ការជក់បារី ផ្តល់ផលវិបាកពីរយ៉ាងដល់សុខភាព គឺទី១ អ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារសារធាតុញៀនរបស់នីកូទីន និងទី២ អ្នកជក់បារីអាចបណ្តាលឱ្យស្លាប់ និងមានជម្ងឺធ្ងន់ធ្ងរជាច្រើន ដែលបណ្តាលឱ្យមានការប្រឈមនឹងការស្លាប់មុនអាយុ។ រួចចុះកុមារដែលស្រូបផ្សែងបារីដោយការដកដង្ហើមនោះ តើនឹងមានផលប៉ះពាល់អ្វីខ្លះ?
យោងតាមការសិក្សាអន្ដរជាតិថ្មីមួយបានរកឃើញថា ក្មេងតូចៗដែលដកដង្ហើមស្រូបចូលនូវផ្សែងបារីពីឪពុកម្ដាយរបស់ពួកគេ អាចនឹងរងគ្រោះធ្វើឲ្យខូចបេះដូង ឬមានជម្ងឺខ្សោយបេះដូង ដែលគេមិនអាចព្យាបាលឲ្យដូចដើមឡើងវិញបាននោះទេ។
បើតាមបណ្ដាអ្នកស្រាវជ្រាវពីវិទ្យាស្ថាន មេនហ្ស៊ី (Menzie) នៅក្នុងរដ្ឋ តាស្មានៀ (Tasmania) នៃប្រទេសអូស្រ្ដាលីបានធ្វើការប្រមូលទិន្នន័យនៃការសិក្សានៅក្នុងប្រទេសហ្វាំងឡង់ រួមទាំងក្នុងប្រទេសអូស្រ្ដាលី ដើម្បីធ្វើការកំណត់ឲ្យដឹងនូវឥទ្ធិពលពីការដកដង្ហើមស្រូបចូលផ្សែងបារីរបស់កុមារពីអ្នកដទៃ។ ការសិក្សានេះបានកត់ត្រាទុកនូវសុខភាពរបស់កុមារជាច្រើនកាលពីលើកមុន ហើយ២០ឆ្នាំក្រោយមកទៀត ពួកគេបានធ្វើការពិនិត្យមើលលើសុខភាពរបស់កុមារទាំងនោះសារជាថ្មីម្តងទៀត។ អ្នកស្រាវជ្រាវពីវិទ្យាស្ថានមេនហ្ស៊ី (Menzie) អ្នកស្រីបណ្ឌិត ស៊ីណា ហ្គាល (Seana Gall) បានប្រាប់ឲ្យដឹងថា យើងបានធ្វើការថតដៃរបស់អ្នកចូលរួមដោយប្រើបច្ចេកទេសអ៊ុលត្រាសោន ដើម្បីវាស់មើលនូវភាពយឺត ឬរួញនៃសរសៃឈាម។
អ្នកស្រីបានឲ្យដឹងបន្តថា អ្នកចូលរួមដែលធ្លាប់បានដកដង្ហើមស្រូបចូលផ្សែងបារីកាលពីពេលនៅជាកុមារតូចៗ បង្ហាញឲ្យឃើញនូវគ្រោះថ្នាក់ដល់សុខភាព ដោយធ្វើឲ្យបេះដូងអន់ខ្សោយ។ អ្នកស្រីបណ្ឌិតបានឲ្យដឹងបន្ថែមថា លទ្ធផលនៃការសិក្សានេះសបញ្ជាក់ឲ្យឃើញនូវភាពសំខាន់ចាំបាច់ក្នុងការទប់ស្កាត់មិនឲ្យកុមារដកដង្ហើមចូលនូវផ្សែងបារី។
បើតាមការស្រាវជ្រាវផ្សេងទៀតបានបង្ហាញឱ្យឃើញថា ការជក់បារី បានធ្វើឱ្យប៉ះពាល់ដល់ផ្នែករាងកាយមនុស្សជាច្រើនកន្លែង និងគ្រប់ដំណាក់កាលនៃការបន្តពូជ ។ ការជក់បារីក្នុងពេលមានផ្ទៃពោះធ្វើឲ្យប៉ះពាល់ដល់ទាំងសុខភាពម្តាយ និងទារក ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ ធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាហេតុធ្វើឱ្យបរិមាណអុកស៊ីហ្សែន ដែលផ្តល់ទៅទារក មានការថយចុះ ។ នៅពេលមានផ្ទៃពោះ ស្ត្រីដែលជក់បារី មានការប្រឈមនឹងការមានបញ្ហាទ្វេរដងដូចជាការរបេះសុកមុនអាយុកាលជាដើម។ បញ្ហានេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ ឬកើតមកស្លាប់តែម្តងក៏មាន ។ សារធាតុនីកូទីនក៏ត្រូវបានរកឃើញថា មាននៅក្នុងទឹកដោះម្តាយដែលជក់បារីផងដែរ ។ ទារកកើតពីម្តាយ ដែលជក់បារីក្នុងពេលមានផ្ទៃពោះ តែងមានទម្ងន់ទាបជាងធម្មតា ហើយកាលដែលមានទម្ងន់ទាបនេះ គឺជាមូលហេតុនៃការស្លាប់របស់ទារក។
គួររលឹកផងដែរថា បើតាមរបាយការណ៍រស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា បញ្ហាដកដង្ហើមស្រូបចូលនូវផ្សែងបារីពីអ្នកដទៃ គឺជាកត្ដាធ្វើឲ្យមនុស្សស្លាប់ចាប់ពី៦សែននាក់ឡើងទៅជារៀងរាល់ឆ្នាំនៅក្នុងពិភពលោក។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១២
Leave a Reply