ដោយសារមានស្ថិរភាពនយោបាយ សន្ដិសុខ នៅក្នុងសង្គ មបានធ្វើឱ្យប្រទេស កម្ពុជា មានការកើនឡើងនូវកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ការធ្វើវិនិយោគទុន បង្កើត រោងចក្រ សហគ្រាសតូចធំគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការស្វែងរក និងផ្ដល់នូវឱ កាសការងារដល់ប្រជាពលរដ្ឋមួយចំនួនធំ និងជំរុញ ឱ្យប្រទេសជាតិ មានការអភិវឌ្ឍ ថែមមួយកម្រិតទៀត។ ទន្ទឹមនឹងនោះការបញ្ចេញ កាកសំណល់ពីរោងចក្រ សហគ្រាស តូចធំទាំងអស់បានបង្កឱ្យការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានរស់នៅ ក៏ដូចជា សុខភាពរបស់ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមួយចំនួនផងដែរ។
កាលពីលេខមុនៗ ប្រិយមិត្ដអ្នកអានទាំងអស់បានជ្រាបរួចមកហើយអំពីជម្ងឺ និងផលប៉ះពាល់របស់បរិស្ថានដែលបណ្ដាល មកពីការបំពុលដោយផ្សែងយានយន្ដ។ នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើងសូមលើកយកប្រធានបទមួយទៀតដែលទាក់ទង ទៅនឹងការបំពុលបរិស្ថានដោយការបង្ហូរកាកសំណល់ពីរោងចក្រចូលទន្លេដោយមានការចូលរួមធ្វើការបកស្រាយពីលោក ភិន រ៉ាឌី ប្រធានការិយាល័យគ្រប់គ្រងគុណភាពទឹក និងដីនៃនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាននៃក្រសួងបរិស្ថាន។
កាកសំណល់ពីរោងចក្រ
កាកសំណល់រោងចក្រគឺជាសារធាតុរឹង រាវ ឬកម្ទេចកម្ទីដែលសល់ពីការកែច្នៃប្រើប្រាស់ក្នុងការផលិតចុងក្រោយបង្អស់ និង គ្មានគុណប្រយោជន៍ក្នុងការទុកដាក់ថែរក្សា ដែលត្រូវធ្វើការបង្ហូរចោលតាមប្រព័ន្ធលូ ឬតាមរូបភាពផ្សេងៗ។
ផលប៉ះពាល់នៃការបង្ហូរកាកសំណល់
1 . ផលប៉ះពាល់ចំពោះបរិស្ថានទឹក ៖ ទឹកមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្ស សត្វនិងរុក្ខជាតិក្នុងការរស់នៅប្រចាំ ថ្ងៃ។ ការបង្ហូរកាកសំណល់ពីរោងចក្រ សហគ្រាស ឧស្សាហកម្មតូចធំដែលសុទ្ធតែជាសារធាតុគីមីនិងជាតិពុលចូលទៅក្នុងទឹកទន្លេ បានធ្វើឱ្យខូចនូវគុណភាពទឹកដែលបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់រុក្ខជាតិដំណាំដែលដាំដុះនៅតាមច្រាំងទន្លេ ស្ទឹង បឹងបួ ព្រែក ជីវិតជីវៈចម្រុះ ជាពិសេសគឺសុខភាពរបស់មនុស្សដែលរស់នៅតាមដងទន្លេនិងអាចឈានដល់ការបាត់បង់អាយុជីវិត ទៀតផង ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ ដោយសារសារធាតុគីមីជាជាតិពុល អាចធ្វើឱ្យទឹកបាត់បង់នូវអុកស៊ីសែន មួយចំនួន ធ្វើឱ្យជីវៈចម្រុះដែលរស់នៅក្នុងទឹកពិបាកក្នុងការដកដង្ហើមអាចបង្កឱ្យមានការបាត់បង់ជីវិត។ ម្យ៉ាងវិញទៀតសារធាតុគីមីនៅក្នុងកាកសំណល់ទាំងអស់នោះអាចធ្វើឱ្យមានការប៉ះពាល់ដល់ប្រព័ន្ធបន្ដពូជរបស់ជីវៈចម្រុះទៀតផង ដែលជាហេតុឈានទៅ រកការផុតពូជ។
2 . ផលប៉ះពាល់ចំពោះសុខភាព ៖ កាកសំណល់រោងចក្រអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាព និង បរិស្ថានរស់នៅជុំវិញ។ នៅក្នុងកាកសំណល់រោងចក្រមានសារធាតុពុលជាច្រើនដែលអាចបណ្ដាលឱ្យមានជម្ងឺសើស្បែក ជម្ងឺភ្នែក ជម្ងឺផ្លូវដង្ហើម រលាកសួត ជម្ងឺមហារីកជាដើម និងអាចបណ្ដាលឱ្យកើតជម្ងឺរលាកប្រព័ន្ធរំលាយអាហារជួនកាលអាចប៉ះពាល់ដល់ ប្រព័ន្ធសរសៃប្រសាទទៀតផង ដោយសារការឆ្លងតាមរយៈក្លិន និងការប្រើប្រាស់ទឹក ទន្លេ បឹងស្ទឹង ព្រែកជាដើម។ កាកសំណល់នៅ ក្នុងរោងចក្រផ្ទុកទៅដោយមេរោគ និងសារធាតុគីមី។
- កាកសំណល់ពីរោងចក្រដែលបង្ហូរចូលទន្លេមានផ្ទុកមេរោគជាច្រើន។ នៅពេលវាឆ្លងចូលមកក្នុងខ្លួនមនុស្សវានឹងបង្ក ឱ្យមានជម្ងឺរាកមួល អាសន្នរោគ គ្រុនពោះវៀន រលាកក្រពះ មហារីកស្បែកជាដើម។ ម្យ៉ាងវិញទៀតសារធាតុពុលនៅក្នុងកាក សំណល់រោងចក្រដែលបង្ហូរចូលទន្លេ ក៏អាចបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពបន្ដពូជផងដែរ។
- សារធាតុគីមីនៅក្នុងកាកសំណល់រោងចក្រសុទ្ធសឹងតែជាសារធាតុពុលដែលអាចបណ្ដាលឱ្យមានផលអាក្រក់ជាច្រើន។ សារធាតុគីមីនេះក៏អាចធ្វើឱ្យមានអុកស៊ីតកម្មទៅលើសារធាតុគីមីដទៃទៀតដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានរស់នៅជុំវិញ។
ការទុកដាក់ និងការគ្រប់គ្រង
ដើម្បីចៀសផុតពីបញ្ហាដែលបង្កមកពីកាកសំណល់រោងចក្របង្ហូរចូលទន្លេនោះ រោងចក្រ និងសហគ្រាសតូចធំជាពិសេស រោងចក្រ ឬសហគ្រាស បោកគក់ ជ្រលក់ពណ៌ទាំងអស់ត្រូវមានអាងស្ដុកទឹកកខ្វក់ដែលបង្ហូរចេញចុងក្រោយហើយបំប្លែងកែច្នៃ សារធាតុគីមីទាំងនោះឱ្យមានលក្ខណៈស្ដង់ដារនិងត្រូវមានការត្រួតពិនិត្យរាល់កាកសំណល់ទាំងអស់មុននឹងធ្វើការបញ្ចេញចោល។ ម្យ៉ាងវិញទៀតចំពោះបងប្អូនដែលរស់នៅតាមដងទន្លេទាំងអស់ត្រូវមានភារកិច្ចដូចខាងក្រោម។
- ត្រូវរៀបចំទុកដាក់កាកសំណល់ឱ្យបានល្អ
- មិនត្រូវបោះសម្រាម ឬកាកសំណល់ចូលក្នុងទឹកទន្លេ
- ត្រូវរៀបចំស្លាកសញ្ញាហាមឃាត់ការបោះចោលកាកសំណល់ សម្រាមក្នុងទន្លេ
- សូមកំណត់ និងរៀបចំកន្លែងទុកដាក់កាកសំណល់ និងសម្រាមជាបណ្ដោះអាសន្នឱ្យបានសមស្រប។
ដំបូន្មានអ្នកជំនាញ
រោងចក្រ សហគ្រាស ឧស្សាហកម្មនិងកសិកម្មទាំងអស់ត្រូវយកចិត្ដទុកដាក់ទៅលើបញ្ហាការបង្ហូរចោលកាកសំណល់ ឬ សម្រាមចូលទៅក្នុងទន្លេជាប្រចាំ។ ត្រូវគោរពទៅតាមវិន័យ និងបទបញ្ជារបស់ក្រសួងបរិស្ថានដែលបានកំណត់ដាក់ចុះឱ្យអនុវត្ដ។ ម្យ៉ាងវិញទៀត សូមបងប្អូនដែលរស់នៅជិតរោងចក្រ សហគ្រាសនានាត្រូវចូលរួមជួយតាមដាននិងរាយការណ៍ជូនក្រសួងបរិស្ថាន ដើម្បីមានវិធានការទប់ស្កាត់ និងផាកពិន័យជាសាច់ប្រាក់ចំពោះរោងចក្រឬសហគ្រាសណាដែលមិនបានអនុវត្ដតាមច្បាប់ដែលបាន កំណត់។ ចំពោះបងប្អូនដែលរស់នៅតាមដងទន្លេ ឬនៅលើទឹក សូមចូលរួមទប់ស្កាត់និងការពារបរិស្ថានឱ្យបានល្អទើបសង្គមមានការ រីកចម្រើន សុខភាពល្អ និងគ្រួសារមានសុភមង្គល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply