ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

រលាក​សន្លាក់​រ៉ាំរ៉ៃ​ឬជា​ភាសា​បច្ចេក​ទេស​ហៅថា​ជម្ងឺ​រុយម៉ា​តូអ៊ីត​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​កើតមាន​នៅលើ​មនុស្ស​គ្រប់​វ័យ។  ជម្ងឺនេះ​ភាគច្រើន​កើតនៅ​លើស្ដ្រី​ដែលមាន​វ័យចាប់​ពី៣៥ ឬ៤០​ឆ្នាំឡើង​ទៅ ជាជម្ងឺ​ដែលមាន​លក្ខណៈ​រ៉ាំរ៉ៃ​មួយ​ជីវិត។ គ្រូពេទ្យ​មិន អាចធ្វើ​ការព្យា​បាល​ជម្ងឺនេះ ឱ្យជា​សះស្បើយ​បានទេ ទោះបី​ជាជម្ងឺ​នេះស្ថិត​នៅក្នុង​ដំណាក់​កាល​ដំបូង​ក៏​ដោយ​ហើយ​គ្មាន​វិធី​បង្ការ​ជា មុនបាន​ដែរ ប៉ុន្ដែ​ការព្យា​បាល​អាចទប់​ស្កាត់ការ​វិវត្ដន៍​របស់​ជម្ងឺនេះ​បាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ ទស្ស​នាវដ្ដី សុខ​ភាព​​​​យើងសូម​បង្ហាញ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ស្វែង​យល់ពី​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ រុយម៉ា​តូអ៊ីត តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​វេជ្ជ​បណ្ឌិត លី ជាតិតា ផ្នែក​សន្លាក់​នៃមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត។

ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ឬជម្ងឺ​រុយម៉ា​តូអ៊ីត​គឺជា​ការ​រលាក​សន្លាក់​ដែលមាន​ការឈឺ​ចុក​ចាប់​ហើយ​ហើម​នៅត្រង់​កសន្លាក់​ដែល រលាក ឬធ្វើ​ឱ្យខូច​ទ្រង់​ទ្រាយនៃ​សន្លាក់​ឆ្អឹង ដោយ​សារការ​ដាច់​សរសៃ​ពួរ ឬបាក់​ឆ្អឹង​រួចធ្វើ​ឱ្យមាន​ការ​ឈឺចុក​ចាប់មាន​លក្ខណៈ​រ៉ាំរ៉ៃ រាប់ខែ​រាប់ឆ្នាំ ឬមួយ​ជីវិត​នៃអ្នក​ជម្ងឺ។

មូល​ហេតុ​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​រុយម៉ា​តូអ៊ីត ជាជម្ងឺ​មួយ​ដែល​កើត​ឡើង​គ្មាន​មូល​ហេតុ​ច្បាស់​លាស់ទេ។ មិនមាន​ការ​សិក្សា​ស្រាវ ជ្រាវ​បញ្ជាក់់​ថា តើ​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​រុយម៉ា​តូអ៊ីត​នេះមក​ពី​មូល​ហេតុអ្វី​នៅឡើយ​ទេ។ តែគេ​សម្គាល់​ឃើញ​ថា​ជន​ដែលរង​គ្រោះ កើត​មាន​ជម្ងឺ​រលាក​សន្លាក់​ប្រភេទ​នេះ ភាគ​ច្រើន​ចាប់ពី​វ័យ​៣៥​ឬ៤០​ឆ្នាំឡើង​ទៅ​ហើយ​កើតនៅ​លើ​មនុស្ស​ស្ដ្រី​ច្រើន​ជាង​បុរស។

រោគ​សញ្ញា​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

អាការ​ដែល​ចាប់​ផ្ដើម​ដំបូង​ឡើង គឺមាន​ការឈឺ​ចុកចាប់​នៅត្រង់​កន្លែង​រលាក​សន្លាក់​ជា​ពិសេស​ឈឺ​នៅពេល​ព្រឹក​ព្រលឹម ហើយ​មាន​លក្ខណៈ​រឹងនៅ​ត្រង់​កន្លែង​ឈឺទៀត​ផង។ ជួន​កាល​កន្លែង​ដែល​រលាក​សន្លាក់​នេះ​អាច​មានការ​ហើម​ខ្លាំង​ក៏មាន។ ការ​រលាក សន្លាក់​ប្រភេទ​នេះ គឺចាប់​ផ្ដើម​ដំបូង​មានការ​រលាក​នៅត្រង់​សន្លាក់​ម្រាម​ដៃ និង​កដៃ​មុន។ បន្ទាប់​មក​មានការ​ហើម​នៅត្រង់​សន្លាក់ កដៃ ឬ​ម្រាម​ដៃ រួចក៏​ហើម​សន្លាក់​ស្មា ហើយ​ហើម​សន្លាក់​ជង្គង់​ទើបនៅ​ចុង​បញ្ចប់​មានការ​ឈឺចុក​ចាប់​ហើម​គ្រប់​សន្លាក់​ទាំងអស់​នៅ ក្នុងរាង​កាយ។ ស្របពេល​ឈឺ​គ្រប់​សន្លាក់​នោះដែរ​អ្នកជម្ងឺ​ក៏អាច​មាន​អាការ​ក្ដៅខ្លួន​វិលមុខ ឈឺ​ក្បាល នៅពេល​អ្នក​ជម្ងឺ​ឈឺ​ខ្លាំង ហើយ​អស់​កម្លាំង​ល្ហិត​ល្ហៃ​ទទួល​ទាន​អាហារ​មិនបាន​ជួនអាច​ចេញ​កូន​កណ្ដុរ​ទៀត​ផង។

វិធី​ព្យាបាល​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

បើ​លោកអ្នក​មាន​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​រុយម៉ា​តូអ៊ីត​ហើយ គ្រូពេទ្យ​មាន​វិធី​ព្យាបាល​ដោយ​ប្រើ​ឱសថ។ បើមាន​ការខូច​ទ្រង់​ទ្រាយ​សន្លាក់ ឬដាច់​សរសៃ​ពួរឬ​តង់ដង់​ណា​មួយ​នោះអាច​មាន​វិធី​វះកាត់។ គ្រូពេទ្យ​ត្រូវធ្វើ​ការ​ព្យាបាល​ដោយ​ភ្ជាប់​សរសៃ​ដែល ដាច់​នោះ​ឡើង​វិញ ដើម្បី​ឱ្យ​សរសៃ​ជាប់ដូច​ធម្មតា។ ទោះបី​ជាការ​ព្យាបាល​មិនបាន​ជាសះ​ស្បើយ​ជា​ស្ថាពរ​ក៏ដោយ​ក៏ការ​ព្យាបាល​អាច មាន​ប្រសិទ្ធ​ភាពក្នុង​ការ​ទប់ស្កាត់​ការ​វិវត្ដ​របស់​ជម្ងឺ​នេះ។

ផល​ប៉ះពាល់​ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ

ចំពោះ​បុគ្គល​ដែល​កើត​មាន​ជម្ងឺ​រលាក​សន្លាក់​ប្រភេទ​នេះ នឹង​ទទួល​នូវ​ផល​ប៉ះពាល់​ជាច្រើន​យ៉ាង​ទៅដល់​ការងារ​ប្រចាំ​ថ្ងៃ ព្រោះ​អ្នក​ជម្ងឺ​ទទួល​នូវការ​ឈឺចុក​ចាប់ និងការ​ហើម​គ្រប់​សន្លាក់ ធ្វើឱ្យ​អ្នក​ជម្ងឺ​មិនអាច​ធ្វើ​កិច្ចការ​អ្វីបាន​ឡើយ។ មិនតែ​ប៉ុណ្ណោះ រលាក​សន្លាក់​រ៉ាំរ៉ៃ​រុយម៉ា​តូអ៊ីត​នេះ អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​មានការ​វៀច​សន្លាក់​ដៃជើង ឬបាក់​ឆ្អឹង​ឬដាច់​សរសៃ​ពួរតង់​ដុង។ ជា​ទូទៅ នៅក្នុង​គ្រួសារ​មួយ កាល​បើមាន​សមាជិក​ណា​ម្នាក់​មាន​ជម្ងឺ​នេះ ពិតជា​ធ្វើឱ្យ​រំខាន​ដល់ការ​សិក្សា​ការងារ​ប្រចាំ​ថ្ងៃ ថែមទាំង​ធ្វើឱ្យ សេដ្ឋកិច្ច​គ្រួសារ​ធ្លាក់ចុះ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើនក្នុង​ការព្យា​បាល​ជម្ងឺ។

ដំ​បូន្មាន​អ្នក​ឯក​ទេស

ជម្ងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​រុយម៉ា​តូអ៊ីត​ជាជម្ងឺ​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​រ៉ាំរ៉ៃ​យូររាប់​ខែរាប់​ឆ្នាំមួយ​ជីវិត ហើយ​នៅតែ​រក​មូល​ហេតុ​មិន​ឃើញ ព្រមទាំង​ព្យាបាល​ប្រើ​រយៈពេល​យូរ​ទៀត។ ជម្ងឺ​រលាក​សន្លាក់​ប្រភេទ​នេះ​ទោះបី​ជាគ្រូ​ពេទ្យ​ធ្វើការ​ព្យាបាល​ក៏ នៅតែ​មិនអាច​ជាសះ​ស្បើយ​ដែរ។ ប៉ុន្ដែ​បុគ្គល​ដែលបាន​កើត​ជម្ងឺ​នេះ សូមកុំ​អស់​សង្ឃឹម ថ្វីត្បិត​តែជម្ងឺ​នេះ​គ្រូពេទ្យ​មិនអាច​ធ្វើការ ព្យាបាល​ឱ្យជា​មែនក្ដី តែគ្រូ​ពេទ្យ​អាច​ព្យាបាល​បញ្ឈប់​នៃការ​វិវត្ដន៍​របស់​វាបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Categories:

Leave a Reply

Your email address will not be published. Required fields are marked *