈការយកបំណែកនោះមកកែច្នៃឡើងវិញ។ មានវត្ថុ ធាតុជាច្រើនទៀត ដែលអាចរក្សាបាននូវតម្លៃរបស់វាសូម្បីតែសំណល់រឹងផ្ទះបាយដែលសម្បូរទៅដោយសារធាតុសរីរាង្គ ក៏គេអាចកែ ច្នៃធ្វើជាជីកំប៉ុសដ៏មានជីជាតិបានដែរ។ សំណល់ប្រភេទនេះមានអត្រាខ្ពស់ប្រហែលជា៨០% បើប្រៀបធៀបទៅនឹងបរិមាណសំណល់ សរុបនៅទូទាំងប្រទេស។ តាមការវិភាគសេដ្ឋកិច្ចបានបង្ហាញឱ្យឃើញថាប្រសិនបើយើងប្រើប្រាស់វត្ថុធាតុដែលមានបំណងបោះបង់ ចោលឱ្យអស់លទ្ធភាពនោះគឺយើងអាចសន្សំសំចៃបាននូវការចំណាយថវិកាមួយចំនួន។ លើសពីនេះទៀត យើងអាចកាត់បន្ថយនូវការ ចោលសំណល់បានយ៉ាងច្រើនហើយវាបានផ្ដល់នូវអត្ថប្រយោជន៍ដ៏វិសេសវិសាលជាច្រើនទៀត ដូចជាបញ្ហាសុខភាពសាធារណៈ ត្រូវបានលើកកម្ពស់ បរិស្ថានកាន់តែល្អប្រសើរសោភ័ណភាពទីក្រុង ភូមិដ្ឋានមានភាពស្រស់បំព្រង សេដ្ឋកិច្ចជាតិមានការរីកចម្រើន។
ការគ្រប់គ្រងសំណល់មិនបានល្អ បង្កើតផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលផងដែរទៅលើសេដ្ឋកិច្ច។ ជាក់ស្ដែង ប្រាក់ចំណូលថយចុះជាមួយនឹងការកើតទ្បើងនូវជម្ងឺ និងនាំឱ្យប៉ះពាល់ដល់ផលដំណាំកសិកម្មនិងវិស័យទេសចរណ៍ទៀតផង។
កាតព្វកិច្ចរបស់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋម្នាក់ៗត្រូវបែងចែកប្រភេទសំណល់មុននឹងធេី្វការបោះបង់ចោល។ ត្រូវធ្វើការវេចខ្ចប់ទុកដាក់សំណល់ឱ្យបាន ត្រឹមត្រូវ ដោយត្រូវមានធុងសម្រាមសម្រាប់គេហដ្ឋាន ដើម្បីចៀសវាងនូវការចោលពាសវាលពាសកាល។ ត្រូវប្រមូលសម្រាម ឱ្យបានទៀងទាត់ពេលជាមួយសេវាជញ្ជូនសម្រាម និងបង់ថ្លៃសេវាឱ្យបានទៀងទាត់។ ត្រូវមានស្មារតីភ្ញាក់រលឹកនិងអប់រំក្នុងការ ចោលសម្រាម ទោះជាលោកអ្នកឋិតនៅតាមទីសាធារណៈក្ដីត្រូវតែចោលក្នុងធុងសម្រាមដែលមាននៅទីសាធារណៈស្រាប់។
វិធានការគ្រប់គ្រងសំណល់រឹង និងសំណល់រាវនៅពេលអនាគត
ខាងក្រោមនេះជាផែនការយុទ្ធសាស្ដ្ររបស់ក្រសួងបរិស្ថានក្នុងការគ្រប់គ្រងសំណល់ទាំងរឹងទាំងរាវ។
- ធ្វើវិសោនកម្មអនុក្រឹត្យ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត និងរៀបចំពង្រាងច្បាប់ថ្មី ដែលពុំទាន់មាន
- រៀបចំគោលនយោបាយជាតិសម្រាប់ទប់ស្កាត់ និងកាត់បន្ថយការបំពុលបរិស្ថាន
- រៀបចំផែនការមេស្ដីពីវិធានការចម្រុះនូវការគ្រប់គ្រងសំណល់រឹងប្រកបដោយនិរន្ដភាព
- ពង្រឹងការអនុវត្ដច្បាប់
- លើកកម្ពស់ការអនុវត*្ដកម្មវិធីកែច្នៃ និងការប្រើប្រាស់ទ្បើងវិញនៃសំណល់និងកម្មវិធីកាត់បន្ថយបរិមាណសំណល់
- ជំរុញ និងលើកទឹកចិត្ដដល់ការអនុវត*្ដកម្មវិធីផលិតកម្មស្អាត
- បង្កើតទីលានចាក់សំណល់ប្រកបដោយបច្ចេកទេស និងមានអនាម័យ
- បង្កើនការអប់រំបរិស្ថានដល់់អ្នកជាប់ពាក់ព័ន្ធទាំងអស់
- ពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដែរ។
ដំបូន្មានអ្នកប្រឹក្សា
សូមប្រជាពលរដ្ឋទាំងអស់យកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងសម្រាម និងរួបរួមគ្នា ធ្វើឱ្យ បរិស្ថាន នៅតាមភូមិដ្ឋានមានភាព ស្រស់បំព្រង គ្មានសម្រាម ព្រោះថាបរិស្ថានល្អស្អាត ជីវិតមនុស្សមានសុខភាពល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨
Leave a Reply