គ្មានអ្នកណាម្នាក់ចង់បានផ្ទៃមុខដែលមើលទៅមានភាពស្លេកស្លាំងនោះទេ ព្រោះវាធ្វើឱ្យសម្រស់នៃផ្ទៃមុខត្រូវបាត់បង់។ ផាត់ម្សៅអាចផាត់លើផ្ទៃមុខ ឬផាត់លើ ក។ មានលោកស្រីអ្នកនាងកញ្ញាខ្លះពិបាកក្នុងការផាត់ម្សៅជួនកាលផាត់ទៅសក្ដិសមជួន កាលមិនស៊ីជាមួយស្បែកមុខ។ តើគួរផាត់ម្សៅបែបណា ដើម្បីជួយលើកសម្រស់ឱ្យកាន់តែស្រស់ស្អាត?
ដើម្បីឱ្យប្រិយមិត្ដអ្នកអានជាពិសេសសុភាពនារីកាន់តែជ្រាបច្បាស់ ទស្សនាវដ្ដី សុខភាពយើងបានសម្ភាសន៍ជាមួយកញ្ញា ញ៉ែត ថារី ម្ចាស់ហាងកែសម្ផស្សសម្រស់នារី និងកាត់សម្លៀកបំពាក់មកធ្វើការបកស្រាយអំពីវិធីផាត់ម្សៅ។
ហេតុអ្វីត្រូវផាត់ម្សៅ?
ការផាត់ម្សៅជួយលើកសម្រស់ឱ្យមានភាពស្រស់ស្អាតតាមបែបធម្មជាតិ និងតាមបែបសម័យថ្មី។ លោកស្រីអ្នកនាងកញ្ញា ដែលមានចំណាប់អារម្មណ៍ក្នុងការតុបតែងខ្លួននោះ ប្រាកដជាចង់ដឹងពីវិធីផាត់់ម្សៅជាមិនខាន ទាំងការផាត់ម្សៅធម្មតានិងចូលរួម ក្នុងកម្មវិធី។ ម្សៅសម្រាប់ផាត់មាន២ប្រភេទគឺម្សៅហុយ និងផាត់ម្សៅទឹក។
វិធីផាត់ម្សៅ
វិធីផាត់ម្សៅតាមបែបសាមញ្ញមិនលំបាកឡើយ ហើយចំណាយពេលតិចទៀតផង។ ជាដំបូងមុននឹងផាត់ម្សៅមិត្ដនារីត្រូវ លុបលាងមុខជាមួយសាប៊ូឱ្យស្អាតជាតិក្អែលលើផ្ទៃមុខហើយជូតឱ្យស្ងួត។ ត្រូវយកឡេមកលាបជាទ្រនាប់ដើម្បីការពារស្បែកមុខមួយ ជាន់សិន។ បន្ទាប់មកលោកស្រីអ្នកនាងកញ្ញាយកម្សៅផាត់ដែលត្រូវជាមួយស្បែកមុខមកផាត់ពីលើផ្ទៃមុខសើៗ និងថ្នមៗឱ្យសព្វ ស្បែកមុខ ហើយទើបលាបបបូរមាត់ គូសចិញ្ចើម និងលាបភ្នែកស្រាលៗដើម្បីតុបតែងផ្ទៃមុខ។ ប៉ុន្ដែបើចង់បន្ថែមពណ៌រាងក្រហម ស្រាលពីលើផ្ទៃមុខក៏បាន។ ការផាត់ម្សៅបែបនេះច្រើនប្រើនៅពេលចូលរួមពិធីធម្មតាទៅធ្វើការ នៅផ្ទះជាដើម។
ដោយឡែកនៅពេលចូលរួមកម្មវិធីធំៗក្នុងចំណោមមនុស្សជាច្រើន លោកស្រីអ្នកនាងកញ្ញាមិនអាចធ្វើខ្លួនបែបសាមញ្ញបាន ឡើយ ទាំងការស្លៀកពាក់ក៏ដូចជាការតុបតែងមុខផងដែរ។ ទោះជាយ៉ាងណាក៏ដោយសុភាពនារីអាចផាត់ម្សៅតាមបែបធម្មជាតិ ចូល រួមក្នុងកម្មវិធីក៏បាន វាអាស្រ័យលើចំណង់ចំណូលចិត្ដ។ បើចង់ឱ្យផ្ទៃមុខមានសភាពស្រស់ស្អាតបានយូរនោះ គួរតែលាបម្សៅទឹកទើប ជាប់ល្អ ហើយសូមតុបតែងដោយការផាត់ម្សៅ គូសចិញ្ចើម លាបបបូរមាត់បន្ថែមពណ៌នៅត្រង់ភ្នែក ឬថ្ពាល់តាមតម្រូវការ។
ដំបូន្មានអ្នកជំនាញ
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ភាពស្រស់ស្អាតមិនអាស្រ័យលើការតុបតែងមុខជាប្រចាំនោះឡើយ ពេលខ្លះក៏ត្រូវការសម្រស់តាមបែបធម្មជាតិដែរ។ ប្រសិនបើលោកស្រីអ្នកនាងកញ្ញាចង់បានភាពស្រស់ស្អាតជាងមុនដោយការតុបតែងគួរតែទៅពិភាក្សាជាមួយអ្នកដែលមានជំនាញពិតប្រាកដ ទើបមិនធ្វើឱ្យកោសិកាស្បែកឆាប់ខូច។ សម្រាប់សុភាពនារីដែលមានសម្រស់ស្រស់ ស្អាតបែបធម្មជាតិហើយ មិនគួរកែច្នៃបន្ថែមទៀតឡើយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply