អំណរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី

ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​តែងតែ​ប្រារឰ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ទៅតាម​ទំនៀម​ទម្លាប់​តាំងពី​បុរាណ​កាលមក​ជារៀង​រាល់ឆ្នាំ។ ពិធី​នេះធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង​សប្បាយ​រីករាយ​និង​ទទួល​ទេវតា​ឆ្នាំថ្មី​ដោយមាន​រៀបចំ​ជា​រណ្ដាប់​គ្រឿង​បរិក្ខារ​ផ្សេងៗ​ទៅតាម ទំនៀម​ទម្លាប់​ប្រពៃ​ណីខ្មែរ​យើង។ ដោយ​ឡែក​សម្រាប់​ឆ្នាំនេះ ពិធី​ចូលឆ្នាំ​ប្រព្រឺត្ដ​ទៅនៅ​ថ្ងៃ​អាទិត្យ​ទី១៣ ខែមេសា​វេលាម៉ោង ៦និង​២៤​នាទី ត្រូវនិង​ថ្ងៃ៨​កើត ខែចែត្រ។ ទោះបី​ជាយ៉ាង​ណាក៏​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិនទាន់​ជ្រាប​ច្បាស់នៅ​ឡើយ​អំពី ទំនៀម​ទម្លាប់​ផ្សេងៗ​ដែលគួរ​ប្រត្ដិបត្ដិ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​ព្រឹទ្ធា​ចារ្យ មៀច ប៉ុណ្ណ​ទីប្រឹក្សា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ​ដើម្បី បក​ស្រាយ​ជូន​លោកអ្នក​ឱ្យបាន​ជ្រាបនូវ​ការ​ប្រារឰ​ពិធី​បុណ្យ​ចូលឆ្នាំ​នេះ។

របៀប​រៀបចំ​គេហដ្ឋាន​ពេល​ចូលឆ្នាំ​ខ្មែរ

ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​រៀបចំ​ផ្ទះ​សម្បែង​មុនថ្ងៃ​ចូលឆ្នាំ​ប្រមាណ​ជាពីរ​ទៅបី​ថ្ងៃមុន។ តាម​ទំនៀម​ទម្លាប់​តាំងពី​បុរាណ​កាលមក គេ​តែងតែ​បោស​ជូត​សម្អាត​ផ្ទះ បរិវេណ​ជុំវិញ​ផ្ទះឱ្យ​បានស្អាត​ល្អ មាន​អនាម័យ​ល្អ​បោសពីង​ពាងខាង​ក្រៅនិង​ខាងក្នុង ផ្ទះ លាបថ្នាំ​ពណ៌ឱ្យ​មើលទៅ​ប្លែក​ភ្នែក ស្រស់​ស្អាត ព្រោះ​ប្រជា​ជនខ្មែរ​មាន​ជំនឿ​ថា​ថ្ងៃចូល​ឆ្នាំខ្មែរ​គឺ​ទេវតា​មកលេង​ផ្ទះ​របស់​យើង គ្រប់គ្នា បើផ្ទះ​ណាមិន​ស្អាត មិនចេះ​ថែរក្សា​ផ្ទះ​សម្បែង​នោះ​ទេវតា​មិន​ប្រសិទ្ធ​ពរជ័យ​នៅថ្ងៃ​បុណ្យ​ចូលឆ្នាំ​ឱ្យទេ​ហើយគេ​មាន​ជំនឿ​ថា គ្រួសារ​នោះនឹង​រកអ្វី​មិនបាន មិនសុខ​សប្បាយ​ពេញមួយ​ឆ្នាំតែ​ម្ដង។ សម័យ​បច្ចុប្បន្ន​នេះមាន​ផ្ទះខ្លះ​គេលំអ​ដោយ​ដាក់ភ្លើង​បំភ្លឺ ភ្លើង ពណ៌​ផ្សេងៗ ដើម្បី​មើលទៅ​ឱ្យកាន់​តែមាន​សោភ័ណ​ភាព​ថែម​ទៀត។

ពិធី​ចូលឆ្នាំ​ប្រព្រឹត្ដ​ទៅនៅ​ថ្ងៃណា?

ឆ្នាំថ្មី​នេះជា​ឆ្នាំជូត ដែល​ប្រព្រឹត្ដ​ទៅនៅ​ថ្ងៃ​អាទិត្យ​ទី១៣ ខែ​មេសា វេលា​ម៉ោង៦​និង២៤​នាទី ត្រូវនឹង​ថ្ងៃ៨​កើត​ខែចែត្រ។​ ទេវតា​ឆ្នាំនេះ​ជាបុត្រី​របស់​ព្រះបាទ​កបិល​មហា​ព្រហ្ម​ជាកូន​ច្បង ព្រះនាម​ទុង្សសក្ដិ​ទេវី ដែលមាន​គ្រងនូវ​អម្ពរ​ពណ៌​ក្រហម​ដៃស្ដាំ​កាន់ កងចក្រ ដៃឆ្វេង​កាន់ខ្យង​ស័ង្ខ ហើយ​ព្រះអង្គ​គង់លើ​គ្រុឌ​ជាយាន​ជំនិះ​ធ្វើ​ដំណើរ​មកកាន់​ឋាន​កណ្ដាល​ដើម្បី​មើល​ថែរក្សា​កូនចៅ​ប្រុស ស្រីឱ្យ​មាន​សេចក្ដី​សុខគ្រប់​ៗគ្នា។

រណ្ដាប់​សំណែន​សម្រាប់​ទទួល​ទេវតា

ចំណែក​ឯ​សក្ការ​បូជា​វិញ បើនៅ​ស្រុកស្រែ​ចម្ការ​គេតែង​ធ្វើរាន​ទេវតា​ជាថ្នាក់​ៗឡើង​ទៅខាង​លើ​ហើយមាន​ឆត្រនៅ​ពីលើ។ ប៉ុន្ដែ​សព្វថ្ងៃ​នេះគេ​រៀបចំ​ជាតុ​ក្រាល​ដោយ​ក្រណាត់​ពណ៌ស និងមាន​បាយសី​៩ថ្នាក់​មួយគូ ៧ថ្នាក់​មួយគូ​៥ថ្នាក់​មួយគូ​និងបាយ​សី ប៉ាកឆាង​មួយគូ​(គ្មានថ្នាក់​ទេ) ស្លាធម៌​មួយគូ ទឹកអប់​ឆ្វេង​ស្ដាំ ទៀន៥ ធូប៥ ផ្កាដាក់​លើជើង​ពានមួយ​គូ​ចេកនួន​ឬចេក​ណាំវ៉ា ផ្លែ ឈើ១១​មុខដាក់​លើជើង​ពាន មានដូច​ជាផ្លែ​ប៉ោម ចេក មៀន ទំញំង​បាយជូរ មង្ឃុត ក្រូច សារី ល្មុត​ឪឡឹក ផ្ញៀវ​ជាដើម ជា​ពិសេស​ផ្លែល្វា​ផង ព្រោះ​ទេវតា​សោយ​ផ្លែល្វា។

ក្រៅពី​នេះ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​តែងតែ​ទៅវត្ដ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ទៅដល់​អ្នកដែល​ចែកឋាន ទៅ ឋានខាង​មុខមាន​ជីដូន​ជីតា​នៅជិត​ឆ្ងាយក្ដី។ បងប្អូន​យើងខ្លះ​ទៅ​កម្សាន្ដ​កន្លែង​រមណីយ​ដ្ឋាន​ផ្សេងៗ​ឬក៏​ទៅកាន់​ស្រុក​កំណើត ជាដើម ហើយអ្នក​ខ្លះទៀត​ក៏ទៅ​លេង​កម្សាន្ដ​នៅតាម​ទីវត្ដ​អារ៉ាម​ដែលនៅ​ជិតភូមិ​របស់ខ្លួន។

នៅថ្ងៃ​ទី៣​ដែលជា​ថ្ងៃស្រង់​ព្រះ នៅតាម​វត្ដនានា​មាន​មនុស្ស​ច្រើន​កុះករ។ ក្មេងៗ​គេលេង​ល្បែង​ប្រជា​ប្រិយ​ចំណែក​ចាស់ៗ វិញ​រវល់​ក្នុងការ​ស្រង់ព្រះ។ ស្រង់ព្រះ​មាន​ន័យថា​យើងយក​ទឹកដាក់​ផ្កាម្លិះ បាញ់​ទឹកអប់ ទៅចាក់​ពីលើ​ព្រះពុទ្ធ​អង្គ​ដោយ​យក​ក្រណាត់ មកជូត​សម្អាត​ធូលី​ដី ដែល​នៅ​​ជាប់នឹង​ព្រះពុទ្ធ​បដិមារ​នោះ​ព្រោះ​មាន​ជំនឿ​ថាការ​ធ្វើ​បែប​នេះអាច​ឱ្យរូប​គេ​មាន​សម្ផស្ស​ល្អស្អាត មាន​រូបរាង​ស្រស់​ស្អាត ស្បែក​ស្អាត​មិនមាន​កើត​រមាស់ ឬស្នាម​ដែល​មិន​ល្អ​នៅ​​ជាតិ​ខាង​មុខឡើយ។ លោកអ្នក​មួយ​ចំនួន​ទៀត​ស្រង់ ទឹកជូន​អ្នកមាន​គុណ មាន​ឪពុក​ម្ដាយ​ជាដើម ហើយ​មានទឹក​បាញ់ទឹក​អប់ ដាក់ផ្កា​ម្លិះ ងូតទឹក​ដុសក្អែល​ឱ្យពួក​គាត់ទាំង​ពីរ ដោយ​ភាព ស្និទ្ធ​ស្នាល និង​សប្បាយ​រីករាយ​បំផុត​ក្នុង​គ្រួសារ។ ទង្វើ​បែបនេះ​បង្ហាញ​នូវភាព​កត្ដញ្ញូ ដឹង​គុណ​ចំពោះ​អ្នកមាន​គុណ។

ត្រណម​ពេលចូល​ឆ្នាំខ្មែរ

ខ្មែរ​យើង​ពីដើម​ឡើយ​ក្នុង​រយៈពេល​៣ថ្ងៃ​ដែលជា​ថ្ងៃចូល​ឆ្នាំនោះ គេមិន​ធ្វើការ​ងារអ្វី​ទាំងអស់ មិន​ត្បាញ​រវៃអ្វី​ទេ​ឬធ្វើ​ការដាំ​ដុះអ្វី​ផ្សេងៗ​ទេ។ ព្រោះតែ​ពួកគេ​គិតថា​ថ្ងៃនោះ​គឺជា​ថ្ងៃស្អុយ បើន​រណា​នៅតែ​ចចេស​រឹងរូស​ថានឹង​ធ្វើ​នោះអ្វី​ៗក៏​មិនបាន​ផលដែរ បើយើង​ដាំដំ​ណាំ​បង្ការ នោះ​ដំណាំ​នឹងខូច​ខាតមិន​បានផល​ទេ។ បើ​ត្បាញ​នឹងត្រូវ​កណ្ដៀរ​កាត់​កណ្ដុរ​ស៊ីជាក់​ជាមិន​ខាន មានន័យ​ថា ទេវតា​ចង់ឱ្យ​យើង​គ្រប់គ្នា​សប្បាយ​ជាមួយ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីនេះ​ព្រោះថ្ងៃ​ចូលឆ្នាំ​ជាថ្ងៃ​ដែល​សម្ពោធ​ជីវិត​មនុស្ស ជាថ្ងៃ​ដែលធ្វើ​ឱ្យ មនុស្ស​មានអ្វី​ៗដូច​សព្វថ្ងៃ​នេះ។ មនុស្ស​ជា​ច្រើន​គិតថា ចូលឆ្នាំ​ថ្មី​ប្រព្រឹត្ដ​ឡើងនៅ​ចុងឆ្នាំ​ចាស់​និងដើម​ឆ្នាំថ្មី ដូច្នេះ​អ្វីៗ​ដែល​ពិបាក ជា​ឧបសគ្គ​​ដែល​ស្មុគ​ស្មាញ​ភាព​វេទនា​ទាំង​ឡាយ​ដែលនៅ​ឆ្នាំ​ចាស់នោះ​ត្រូវគេ​បំភ្លេច​ចោល​ហើយ​គេត្រូវ​សប្បាយ​នឹងអ្វី​ដែលថ្មី​ៗ ត្រូវ កើត​ឡើង​នៅឆ្នាំ​ថ្មីនេះ​វិញ និងបន្ដ​ទៅថ្ងៃ​អនាគត​តទៅ​ទៀត។

ដំ​បូន្មាន​អ្នក​ជំនាញ

ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ជាថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​យើង​សប្បាយ​រីករាយ។ សូមកុំ​ធ្វើឱ្យ​ថ្ងៃដែល​សប្បាយ​នោះប្រែ​ក្លាយទៅ​ទុក្ខឱ្យ សោះ កុំលេង​បាចទឹក លាប​ម្សៅ ធ្យូង ទឹកដែល​មិនស្អាត ឬ​កខ្វក់​មកជះ​លើអ្នក​ធ្វើ​ដំណើរ​ដែលគេ​មិនដឹង​អីឱ្យ​សោះ​ព្រោះវា​អាច ធ្វើឱ្យ​ខូច​របស់​របរ ធ្វើឱ្យ​រអិល​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ។ សូមអ្នក​ទាំងអស់​គ្នាលេង​ល្បែង​ប្រជា​ប្រិយ​ផ្សេងៗ​ប្រកប​ទៅដោយ​ក្រម សីលធម៌ ប្រកាន់​ភ្ជាប់នូវ​សុជីវ​ធម៌ គុណ​ធម៌ កុំ​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស ប៉ះពាល់​ដល់អ្នក​ដទៃ​កូនក្រមុំ​គេ​ប្រពន្ធ​គេជា​ដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *