ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់ : បញ្ឃប់ការ​ជ្រៀត​ជ្រែក​របស់​ឧស្សា​ហកម្ម​ថ្នាំ​ជក់

បារី ឬ​ថ្នាំ​ជក់ គឺ​ជា​ឃាតករ​សម្ងាត់​មួយ​ដែល​បាន​សម្លាប់​មនុស្ស​ជា​ច្រើននាក់​នៅជុំ​វិញ​ពិភព​លោក​តាម​រយៈ​ការ​ជក់​ដោយ​ផ្ទាល់​និង​ការ​ទទួល​ស្រូប​ពីអ្នក​ជក់​បារី។ ការ​ដែល​លោក​អ្នក​ជក់​បារី​ជា​ប្រចាំ ឬ​ប្រើ​ប្រាស់​ថ្នាំ​ជក់​នេះ គឺ​មិន​មែន​មាន​ន័យ​ថា​ លោក​អ្នក​ទទួលបាន​ជម្ងឺ​មក​ដាក់​ខ្លួន​ដោយ​អចេត​នា​នោះ​ទេ គឺ​មាន​ន័យ​ត្រង់​ទៅ​វិញ​ថា លោក​អ្នក​បាន​នឹង​កំពុង​ទិញ​ជម្ងឺ​ដោយ​ថវិការ និង​ដោយ​ចេត​នា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មិន​ត្រឹម​តែ​សម្លាប់​ជីវិត​ខ្លួន​ឯង និង​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ​នោះ​ទេ ការ​ជក់​បារី​ក៏​បំផ្លាញ​ដល់ បរិស្ថាន សង្គម និង​សេដ្ឋ​កិច្ច​ប្រទេស​ជាតិ​ផង​ដែរ។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​នៅ​ឆ្នាំ​នេះ​អង្គការ​សុខភាព​ពិភព​លោក​រួម​ទាំង​បណ្តា​ប្រជា​ប្រទេស​ផ្សេងៗ​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​ពិភព​លោក​គ្មាន​ថ្នាំ​ជក់ ក្រោម​ប្រធាន​បទ “ទប់​ស្កាត់​ការ​ជ្រៀត​ជ្រែក​​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់” មក​ ធ្វើជា​ប្រធានបទ​​ ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ៣១ ឧសភា​២០១២​​នេះ។

គួរ​រំឮក​ថា កាល​ពី​ឆ្នាំ​២០១១ បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថាចំនួន​មនុស្ស​ដែល​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​មាន​ដល់​ទៅ​ជាង​៥​លាន​នាក់​ឯ​នោះ។ ជម្ងឺ​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​បាន​ស្លាប់​យ៉ាង​ច្រើន​ដោយ​សារ​ការ​ជក់​បារី​និង​ការ​ទទួល​ស្រូប​យក​ផ្សែង​បារី​ដោយ​ពុំ​ដឹង​ខ្លួន មាន​ដូច​ជាជម្ងឺ​បេះ​ដូង ជម្ងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល ជម្ងឺ​មហា​រីក ជម្ងឺ​ថ្លើម និង​ជម្ងឺ​ផ្សេងៗ​ទៀត។ ក្នុង​នោះ​ចំនួន​១ភាគ​៤ ឬ​ស្មើ​នឹង៦០​ម៉ឺន​នាក់ ជា​កុមារ​បាន​ស្លាប់​ដោយ​សារ​ការ​រង​នូវ​ផល​ប៉ះ​ពាល់ ដោយ​ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ជក់​បារី។

ថ្នាំ​ជក់ ឬ​បារី គឺ​បុព្វហេតុ​ដ៏​ចម្បង​មួយ​នៃ​មរណភាព​ នៅ​លើ​ពិភពលោក ពោល​គឺ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​១០​នាក់​ មាន​ម្នាក់​ស្លាប់​ព្រោះ​ឥទ្ធិពល​បារី។ ក្នុង​មួយ​ឆ្នាំៗ ជម្ងឺបង្ក​មក​ពីបារី​និង​​ផ្សែង​បារី​​សម្លាប់​មនុស្ស​ជិត​៦​លាន​នាក់ នៅ​លើ​ពិភពលោក ក្នុង​នោះ​ជាង​កន្លះលាន​នាក់ជា មនុស្ស​ស្រូប​ផ្សែង​បារី​ពីអ្នកជក់បារី។ ​ដោយឡែក​ចំនួន​នៃជន​រង​គ្រោះ​ អាច​នឹងកើន​ឡើង​ដល់​៨​លាន​​នាក់​ ពីពេល​នេះ​​ដល់​ឆ្នាំ​២០៣០។ ក្នុង​នោះ​ជន​រង​គ្រោះ​ជាង​៨០%​ ជា​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសក្រី​ក្រ ឬប្រទេសកំពុង​អភិវឌ្ឍន៍ ដែលមាន​ប្រាក់​ចំណូល​តិច និង​មធ្យម។

ក្នុង​ពេល​ដែល​មាន​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​ ភ្ជាប់​ខ្លួន​ទៅ​នឹង​សន្ធិសញ្ញារបស់​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់​នោះ ឧស្សាហកម្ម​ថ្នាំ​ជក់​ ក៏​បាន​បង្កើន​កម្លាំង​ និង​យុទ្ធនាការ​រំខាន​កាន់​តែ​ខ្លាំង​ដែរ។ ឧស្សាហកម្ម​ថ្នាំ​ជក់​បាន​ប្រើ​គ្រប់​មធ្យោបាយដើម្បីបញ្ចុះតម្លៃជួយ​ឧបត្តម្ភ​កម្មវិធី​ផ្សេងៗ​ដើម្បី​ប្រយោជន៍​ថ្នាំ​ជក់ ប្រឆាំង​នឹងគំនិត​ផ្តួច​ផ្តើម​​របស់ប្រទេស​ខ្លះ​ដែល​ចង់​ចេញ​ច្បាប់ហាមឃាត់​មិន​ឱ្យ​ជក់​បារី​តាម​ទី​សាធារណៈហាមឃាត់​មិន​ឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ឆ្នាំ​២០១២នេះ ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់​ ចង់​ផ្តល់ព័ត៌មាន​​ដល់​អ្នក​ជក់​បារី​គ្រប់​រូប និង​ជាពិសេសដល់​មហាជន​ទូទៅ​អំពី​ការ​ជ្រៀត​ជ្រែក​​ ​ភូត​ភរ​កុហក​របស់​ឧស្សាហកម្ម​ថ្នាំ​ជក់។ ​ពេល​មួយ​ឆ្នាំនេះ​​តែ​ម្តង អង្គការ​សុខភាពពិភពលោក​ បាន​សំណូម​ពរ​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ដៅ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត​ចង្រៃ​នៃបារី​នេះដោយ​វាយ​ប្រហារ​ទៅ​លើការជ្រៀតជ្រែករបស់ឧស្សាហ​កម្ម​​ថ្នាំ​​ជក់។

បើ​តាម​ទិន្ន​ន័យ​ពី​មន្ត្រី​សុខា​ភិបាល​ដែល​បាន​សម្ភាសន៍​នៅក្នុង​កម្មវិធី​របស់​វិទ្យុ​បារាំង កាល​ពីយប់​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១២​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ជក់​បារី​នៅ​កម្ពុជា​មាន​ចំនួន​៤២% ជា​បុរស និង​១៧%ជា​ស្រ្តី​ ប៉ុន្តែ​ក្នុង​ចំណោម​១៧%នៃ​ស្ត្រី​នោះ មាន​តែ​៣%​ប៉ុណ្ណោះ​ជាអ្នក​ជក់ ហើយ​សល់​ពីនោះ​ជាស្ត្រី​ដែល​ចុក​ថ្នាំ​ជក់។

ដូច្នេះ​ដើម្បី​ចូល​រួម​ទប់​ស្កាត់​ការ​ស្លាប់​ដោយ​សារ​ការ​ជក់​បារី​នៅ​កម្ពុជា​នោះ គប្បី​អ្នក​ជក់​បារី​ទាំង​ឡាយ​គួរ​បញ្ឃប់​ការ​ទិញ​ជម្ងឺ​ដោយ​ប្រើ​លុយ​ជា​ច្រើន​ទៅ​ទិញ​ដោយ​មិន​ដឹង​ថាខ្លួន​កំពុង​តែ​ទិញ និង​កំពុង​តែ​បំផ្លាញ​សុខ​ភាព​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​ឲ្យរង​គ្រោះ​ដោយ​សារ​ខ្លួន​នោះ​ទេ ជា​ពិសេស​​គឺ​ត្រូវ​យល់​ថា​កុមារ​មួយ​ចំនួន​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ បែរ​ជា​ត្រូវ​ស្លាប់​ដោយ​លោក​អ្នក​ជា​អ្នក​ជក់​បារី​មិន​មាន​ទំនួល​ខុស​ត្រូវ។ សូម​ចង​ចាំ​ថា ការ​ជក់​បារី​អាច​ផ្តាច់​ជីវិត​របស់​លោក​អ្នក​បាន​គ្រប់​ពេល​វេលា​ដោយ​អ្នក​មិន​បាន​ដឹង​ខ្លួន​ជា​មុន។ គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ សូម​ធ្វើ​ការ​សំណូម​ពរ​ដល់​លោក​អ្នក​ដោយ​សូម​លោក​អ្នក​ព្យាយាម​ផ្តាច់​ការ​ជក់​បារី​ឲ្យ​បាន​ជា​អតិប្បរ​មា​ដើម្បី​សុខ​ភាព​ខ្លួន​ឯង គ្រួសារ និង​អ្នក​ដទៃ​ដែល​រស់​នៅ​ជុំវិញ​លោក​អ្នក។

អត្ថបទដោយ ៖​ សៀង វិរៈ​
ចេញផ្សាយ​ ៖​ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២​​

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *