កាលពីថ្ងៃទី៣០ ឧសភា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ អង្គការកសិកម្មស្បៀងអាហារពិភពលោកហៅកាត់ថា FAO បានលើកឡើងក្នុងរបាយការណ៍មួយដែលបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅលើពិភពលោកក្នុងចំណោមមនុស្ស៧នាក់មានមនុស្ស១នាក់ដែលខ្វះអាហារបំប៉នគ្រប់គ្រាន់។ ការលើកឡើងនេះ គឺធ្វើឡើងនៅមុនពេលសន្និសិទកំពូល ស្តីអំពីការអភិវឌ្ឍន៍ចីរភាពតាមគម្រោង គឺប្រព្រឹត្តទៅនៅទីក្រុង រីយ៉ូដឺជេននីរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី២០ មិថុនា ដល់ថ្ងៃទី២២មិថុនា ឆ្នាំ២០១២ នាពេលខាងមុខនេះ។
អគ្គនាយកអង្គការ FAO លោក Jose’ Graziono Da Silva បានលើកឡើងតាមរបាយការណ៍នេះថា មិនអាចនិយាយពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពបានទេ ប្រសិនបើស្ថានការណ៍ខ្វះខាតអាហារបំប៉ន នៅតែបន្តកើតមានលើមនុស្សជិត១ភាគ៧ នៅលើភពផែនដីនេះ។ លោកបានសង្កត់ធ្ងន់ថា សន្និសិទប្រព្រឹត្តទៅខាងមុខនេះ គឺជា “ឱកាសមាស” សម្រាប់ស្វែងយល់នូវការលំបាកក្នុងការជួយដល់អ្នកក្រីក្រឲ្យទទួលបានស្បៀងអាហារគ្រប់គ្រាន់។
បើយោងតាមរបាយការណ៍ បានឲ្យដឹងបន្តថា មនុស្ស៣ភាគ៤នៃអ្នកក្រីក្រលើពិភពលោក ដែលរស់នៅតាមតំបន់ជនបទ ពួកគេស្ទើតែទាំងអស់រស់នៅពឹងផ្នែកទៅលើកសិកម្ម ឬសកម្មភាពដែលទាក់ទិនទៅនឹងកសិកម្ម។ ការអត់ឃ្លានបានរុញច្រានអ្នកក្រីក្រ នៅក្នុងរង្វង់វិលចុះវិលឡើងមួយរួមមាន ៖
- ទិន្នផលផលិតបានទាប
- ភាពកាន់តែក្រីក្រទៅៗ
- សេដ្ឋកិច្ចអភិវឌ្ឍន៍យឺត
- ការបន្ថយប្រភពចំណូលផ្សេងៗ
អង្គការកសិកម្មស្បៀងអាហារពិភពលោក (FAO) ក៏បានលើកបន្ថែមថាដល់ឆ្នាំ២០៥០ ប្រជាជនពិភពលោកនឹងកើនដល់៩ពាន់លាននាក់។ ប្រការនេះមានន័យថា តម្រូវការស្បៀងអាហារ នឹងកើនឡើងដែលបង្កជាសម្ពាធចំពោះប្រព័ន្ធកសិកម្ម និងស្បៀងអាហារ។
ហេតុដូច្នេះហើយ បណ្តារដ្ឋាភិបាល ត្រូវចាំបាច់វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការពារសិទ្ធិបានទទួលស្បៀងអាហារ និងបណ្តាប្រភពធនធានធម្មជាតិដូចជា ដី ទឹក ឬ ព្រៃសម្រាប់អ្នកក្រីក្រ។ នៅក្នុងរបាយការណ៍ដដែលនេះ ក៏បានអំពាវនាវឲ្យប្រព័ន្ធផលិតកម្ម និងចែកចាយស្បៀងអាហារ ធ្វើការកែសម្រួលសកម្មភាព និងផ្លាស់ប្តូរមកកាន់ចំណីអាហារធម្មជាតិ ដែលជាប្រយោជន៍ដល់បរិស្ថានច្រើនជាង ទន្ទឹមនឹងការកាត់បន្ថយជាអតិបរមានូវស្ថានភាពខ្ជះខ្ជាយស្បៀង ដែលបច្ចុប្បន្នប្រមាណ១.៣ពាន់លានតោននៃស្បៀងអាហារក្នុងមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចម្បងជាងនេះទៀតនោះ គឺថាបើទោះបីពិភពលោក ខិតខំនឹងបង្កើនទិន្នផលដល់ទៅ ៦០% តាមការព្យាករណ៍ក៏ដោយ ក៏នៅមានមនុស្ស៣០០លាននាក់ នៅតែបន្តទទួលរងនូវភាពអត់ឃ្លានជាប្រចាំ នៅឆ្នាំ២០៥០នាពេលខាងមុខផងដែរ ។
ប្រធានបទសន្និសិទដែលត្រៀមនឹងធ្វើនៅទីក្រុងនៃប្រទេសប្រស៊ីលនៅចុងខែមិថុនានេះ គឺប្រមូលផ្តុំទៅលើសេចក្តីសម្រេចចិត្តរួមមួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តកាលពីខែធ្នូ ឆ្នាំ២០០៩ ហើយក៏សំដៅដល់ការផ្លាស់ប្តូរ ការអន្តរាគមន៍ចូលរួមអំពីនយោបាយនៅក្នុងដំណើរការអភិវឌ្ឍន៍ចីរភាពនេះផងដែរ៕
គួររំឮកថា កាលពីឆ្នាំ២០១១ កន្លងទៅ លោកប្រធានអង្គការស្បៀងអាហារពិភពលោក បានមានប្រសាសន៍ថា ធនធានដីនិងទឹកពេលបច្ចុប្បន្ននេះត្រូវបានគេប្រើប្រាស់លើសពីតម្រូវការសម្រាប់ផលិកម្មស្បៀងទៅទៀត «ធនធានដីនិងទឹកសម្រាប់ផលិតកម្មស្បៀងនៅក្នុងករណីជាច្រើនបានរងនូវសម្ពាធកាន់តែខ្លាំងពីតម្រូវការផ្សេងៗគ្នាទៀតជាច្រើន សម្រាប់ការប្រើប្រាស់ដូចជា ការពង្រីកទីក្រុង វារីវប្បកម្ម និងការដាំដំណាំសម្រាប់ជីវឥន្ធនៈរាវ»។ តំបន់ខ្លះទទួលរងការគម្រាមកំហែងកាន់តែខ្លាំងឡើងៗ ដោយសារការប្រែប្រួលអាកាសធាតុ អាចមានឥទ្ធិពលដល់ សីតុណ្ហភាព របបទឹកភ្លៀង និង លំហូរទឹកទន្លេ។ នៅត្រឹមឆ្នាំ២០៥០ ដោយសារតែការកើនឡើងចំនួនប្រជាជននិងកំណើនខ្ពស់នៃកម្រិតការប្រើប្រាស់ស្បៀង ផលិកម្មស្បៀងពិភពលោកនឹងត្រូវបង្កើនឲ្យដល់ទៅ៧០ភាគរយ។ ប៉ុន្តែបន្ទុកត្រូវធ្លាក់ទៅលើប្រទេសកំពុងអភិវឌ្ឍន៍ដែលតម្រូវឲ្យសម្រេចបានកំណើនផលិតកម្មស្បៀងដល់ទៅ១០០ភាគរយ។
របាយការណ៍កាលពីឆ្នាំ២០១១ ក៏ផ្តល់អនុសាសន៍រួមផងដែរ រួមមានការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានដីនិងទឹក តាមរយៈការកែលម្អប្រព័ន្ធស្រោចស្រព និងការរកឃើញបច្ចេកវិទ្យាកាន់តែទំនើប ការបង្កើនការវិនិយោគក្នុងការអភិវឌ្ឍកសិកម្មដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីដែលមានស្រាប់ ព្រមទាំងការធានាថា គោលនយោបាយជាតិ ដោះស្រាយបញ្ហាប្រឈមកាន់តែច្រើនក្នុងការគ្រប់គ្រងធនធានដីនិងទឹក។
របាយការណ៍ដែលមានចំណងជើងថា«ស្ថានភាពធនធានដីនិងទឹកសម្រាប់កសិកម្មនិងស្បៀងអាហារក្នុងពិភពលោក» (State of the World’s Land and Water Resources for Food and Agriculture) កាលឆ្នាំ២០១១កន្លងទៅ បាននិយាយទៀតថា គ្មានតំបន់ណាមួយដែលនឹងរួចផុតពីការប៉ះពាល់នោះទេ។ របាយការណ៍នេះនិយាយថា ប្រសិនមិនមានការចាត់វិធានការទប់ទល់ពេលនេះទេ ទាំងភាពក្រីក្រនិងភាពអត់ឃ្លាននឹងកើនឡើង។
តើនៅឆ្នាំ២០១២ នាខែមិថុនាខាងមុខនេះ តើការប្រជុំនៅទីក្រុងនៃប្រទេសប្រស៊ីល នឹងរួមគ្នារកដំណោះស្រាយ និងអនុសាសន៍រួមអ្វីខ្លះ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារនៅលើពិភពលោកផ្គត់ផ្គត់គ្រប់គ្រាន់ទៅតាមតម្រូវការរបស់មនុស្សជាតិនៅលើសកលលោក? គេហទំព័រសុខភាពកម្ពុជា នឹងលើកយករបាយការណ៍ថ្មីនោះមកជម្រាបជូនប្រិយមិត្តអ្នកអាន។ ដូច្នេះសូមរងចាំតាមអានជាមួយគេហទំព័រសុខភាពកម្ពុជា បន្តនាពេលខាងមុខ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែមិថុនា ២០១២
Leave a Reply