មនុស្សយើងម្នាក់ៗមិនថាប្រុសឬស្រីទេ នៅពេលឈានដល់វ័យដែលពេញរូបរាងអារម្មណ៍ស្នេហាក៏កើតមានឡើងដោយ មិនចាំបាច់មាននរណាបង្រៀនឡើយ។ អារម្មណ៍ស្នេហាបានជំរុញឱ្យយុវវ័យគ្រប់រូបតែងតែប្រាថ្នាបានជួបគូគ្រងដែលល្អ ចុះសម្រុង នឹងគ្នា ដើម្បីរៀបការជាគូអនាគត។ បញ្ហារវាងកូនប្រសា និងឪពុកម្ដាយក្មេកមិនថាកូនប្រសាស្រីឬប្រុសនោះទេ តែងតែកើតឡើង ជាពិសេសចំពោះកូនប្រសាស្រី ព្រោះឪពុកម្ដាយក្មេកភាគច្រើនគិតថាកូនប្រសាស្រីនេះហើយដែលមកដណ្ដើមសេចក្ដីស្រឡាញ់របស់ កូនប្រុសពីខ្លួន។ ដោយសារបញ្ហានេះហើយ ទើបទាមទារឱ្យកូនប្រសាទាំងឡាយត្រូវត្រៀមលក្ខណៈសម្បត្ដិឱ្យបានរួចរាល់ក្នុងការធ្វើ កូនប្រសានៃគ្រួសារមួយ។
ដើម្បីឱ្យលោកអ្នកទាំងឡាយដែលត្រៀមខ្លួនធ្វើជាកូនប្រសារក្លាយជាកូនប្រសារល្អនោះ ទស្សនាវដ្ដី សុខភាពយើងសូមលើក យកចំណុចមួយចំនួនដែលកូនប្រសារទាំងឡាយត្រូវមាន ដើម្បីសេចក្ដីសុខសុភមង្គលរបស់ខ្លួន។
ចំណងស្នេហារឹងមាំ
ជាដំបូងមុននឹងឈានទៅដល់ការធ្វើជាកូនប្រសារនៃគ្រួសារមួយ លោកអ្នកត្រូវតែស្វែងយល់ពីអ្នកដែលត្រូវមកធ្វើជាគូ ជីវិតរបស់លោកអ្នកឱ្យច្បាស់ជាមុនសិន។ ស្នេហាគឺជាការព្រមព្រៀងនិងអធ្យាស្រ័យរវាងបុរស និងនារី ដែលម្នាក់ៗបានរំពឹងទុកថា នឹងអាចរស់នៅជាមួយគ្នាអស់មួយជីវិត។ សុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍ជារឿងដែលល្អិតល្អន់ជាទីបំផុតដែលទាមទារឱ្យភាគី ទាំងសងខាងចេះយោគយល់អធ្យាស្រ័យ ទើបការរស់នៅមានភាពប្រសើរឡើង។ គូគ្រងដែលល្អចុះសម្រុងនឹងគ្នាបាន ដើម្បីរៀបការ ជាមួយគ្នាជាគូអនាគត ភាគច្រើនពួកគេមិនបានដឹងទេថាជីវិតអាពាហ៍ពិពាហ៍នេះនឹងជួបអ្វីខ្លះនោះទេ។ គេត្រូវដឹងថារវាងមនុស្សពីរ នាក់ដែលមកពីគ្រួសារផ្សេងគ្នា ហើយមករស់នៅជាមួយគ្នានេះគឺមានចិត្ដ និងការប្រព្រឹត្ដិខុសគ្នា។ ដូច្នេះទាមទារនូវការយល់ អធ្យាស្រ័យ និងសម្របគ្នាទៅវិញទៅមក មិនត្រូវតាំងខ្លួនឯងជាធំ ហើយធ្វើអ្វីចេះតែត្រូវនោះទេ។ បញ្ហាមួយទៀតក្នុងជីវិតស្នេហា របស់គេ ដែលយើងឃើញកើតមានជាញឹកញយគឺឪពុកម្ដាយក្មេក។ គ្រប់យ៉ាងរបស់អ្នកដែលមកធ្វើជាប្ដី ឬប្រពន្ធរបស់លោកអ្នកនៅ ពេលអនាគត លោកអ្នកត្រូវតែស្វែងយល់ឱ្យបានយ៉ាងហោចណាស់ក៏៧០ភាគរយ ដែលមានជាអាទិដូចខាងក្រោមនេះ។
- ចរិតលក្ខណៈផ្ទាល់ខ្លួន ៖ ជាបញ្ហាសំខាន់មុនគេដែលត្រូវយកចិត្ដទុកដាក់ ពីព្រោះថាមនុស្ស២នាក់ដែលមកពីគ្រួសារ ផ្សេងគ្នា រមែងមានការគិតខុសគ្នាមិនខាន។ ប្ដីប្រពន្ធ២នាក់ដែលអាចរស់នៅជាមួយគ្នាបានជាដរាប លុះត្រាអ្នកទាំង២មានចរិតការ គិតប្រហាក់ប្រហែលគ្នា អាចនិយាយស្ដាប់គ្នាបាន និងមានការយោគយល់អធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។
- តុល្យភាពសេដ្ឋកិច្ច ៖ ក្នុងភាសាស្នេហា លុយមិនសំខាន់ដូចមានស្នេហាស្មោះទេ វាជាការពិតលុយមិនសំខាន់តែវាចាំបាច់ សម្រាប់ការរស់នៅទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ មានប្ដីប្រពន្ធភាគតិចណាស់ដែលមានជីវភាពក្រីក្រហើយពោលថាខ្លួនកំពុងមាន សុភមង្គល។ ភាពក្រីក្រគ្របដណ្ដប់ស្ថានការណ៍គ្រប់យ៉ាងក្នុងសង្គមគ្រួសារ។
- ក្រៅពីកត្ដាខាងលើនៅមានកត្ដាបន្ទាប់បន្សំជាច្រើនទៀតដើមី្បឱ្យសម្លនៃសុភមង្គលមានរសជាតិកាន់តែឆ្ងាញ់ឡើង។
ប្រការដែលកូនប្រសាត្រូវធ្វើ
ជារឿងធម្មតាទេសម្រាប់ឪពុកម្ដាយមួយចំនួនតូចដែលតែងតែចង្អៀតចិត្ដនឹងកូនប្រសា ជាពិសេសកូនប្រសាស្រីព្រោះពី មុនកូនប្រុសរបស់គាត់ស្រឡាញ់គោរពគាត់ ផ្ដល់លុយកាក់ជាហូរហែមិនឱ្យខ្វះខាត។ សុខៗស្រាប់តែលេចមនុស្សស្រីមិនដឹងមកពីណា មកដណ្ដើមកូនប្រុសរបស់គាត់ទៅបាត់ លុយកាក់ក៏មិនផ្ដល់ដូចមុន ការស្រឡាញ់គោរពត្រូវកាត់បន្ថយនរណាទ្រាំបាន។ អារម្មណ៍ កណ្ដោចកណ្ដែងនៅពេលកូនប្រុសទៅផ្ទះថ្មីជាមួយគ្រួសារថ្មី(ព្រោះជាទូទៅកូនប្រុសត្រូវទៅរស់នៅជាមួយគ្រួសារខាងស្រី) តែង កើតមានជារឿងធម្មតា។
ភាគច្រើននៃបញ្ហារវាងឪពុកម្ដាយក្មេក និងកូនប្រសានេះគឺដោយសារខ្វះការទំនាក់ទំនងល្អ អាងអំណាចអាងតួនាទីរៀងៗ ខ្លួន ជួនកាលឪពុកម្ដាយក្មេកមិនផ្ដល់ភាពឯករាជ្យឱ្យកូនក្នុងការរស់នៅមិនឱ្យកូនប្រថុយចាត់ចែងបញ្ហាក្នុងគ្រួសាររបស់គេ តែងតែ លូកដៃចូលក្នុងបញ្ហារបស់កូន។ល។ ម្យ៉ាងទៀតក៏មានឪពុកម្ដាយខ្លះគាត់ស្រឡាញ់តែកូនគាត់ដូចកាលគេនៅជាមួយគាត់ជាដើម។ ទង្វើបែបនេះជាការធ្វើឱ្យកូនប្រសាមានការអាក់អន់ចិត្ដពីមួយថ្ងៃទៅមួយថ្ងៃ។ មានកូនប្រសាជាច្រើនដែរ ដែលមានទំនាស់ជាមួយ ឪពុកម្ដាយក្មេករបស់ខ្លួន ដោយសារមិនចេះសម្របខ្លួនចូលក្នុងសង្គមគ្រួសារសាច់ថ្លៃមិនស្វែងយល់ពីទឹកចិត្ដរបស់ឪពុកម្ដាយក្មេក មិន ចេះចែករំលែកក្ដីស្រឡាញ់គោរពឱ្យស្មើគ្នារវាងឪពុកម្ដាយបង្កើតនិងឪពុកម្ដាយក្មេក។ កូនប្រសាខ្លះព្រងើយកន្ដើយមិនចេះយកចិត្ដ ទុកដាក់ប្រាស្រ័យទាក់ទងបង្កើតភាពស្និទ្ធស្នាលជាមួយឪពុកម្ដាយក្មេកនិងសាច់ញាតិសាច់ថ្លៃ រាប់ទាំងការអញ្ជើញមកលេងផ្ទះ ឬពេលជួបជុំនៅពេលមានបុណ្យទានផ្សេងៗ។ល។ភាពព្រងើយកន្ដើយនេះហើយដែលបង្កឡើងនូវការមិនពេញចិត្ដគ្នាទៅវិញទៅមក ហើយក៏សន្សំភាពមិនយល់ចិត្ដគ្នា។ ការមើលបំណាំគ្នាបែបនេះយូរៗទៅ ថ្ងៃណាមួយរឿងទាំងនេះនឹងបែកធ្លាយបញ្ហាទំនាស់ប្ដីប្រពន្ធ កើតមានឡើងព្រោះតែម្ខាងៗមានការអាក់អន់ស្រពន់ចិត្ដចំពោះការមិនរាប់រកសាច់ញាតិរបស់ខ្លួន។ ផលវិបាកពីការមិនចុះសម្រុង គ្នានេះបានជះឥទ្ធិពលដល់ជីវិតគ្រួសាររបស់កូនកើតឡើងនូវការឈ្លោះប្រកែក រស់នៅគ្មានសុភមង្គលអាចឈានទៅដល់ការលែងលះ ក៏មាន។ ផលប៉ះពាល់ពីទំនាក់ទំនងរបៀបនេះ តែងទទួលបាននូវការបាត់បង់កិត្ដិយសគ្រួសារ បាត់បង់ការងារ ប៉ះពាល់ជីវភាពព្រោះអារម្មណ៍វិលវល់តែនឹងរឿងរ៉ាវមិនឈប់ឈរ គ្មានឱកាសគិតដល់ការប្រឈមមុខរបររកស៊ី។ ជាពិសេសបំផុតវាប៉ះពាល់ដល់អនាគតកូននិងចៅដែលនៅតូចៗ ដែលបែកបាក់ឪពុកម្ដាយ យាយតា សាច់ញាតិ លែងមានភាពកក់ក្ដៅ ធ្វើឱ្យមានវិបត្ដិផ្លូវចិត្ដ រៀន លែងចូលត្រូវបោះបង់ការសិក្សា ដើរលេងប៉ោឡែ សេពគប់មិត្ដមិនល្អ ទៅសេពគ្រឿងញៀន ជួញដូរគ្រឿងញៀនជាដើម។
បណ្ដាំផ្ញើ ៖ ដូច្នេះមានតែការរស់នៅសម្របគ្នា យោគយល់អធ្យាស្រ័យគ្នា គោរពតួនាទីរៀងៗខ្លួនជាកូនប្រសាត្រូវទទួលយកគ្រប់ ដំបូន្មានរបស់ឪពុកម្ដាយក្មេក ដោយគិតថាលោកអ្នកជាអ្នកមានគុណ។ ពួកគាត់ជាចាស់ទុំធ្លាប់ឆ្លងកាត់រសជាតិជីវិតគ្រប់យ៉ាងមកធ្វើ ជាត្រីវិស័យ ដើម្បីឈានទៅរកសេចក្ដីសុខសម្រាប់ក្រុមគ្រួសារខ្លួនឯងផងនិងជាមួយសាច់ញាតិផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply