ធ្លាយ​ពោះ​វៀន

លោកអ្នក​ប្រាកដ​ជាជ្រាប​ហើយថា ពោះវៀន​គឺជា​សរីរៈ​ខាងក្នុង​មួយដែល​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មនុស្ស​និងសត្វ ។ ចុះបើ​សិនពោះ​វៀនមាន​បញ្ហា ដូចជា​ធ្លាយ ពោះ​វៀនវិញ តើនាំ​ឱ្យមាន​ផល​វិបាក​យ៉ាងណា​សម្រាប់​មនុស្ស? ការធ្លាយ​ពោះវៀន កើតឡើង​នៅលើ​មនុស្ស​មិនរើស​វ័យឡើយ ហើយវា​បង្កឡើង​ដោយ​មូលហេតុ​ផ្សេងៗ​គ្នា។ ធ្លាយ​ពោះវៀន​បើសិន​មិនបាន​ប្រញាប់ មកធ្វើ​ការ​ព្យាបាល​ទេ នោះវា​អាចបង្ក​ឱ្យ​បាត់បង់​អាយុ​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​យល់ដឹង​ឱ្យកាន់​តែច្បាស់ និងស៊ី​ជម្រៅ ទស្ស​នាវដ្ដី សុខភាពយើង​បានធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លាង ហ៊ត់ អ្នក​ឯកទេស​ផ្នែកវះ​កាត់ជម្ងឺ​ពោះវៀន​នៃមន្ទីរ​ពេទ្យ​ព្រះកេ​តុមាលា​ធ្វើការ​បកស្រាយ​អំពី​ធ្លាយ​ពោះវៀន​ជូន​ប្រិយមិត្ដ​ឱ្យបាន ជ្រាប។ ធ្លាយ​ពោះវៀន គឺជា​ការបែក ឬធ្លុះ​ពោះវៀន​តូច ឬពោះ​វៀនធំ ដែលមាន​លាមក​ឬទឹក​ហូរចេញ​មកខាង​ក្រៅពោះ​វៀន។

មូល​ហេតុ​ធ្លាយ​ពោះវៀន

ការ​ធ្លាយ​ពោះវៀន​កើតឡើង​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​គ្នាជា​ច្រើន។

1 . គ្រោះថ្នាក់​ទៅតាម​មុខរបរ ៖ ការមាន​ឧបទ្ទ​វហេតុ​នៅកន្លែង​ធ្វើការ ដែល​យើងមិន​អាចដឹង​មុនបាន​ឡើយ។ ឧទា​ហរណ៍ កម្មករ​សំណង់​បាន​វិលមុខ ហើយ​ធ្លាក់ពី​លើ​អគារ​ចុះមក​ក្រោម បណ្ដាល​ឱ្យពោះ​ត្រូវប៉ះ​ទង្គិច​នឹងវត្ថុ​រឹងខាង​ក្រោម​អាច បណ្ដាល​ឱ្យធ្លាយ​ពោះវៀន​បាន។ ចំណែក​ឯកីឡា​ករដែល​មានមុខ​របរ​ជាអ្នក​ប្រដាល់ ពេល​ប្រយុទ្ធ​គ្នាដោយ​ឡើង​ជង្គង់​ជើង ឬប្រើ កណ្ដាប់​ដៃដាល់​ចំពោះ ក៏អាច​ធ្វើឱ្យ​មានការ​ប៉ះ​ទង្គិច​ទៅដល់​ពោះវៀន​ធ្វើឱ្យ​ធ្លាយ។ ក្រៅពី​នេះក៏​អាចប៉ះ​ពាល់ទៅ​ដល់​តម្រង​នោម ថ្លើម លំពែង​ដែរ។ ធម្មតា​សរីរាង្គ​ដែលមាន​ប្រហោង​ខាងក្នុង ហើយ​មានអ្វី​ដែល​រឹងមក​ប៉ះ​ទង្គិច​ជាហេតុ​ធ្វើ​សរីរាង្គ​នោះមាន​ការបែក ធ្លាយ ឬមាន​ការដាច់​ជាដើម។

2 . គ្រោះថ្នាក់​ដោយសារ​ជម្លោះ កើតឡើង​នៅលើ​យុវវ័យ​ឈាមរាវ​ភាគ​ច្រើន​ដែល​តែងតែ​មាន​បញ្ហា​ទំនាស់​គ្នារវាង​ការ មិនពេញ​ចិត្ដអ្វី​មួយ ធ្វើឱ្យ​មានការ​ចង​អាឃាត​គ្នា ដោយ​ប្រើដាវ ឬកាំ​បិតចាក់​សម្លាប់​គ្នា​អាច​បណ្ដាល​ឱ្យមាន​អ្នករង​របួស ដូចជា​ធ្លាយ ពោះវៀន​ជាដើម។

3 . គ្រោះថ្នាក់​ចរា​ចរណ៍ ការ​បើកបរ​ឡាន ឬម៉ូតូ​នៅលើ​ដង​វិថី​សាធា​រណៈ ដោយ​បើកបរ​ប្រើ​ល្បឿន​លឿន​ហើយ​មាន ការប៉ះ​ទង្គិច​គ្នាយ៉ាង​ធ្ងន់ធ្ងរ​ក៏អាច​ឱ្យអ្នក​រងគ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ដល់​ពោះ​នាំឱ្យ​ធ្លាយ​ពោះវៀន​បានដែរ។

4 . ផល​វិបាក​នៃជម្ងឺ​មួយ​ចំនួន ផល​វិបាក​នៃការ​រលាក​ពោះវៀន​ខ្នែង រលាក​ពោះវៀន គ្រុន​ពោះ​វៀន​និង​របេង​ពោះវៀន ដែល​មិនបាន​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ បណ្ដោយ​ឱ្យពោះ​វៀន​ចេះតែ​វិវត្ដ​ទៅ​រលាក​រ៉ាំរ៉ៃ​ធ្វើឱ្យ​ស្រទាប់​ពោះវៀន​ខាងក្នុង​រលួយ ដាច់​ម្ដង​មួយ​ស្រទាប់ៗ រហូត​ដល់​ដាច់​ស្រទាប់​ខាងក្រៅ​ត្រូវ​ធ្លាយ។ កាល​ណាមាន​មេរោគ​ជ្រៀត​ចូលទៅ​ទន្ទ្រាន​ពោះវៀន វាក៏​បណ្ដាល ឱ្យ​ពោះវៀន​ត្រូវ​ស្ដើង​បន្ដិច​ម្ដងៗ រហូត​ធ្វើឱ្យ​ធ្លាយ​ដែរ។

រោគសញ្ញាធ្លាយពោះវៀន

មាន​អាការ​មួយ​ចំនួន​ដែល​ស្ដែង​ចេញមក​អាចឱ្យ​លោកអ្នក​ដឹងមុន​បាន។

  •  អ្នក​ជម្ងឺ​មាន​អាការ​ក្ដៅខ្លួន​ខ្លាំង គ្រុន​ញាក់
  •  តឹង​ពោះ ឬពោះ​ឡើងរឹង​(ហើម​ពោះ)
  •  ទល់​លាមក
  •  មិនដើរ​ខ្យល់
  •  មាន​រោគ​សញ្ញា​បន្ទាប់​បន្សំ​ទៀត ដូចជា​វិលមុខ ស្លេក​ស្លាំង អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម។

ការ​ពិនិត្យ​រក​សញ្ញា​អមគ្លី​និក

ដើម្បី​ឱ្យពិត​ថាមាន​ធ្លាយ​ពោះវៀន ឬមិន​ធ្លាយ លោកអ្នក​អាចទៅ​ឆ្លុះ​អេកូ​សាស្ដ្រ ដើម្បី​ឱ្យដឹង​ថា​តើ​ពោះវៀន​ធ្លាយ​នៅ ត្រង់​កន្លែង​ណា ហើយ​ការ​ធ្លាយ​នោះធំ​ឬតូច។ បើសិន​ឆ្លុះ​អេកូ​មើល​មិនដឹង​ច្បាស់ពី​លទ្ធផល​ទេនោះ​លោកអ្នក​អាចទៅ​ពិនិត្យ​ពោះវៀន ដោយ​កាំ​រស្មី​អ៊ិច ឬអាច​ធ្វើ​ស្កាណែ ឬឆ្លុះ​ពោះវៀន​បន្ថែម​ទៀត។ បច្ចុប្បន្ន​នេះ​វិទ្យា​សាស្ដ្រ​កាន់តែ​វិវត្ដ​ទៅមុខ​គេអាច​ឆ្លុះពោះ​វៀន ដោយ​ប្រើ​ឧបករណ៍​ស៊កចូល​តាមផ្លូវ​លាមក​រហូត​ដល់​ពោះវៀន​ធំ ដើម្បី​ពិនិត្យ​មើល ដែល​គេឱ្យ​ឈ្មោះ​ថា​កូឡូ​ស្កូបពី។

វិធី​ព្យាបាល​ធ្លាយ​ពោះ​វៀន

នៅពេល​ដែល​ដឹងថា មាន​ធ្លាយពោះ​វៀន គ្រូពេទ្យ​ត្រូវធ្វើ​ការ​វះកាត់​ជា​បន្ទាន់។ ការ​វះកាត់​ត្រូវធ្វើ​ទៅតាម​ការជាក់​ស្ដែង បើសិន​បើក​ពោះទៅ​ឃើញ​មានការ​ធ្លាយ​ពោះ​វៀន គ្រូពេទ្យ​ដេរបិទ​វិញ។ ផ្ទុយ​ទៅវិញ​បើមាន​ផល​ប៉ះពាល់​ទៅដល់​សរីរាង្គ​ផ្សេងៗ ទៀត គ្រូពេទ្យ​ត្រូវគិត​ទៅតាម​សភាព​ជាក់​ស្ដែង។

ផល​វិបាក​នៃការ​ធ្លាយ​ពោះ​វៀន

លោកអ្នក​ជ្រាប​ហើយ​ថា ធម្មតា​ពោះ​ស្ថិតនៅ​ក្នុង​ស្រោម​ពោះ។ កាល​ណា​ពោះវៀន​មាន​ជម្ងឺ ឬក៏​ធ្លាយ​វា​បណ្ដាល​ឱ្យ​លាមក ហៀរ​ចេញ​មកប៉ះ​ស្រោម​ពោះ ឬ​សរីរាង្គ​ផ្សេងៗ ជា​ហេតុ​ធ្វើឱ្យ​រលាក​នៅ​កន្លែង​នោះ ដូចជា​មកប៉ះ​ស្រោម​ពោះ​វាធ្វើ​ឱ្យ​រលាក​ស្រោម ពោះ។ មិនតែ​ប៉ុណ្ណោះ វាធ្វើ​ឱ្យអ្នក​ជម្ងឺ​មានការ​ឈឺចុក​ចាប់ខ្លាំង​នៅត្រង់​ពោះ​ទទួល​ទាន​ចំណី​អាហារ​ដែល​រឹងមិន​បាន។ រំខាន​ពេល វេលា​ធ្វើការ​ងារ ឬការ​សិក្សា រកស៊ី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ប្រាក់​ចំណូល​ត្រូវ​ថយចុះ​និង​អាចធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​មានការ​លំបាក ទៀត​ផង។

វិធី​បង្ការ​ធ្លាយ​ពោះ​វៀន

លោកអ្នក​គួរ​ចៀស​វាង ឬប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត​ជា​ពិសេស​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​លោកអ្នក​បាន​ប្រព្រឹត្ដ ព្រោះ​អាច​នាំឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់ខ្លួន។ គួរ​គប្បី​ចៀស​វាងឱ្យ​ផុតពី​មូលហេតុ​ធ្លាយ​ពោះនិង​ពោះវៀន​ដូច​ដែលបាន​រៀបរាប់​ជូន​ខាង លើ។ គ្រោះថ្នាក់​ដល់​ពោះវៀន​សុទ្ធតែ​មើល​មិន​ឃើញ​សូម្បី​តែ​ពោះប៉ះ​ជ្រុងតុ​ក៏អាច​បណ្ដាល​ឱ្យ​ធ្លាយ​ពោះ​វៀន​ដែរ។ ដោយ​ឡែក បច្ចុប្បន្ន​នេះក៏​មានថ្នាំ​វ៉ាក់​សាំង​ការពារ​ជម្ងឺ​គ្រុន​ពោះវៀន​ដែរ ដោយ​ចាក់​១ដង ការពារ​បាន​១ឆ្នាំ​តែមិន​អាច​ការពារ​បាន​មួយ​ជីវិត​ទេ។

ដំ​បូន្មាន​អ្នក​ឯក​ទេស

ការរង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត យើង​មិនអាច​ដឹងមុន​បាន​ទេ។ ដូចនេះ​លោកអ្នក​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុខភាព ខ្លួនឯង។ ម្យ៉ាង​ទៀត​បើ​លោកអ្នក​សង្ស័យ​ថា សុខភាព​លោកអ្នក​មាន​បញ្ហា ដូចជា​មាន​ជម្ងឺ​អ្វីមួយ​លោកអ្នក​ត្រូវ​ប្រញាប់​ទៅកាន់ មន្ទីរ​ពេទ្យជា​បន្ទាន់ ដើម្បី​ពិនិត្យ និងធ្វើ​ការ​វិនិច្ឆ័យ​រោគ។ ជា​ពិសេស​ការប៉ះ​ទង្គិច​ចំពោះ​លោកអ្នក​ត្រូវ​ប្រញាប់​ប្រញាល់​មក​មន្ទីរ​ពេទ្យ ជា​បន្ទាន់ ដើម្បី​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ និង​ធ្វើការ​ព្យា​បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *