ខ្មោច​ចូលជា​អបីយ​ជំនឿ

កាលពី​សម័យ​ដើម ខ្មោច​ចូលគឺ​ជាពាក្យ​មួយ​ឮតៗ​គ្នាពី​មាត់​មួយទៅ​មាត់មួយ​ទៀត​រហូត​ដល់​អ្នកខ្លះ​មាន​ជំនឿ​ថាពិត​ជា មាន​ខ្មោច​ពិត​ប្រាកដ​មែន ហើយ​ក៏មាន​អ្នកខ្លះ​មិន​ជឿ​ដែរ។ មិនតែ​ប៉ុណ្ណោះ​មាន​ប្រជា​ពលរដ្ឋ​ខ្លះគិត​ថាជា​ខ្មោច​ដូនតា​ចូលមក​សណ្ឋិត​រូប កូន ចៅ​ដើម្បី​ឱ្យ​ញាតិ​សន្ដាន​ធ្វើ​បុណ្យ​រំលឹក​គុណ​បញ្ជូន​ដល់​ពួកគាត់​ដែល​បាន​លាចាក​លោក​ទៅ។ ការ​ជឿជាក់​លើអ្វី​មួយ​អាស្រ័យ​ទៅ លើកត្ដា​ជាច្រើន ដូចជា​បាន​ឃើញ​ផ្ទាល់​នូវ​ភាព​ជាក់​ស្ដែង​ជឿជាក់​លើការ​និយាយ​តៗ​គ្នាជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ជឿជាក់​លើអ្វី​មួយខុស​ពីការ​ពិត គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ។ ទស្ស​នាវដ្ដី សុខភាពយើង​បានជួប​សម្ភាសន៍​ជាមួយ ឧកញ៉ា​ឧបា​សិកា ញ៉ឹក ប៊ុនថា ជា​ឧត្ដម​ប្រឹក្សា​សម្ដេច​មហា​ព្រះសង្ឃ​រាជនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ដើម្បី​បក​ស្រាយ​ជូន​លោកអ្នក​ឱ្យ បាន​ជ្រាប​ជំនឿ​នេះ។

មូល​ហេតុ​ខ្មោច​ចូលខ្លួន

លោកអ្នក​ដែល​មាន​ជំនឿ​លើខ្មោច​ឬអ​មនុស្ស តែងតែ​មាន​អារម្មណ៍​គិត​ស្រមើ​ស្រមៃ​ឃើញ​អមនុស្ស​ទាំងនោះ​នៅក្បែរ​ខ្លួន ទើប​បណ្ដាល​ឱ្យការ​គិតមាន​ភាព​ច្របូក​ច្របល់ ខ្វះការ​គ្រប់​គ្រង់​ខ្វះ​ម្ចាស់ការ​លើខ្លួន​ឯង​ដោយ​ស្ដែង​ចេញ​ជាការ​និយាយ​ម្នាក់ឯង ជួន កាលដឹង​រឿង ជួនកាល​មិនដឹង​រឿងក៏​មាន​ដែរ។ ចំណុច​ទាំងនោះ​ហើយ​ទើបធ្វើ​ឱ្យយល់​ថាពួក​អមនុស្ស​អាច​ចូលមក​សណ្ឋិត​ក្នុងខ្លួន ប្រាណ​បាន។ សរុប​សេចក្ដី​មកតាម​អបីយ​ជំនឿ​បណ្ដា​ពួក​អមនុស្ស​គឺមាន​ពិត​ប្រាកដ​មែន​ហើយ​ក៏មិន​មែន​កើតនៅ​លើ​មនុស្ស​គ្រប់គ្នា ឡើយ។ ព្រោះ​អមនុស្ស​មិនអាច​ចេះតែ​ចូល​ផ្ដេស​ផ្ដាស​ទេ​អាស្រ័យ​លើ​អារម្មណ៍​ផ្ទាល់​របស់​មនុស្ស​តែម្ដង។

មនុស្ស​ដែល​អមនុស្ស​អាច​ចូល​សណ្ឋិត

ប្រភេទ​មនុស្ស​បែបនេះ​ច្រើន​មាន​កម្លាំង​ខ្សោយ ឧស្សាហ៍​មាន​ជម្ងឺមក​បៀត​បៀន​រូបរាង​កាយ​ធ្វើ​អំពើ​បាប​ច្រើនជាង​អំពើ បុណ្យ គិតថា​ខ្លួនឯង​អស្ច្ចារ្យ គិតថា​អមនុស្ស​ចូលធ្វើ​ឱ្យមាន​បាន​ទ្រព្យ​សម្បត្ដិ​ឬមនុស្ស​មិនសូវ​មមា​ញឹក​នឹង​ការងារ។ លោកអ្នក​ទាំង នោះ​ប្រសិន​បើកាល​ណាមាន​ជម្ងឺ​តែងតែ​យល់​ឃើញ​ថាមាន​អមនុស្ស​មកជិត​ដើម្បី​យក​ព្រលឹង​ចេញពី​រាង​កាយ។ ប៉ុន្ដែ​សម្រាប់​លោក អ្នកមួយ​ចំនួន​វិញ បែរជា​មាន​អារម្មណ៍​គិតថា​អ្នកតា​កំពុង​តាម​ថែរក្សា។ កត្ដា​ទាំងនេះ​ទើប​ធ្វើឱ្យ​មានការ​រៀបចំ​ជា​សំណែន​រំដោះ​គ្រោះ ជា​ដើម។ ចំណុច​ដែលបាន​រៀប​រាប់​ខាង​លើ​ចង់​បញ្ជាក់​ថា​អមនុស្ស​គ្រាន់តែ​ជាការ​ស្រមើ​ស្រមៃ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ ជា​ពិសេស ចំពោះ​អ្នក​ដែល​មិនសូវ​ចូលចិត្ដ​ធ្វើ​បុណ្យ​កុសល។

មនុស្ស​ដែល​អមនុស្ស​មិនអាច​ចូល​សណ្ឋិត

លោកអ្នក​ដែល​មាន​ការងារ​សម​ស្រប និង​ច្បាស់​លាស់​ត្រឹម​ត្រូវ ជាអ្នក​ចូលចិត្ដ​គិតគូរ​ល្អិត​ល្អន់​មិនជឿ​ជាក់​ផ្ដេស​ផ្ដាស។ ទោះជា​យ៉ាងណា​ក៏ដោយ​មនុស្ស​បែប​នេះ​ចូលចិត្ដ​ស្រឡាញ់​ក្រុម​គ្រួសារ ញាតិ​សន្ដាន និងអ្នក​ដទៃ។ មនុស្ស​មានការ​អប់រំ​ខ្ពស់ ហើយ ការ​ប្រតិ​បត្ដិ​តាម​លទ្ធផល​ជាក់​ស្ដែង បទ​ពិសោធន៍ និង​ចំណេះ​វិជ្ជា​បាន​សិក្សា​កន្លងមក។ លោកអ្នក​ដែល​មិនជឿ​លើ​អមនុស្ស គឺមិន​ជឿ លើគ្រូ​ទាយ ដូនតា​ចូល អមនុស្ស​ជាដើម។

វិធី​ទប់​ស្កាត់​សភាព​អមនុស្ស​ចូល

ចំពោះ​វិធី​ទប់ស្កាត់​មិនឱ្យ​អមនុស្ស​ចូល គឺងាយ​ស្រួល​បំផុត​សម្រាប់​អនុវត្ដន៍។ ដោយ​លោកអ្នក​ចាំបាច់​ត្រូវធ្វើ​ចិត្ដ​ធម្មតា ចៀស​វាង​ភាពតាន​តឹង​ចំពោះ​ខ្លួនឯង សម្រួល​អារម្មណ៍​គិត​សន្សឹមៗ​តាម​ដំណើរ​រឿងអ្វី​ដែលបាន​កើត​ឡើង​ចំពោះ​មុខ​រឿង​រ៉ាវណា​ដែល មិនទាន់​កើត និង​ចំណុច​ណាដែល​បម្រុង​កើត​ឡើង។ ម្យ៉ាង​វិញទៀត​ត្រូវចេះ​រម្ងាប់​អារម្មណ៍​ដោយ​ប្រកាន់​ភ្ជាប់​នូវ​សីលឬ​ផ្លូវធម៌ (កាន់​សីល) មាន​ន័យថា​ឧស្សាហ៍​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅវត្ដ​ដើម្បី​ឧទ្ទិស​ដល់​មាតា​បិតា​ព្រមទាំង​ញាតិ​សន្ដាន​ដែលបាន​លា ចាក​លោក។ ព្យាយាម​រក្សា​សីល​ប្រយោជន៍​វៀរចាក​អំពើ​អាក្រក់​មាន​ដូចជា​ចៀស​វាងការ​និយាយ​កុហក ការ​សម្លាប់​សត្វ លួចប្លន់​អ្នក ដទៃ​ជាដើម។ ជា​ពិសេស​ទៅទៀត​នោះ​លោកអ្នក​ត្រូវតាំង​ជំហរ​ស្មារតី​ឱ្យបាន​ស្វាហាប់​រឹងមាំ​សម្រាប់​ខ្លួនឯង ទទួល​យកអ្វី​ជាការ​ពិត ដោយ​មិនត្រូវ​គិតទៅ​លើ​អមនុស្ស​ឡើយ។ មិនតែ​ប៉ុណ្ណោះ​ត្រូវ​ខិតខំ​បំពេញ​កិច្ចការ​ជា​ប្រចាំ ដើម្បី​ចៀស​វាងការ​គិត​ផ្ដេស​ផ្ដាស និង​ពេល​ឈប់​សម្រាក​ពី​ការងារ​ត្រូវយក​អារម្មណ៍​ស្វែង​យល់ពី​ភាព​សប្បាយ​ស្រស់​ថ្លា ដើម្បី​បំបាត់​ភាព​ហេវហត់​ទាំង​ឡាយ បន្ថែម​ពីលើ នេះទៀត​ត្រូវ​សម្រាក​ឱ្យបាន​គ្រប់​គ្រាន់។ នៅពេល​មាន​បញ្ហា​អ្វីកើត​ឡើង​ចំពោះ​ខ្លួន ត្រូវទៅ​ពិភាក្សា​ជាមួយ​អ្នកណា​ម្នាក់​ដើម្បី​រក ដំណោះ​ស្រាយ​ឱ្យបាន​ល្អ​ប្រសើរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលមាន​ជំនឿ​លើ​អមនុស្ស ឬអ្នក​មិនសូវ​មាន​ជំនឿ​ក្ដី​សូម​ព្យាយាម​ប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួន ឯង និងអ្នក​ដទៃ។ សូម​ពង្រឹង​ស្មារតី​ប្រឈម​មុខនឹង​រឿង​រ៉ាវ​ដែល​កើត​ឡើង ឬ​បម្រុង​កើត​ដើម្បី​ចៀស​វាងការ​បាក់​ស្មារតី។ កសាង អំពើ​ល្អ​ដោយ​បរិច្ចាគ​ទាន​ដល់អ្នក​ក្រខ្សត់ មិនត្រូវ​ប្រមាថ​អ្នក​ដែលមាន​កម្រិត​តូចទាប​ជាង​ខ្លួន​ត្រូវគិត​ថា​មនុស្ស​កើតមក​តែងតែ​មាន លក្ខណៈ​ខុសគ្នា​ជាការ​ធម្មតា។ ជា​ពិសេស​ទៅទៀត​នេះ​ត្រូវ​ប្រកាន់​ភ្ជាប់នូវ​ការ​រក្សា​សីល​ឱ្យបាន​ខ្ជាប់​ខ្ជួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *