មហារីកតម្រងនោមជាជម្ងឺមួយប្រភេទ ដែលមានលក្ខណៈកាចសាហាវហើយស្ថិតនៅចំណោមមហារីកធំៗទាំង៤ទៀត គឺជម្ងឺមហារីកខួរក្បាល មហារីកថ្លើម មហារីកលំពែង និងមហារីកស្បែក។ លោកអ្នកដែលបានកើតជម្ងឺមហារីកតម្រងនោម គឺរង់ចាំ តែសេចក្ដីស្លាប់ប៉ុណ្ណោះ។ ព្រោះការព្យាបាលជម្ងឺនេះកម្រនឹងមានប្រសិទ្ធភាពណាស់ផ្ទុយពីកូនក្មេងដែលកើតជម្ងឺនេះ តែអាចធ្វើការ ព្យាបាលបានជាសះស្បើយ។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកព្យាបាលជម្ងឺមហារីក នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតមានវត្ដមានបកស្រាយបំ ភ្លឺអំពីជម្ងឺមហារីកតម្រងនោមនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺមហារីកតម្រងនោម ជាអ្វី?
ជម្ងឺមហារីកតម្រងនោម គឺជាដុំពកសាច់ដែលកើតលើតម្រងនោមមួយចំហៀងឬកើតនៅលើតម្រងនោមទាំងសងខាង ដែលដុំសាច់នេះចេះតែរីកធំឡើងលឿនខុសពីធម្មតា ហើយមានការរីករាលដាល និងសាយភាយពេញខ្លួន។
មូលហេតុជម្ងឺមហារីកតម្រងនោម
គេពុំទាន់រកឃើញពីមូលហេតុច្បាស់លាស់នៃជម្ងឺមហារីកតម្រងនោមនេះនៅឡើយទេ។ ប៉ុន្ដែគេកំពុងតែធ្វើការសិក្សា ស្រាវជ្រាវដោយមានការសង្ស័យទៅលើការផ្លាស់ប្ដូរហ្សែន ដែលជាសមាសធាតុនៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ។ ហើយសមាសធាតុ ហ្សែននេះធ្វើសកម្មភាពខុសប្រក្រតីក៏បង្កឱ្យតម្រងនោមកើតដុំគីសច្រើន។ កាលណាលោកអ្នកមានការផ្លាស់ប្ដូរហ្សែនខុសធម្មតានៅ ក្នុងខ្លួននោះជាការងាយប្រឈមមុខកើតជម្ងឺមហារីកតម្រងនោមលឿនជាងលោកអ្នកដែលមានហ្សែនធម្មតា។ ចំណែកឯកូនក្មេង ដែលមានវ័យក្រោម១ឆ្នាំវិញដោយសារតែមានការវិត្ដន៍របស់ទារកនៅក្នុងផ្ទៃម្ដាយមិនធម្មតា ដែលធ្វើឱ្យវាកើតមកមានជម្ងឺមហារីក តម្រងនោមតែម្ដង។
រោគសញ្ញាជម្ងឺមហារីកតម្រងនោម
ជម្ងឺមហារីកតម្រងនោមនៅដំណាក់កាលដំបូងពុំបានស្ដែងចេញជារោគសញ្ញាណាមួយដែលអាចធ្វើឱ្យលោកអ្នកដឹងបាន ឡើយ។ ប៉ុន្ដែនៅដំណាក់ធ្ងន់ធ្ងរ ទើបជម្ងឺនេះលេចចេញជារូបភាពច្រើនយ៉ាងអាចធ្វើឱ្យលោកអ្នកដឹងបានដោយសម្អាងទៅលើអាការ មួយចំនួន។
1 . ចុកចង្កេះ ៖ ដោយសារតម្រងនោមនៅចង្កេះត្រង់ចុងឆ្អឹងជំនីរផ្នែកខាងក្រោយកើតមានជម្ងឺមហារីកតម្រងនោម បណ្ដាលឱ្យឈឺចង្កេះ។
2 . នោមចេញឈាម ៖ មានចេញឈាមហូរមកលាយជាមួយទឹកនោមរហូតដល់ឈប់នោម។
3 . ជួនឈឺឆ្អឹងនៅកន្លែងណាមួយ ហត់ ឬសន្លប់ក៏អាចជាអាការដែលបញ្ជាក់ឱ្យដឹងពីជម្ងឺមហារីកតម្រងនោមដែរ។
4 . ជាពិសេសមានដុំនៅក្នុងពោះត្រង់ចង្កេះ និងត្រង់ចុងឆ្អឹងជំនីរផ្នែកខាងក្រោយ។
ការព្យាបាលជម្ងឺមហារីកតម្រងនោម
ចំពោះមហារីកតម្រងនោមកើតនៅលើមនុស្សពេញវ័យ គេមិនអាចធ្វើការព្យាបាលដោយមានប្រសិទ្ធភាពបានទេនៅដំណាក់កាលធ្ងន់ធ្ងរដែលចេញជារោគសញ្ញាហើយ។ ព្រោះមហារីកតម្រងនោមកើតនៅលើមនុស្សពេញវ័យជាប្រភេទមហារីកកាច សាហាវ ហើយមានការវិវត្ដន៍លឿនខុសប្រក្រតី ដែលខុសពីមហារីកតម្រងនោមកើតមាននៅលើកូនក្មេង។ ទោះបីជាគ្រូ ពេទ្យធ្វើការ ព្យាបាលដោយប្រើកាំរស្មីក៏ដោយ ក៏អ្នកជម្ងឺរង់ចាំតែសេចក្ដីស្លាប់ប៉ុណ្ណោះដោយសារហួសពេលក្នុងការព្យាបាល។ លើកលែងតែនៅ ដំណាក់កាលដំបូង ដែលគ្រូពេទ្យរក ឃើញជម្ងឺនេះដោយចៃដន្យនៅពេលដែលអ្នកជម្ងឺមានអាការចុកពោះជាដើម ហើយមកកាន់ មន្ទីរពេទ្យដើម្បីពិនិត្យពោះខ្លាចមានបញ្ហា។ នៅពេលនោះគ្រូពេទ្យបានធ្វើការស្គែនមើលពោះ ទើបឃើញមានដុំសាច់តូចនៅលើ តម្រងនោមទំហំ១សង់ទីម៉ែត្រ ទើបដឹងថាមានកើតជម្ងឺមហារីកតម្រងនោម។ នៅដំណាក់កាលនេះ គ្រូពេទ្យអាចធ្វើការព្យាបាល ដោយប្រើវិធីវះកាត់ទាន់ពេលវេលាបានហើយមានប្រសិទ្ធភាពខ្ពស់បំផុត។ ចំពោះមហារីកតម្រងនោមដែលកើតមាននៅលើកូនក្មេង ដែលមានអាយុក្រោម១ឆ្នាំគ្រូពេទ្យអាចធ្វើការព្យាបាលជាសះស្បើយដោយជោគជ័យ។ មានន័យថា ចំនួនកូនក្មេងកើតជម្ងឺ តម្រងនោម១០០នាក់ គ្រូពេទ្យព្យាបាលជាដោយជោគជ័យ៩០នាក់ទោះជាមហារីកនេះមានការរីករាលដាលសាយភាយពេញខ្លួន យ៉ាងណាក៏ដោយក៏មិនអាចបង្កឱ្យមានគ្រោះធ្ងន់ធ្ងរដូចមនុស្សពេញវ័យឡើយ។
វិធីបង្ការជម្ងឺមហារីកតម្រងនោម
មហារីកតម្រងនោម គ្មានថ្នាំវ៉ាក់សាំងចាក់ការពារជាមុនបានទេដោយសារតែគេពុំទាន់រក ឃើញពីមូលហេតុច្បាស់លាស់ នៅឡើយ។ ប៉ុន្ដែមធ្យោបាយដែលល្អប្រសើរ គឺលោកអ្នកគួរតែឧស្សាហ៍ទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យសុខភាពឱ្យបានញឹកញាប់ ដូចជាថតអេកូ ឬស្គែនមើលតម្រងនោមក្នុងរយៈពេល១ឬ២ឆ្នាំម្ដង ប្រសិនបើលោកអ្នកមានលទ្ធភាព។ ទោះបីជាជម្ងឺនេះកើតមាន មែននៅក្នុងខ្លួនលោកអ្នក ក៏វាអាចស្ថិតនៅក្នុងដំណាក់កាលដំបូងដែលអាចធ្វើការព្យាបាលជា។
ផលប៉ះពាល់នៃជម្ងឺមហារីកតម្រងនោម
មហារីកតម្រងនោមស្ថិតនៅក្នុងចំណោមមហារីក៥ ដែលមកដល់ពេលនេះគេពុំទាន់រកឃើញថាមានវិធីណាមួយដែលអាច ព្យាបាលឱ្យជាសះស្បើយបានទេ។ លោកអ្នកដែលកើតមានជម្ងឺនេះហើយ ប្រាកដជាមានផលវិបាកច្រើនជាអាទិធ្វើឱ្យសុខភាពទ្រុឌ ទ្រោម រាងកាយស្គមស្គាំង ទឹកមុខស្លេកស្លាំង។ ហើយជម្ងឺនេះនឹងរីករាលដាលសាយភាយពេញខ្លួនដូចជាស៊ីទៅដល់សួត បង្កឱ្យឆាប់ ហត់ ស៊ីទៅដល់ខួរក្បាល ធ្វើឱ្យឧស្សាហ៍សន្លប់ ស៊ីឆ្អឹងជាហេតុធ្វើឱ្យមានជម្ងឺឈឺឆ្អឹងញឹកញាប់នៅកន្លែងណាមួយដែលមេរោគបានស៊ី។ មិនតែប៉ុណ្ណោះ ធ្វើឱ្យរំខានការងាររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃហើយបាត់បង់នូវប្រាក់ចំណូលក្នុងគ្រួសារ។
ដំបូន្មានអ្នកឯកទេស
លោកអ្នកគួរតែទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យតាមដានសុខភាពរបស់លោកអ្នកឱ្យបានញឹកញាប់ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងធ្វើរោគវិនិច្ឆ័យ។ សូមកុំបណ្ដោយឱ្យសុខភាពទ្រុឌទ្រោមខ្លាំងពេក រហូតមានចេញជារោគសញ្ញាណាមួយទើបទៅកាន់មន្ទីរពេទ្យ នោះ។ ការធ្វើបែបនេះ ការព្យាបាលគឺអាចមានការយឺតពេលក្នុងការជួយសង្គ្រោះជីវិតរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply