គ្រោះថ្នាក់ជាយថាហេតុពីការងារសព្វសារពើ ឬដោយការបើកបរ មានសភាពផ្សេងៗពីគ្នា។ ក្នុងនោះអាចដាច់រលាត់ គ្រេច ថ្លោះ ប្រេះស្រាំឆ្អឹង ឬបាក់តែម្ដង។ ករណីឆ្អឹងបាក់លោកអ្នកតែងសង្កេតឃើញថាមានការព្យាបាលតាមបែបបូរាណដោយស្ដោះ ផ្លុំ ប្រើថ្នាំបូរាណ និងការព្យាបាលតាមបែបវេជ្ជសាស្ដ្រទំនើប។ ការព្យាបាលឆ្អឹងបាក់តាមបែបវេជ្ជសាស្ដ្រទំនើបបានផ្ដល់នូវលទ្ធផលល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាចចៀសវាងបាននូវផលវិបាកផ្សេងនិងពិការភាពដែលបណ្ដាលមកពីការបាក់ឆ្អឹងនេះ។
ទស្សនាវដ្ដី សុខភាពយើងលេខនេះ លោកវេជ្ជបណ្ឌិត សុខ ប៊ុនថាអ្នកឯកទេសវះកាត់តឆ្អឹងនៃមន្ទីរពេទ្យកាល់ម៉ែតបានចូលរួមបកស្រាយអំពីវិធីព្យាបាលឆ្អឹងបាក់ជូនលោកអ្នកអានស្វែងយល់។
សណ្ឋានឆ្អឹងបាក់
ឆ្អឹងបាក់ត្រូវបានរាប់បញ្ចូលនូវគ្រប់ទម្រង់នៃការបាក់ ដោយគិតចាប់តាំងពីការប្រេះស្រាំរហូតដល់ការបាក់ដាច់ចេញពីគ្នាតែ ម្ដង។ ជម្ងឺឆ្អឹងបាក់អាចកើតមាននៅលើមនុស្សគ្រប់វ័យ ជាពិសេសចំពោះមនុស្សចាស់ដែលមានជម្ងឺពុកឆ្អឹង។
មូលហេតុឆ្អឹងបាក់
មានមូលហេតុជាច្រើនដែលអាចបណ្ដាលឱ្យឆ្អឹងបាក់។ នៅក្នុងប្រទេសកម្ពុជាយើងគេសង្កេតឃើញថាគ្រោះថ្នាក់ចរាចរណ៍ ជាមូលហេតុធំមួយដែលធ្វើឱ្យឆ្អឹងបាក់។ ក្រៅពីនេះក៏អាចមានមូលហេតុផ្សេងៗទៀត ដូចជាការលេងកីឡាគ្រោះថ្នាក់ការងារ គ្រោះ ថ្នាក់ក្នុងផ្ទះជាដើម។ គ្រាប់កាំភ្លើងអាចជាមូលហេតុញឹកញាប់នៃការបាក់ឆ្អឹងដែរហើយការព្យាបាលមានការលំបាក ព្រោះការបាក់ឆ្អឹង ដោយមូលហេតុនេះ ច្រើនតែជាការបាក់ខ្ទេចម៉ត់ និងខូចខាតខ្លាំងដល់សរីរៈដែលនៅជុំវិញ។
សញ្ញាណបញ្ជាក់ថាឆ្អឹងបាក់
ជាទូទៅការបាក់ឆ្អឹងងាយធ្វើរោគវិនិច្ឆ័យណាស់ ហើយអ្នកជម្ងឺខ្លួនឯងផ្ទាល់ក៏អាចដឹងបានដែរ។ រោគសញ្ញានៃការបាក់ឆ្អឹង មាន ៖
- ពេលដួល ឬប៉ះទង្គិច អ្នកជម្ងឺអាចឮសូរឆ្អឹងបាក់ ឬឆ្អឹងកកិតគ្នានៅពេលអ្នកជម្ងឺសាកល្បងធ្វើចលនា
- មានការឈឺចាប់ខ្លាំងនៅកន្លែងឆ្អឹងបាក់ ដែលធ្វើឱ្យអ្នកជម្ងឺមិនអាចកម្រើកអវយវៈបាន
- កន្លែងឆ្អឹងបាក់មានសភាពហើមខ្លាំង របួស ឬហូរឈាម
- គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ តាមរយៈការថតកាំរស្មីអ៊ិច ដែលអាចឱ្យដឹងពីឆ្អឹងដែលបាក់ ភាពខ្ទេចនៃឆ្អឹងនិងការផ្លាស់ប្ដូរ ទីតាំងនៃបំណែកឆ្អឹង។
ផលវិបាកនៃឆ្អឹងបាក់
ផលវិបាកនៃការបាក់ឆ្អឹងត្រូវបានបែងចែកទៅតាមដំណាក់កាលដូចជា ៖
1 . ផលវិបាកកើតភ្លាមៗ ៖ ដោយជនរងគ្រោះឈឺចាប់ ដាច់រលាត់ស្បែក បែកសាច់ ឬហើមសាច់មានមេរោគចូលតាមមុខ របួស អាចដាច់សរសៃឈាមតូចឬធំ។ បើការបាក់ធ្ងន់ធ្ងរខ្ទេចខ្ទីដោយរថយន្ដកិនត្រង់ដៃជើង(ករណីរួចជីវិត)ជាដើម លទ្ធភាពក្នុងការ តភ្ជាប់ឡើងវិញមានតិចបំផុត ព្រោះសរសៃឈាមធំដាច់ និងខ្ទេចខ្ទាំខ្លាំងពេក។
2 . ផលវិបាកកើតមួយសបា្ដហ៍បន្ទាប់ ៖ ផលវិបាកនេះអាចមានកខ្ទុះ រលាក រលួយឬប៉ះពាល់ពេលធ្វើពលកម្មផ្សេងៗ។
3 . ផលវិបាកកើតច្រើនខែ ៖ អាចមានករណីអវយវៈខ្លីជាងធម្មតា អាចវៀចតិចតួចអាចតមិនជាប់ហើយត្រូវវះកាត់ត ម្ដងទៀតក៏មាន។ បើព្យាបាលមិនបានត្រឹមត្រូវជើងខ្លីជាងគ្នាច្រើនអាចបង្កបញ្ហាច្រើនទៀតដូចជាធ្វើឱ្យរលាកតាមសន្លាក់ ព្រោះទម្ងន់ ធ្ងន់ផ្អៀងទៅម្ខាង។
វិធីព្យាបាលឆ្អឹងបាក់
តាមគោលការណ៍ផ្នែកវេជ្ជសាស្ដ្រ ការតឆ្អឹងបាក់ត្រូវមានវិធីត្រឹមត្រូវ។
1 . វិធីទី១ឬការវះតម្រង់ឆ្អឹងឱ្យត្រង់ ៖ គ្រូពេទ្យអាចដឹងពីការផ្លាស់ប្ដូរទីតាំងឆ្អឹងបាក់ដោយការថតឆ្លុះកាំរស្មីអ៊ិច។ ការវះ កាត់តម្រង់ឆ្អឹងជាដំណាក់កាលដំបូងនៃការវះកាត់ ហើយមានសារសំខាន់ណាស់ចំពោះអ្នកជម្ងឺ ព្រោះក្រោយពីឆ្អឹងបាក់សាច់ដុំ និង សរសៃបានប្រទាញ ធ្វើឱ្យមានលក្ខណៈរួញខ្លីខុសប្រក្រតី(ឆ្អឹងជ្រួសមុខគ្នា) រមួល វៀច ឬកោងជាដើម។
2 . វិធីទី២ឬការដាក់ដែកទប់ឆ្អឹង ៖ មានវិធីច្រើនប្រភេទសម្រាប់ភ្ជាប់ដែកប្រភេទអ៊ីណុក ដែលមិនអាចកើតច្រែះនិង បន្ទាប់ពីបានពិសោធ និងធ្វើការសិក្សាយូរអង្វែងរួចមក។ មានប្រភេទដែកច្រើនបែបសម្រាប់ភ្ជាប់ឆ្អឹង ទៅតាមប្រភេទឆ្អឺងទីតាំងឆ្អឹង បាក់ និងការបាក់ឆ្អឹងដែលមាន ឬគ្មានរបួសទៅលើសាច់។ ការដាក់ដែកនេះគឺគេចាប់ភ្ជាប់នឹងឆ្អឹងបាក់ទាំងពីរកំណាត់ ដែលតម្រង់ឱ្យ នៅនឹង មិនឱ្យវៀច កោង ឬមិនឱ្យជ្រួសមុខគ្នា។ ជាទូទៅដែកនឹងដកចេញវិញយ៉ាងយូរក្នុងអំឡុងពេល៦ខែទៅ៨ខែសម្រាប់ដៃ និងមួយឆ្នាំកន្លះសម្រាប់ជើង។
ប្រការគួរប្រតិបត្ដិ
អ្នករងគ្រោះត្រូវធ្វើសកម្មភាពដោយថ្នមនៅពេលដែលឆ្អឹងមិនទាន់ជាជាប់ល្អ។ ទោះបីជាជាប់ហើយក៏ដោយក៏ត្រូវប្រុង ប្រយ័ត្នចំពោះកន្លែងដែលធ្លាប់បាក់នោះដែរ។ លើសពីនេះគប្បីទទួលទានអាហារទាំងឡាយណាដែលមានជាតិកាល់ស្យូមច្រើន។ ប្រការផ្សេងទៀត គឺត្រូវធ្វើចលនាលើអវយវៈដែលមានឆ្អឹងបាក់ ដើម្បីចៀសវាងការរឹងគាំងសន្លាក់។
ដំបូន្មានអ្នកប្រឹក្សា
កន្លងមកការព្យាបាលតាមបែបបុរាណ ច្រើនមានផលប៉ះពាល់ច្រើនដល់អ្នកជម្ងឺ។ ព្រោះអ្នកព្យាបាលមិនអាចមើលឃើញ សភាពបាក់នៃឆ្អឹងនៅខាងក្នុងសាច់បាន ឆ្អឹងដុះជាប់គ្នា មិនត្រង់ ដូចប្រក្រតី អាចខ្លីជាងប្រក្រតី អាចវៀចឬឆ្អឹងមិនតភ្ជាប់ជាដើម។ ទីបំផុតផលវិបាកកាន់តែធ្ងន់ធ្ងរ គ្រូពេទ្យជំនាញផ្នែកវេជ្ជសាស្ដ្រនឹងធ្វើការវះកាត់ព្យាបាលជាថ្មីតាមក្រោយហើយការវះកាត់នេះពិបាក ជាងការវះកាត់តឆ្អឹងបាក់ថ្មីៗ។ ដូច្នេះសូមលោកអ្នកដែលជួបបញ្ហាបាក់ឆ្អឹងឆាប់រកសេវាព្យាបាលតាមបែបវេជ្ជសាស្ដ្រទំនើបទើប ប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨
Leave a Reply