សង្គម​បំពុល​យុវវ័យ

សម័យ​កាល​ចេះ​តែ​វិវត្ដន៍​ទៅ​មុខ ទម្លាប់​នៃការ​ប្រព្រឹត្ដ​ក៏មាន​ការ​ផ្លាស់​ប្ដូរ​ដែរ។ យុវវ័យ​ដែលជា​វ័យដ៏​ស្រស់​ស្អាត​នៅ​បច្ចុប្បន្ន​នេះ​កំពុង​ត្រូវ​ក្លាយ​ជា​ប្រធាន​បទ​មួយ ដែល​ត្រូវ​មាតា​បិតា​ទាំង​ឡាយ​លើក​យក​មក​ពិភាក្សា​ពោរ​ពេញ​ដោយ​ការ​ខ្វល់​ខ្វាយ យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​ការ​វិវឌ្ឍន៍​យ៉ាង​គំហុក​របស់​ពួក​គេ។ ភាព​រីក​ចម្រើន​នៃ​សង្គម​ជឿន​លឿន​បាន​ធ្វើឱ្យ​យុវវ័យ​មួយ​ចំនួន​រត់ តាម​យ៉ាង​គគ្រឹក​រហូត​ដល់​ងប់​ងល់ ភ្លេច​គិតពី​ផល​វិបាក​ទាំង​ឡាយ​ដែល​នឹងត្រូវ​ប្រឈម​មុខ។ តើ​យុវ​វ័យ​ដែល​ទាន់​សម័យ​និយម​គួរ​ធ្វើ យ៉ាង​ណា ដើម្បី​ឱ្យ​សម​ស្រប​នឹង​សម័យ​កាល​ដ៏​ទំនើប​នេះ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​កសាង​ប្រទេស​ឱ្យ​មាន​ភាព​រីក​ចម្រើន ជាដៃ​គូ​សេដ្ឋ​កិច្ច​ជា​មួយ​ប្រទេស​ផ្សេងៗ​រដ្ឋា​ភិបាល​កម្ពុជា​ចាំ​បាច់​ត្រូវ​មាន​ទំនាក់ ទំនង​កិច្ចការ​បរទេស​បើក​ចំហ​ទីផ្សារ​ឱ្យមាន​ការ​ហូរ​ចូល​នៃអ្នក​វិយោគ​ទុន និង​ភ្ញៀវ​ទេស​ចរ​ជា​ដើម។ មាន​បញ្ហា​មួយ​ចំនួន​ដែល​ជាចំ ណុច​គួរឱ្យ​ព្រួយ​បារម្ភ ដែល​យុវវ័យ​ទាំង​ឡាយ​កំពុង​ត្រូវ​បាន​បំពុល​ដោយ​សង្គម​ដែល​ជឿន​លឿន​នេះ​បន្ដិច​ម្ដងៗ ដោយ​មិន​ដឹង​ខ្លួន។ ការ​បើក​ចំហ​ទំនាក់​ទំនង​ជាមួយ​បរទេស​បាន​ជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​យើង ពិសេស​យុវវ័យ​ពើប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ចាត់​ទុក​ថា ជាជម្ងឺ​មហា​រីក​របស់​សង្គម។

យុវវ័យងាយប្រឈមមុខ

នៅ​ពេល​ដែល​សង្គម​មាន​ការ​ជឿន​លឿន ការហូរ​ចូល​នៃ​វប្ប​ធម៌​បរទេស​បាន​កើត​ឡើង​ដោយ​ចៀស​មិន​រួច។ យុវវ័យ​ដែល ទើប​នឹង​ចាប់​ផ្ដើម​ចង់​ចេះ​ដឹងចង់​ធ្វើតាម ងាយ​ទទួល​នូវអ្វី​ដែល​ប្រាស​ចាក​សីលធម៌។ ព្រោះ​វ័យ​នេះ​ពួកគេ​ធ្វើ​តាម​តែអ្វី​ដែល​ពួក​គេ​យល់ ថា​ត្រឹម​ត្រូវ​តែ​ប៉ុណ្ណោះ អ្វី​ដែល​ថ្មីៗ​ពួក​គេ​តែង​តែចង់​សាក​ល្បង​ចង់​ដឹង ហេតុ​នេះ​ហើយ​ទើប​ក្លាយ​ទៅជា​ចំណុច​ត្រូវ​គេ​វាយ​លុក។ ឧទា​ហរណ៍​ជាក់​ស្ដែង​ដូច​កាល​សម័យ​ខ្មែរ​ក្រហម គេ​តែង​តែប្រើ​មនោគម​វិជ្ជា​របស់​គេទៅ​លើ​ក្មេង​ជំទង់ យុវ​វ័យ ព្រោះ​គេ​យល់​ថា​វ័យ នេះ​ងាយ​ស្រួល​លួង​លោម​បោក​ប្រាស់។ ទី​បំផុត​ពួក​គេក៏​បាន​សម្រេច​បំណង​មែន ព្រោះ​នៅ​ជំនាន់​ខ្មែរ​ក្រហម​ឃាត​ករដៃ​ដល់​ដែល​ហ៊ាន សម្លាប់​មនុស្ស​ដោយ​ឥត​ញ​ញើត​នោះ គឺ​យុវ​វ័យ​នេះ​ឯង។

សង្គម​បំពុល​យុវ​វ័យ

ការ​ហូរ​ចូល​វប្ប​ធម៌​បរទេស​តាម​រយៈ​ខ្សែ​ភាព​យន្ដ កា​សែត​វីដេអូ សារ​ព័ត៌​មាន ទស្សនា​វដ្ដី​ជា​ដើម​និង​ការ​បើក​ទូលាយ ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ធ្វើឱ្យ​ជន​ខិល​ខូច​ឆ្លៀត​ឱកាស​កេង​យក​ផល​ចំណេញ​តាម​រយៈ​ការវាយ​លុក​នូវរូប​ភាព​អាស​អាភាស បង​តូច​បង ធំ ធ្វើឱ្យ​មនុស្ស​មើល​ឃើញ​ចង់​ធ្វើ​តាម ចង​អាឃាត​គ្នា ជះ​ទឹក​អាស៊ីត ការ​ចាប់​រំលោភ​សេព​សន្ថវៈ​ជាដើម។ ការហូរ​ចូល​នៃ​វប្ប​ធម៌ បរ​ទេស​បាន​អង្រួន​យុវ​វ័យ​យើង​មួយ​ចំនួន​ឱ្យ​ចង់​ប្រព្រឹត្ដ​តាម។ វប្ប​ធម៌​ទាំង​នោះ​សម្រាប់​ប្រទេស​ជឿន​លឿន​បាន​ទទួល​យក​ជា​ទំនៀម ទម្លាប់ របៀប​រៀប​រយ​រស់​នៅ និង​បរិយា​កាស​សង្គម​របស់​គេទៅ​ហើយ។ ដោយ​ឡែក​សម្រាប់​ប្រទេស​យើង​ពិបាក​ទទួល​យក​ខ្លាំង ណាស់ តួយ៉ាង​ដូចជា​សម្លៀក​បំពាក់​យុវ​វ័យ​មួយ​ចំនួន​កំពុង​ចម្លង​បែប​បស្ចិម​ប្រទេស លេច​លើ ខើច​ក្រោម ចោះ​រន្ធ​ត្រចៀក ពាក់​ក្រវិល ច្រើន​ពេញ​ត្រចៀក​ទាំង​ប្រុស​ទាំង​ស្រី មាន​ទាំង​ចោះ​ច្រមុះ​បបូរ​មាត់ ចោះ​ទង​ផ្ចិត និង​សាក់​រូប​ភាព​តាម​កន្លែង​ផ្សេងៗ​ជា​ច្រើន​ទៀត។

សម្ភារ​សម្បូរ​បែប ដូច​ជា​កុំព្យូ​ទ័រ អ៊ិន​ធើ​ណេត ទូរ​ស័ព្ទ​ឌីជី​ថល​ទំនើប វីដេ​អូស៊ី​ឌី​ជា​ដើម​ធ្វើឱ្យ​មាន​ការ​ទំនាក់​ទំនង​គ្នាយ៉ាង ឆាប់​រហ័ស បញ្ជូន​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក។ ការ​បើក​ទូ​លាយ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ទើប​បង្កឱ្យ​មាន​ជន​ខិល​ខូច​ឆ្លៀត​ឱកាស​បញ្ជូន​ព័ត៌ មាន​មិន​សម​រម្យ​ផ្សព្វ​ផ្សាយ​ទូទាំង​ប្រទេស។ ភាព​សម្បូរ​បែប​បាន​ធ្វើ​ឱ្យអ្នក​ខ្លះរត់​ដេញ​តាម​ស៊េរី​សឹង​មិនទាន់​ទើប​បណ្ដាល​ឱ្យ​មាន​ការ លួច និង​ឆក់​ប្លន់​គ្នា។ អ្នក​ខ្លះ​ប្រើ​ប្រាស់​វាហួស​កម្រិត ដូច​ជាពេល​តែមួយ​ប្រើ​កុំព្យូ​ទ័រ​ទូរ​ស័ព្ទ​កាស​ស្ដាប់​ម៉ា​ញ៉េ ហាក់​ដូច​ជា​ទំនើប ជ្រុល។ អ្នក​ខ្លះ​ប្រើ​វា​សម្រាប់​កាត់​ត ឬ​បញ្ជូន​រូប​ភាព​មិន​ត្រឹម​ត្រូវ​ទៅ​ឱ្យគ្នា​ទៅវិញ​ទៅ​មក។ សម្ភារ​មួយ​ចំនួន​ទៀត​ដូច​ជា​ឡាន មាស​ប្រាក់ ផ្ទះ និង​សម្លៀក​បំពាក់​ទាន់​សម័យ​ក៏​បាន​ធ្វើឱ្យ​អារម្មណ៍​ត្រេក​ត្រអាល​ចង់​មាន​ចង់​បាន​ដូចគេ។ ជា​ហេតុ​នាំឱ្យ​មាន​ការ​លក់ ខ្លួន លក់​សម្រស់ លួច ឆក់ប្លន់ សម្លាប់គ្នា ប្រពន្ធចុង ប្រពន្ធដើម​បង្កើត​ជាភាព​វឹកវរ​នៅក្នុង​សង្គម។ ម៉ូតូ និង​ឡាន​ទំនើប​បាន​ធ្វើ​ឱ្យ អ្នក​ខ្លះ​ប្រើ​ប្រាស់​វាក្នុង​ល្បឿន​ហួស​កម្រិត​បង្ក​ឱ្យមាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍។ អ្នកខ្លះ​ទៀត​ប្រើវា​ដើម្បី​ការ​ប្រណាំង​នៅលើ​ផ្លូវ សាធា​រណៈ។ អ្នកខ្លះ​ទៀត​បើក​បរ​បណ្ដើរ​ចាក់​ម៉ា​ញ៉េ​ស៊ី​ឌី​បណ្ដើរ​ដោយ​សម្លេង​ទ្រហឹង​រំខាន​ដល់​អ្នក​ដទៃ។ រូប​ភាព​មួយ​ចំនួន​ទៀត ដូច​ជាការ​ប្ដូរ​សម្លេង​ស៊ីផ្លេ ភ្លើង​ពណ៌​បំភ្លឺ​និង​គូស​វាស​រូប​ភាព​ផ្សេងៗ។

ចំណែក​គ្រឿង​ញៀន ដូច​ជាយ៉ា​ម៉ា អំ​ហ្វេ​តាមីន​ជា​ដើម ក៏បាន​រួម​ចំណែក​បង្ក​ភាព​វឹកវរ​នៅ​កម្ពុជា​ផង​ដែរ។ ការ​ញៀន​បាន បង្ក​ជា​អំពើ​ពាលា​អា​វាសែ អនា​ចារ និង​លួច​ប្លន់​ដើម្បី​បំពេញ​តម្រូវ​ការ​ញៀន។ បើ​តាម​ប្រ​សាសន៍​របស់​លោក​វេជ្ជ​បណ្ឌិត មាស វីរិទ្ធ ប្រធាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ពន្យល់​ថា គ្រឿង​ញៀន​កាល​ណា​ចូល​ដល់ ខ្លួន​មនុស្ស វាធ្វើ​ឱ្យ​មាន​អារម្មណ៍​ប្រែ​ប្រួល ហើយ​អារម្មណ៍​របស់​មនុស្ស​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ជា​ដោយ​មន​សិការ​បុគ្គល​ទៀត​ទេ ពេល​នោះ​គឺលង់​ទៅ​តាម​បញ្ជា​នៃសារ​ធាតុ​ញៀន​ដែល​មាន​ឥទ្ធិ​ពល​លើ​ផ្លូវចិត្ដ។ ហេតុ​នេះ​ហើយ​ទើប​អ្នក​ញៀន​ថ្នាំ​ហ៊ាន​ធ្វើអ្វី​សព្វ​បែប យ៉ាង ដើម្បី​បំពេញ​សេចក្ដី​ញៀន​របស់​ពួកគេ។

សូមរួមគ្នាជួយលើកតម្កើងវប្បធម៌ខ្មែរ

អ្វី​លើក​មក​ជម្រាប​ជូន​ខាង​លើ​នេះ មិន​មែន​ក្នុង​ន័យ​រិះ​គន់​បន្ទាប​បន្ថោក​នោះ​ទេ ប៉ុន្ដែ​វាជា​ចំណុច​ដែល​យើង​ទាំងអស់​គ្នា​ចាំ បាច់​ត្រូវ​ជួយ និង​ចូល​រួម​លុប​បំបាត់។ ជាការ​ពិត​ដែល​យើង​មិនអាច​បញ្ឈប់​ទាំង​ស្រុង​នូវការ​ហូរ​ចូលនៃ​វប្បធម៌​បរទេស​តែ​យើង​អាច មិន​ចម្លង​តាម​គេ ហើយ​ងាក​មក​លើក​តម្កើង​វប្ប​ធម៌​ប្រពៃ​ណី​របស់​ខ្លួន​យើង​វិញ ទើប​ជា​ការ​ប្រសើរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *