កូនខ្ញុំ​ចេះតែ​បៀមដៃ

ជាការ​ពិបាក​ណាស់​ក្នុងការ​ហាម​ឃាត់​កុមារ​មាន​អាយុ​២ខែ​ឬ៣ខែ មិនឱ្យ​បៀមដៃ។ ការ​បៀមដៃ​ត្បិតជា​សកម្មភាព​ធម្មតា​ក៏ដោយ លោក​ឪពុក​អ្នកម្ដាយ​មិនគួរ​បណ្ដោយ​ឱ្យក្មេង​មាន​ទម្លាប់​បៀម​ដៃឡើយ ព្រោះ​អាចមាន​មេរោគ​ចម្លង​ចូលទៅ​ក្នុងខ្លួន របស់​ក្មេង ដែលនៅ​ជាប់ដៃ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្មេង​បៀម​ដៃអាច​បណ្ដាល​មកពី​បញ្ហា​ច្រើន​យ៉ាង។ ដើម្បី​ឱ្យជ្រាប​ច្បាស់ លោក​វេជ្ជ​បណ្ឌិត រឹត ច័ន្ទ​ប្រធាន​ផ្នែក​សង្គ្រោះ បន្ទាន់ នៃមន្ទីរ​ពេទ្យ​កុមារ​ជាតិ​ចូលរួម​បកស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

មូល​ហេតុ​ក្មេង​បៀម​ដៃ

ទារក​កើតមក​ដំបូង មាតា​បិតា​មិនអាច​សម្គាល់​ឃើញ​កាយ​វិការ​របស់​ទារក​ភ្លាមៗ​នោះ​ឡើយ។ បញ្ហា​ដែល​បណ្ដាល​ឱ្យ ទារក​បៀម​ដៃអាច​មកពី​និស្ស័យ​ពី​កំណើត។ ម្យ៉ាង​ទៀតអាច​បណ្ដាល​មកពី​សកម្មភាព​ដែលនៅ​ជុំវិញ​ខ្លួនស្ដែង​ចេញឱ្យ​ឃើញ ទើប ក្មេង​បៀម​ដៃតាម ដូចជា​អាណា​ព្យាបាល​ពេល​បញ្ចើច​កូន ចូលចិត្ដ​កាយ​វិការ​បៀមដៃ លៀន​អណ្ដាត​ជាដើម។ ទារក​ខ្លះទៀត​បៀម ដៃ​ដោយ​សារការ​ឃ្លានបៅ និង​ស្រេក​ទឹក។ អាការ​បែបនេះ​គ្រាន់តែ​ជា​ទម្លាប់​និងជា​ការ​បញ្ជាក់​ថាក្មេង​ត្រូវការ​អ្វីមួយ​តែ​ប៉ុណ្ណោះ មិន មែនជា​បញ្ហា​ធំដុំ​នោះឡើយ។ នៅពេល​ក្មេងមាន​អាយុ២ ឬ៣​ឆ្នាំ​ក្មេងអាច​បញ្ឈប់​ដោយ​ខ្លួនឯង​បាន ប្រសិន​បើ​លោកអ្នក​ជាឪពុក​ម្ដាយ ឆ្លៀត​ពេលខ្លះ​ដើម្បី​បញ្ឈប់​បញ្ហា​ទាំងនោះ។

វិធី​ទប់ស្កាត់​ក្មេង​បៀម​ដៃ

ក្មេង​បៀប​ដៃអាច​កើតមាន​រយៈពេល​យូរ ប្រសិន​បើមិន​មាន​វិធី​ទប់ស្កាត់​ទេនោះ។ ហេតុដូច​នេះនៅ​ពេលកូន​នៅតូច​របស់ លោកអ្នក​មាន​អាការ​បៀមដៃ គួរទាញ​ដៃរបស់​កូនចេញ ដើម្បី​ចៀសវាង​ក្លាយជា​ទម្លាប់។ ម្យ៉ាង​ទៀតបើ​កុមារ​បៀម​ដៃត្រូវ​យកទឹក ឱ្យផឹក និងរក​ចំណី​អាហារ​ឱ្យកុមារ​ទទួល​ទាន ហើយ​បើ​កុមារ​មិន​បញ្ឈប់​សកម្ម​ភាពនេះ​ទេ​គួរតែ​យក​ប្រដាប់​ប្រដា​ក្មេងឱ្យ​លេង ដើម្បី​បំបាត់​សកម្ម​ភាព​បៀម​ដៃ។ លើសពី​នេះទៅ​ទៀត​អ្នកនៅ​ជុំវិញ​កុមារ​មិនត្រូវ​ធ្វើ​សកម្ម​ភាពអ្វី​ដែល​ពាក់ព័ន្ធ​នឹងការ​បៀមដៃ​ឱ្យ ទារក​ឃើញ​ឡើយ ព្រោះ​ទារក​អាច​ចម្លង​បាន​យ៉ាង​លឿន។ មិនតែ​ប៉ុណ្ណោះ​គួរតែ​ឧស្សាហ៍​ឱ្យទឹក​ទៅ​ទារក​ផឹក ដើម្បី​កាត់​បន្ថយ​ការ បៀមដៃ។

ផល​រំខាន​នៅពេល​កុមារ​បៀមដៃ

កុមារ​បៀមដៃ​ធ្វើឱ្យ​មានការ​ពិបាក​ដល់អ្នក​មើលថែ​ក៏ដូច​ជាកុមារ​ផ្ទាល់ ព្រោះ​កុមារ​ហៀរទឹក​មាត់ឥត​ឈប់។ ក្មេង​បៀមដៃ អាចបង្ក​ឱ្យ​មេរោគ​ចូលតាម​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ធ្វើឱ្យ​រលាក​សួត​និងជម្ងឺ​ផ្សេងៗ​ទៀត​ដោយ​សារបាក់​តេរី​នៅជាប់​នឹងដៃ។ កុមារ​តូចៗ ឧស្សាហ៍​បៀមដៃ​ជាញឹក​ញាប់​អាចធ្វើ​ឱ្យ​បបូរ​មាត់​រីកជាង​មុន។ ម្យ៉ាង​ទៀតវា​នាំឱ្យ​មាន​ទម្លាប់​ជា​ប្រចាំ​រហូតដល់​ធំ​ជា​ហេតុនាំ​ឱ្យ ក្មេងខ្វះ​អនាម័យ​ដោយ​សារការ​ហៀរទឹក​មាត់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

បើ​លោកអ្នក​ជាអាណា​ព្យាបាល​របស់​ក្មេង​បៀមដៃ គួរតែ​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀសវាង​ជម្ងឺ​ចម្លង​មេរោគ​ពីការ​បៀមដៃ។  លោកអ្នក​គប្បី​លាង​សម្អាត​ដៃកូន​របស់​លោកអ្នក​ឱ្យបាន​ញឹក​ញាប់​ក្នុងមួយ​ថ្ងៃៗ។ ពេល​ដែល​ក្មេង​បៀមដៃ​លោកអ្នក​ត្រូវចាប់​ដៃក្មេង ចេញ ដើម្បី​ជា​សញ្ញា​បញ្ជាក់​ថាហាម​បៀមដៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *