ការសម្រាលកូន ឬឆ្លងទន្លេជាព្រឹត្ដិការណ៍មួយដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយមានសុខភាពចុះខ្សោយយ៉ាងខ្លាំង។ ការប្រើកម្លាំងនិងការបាត់បង់ឈាមច្រើននៅពេល សម្រាលបានធ្វើឱ្យភារាងកាយរបស់ស្ដ្រីបាត់បង់នូវថាមពលជាច្រើន។ ដូចនេះសរីរាង្គកាយ របស់ស្ដ្រីត្រូវការចាំបាច់នូវសារធាតុផ្សេងៗ ដែលមាននៅក្នុងអាហារប្រចាំថ្ងៃ ដើម្បីបំពេញការបាត់បង់ទាំងនោះឱ្យត្រឡប់មកដូច ដើមវិញ។
លោកស្រី អ៊ូ សារឿន នាយកសាលសម្ភពនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នឹងចូលរួមបកស្រាយនូវចម្លើយទាំង អស់នេះតាមរយៈទស្សនាវដ្ដី សុខភាពយើង ដើម្បីជូនប្រិយមិត្ដអ្នកអានជ្រាបទុកជាទុនមួយសម្រាប់ប្រតិបត្ដិ។
អាហារដែលស្ដ្រីគួរបរិភោគក្រោយសម្រាលកូន
ចំពោះស្ដ្រីដែលទើបសម្រាលកូន គប្បីទទួលទាននូវអាហារូបត្ថម្ភដូចគ្នាទៅនឹងស្ដ្រីដែលមានគភ៌នៅក្នុងផ្ទៃដែរ។ នៅពេល សម្រាលកូនរួច រាងកាយរបស់ស្ដ្រីបាត់បង់នូវថាមពល និងឈាមជាច្រើន។ ដូច្នេះដើម្បីទ្រទ្រង់រាងកាយឱ្យមានសុខភាពប្រសើរឡើង វិញ ស្ដ្រីទាំងឡាយត្រូវទទួលទានអាហារត្រឹមត្រូវ ឬអាចនិយាយបានថាត្រូវទទួលទានអាហារគ្រប់មុខនិងគ្រប់គ្រាន់។ ប្រភេទអា ហារដែលល្អសម្រាប់ស្ដ្រីទើបសម្រាលកូន គឺត្រូវមានសារធាតុគ្រប់គ្រាន់ ហើយអាហារទាំងនោះមានចែកចេញជាបីក្រុមផ្សេងៗគ្នា។ សូមបរិភោគអាហារទាំងបីក្រុមលាយបញ្ចូលគ្នា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់រាងកាយ។
1 . អាហារសាងសង់ ឬស្ថាបនារាងកាយ ៖ ជាប្រភេទអាហារដែលមានតួនាទីសំខាន់ជាងគេ ដើម្បីជួយឱ្យស្ដ្រីមានភាពរឹង មាំវិញ។ អាហារទាំងនេះរួមមានសត្វសាច់គ្រប់ប្រភេទ (ដូចជាសាច់គោ ជ្រូក មាន់ ទា ត្រី កង្កែប អន្ទង់ ក្ដាម ស៊ុតជាដើម) និងគ្រាប់ ធញ្ញជាតិ(ដូចជាសណ្ដែកសៀង សណ្ដែកដី ពោត តៅហ៊ូជាដើម)ក៏អាចជួយឱ្យស្ដ្រីមានសុខភាពមាំមួនផងដែរ។
2 . អាហារថាមពល ៖ ចែកចេញជា២ប្រភេទ សម្រាប់ជួយផ្ដល់ឱ្យស្ដ្រីនូវអ្វីដែលបាត់បង់ពេលសម្រាលកូនត្រឡប់មក មានកម្លាំងកំហែងដូចដើមវិញ។
- អាហារផ្ដល់ថាមពលខ្ពស់ ៖ ជាប្រភេទអាហារដែលមានជាតិស្ករច្រើន ដូចជាស្ករត្នោត ស្ករអំពៅ ទឹកឃ្មុំ ទឹកអំពៅ ទឹកដូងខ្ចីជាដើម។ ជាមួយគ្នានេះដែរ ខ្លាញ់់ជ្រូក ខ្លាញ់ត្រីប្រេងសណ្ដែក និងចេកណាំវ៉ា ក៏អាចធ្វើឱ្យស្ដ្រីឆាប់មានកម្លាំង ផងដែរ។
- អាហារមូលដ្ឋាន ៖ ជារឿយៗអាហារប្រភេទនេះ តែងតែទទួលទានស្ទើររៀងរាល់ថ្ងៃ គ្រាន់តែពេលខ្លះ សុភាពស្ដ្រីមិនបានដឹងថា ខ្លួនកំពុងតែបរិភោគប្រភេទអាហារដែលផ្ដល់នូវថាមពលឬកម្លាំងតែប៉ុណ្ណោះ។ អាហារប្រភេទនេះរួមមាន បាយ បបរ ដំឡូង ពោត ឬនំបញ្ចុក។
3 . អាហារការពារ ៖ ជាប្រភេទអាហារដែលការពាររាងកាយរបស់ស្ដ្រីឱ្យចៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។ ភាគច្រើន មាននៅក្នុងបន្លែបង្ការគ្រប់ប្រភេទដែលមានពណ៌បៃតង ត្រួយស្ដៅ ក្រូចឆ្មារ ថ្លើមសត្វគ្រប់ប្រភេទនិងផ្លែឈើដែលមានពណ៌លឿងទុំ ដូចជាល្ហុង ល្ពៅ ផ្លែសេដាជាដើម។
សុភាពស្ដ្រីទាំងឡាយដែលក្លាយទៅជាម្ដាយ គួរគប្បីទទួលទានអាហារូបត្ថម្ភទាំងបីក្រុម នេះឱ្យបានគ្រប់គ្រាន់និងទៀង ទាត់ ជាពិសេសមិនត្រូវមានគំនិតលះបង់នូវអាហារទាំងនេះបន្ទាប់ពីបញ្ឈប់បំបៅដោះកូនដោយទឹកដោះនោះទេព្រោះជាគំនិតខុស ឆ្គងមួយដែលស្ដ្រីភាគច្រើនតែងយល់ច្រឡំ និងអនុវត្ដជារឿយៗចង់ក្លាយទៅជាទម្លាប់មួយទៅហើយនៅក្នុងសង្គមខ្មែរយើង។
គុណសម្បត្ដិនៃអាហារូបត្ថម្ភសម្រាប់ស្ដ្រីក្រោយសម្រាលកូន
ចំពោះស្ដ្រីដែលបានទទួលទានអាហារូបត្ថម្ភផ្សេងៗ មិនថាកំពុងមានផ្ទៃពោះ ឬក្រោយសម្រាលកូនរួចនោះទេគឺអាចធ្វើឱ្យ ទាំងម្ដាយ និងទារក មានសុខភាពមាំមួន សាច់ឈាមស្រស់ថ្លាដូចគ្នា។ ជាពិសេសវាធ្វើឱ្យស្ដ្រីជាម្ដាយមានទឹកដោះគ្រប់គ្រាន់សម្រាប់ ចិញ្ចឹមទារក។ អ្នកម្ដាយទាំងអស់គួរចងចាំថា ទឹកដោះមានសារធាតុចិញ្ចឹមច្រើនណាស់ធ្វើឱ្យទារកមានសុខភាពល្អ និងបញ្ចៀសជម្ងឺ ផ្សេងៗបានមួយកម្រិត។
គុណវិបត្ដិនៃការទទួលទានអាហារមិនត្រឹមត្រូវ
ជាទម្លាប់រាល់ពេលស្ដ្រីឆ្លងទន្លេរួច ចាស់ៗតែងតែចូលចិត្ដចម្អិនអាហារដែលមានជាតិហឹរខ្លាំង ដាក់ម្ទេសឬម្រេចច្រើនឱ្យ ស្ដ្រីទទួលទាន។ ការធ្វើដូច្នេះដើម្បីកាត់ជាតិឆ្អេះឆ្អាបនៅក្នុងខ្លួន ឬធ្វើឱ្យសរសៃឈាមមានភាពរឹងមាំឬហៅថាហូបឱ្យចាស់សរសៃ។ លើសពីនេះការត្រាំស្រាជាមួយថ្នាំបុរាណ ឬផ្លែឈើផ្សេងៗទៀតឱ្យទទួលទានក៏ជាបច្ច័យមិនល្អដែរ។ ទង្វើទាំងនេះគឺជាប្រការ ខុសឆ្គងទាំងស្រុង ដែលស្ដ្រីទាំងឡាយគួរតែចៀសវាង។ ខណៈណាដែលស្ដ្រីមិនបានទទួលអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវបន្ទាប់ពី សម្រាលកូនរួច ស្ដ្រីនឹងមានរូបរាងស្លេកស្លាំង ល្ហិតល្ហៃដៃជើង ស្គមរីងរៃអស់កម្លាំងជាដើម។ ជាពិសេសអាចធ្វើឱ្យស្ដ្រីមិនមានទឹក ដោះគ្រប់គ្រាន់សម្រាប់ទារកបៅ ជាហេតុធ្វើឱ្យទារកមិនមានសុខភាពល្អនិងងាយរងនូវជម្ងឺតម្កាត់ផ្សេងៗបានយ៉ាងងាយ។
ដំបូន្មានអ្នកប្រឹក្សា
សុភាពស្ដ្រីដែលក្លាយទៅជាម្ដាយគ្រប់រូប គប្បីចេះថែរក្សាសុខភាពរបស់ខ្លួន និងកូនឱ្យបានប្រសើរ។ ជាពិសេសចំពោះ ទារកតូចៗដែលទើបនឹងកើត គួរយកទៅចាក់ថ្នាំបង្ការជម្ងឺផ្សេងៗ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ពេលវេលា។ ស្ដ្រីទាំង អស់គួរបំបៅកូនដោយទឹកដោះ ព្រោះមានសារធាតុចិញ្ចឹមច្រើនប្រភេទ និងអាចទប់ស្កាត់នូវជម្ងឺផ្សេងៗបានមួយកម្រិត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨
Leave a Reply