វិធី​ថែរក្សា​ផ្លូវ​ចិត្ដ​កុមារ

កុមារ​ជាវ័យ​ដែលឆាប់​ទទួល​រងនូវ​បញ្ហា​ផ្លូវចិត្ដ​ណាស់។ ថ្វីត្បិត​តែកុមារ​មិនចេះ​ដោះស្រាយ​នូវរាល់​បញ្ហា​ទាំងឡាយ​ដែល កើតឡើង​ដូច​មនុស្ស​ធំមែន។ ប៉ុន្ដែ​កុមារ​ឆាប់មាន​ភាព​ស្រគត់​ស្រគំ យំសោក​សង្រេង ឆាប់តក់​ស្លុត ឬឆាប់​រំជួល​ចិត្ដ​នៅពេល ជួបរឿង​អ្វីមួយ​ពីមជ្ឈ​ដ្ឋាន​ខាងក្រៅ។ ជា​ពិសេស​កុមារ​ដែល​ទទួល​នូវ​បញ្ហា​ផ្លូវចិត្ដ​ច្រើនតែ​បណ្ដាល​មកពី​សង្គម​គ្រួសារ​ផ្ដល់ឱ្យ​កុមារ ច្រើនជាង​ទទួល​ឥទ្ធិពល​ពីសង្គម​ខាងក្រៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រធាន​បទស្ដី​ពីវិធី​ថែរក្សា​ផ្លូវចិត្ដ​កុមារ ត្រូវបាន​លោក​សាស្ដ្រ​ចារ្យ ផាន់ ចាន់ពៅ​អនុ​បណ្ឌិត​និងអ្នក​ឯកទេស​ចិត្ដវិទ្យា​និងជា​ក្រុម​ស្រាវ​ជ្រាវ ភីស ថាយ ហ្គឺរ មានវត្ដ​មានបក​ស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​យល់ តាមរយៈ​ទស្ស​នាវដ្ដី​សុខភាពយើង។

កត្ដា​ដែលធ្វើ​ឱ្យកុមារ​មាន​បញ្ហា​ផ្លូវចិត្ដ

មាន​មូលហេតុ​ជាច្រើន​យ៉ាង ដែលជះ​ឥទ្ធិពល​ទៅដល់​កុមារ ធ្វើឱ្យ​កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ។

1 . កត្ដា​តំណ​ពូជ ស្ដ្រី​កំពុង​មានផ្ទៃ​ពោះ ពុំបាន​គិតគូរ​ពី​សុខភាព​ផ្លូវចិត្ដ​ខ្លួនឯង​ទេ រមែង​តែងគិត​ច្រើន​ខ្វល់ខ្វាយ មិន សប្បាយ​ចិត្ដ ពិបាក​ចិត្ដច្រើន​ពីរឿង​ជីវភាព​គ្រួសារ ស្មុគ​ស្មាញ​រឿង​គ្រប់យ៉ាង​និង​សុខភាព​ផ្លូវ​កាយ​មិនមាំ​មួន។ ចំណុច​ទាំងនេះ ជា​ហេតុធ្វើ​ឱ្យជះ​ឥទ្ធិពល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ។ ព្រោះ​អារម្មណ៍​របស់​ម្ដាយ​គឺជា​អារម្មណ៍​របស់​កូន​ហើយ​នៅពេល​ដែលកូន កើតមក​កូននឹង​មាន​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ដ និង​សុខភាព​ផ្លូវកាយ​មិនបាន​ល្អដូច​ម្ដាយដែរ។

2 . របប​ចំណី​អាហារ នៅពេល​កូនកើត​មកហើយ កូនមិន​សូវបាន​ទទួល​របប​ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន ប្រូតេ​អ៊ីន​គ្រប់គ្រាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រាងកាយ​ឱ្យបាន​រឹងមាំ និងឱ្យ​មាន​ថាមពល​ខ្លាំងក្លា​ទេ។ ជា​លទ្ធផល​អវិជ្ជ​មាន ធ្វើឱ្យ​កុមារ មាន​សុខភាព​រាងកាយ​មិនល្អ អាប់​បញ្ញា​គិតអ្វី​មិន​រហ័ស​រហួន​ដូចក្មេង​ទូទៅ​ដែល​ទទួល​បាន​របប​ចំណី​អាហារ​គ្រប់គ្រាន់។ កុមារ ប្រភេទ​នេះ ចេះតែ​គិតអំពី​ខ្លួនឯង​ថា ខ្លួនកើត​មកមាន​សុខភាព​មិនរឹង​មាំដូច​គេ ប្រាជ្ញា​មិនឆ្លាត​វៃ​គិតអ្វី​មិនបាន​លឿនដូច​គេ ហើយ តែងមាន​ការតូច​ចិត្ដនឹង​វាសនា​ខ្លួនឯង​ជាដើម។ ការដែល​ចេះតែ​គិតអំពី​ចំណុច​ទាំងនេះ​ពី១ថ្ងៃ​ទៅ១ថ្ងៃ វាបង្ក​ជា​ទំនាស់​ខាង​បញ្ហា​ផ្លូវ ចិត្ដ។

3 . ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ពេលស្ដ្រី​កំពុង​តែមាន​ផ្ទៃពោះ ចូលចិត្ដ​ចង់ដឹង​រឿងរ៉ាវ​ទាំងអស់ មិនថា​ជារឿង​អាក្រក់​ឬល្អ​ទេ។ ចំពោះ​ការផ្សព្វ​ផ្សាយ​ភាពយន្ដ​វិញ ចូលចិត្ដ​តែមើល​រឿង​បាញ់​សម្លាប់ ចង​គំនុំ​គំកួន ឬរឿង​កម្សត់​ចង​អាឃាត​ជាដើម។ ការមើល រឿង​បែបនេះ វាជា​កត្ដាដែល​ជះឥទ្ធិពល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ ព្រោះ​ទារក​ទទួល​យក​ព័ត៌មាន​ហើយ​រីក​លូតលាស់​ខាងភាសា លឿន​បំផុត​តាំងពី​ចាប់​កំណើត។ ពេលកូន​កើតមក កូននឹង​មាន​អត្ដ​ចរិត ឬឆេវ​ឆាវ ច្រណែន​កម្សត់ ដូចតួ​នៅក្នុង​សាច់រឿង ដែល​ម្ដាយ​ចូលចិត្ដ​មើល​តាំងពី​ពេលកូន​នៅក្នុង​ផ្ទៃ។

អាការ​កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ

កុមារ​មាន​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ដ ស្ដែង​ចេញជា​រោគ​សញ្ញា​ច្រើនបែប ដែលគេ​អាច​សង្កេត​ដឹងបាន​ថា ក្មេងនោះ​មាន​បញ្ហា ខាង​សុខភាព​ផ្លូវចិត្ដ ឬក៏​មិនមាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
  •  អាការ​សរីរៈ​រាងកាយ​របស់​កុមារ រាងកាយ​របស់​កុមារ​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ គឺមិន​ធម្មតា មានន័យ​ថា​រាងកាយ​របស់​កុមារ​មាន​បញ្ហា​មិនដូច​ក្មេង​ទូទៅ។ កុមារ​តែងវិល​មុខ ឈឺក្បាល ក្ដៅខ្លួន រាងកាយ​ស្គមស្គាំង​អស់​កម្លាំង​ល្ហិត​ល្ហៃ ស្រវាំង​ភ្នែក ទឹកមុខ​ដូចជា​ស្លេកស្លាំង​មិន​ស្រស់​បស់ មិន​ញ៉ាំ​ចំណី​អាហារ ឬអាច​ដក​ដង្ហើម​ថប់ៗ​បេះដូង​ដើរ​លឿន​ជាដើម។
  • អាការ​នៃការ​ប្រព្រឹត្ដ​របស់​កុមារ ៖ ប្រសិន​បើ​ក្មេង​​ម្នាក់មាន​បញ្ហាខាង​សុខភាព​ផ្លូវចិត្ដ​នោះការ​ប្រព្រឹត្ដ​សកម្ម​ភាព​អ្វីមួយ មានការ​ប្រែប្រួល កុមារ​តែងតែ​រពឹស ហើយ​បង្ក​ជម្លោះ​ជាមួយ​អ្នកដទៃ។ ឪពុក​ម្ដាយ​មួយ​ចំនួន​តែងគិត​ថា​ក្មេង​ដែល​រពឹស​ជាក្មេង ឆ្លាត។ ផ្ទុយ​ទៅវិញ ក្មេង​ដែល​រពឹស​ជាក្មេង​ដែល​កំពុងតែ​មាន​បញ្ហា​ផ្លូវចិត្ដ​ទៅវិញទេ។ ក្មេង​នេះ​មាន​សកម្ម​ភាព​ដូចជា​ចូលចិត្ដ​ឆាឆៅ រករឿង​គេ ដើរស្ដោះ​ទឹកមាត់​ដាក់គេ បោច​សក់គេ បោក​កម្ទេច​របស់​របរ​ចោល​ជាដើម។ ទង្វើ​ទាំងនេះ​បញ្ជាក់​ថា កុមារ​បាន​បង្ហាញពី ភាព​រំជួល​របស់ខ្លួន ហើយ​សម្ដែង​សកម្ម​ភាព​ចេញមក​យ៉ាង​ខ្លាំង​ដែល​លេច​ចេញជា​រោគ​សញ្ញា​ផ្លូវចិត្ដ។ ចំពោះ​ក្មេងខ្លះ​ទៀត មាន សកម្ម​ភាពផ្ទុយ​ពីសកម្ម​ភាពក្មេង​ខាងលើ ដូចជា​ចូលចិត្ដ​អង្គុយ​សម្ងំក្នុង​បន្ទប់តែ​ម្នាក់ឯង​ចូលចិត្ដ​ភាព​ឯកោ ស្រគត់​ស្រគំ ចូលចិត្ដ​កន្លែង ស្ងាត់ មិនចូល​ចិត្ដភាព​អ៊ូអរ និងមិន​ចូលចិត្ដ​និយាយ​ច្រើន​នេះក៏​ជារោគ​សញ្ញា​បញ្ជាក់​ថា ក្មេង​មាន​បញ្ហា​ផ្លូវចិត្ដ​ដែរ។

វិធី​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​កុមារ

ក្នុងនាម​ជាឪពុក​ម្ដាយ ត្រូវយក​ចិត្ដទុក​ដាក់ទៅ​លើ​សុខភាព​ផ្លូវចិត្ដ​របស់ខ្លួន​ព្រោះ​ផ្លូវចិត្ដ​កុមារ​សំខាន់​ណាស់​មិនអាច​ធ្វេស ប្រហែស​បានឡើយ។ ដូចនេះ​មធ្យោ​បាយ​ដែលល្អ​ត្រូវ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ​ចាប់តាំង​ពីស្ដ្រី​កំពុងតែ​មានផ្ទៃ​ពោះ ត្រូវ គិតគូរ​ចំពោះ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​ខ្លួនឯង។ មិនត្រូវ​ដឹងឮ​រឿង​អាក្រក់​ឬមើល​រូបភាព​ណាមួយ​មិនល្អ​ដក់ជាប់​នៅ ក្នុងខួរ​ក្បាលនោះ​ទេ។ មិនត្រូវ​បណ្ដោយ​ឱ្យមាន​សុខភាព​ទ្រុឌទ្រោម និងភាព​ទុក្ខ​សោក​សង្រេង គិតច្រើន​ធ្វើឱ្យ​អារម្មណ៍​ស្មុគ​ស្មាញ ឡើយ។ ព្រោះ​លោកអ្នក​ដឹងហើយ​ថា អារម្មណ៍​របស់​ម្ដាយគឺ​ជា​អារម្មណ៍​របស់​កូន។ ហេតុនេះ​បើ​សុខភាព​ម្ដាយ​មិនល្អ ជួបតែ រឿង​តត់ស្លុត ធ្វើឱ្យ​ផល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ​ពេលកូន​កើតមក​នឹងមាន​សភាព​រាងកាយ​មាន​បញ្ហា​ដូច​ម្ដាយ។ ម្យ៉ាង​ទៀត ប្រសិន​បើកូន​កើតមក​ហើយ​ក្លាយជា​កុមារ​មួយរូប​មិនល្អ​ឪពុក​ម្ដាយមិន​ត្រូវ​បណ្ដោយ​ឱ្យកូន​នៅតែ​ម្នាក់​ឯងទេ។ បើសិន​ជាកូន​រពឹស​វិញ ឪពុក​ម្ដាយ​ក៏មិន​ត្រូវជេរ ឬវាយ​ដំកូន​ដែរ​ព្រោះ​អាចឱ្យ​កូនមាន​បញ្ហា​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ។

ផល​ប៉ះពាល់​ផ្លូវចិត្ដ​កុមារ

កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ​ប្រាកដ​ជាធ្វើ​ឱ្យមាន​ផល​វិបាក​ច្រើនទៅ​ថ្ងៃ​អនាគត។ ជា​ពិសេស​មានផល​វិបាក​ទៅលើ​ខ្លួនឯង​ដោយ សារតែ​ទង្វើ​សកម្ម​ភាព​សង្គម​មិនឱ្យ​តម្លៃ ធ្វើឱ្យ​អ្នក​ដទៃ​មិនចូល​ចិត្ដរាប់​អាន​កុមារ​អាច​ក្លាយខ្លួន​ទៅជា​មនុស្ស​មិនល្អ​នៅក្នុង​សង្គម។ មិនតែ​ប៉ុណ្ណោះ ធ្វើឱ្យ​ឪពុក​ម្ដាយឬ​អាណា​ព្យាបាល​ដែលនូវ​ជុំវិញ​ខ្លួន​កុមារ​អាចធ្លាក់​ខ្លួនឈឺ​ដោយសារ​គិតច្រើន​ចំពោះ​កូនដែល​មាន បញ្ហា​ផ្លូវចិត្ដ​ទៀតផង។

ដំ​បូន្មាន​អ្នក​ឯកទេស

ឪពុក​ម្ដាយ​គ្រប់រូប សូមកុំ​យល់​ច្រឡំថា កូនដែល​រពឹស​ជាក្មេង​ឆ្លាត ហើយ​ក្មេង​ដែល​មិនសូវ​ចូលចិត្ដ​និយាយ​ច្រើន​ចូលចិត្ដ​តែ ភាព​ឯកោ អាកប្ប​កិរិយា​ស្លូតបូត ថាជា​ក្មេង​សុភាព​រាបសារ​ឱ្យសោះ។ សកម្ម​ភាព​រពឹស និង​សុភាព​រាបសារ​សុទ្ធតែ​ជារោគ​សញ្ញា បញ្ជាក់ពី​បញ្ហា​ផ្លូវចិត្ដ​ប្រក្រតី ឬមិន​ប្រក្រតី។ ដូចនេះ​ឪពុក​ម្ដាយ​បើមើល​ឃើញ​កូន​បង្ហាញ​នូវ​អាការ​មិន​ប្រក្រតី គួរ​ប្រញាប់​យកកូន ទៅជួប​អ្នក​ឯកទេស​ជំនាញ​ខាង​សុខភាព​ផ្លូវចិត្ដ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *