វិធីថែ​ទាំភ្នែក

ភ្នែក​ជា​សរីរាង្គ​មួយ​ដ៏សំខាន់​ក្នុង​ចំណោម​សរីរាង្គ​ដទៃទៀត​នៅក្នុង​ខ្លួន​មនុស្ស។ ៨០%​នៃព័ត៌​មាន​ខាង​ក្រៅខ្លួន​យើង​គឺទទួល បាន​ដោយ​សារ​តែភ្នែក។ បើ​សុខភាព​ភ្នែក​របស់​យើង​ចុះ​ខ្សោយ​គឺធ្វើឱ្យ​គំហើញ​របស់​យើង​ក៏មាន​ការចុះ​ខ្សោយ​ដែរ។ ហេតុ​ដូចនេះ​ការ ថែ​ទាំ​សុខភាពភ្នែក​ក៏ដូច​ជាការ​ថែទាំ​សរីរាង្គ​ដទៃ​ទៀត​នៅក្នុង​ខ្លួន​យើង​ដែរ​គឺមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​ចំណែក​ថែទាំ សុខភាព​រាង​កាយ​យើង​ទាំង​មូលផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាព​យើង សូម​ធ្វើការ​សម្ភាសន៍​ជាមួយ​លោក​ចក្ខុ​បណ្ឌិត ម៉ារ អមរិន្ទ​ជាប្រធាន​សមាគម​គ្រូពេទ្យ​ភ្នែក កម្ពុជា​នៃ​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​មកធ្វើ​ការបក​ស្រាយ​ដើម្បី​ឱ្យមិត្ដ​អ្នក​អាន​យល់​ដឹង​អំពី​បញ្ហា​ភ្នែក​ឱ្យកាន់​តែ​ច្បាស់​ថែម​ទៀត។

មូល​ហេតុ​ដែល​ត្រូវ​ថែ​រក្សា​ភ្នែក

មនុស្ស​យើង​ចាំបាច់​ត្រូវ​តែថែ​រក្សា​ភ្នែកឱ្យ​មាន​សុខភាពល្អ​ជាទី​បំផុត ព្រោះ​ភ្នែកវា​ជា​សរីរាង្គ​មួយដែលសំខាន់ចំពោះយើង គ្រប់គ្នា។ វាជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​មនុស្ស​អាច​មាន​លទ្ធភាព​ក្នុងការ​មើល​ឃើញ​អ្វីៗ​ផ្សេង​បាន អ្វីៗ​ដែល​គេចង់​មើល។

វិធី​ថែរក្សា​សុខភាព​ភ្នែក​ចំពោះ​កុមារ

ការថែ​ទាំ​សុខភាព​ភ្នែក​លើកុមារ គឺត្រូវ​យក​ចិត្ដទុក​ដាក់​បំផុត​តាំង​តែ​ក្រោយ​ពេល​សម្រាល​ពីផ្ទៃ​មាតាម​កម្ល៉េះ។ ជាទូទៅ យើង​សង្កេត​ឃើញ​ថា គេ​មាន​អាការ​ដូចជា​ហៀរ​ទឹក​ភ្នែក​ឬពពឹក​ភ្នែក​ដោយ​សារតែ​មូល​ហេតុ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក​នៅ​មាន​ដំណើរ​ការ មិន​ទាន់​បាន​ធម្មតា។ នៅវ័យ​កុមារ​នេះ​មាតាបិតា​គួរតែ​យក​ចិត្ដ​ទុកដាក់​ទៅលើ​របស់​របរ​ដែល​ដាក់​ឱ្យក្មេង​លេង​កុំឱ្យ​មាន​លក្ខណៈ​មុត ស្រួច ចៀស​វាងការ​ប៉ះទង្គិច​ដោយ​ផ្ទាល់​ទៅ​លើ​ភ្នែក អាច​ធ្វើឱ្យ​របួស​ភ្នែក​ឬអាច​ឱ្យភ្នែក​កូន​លោក​អ្នក​ខ្វាក់​បាន។ នៅ​ពេល​កុមារ ចូល​សាលា​រៀន​ត្រូវនាំ​គេទៅ​ពិនិត្យ​ភ្នែក ដើម្បី​វាស់​គំហើញ​របស់​ភ្នែក​ចៀស​វាង​ក្មេង​ដែល​មាន​កំហុស​កំណុំ ដូច​ជាមីញ៉ូប​ជាដើម។ ត្រូវ​ណែនាំ​ក្មេងឱ្យ​មាន​ទម្លាប់ល្អ​ក្នុង​ការ​អាន ការ​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេម​ជាដើម។ ការអាន​នៅទី​កន្លែង​ងងឹត ពន្លឺមិន គ្រប់​គ្រាន់​(ភ្លឺពេក ឬ​ងងឹត​ពេក)​អាច​បណ្ដាល​ឱ្យខូច​ក្រសែ​ភ្នែក​បាន។

ករណី​ក្មេង​ដែល​មីញ៉ូប ឬ​កំហុស​កំណុំ​ផ្សេងៗ​ទៀត​ចាំបាច់​ត្រូវ​ប្រើ​វ៉ែនតា​តាម​ការ​ណែនាំ​របស់​ពេទ្យ​ឯកទេស​ដើម្បី​ចៀស វាង​ការងងឹត​ភ្នែក​នៅពេល​ធំឡើង ឬអាយុ​កាន់តែ​ច្រើន​ឡើង​នោះ។ ត្រូវចេះ​ណែនាំ​ក្មេងឱ្យ​មាន​អនាម័យ​ខ្លួន​ប្រាណ​ដៃ​ជើង និង​មុខឱ្យ បាន​ស្អាត​ល្អ ពីព្រោះ​ក្មេង​ដែល​ខ្វះ​អនាម័យ​អាចឱ្យ​ភ្នែក​ងាយ​រលាក ឬ​អាលែហ្សី រហ័ស​រកាំភ្នែក​បាន។ បណ្ដុះ​ឱ្យក្មេង​ចេះ​ប្រើ​វ៉ែនតា ការពារ ឬ​មួក​ការពារ​ពេល​ធ្វើ​ដំណើរ​ចេញទៅ​ខាង​ក្រៅ​ឆ្ងាយ។ ត្រូវចេះ​លើក​ទឹកចិត្ដ​កូនឱ្យ​ចេះ​បរិភោគ​បន្លែ ផ្លែឈើ​គ្រប់​ពណ៌​ដែល វាអាច​ជួយ​បំប៉ន​ដល់​សុខភាព​ភ្នែក​ចាំបាច់​របស់​កុមារ។ ជាទូទៅ​ការថែទាំ​សុខភាព​ភ្នែក​ក៏ដូច​ជា​ការថែ​ទាំ​សុខភាព​ទូទៅ​នៃ​សរីរាង្គ យើង​ដែរ វាមិន​មានការ​លំបាក ឬ​ពិសេស​អ្វីទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ថែ​រក្សា​សុខ​ភាព​ភ្នែក​ចំពោះ​មនុស្ស​វ័យ​ចំណាស់

មនុស្ស​ដែល​មាន​វ័យ​ចំណាស់​មាន​អាយុ​ចាប់​ពី៤០ឆ្នាំ​ឡើង​ទៅ គួរតែ​ទៅ​ពិនិត្យ​ភ្នែក​ឱ្យ​បាន​មួយ​ឆ្នាំម្ដង​ជារៀង​រាល់​ឆ្នាំ​ទោះ ជាមិន​ទាន់​មាន​បញ្ហាអ្វី​កើត​ឡើង​ក៏ដោយ ពី​ព្រោះ​ជម្ងឺ​មួយ​ចំនួន​អាច​កើត​ឡើង​ប៉ះ​ពាល់​ដល់​សុខភាព​ភ្នែក​បាន​ដូច​ជាជម្ងឺ​ទឹកដក់​ក្នុង ភ្នែក ជម្ងឺ​ឡើង​បាយ​ភ្នែក ភ្នែក​ស្ងួត កំហុស​កំណុំ​ជាដើម។

យើង​ត្រូវ​ការពារ​ភ្នែក​កុំឱ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​នូវវត្ថុ​មួយ​ចំនួន ដូចជា​ធូលីដី ខ្យល់ ពន្លឺ​ថ្ងៃក្ដៅ​ខ្លាំង​ជា​ដើម។ ដូច្នេះ​យើង ត្រូវ​មាន​វ៉ែនតា​ការពារ​ភ្នែក មួក​ការពារ​ដែល​ការពារ​ភ្នែក​កុំឱ្យ​ហុយ​ធូលី​ជាដើម។ ពេលខ្លះ​លោកអ្នក​អាច​ទិញ​ទឹក​សម្រាប់​លាង​ភ្នែក ដែល​មាន​លក់​នៅតាម​ឱសថ ស្ថាន​នានា​មក​លាង​​សម្អាត​ភ្នែក​លោក​អ្នក​ពេល​ដែល​លោកអ្នក​គិតថា​ភ្នែក​របស់​លោក​អ្នក​ហាក់​ដូចជា មាន​ធូលីដី​ចូល  កម្ទេច​កម្ទី​ផ្សេងៗ ឬរាង​រកាំ​ភ្នែក​នោះ។ ប៉ុន្ដែ​ការលាង​ភ្នែក​នេះ​មិន​ចាំបាច់​ត្រូវ​អនុវត្ដ​ជារៀង​រាល់ថ្ងៃ​នោះទេ លោក អ្នកធ្វើវា​នៅ​ពេល​ដែល​លោកអ្នក​មាន​អារម្មណ៍​ថាភ្នែក​មាន​បញ្ហា​តែ​ប៉ុណ្ណោះ។

ចំពោះ​មនុស្ស​ចាស់ និង​ស្ដ្រី​នៅ​ពេល​អាយុ​អស់​រដូវ ច្រើន​ជួប​ប្រទះ​បញ្ហា ដូចជា​ក្រហាយ​ភ្នែក ផ្សា​ភ្នែក​ដែល​ជា​មូល​ហេតុ ភាគ​ច្រើន​មក​ពីភ្នែក​ស្ងួត។ ចាប់ពី​អាយុ៤០​ឆ្នាំ​ឡើង​ទៅ លោក​អ្នក​អាច​ជួប​បញ្ហា​លំបាក​ក្នុង​ការអាន​អក្សរ​ឬវត្ថុ​ណា​ដែល​មានរាង តូចៗ។ លោកអ្នក​ត្រូវទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​ភ្នែក​ដើម្បី​វាស់​កាត់​វ៉ែនតា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​មើល  ។ ចំណែក​អាហារ​ដែល​ជួយ​បំប៉ន​សុខភាព​ភ្នែក​វិញ មាន​ដូច​ជាបន្លែ ផ្លែឈើ​ណា​ដែល​មាន​ពណ៌​បៃតង លឿង​ក្រហម​ជាដើម។ ការពាក់ វ៉ែនតា​ជួយ​ការ​ពារ​ភ្នែក ដូចជា​កុំឱ្យ​ភ្នែក​ប៉ះ នឹង​កាំរស្មី​យូវី ឬកាំរស្មី​ពណ៌​ខៀវ​ដែលវា​ធ្វើឱ្យ​ប៉ះពាល​ដល់​សរសៃ​បាត​ភ្នែក។

ប្រការ​គួរចៀស​វាង

1ចំពោះ​កុមារ

  • កុមារ​ទាំង​ឡាយ​មិន​ត្រូវ​លេង​របស់អ្វី​ដែល​មុត​ស្រួច​(កាំបិត ដែក ឈើ និង​របស់​ដែលរឹង)
  • ត្រូវមាន​អនាម័យ​ខ្លួន​ប្រាណ​ចំពោះ​ក្មេងៗ ដោយ​សម្អាតដៃ​ជើង​មុខមាត់​ឱ្យបាន​ស្អាត​ជានិច្ច
  • ត្រូវលុប​លាងមុខ​ឱ្យកូន​នៅ​ពេល​មុខគេ​មាន​ប្រឡាក់​ដីជា​ដើម។

2 . ចំពោះ​មនុស្ស​ចាស់

  • មិន​ត្រូវ​សម្លឹង​មើល​អ្វីយូរ​ពេក ឬ​ជិតពេក និង​កន្លែង​សម្លឹង​មើល​ត្រូវមាន​ពន្លឺ​គ្រប់​គ្រាន់
  • បើមាន​ការរកាំ​ភ្នែក ហាម​មិន​ឱ្យញី​ភ្នែក​ដោយ​ដៃផ្ទាល់​ឬ​ប្រើ​ប្រាស់​ទឹក​មិនស្អាត​មក​លុប​លាង​មុខ​ឡើយ
  • មិនត្រូវយកក្រណាត់មិនស្អាតមកជូតលើរង្វង់ភ្នែក
  • កុំ​ឧស្សាហ៍​ញីភ្នែក​ញឹក​ញាប់​ពេក។

ដំបូន្មាន​អ្នក​ជំនាញ

បើ​លោកអ្នក​មាន​បញ្ហា​ខាងភ្នែក លោកអ្នក​ត្រូវតែ​ទៅពិនិត្យ​ភ្នែក​ដើម្បី​ឱ្យដឹង​ពី​កម្រិត​ភ្នែក​របស់​លោកអ្នក​ថាតើ​លោកអ្នក មាន​អាការអ្វី​ចំពោះ​ភ្នែក។ លោកអ្នក​គួរតែ​ទៅ​ពិនិត្យ​ភ្នែក​មួយ​ដងក្នុង​មួយ​ឆ្នាំ​ទើប​ជាការល្អ​(ចំពោះ​វ័យ​ចាប់ពី​៤០ឆ្នាំ​ឡើង) ព្រោះ អាយុកាល​នេះ​អាច​មាន​ជម្ងឺ​មួយ​ចំនួន​កើត​ឡើង ដូចជា​ទឹក​ដក់​ក្នុង​ភ្នែក ឡើង​បាយ​ភ្នែក កន្ទុយ​ថ្លែន​ជាដើម​ជា​ពិសេស​ចំពោះ​អ្នក​កើត ជម្ងឺ​ទឹក​នោម​ផ្អែម។ ចំពោះ​កុមារ​វិញ​លោកអ្នក​គួរតែ​យកគេ​មក​ពិនិត្យ​ភ្នែកមុន​ពេល​ដែល​ពួកគេ​ចូល​សាលារៀន និង​តាមដាន​សភាព ភ្នែក​របស់​ពួកគេ​ឱ្យបាន​ទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *