ជំនឿ​ពេល​ស្ដ្រីមាន​ផ្ទៃពោះ

គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​តែងតែ​មាន​អារម្មណ៍​ក្នុង​ការគិត​ពីបញ្ហា​ផ្សេងៗ ដែល​អាច​កើត​មាន​ក្នុង​កំឡុង​ពេល​ពពោះ​និង​ពេល សម្រាល។ ហេតុនេះ​ហើយ​ទើប​ស្ដ្រីខ្លះ​បាន​ព្យាយាម​សាក​សួរ​ចាស់ៗ​ដែល​មាន​បទ​ពិសោធន៍។ ចម្លើយ​ដែល​បាន​ពីពួក​គាត់​ភាគ​ច្រើន ទាក់​ទង​ទៅនឹង​ការ​ហាម​ឃាត់​មួយ​ចំនួន​ដែល​ជា​ជំនឿ​តាំង​ពីបុរាណ​តគ្នា​មក។ ពេល​នេះ​វិទ្យា​សាស្ដ្រ​សុខា​ភិបាល​រីក​ចម្រើន តែ​បញ្ហា ជំនឿ​នៅតែ​មាន​ចំពោះ​ប្រជា​ពលរដ្ឋ​យើង​នៅ​ឡើយ។ តើក្បួន​បុរាណ​ដែល​និយម​អនុវត្ដ​កន្លង​មក​សម​ស្រប​ជាមួយ​នឹង​វេជ្ជសាស្ដ្រ បច្ចុប្បន្ន​នេះដែរ​ឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្វែង​យល់​ពីបញ្ហា​ជំនឿ​ពេល​ស្ដ្រីមាន​ផ្ទៃពោះ ទស្សនាវដ្ដី សុខភាពយើងបាន​សូម​ធ្វើការ​សម្ភាសន៍​ជាមួយ​លោកស្រី វេជ្ជបណ្ឌិត ជូ ពិន ឯក​ទេស​សម្ភព និង​រោគ​ស្ដ្រី​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​មក​ស្រាយ​បំភ្លឺ​ជូន។

ស្ដ្រីមាន​ផ្ទៃពោះ និង​ជំនឿ

គ្រប់​ឥរិយាបទ​ប្រចាំថ្ងៃ​របស់​ស្ដ្រី​ជាម្ដាយ​នៅ​ពេល​មាន​ផ្ទៃ​ពោះ​សុទ្ធតែ​មាន​ទំនាក់​ទំនង​ដល់​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ ហេតុនេះ​ទើប​ចាស់​ជំនាន់​មុន​តែងតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ដ្រី​ដែល​មាន​ផ្ទៃពោះ​ហើយ​ការប្រុង ប្រយ័ត្ន​នេះ​ក្លាយ​ជា​ទម្លាប់ ឬ​ជំនឿ​ដែល​អនុវត្ដ​តគ្នារៀង​មក។

1 . ជំនឿ​ទាក់​ទងនឹង​ផ្លូវចិត្ដ ស្ដ្រី​មានផ្ទៃ​ពោះ​ចៀស​វាង​ការ​មើល​រូបភាព ឬ​ព្រឹត្ដិការណ៍​អាក្រក់ ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​កាប់​សម្លាប់​គ្នាជា​ដើម ព្រោះ​ពួកគាត់​យល់ថា​អាចឱ្យ​ទារក​កើត​មក​មាន​រូបរាង​កាត់​ដូចអ្នក​ដែល​រងគ្រោះ​ឬរូប​ភាព​ដែល បាន​ឃើញ។ ហេតុនេះ​ហើយ​ទើប​នៅពេល​ដឹងថា​ខ្លួន​មាន​ផ្ទៃពោះ​គ្រប់​ស្ដ្រី​ក៏ដូច​ជាក្រុម​គ្រួសារ​បាន​ទិញ​រូបភាព​កូន​ក្មេង​ស្អាតៗ​មក​បិទ លើ​ជញ្ជាំង​ទុក​មើល ដើម្បី​កូន​កើត​មក​កាត់​ទៅរក​រូបភាព​ស្អាតៗ​ទាំង​នោះ។ ម្យ៉ាង​វិញ​ទៀត​ក៏មាន​ការហាម​ប្រាម​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃ ពិបាក​ចិត្ដ​គិត​ច្រើន ឬក៏​ទៅសួរ​សុខ​ទុក្ខ​អ្នក​ដែល​មាន​ជម្ងឺ​ជាដើម។ ជំនឿ​ទាំងនេះ​បើតាម​ក្បួន​វេជ្ជសាស្ដ្រ​គឺមាន​ទំនាក់​ទំនង​ទៅនឹង បញ្ហា​ផ្លូវចិត្ដ ព្រោះថា​នៅពេល​កំពុង​មាន​ផ្ទៃពោះ បើស្ដ្រី​ជាម្ដាយ​មាន​កង្វល់​ច្រើន​រង​អំពើ​ហិង្សា និង​គិត​ច្រើន​ពីទិដ្ឋភាព​មិនល្អ​ដែល​បាន ជួប​ប្រទះ​នោះ នៅពេល​ដែល​កូន​កើតមក​នឹង​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ដ​អាច​ក្លាយ​ទៅជា​មនុស្ស​ឆេវ​ឆាវ ឃោរ​ឃៅ ផ្ដាច់ខ្លួន​ចេញ​ពីអ្នក ដទៃ មិន​សូវ​និយាយ​ស្ដី ការថម​ថយ​ចុះនូវ​សមត្ថ​ភាព​ខួរក្បាល​ជាដើម។ នៅពេល​មាន​ផ្ទៃពោះ គ្រប់ការ​គិត​របស់​ម្ដាយ​សុទ្ធតែ​បាន​ផ្សា ភ្ជាប់ទៅ​នឹងការ​លូត​លាស់​ផ្នែក​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​ហើយ​បន្ដ​ដិត​ដាម​រហូត​ដល់​ពេល​គេ​ធំពេញ​វ័យ។

2 . ជំនឿ​ទាក់ទង​នឹង​ផ្លូវ​កាយ សកម្មភាព​ផ្លូវ​កាយ​មួយ​ចំនួន​ក៏ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ​ដូចជា​ការងូត​ទឹក​ពេល​យប់ ព្រោះ​អាច​ធ្វើឱ្យ​ទារក​ក្នុងផ្ទៃ​ថ្លោស ពិបាក​សម្រាល។ ហេតុ​ផល​ពិត​ប្រាកដនៃ​ជំនឿ​នេះ​ក៏ព្រោះ​តែកាល​ពីមុន​មិន​មាន​បន្ទប់​ទឹក​ប្រើ ប្រាស់​គ្រប់​គ្រាន់ ភាគ​ច្រើន​ងូតទឹក​នៅតាម​មាត់​ទន្លេ ស្ទឹង ព្រែក​ជាដើម។ ហេតុ​នេះ​ហើយ​បើស្ដ្រី​មាន​ផ្ទៃពោះ​ធ្វើ​ដំណើរ​ទៅងូត​ទឹកនៅ ពេល​យប់​ក្រែង​ជួប​គ្រោះ​មិនល្អ ដូចជា​រអិល​ដួល សត្វ​អាសឹរ​ពិស​ទេច​ឬខាំ​នាំឱ្យ​មាន​គ្រោះ​ថ្នាក់​បាន។ តាម​ក្បួន​វេជ្ជ​សាស្ដ្រ ការ​មុជ​ទឹក ពេល​យប់​អាច​ជួយ​សម្រួល​ដល់​ការ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​ការពារ​សុក​នៅក្នុង​ផ្ទៃម្ដាយ​ឱ្យមាន​សំណើម និង​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ចលនា របស់​ទារក។ ទារក​ធំធាត់​ដោយ​សារការ​ទទួល​ទាន​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់​ត្រឹម​ត្រូវ​ពីម្ដាយ។

3 . ជំនឿ​ទាក់ទង​នឹង​ចំណី​អាហារ របប​អាហារ​មួយ​ចំនួន​ត្រូវ​ហាម​ប្រាម​មិនឱ្យ​ស្ដ្រីមាន​ផ្ទៃពោះ​ទទួល​ទាន​ឡើយ​ដូចជា បបរ ខ្យង ខ្ចៅ​ជាដើម។ ដោយ​សារ​យល់​ថាស្ដ្រី​មាន​គភ៌​បើ​ទទួល​ទាន​បបរ​ច្រើន​ទារក​កើត​មក​មាន​របកសៗ​នៅជាប់​នឹង​ស្បែក​របស់ ទារក​មិនល្អ។ ប៉ុន្ដែ​បើតាម​ក្បួន​វេជ្ជសាស្ដ្រ​ទារក​សម្រាល​មក​មាន​របកសៗ​ជាប្រេង​ម្យ៉ាង​ជួយ​ថែរក្សា​ស្បូន​របស់​ម្ដាយ និង​ទារក​ដែល នៅក្នុង​ផ្ទៃ ជាពិសេស​ជួយ​សម្រួល​ដល់​ទារក​មិនឱ្យ​កកិត​ជាមួយ​ស្បូន។ ជា​ធម្មតា​ទារក​សម្រាល​បាន​២ទៅ៣​ថ្ងៃ​របកសៗ​នោះ​បាត់ ទៅ​វិញ។ ការ​របក​របស់​ទារក​នេះ​អាច​សម្គាល់​អំពី​សុខភាព​របស់​ទារក។ បើ​ទារក​ណា​មាន​របក​ច្រើន ទារក​នោះ​មិន​ទាន់​គ្រប់​ខែ ហើយ​បើទារក​មាន​របក​តិច ឬ​មិន​មាន ទារក​នោះ​សម្រាល​មកគ្រប់​ខែបាន​ល្អ។ ចំណែក​ឯស្នាម​ក្រហម ឬ​កន្ទួល​តូចៗ​នៅលើ​ដងខ្លួន មិន​មានអ្វី​គួរឱ្យ​ព្រួយ​បារម្ភ​ទេ​២ឬ៣ថ្ងៃ្ង​ក្រោយ​រលុប​ទៅវិញ​ជាការ​ធម្មតា។

ប្រការ​គួរ​ប្រតិបត្ដិ​ពេល​មាន​ផ្ទៃ​ពោះ

ស្ដ្រីមាន​ផ្ទៃពោះ​គ្រប់​រូប​ចាប់​ផ្ដើម​ពីខែ​ដំបូង​រហូត​ដល់​សម្រាល​ត្រូវ​អនុវត្ដ​តាម​ប្រការ​មួយ​ចំនួន​ដូចខាង​ក្រោម។

  • ការ​ពិនិត្យ​ផ្ទៃ​ពោះ ៖ ស្ដ្រីត្រូវ​តែ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​រៀង​រាល់​មួយ​ខែម្ដង​នៅ​មន្ទីរ​ពេទ្យ​ឬ​មណ្ឌល​សុខភាព​ដែល​នៅជិត​ផ្ទះ ដើម្បី​ឱ្យគ្រូ​ពេទ្យ​ពិនិត្យ​តាម​ដាន​សុខភាព​របស់​មាតា​និង​ការ​លូត​លាស់​របស់​ទារក។
  • ការ​ទទួល​ទាន​អាហារ ស្ដ្រី​ត្រូវ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់​គ្រាន់ និង​មាន​ពេល​កំណត់​ត្រឹម​ត្រូវ។ សូម​ទទួល​ទាន​បន្លែ ដែល​មាន​ពណ៌​បៃតង និង​លឿង មាន​ដូចជា​ការ៉ុត ប៉េង​ប៉ោះ ស្ពៃ ស្លឹក​បាស​ជាដើម។ ចំពោះ​ជាតិ​សាច់​វិញ​មាន​សាច់ត្រី ស៊ុត ថ្លើម ព្រោះ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេ​អ៊ីន និង​ជួយ​ដល់​ការ​លូត​លាស់​នៃ​សព៌ាង្គ​កាយ។
  • សកម្មភាព​ប្រចាំ​ថ្ងៃ ត្រូវ​ក្រោកពី​ព្រលឹម ចៀសវាង​ការធ្វើ​ការ​ធ្ងន់ ការ​ដើរ​ផ្លូវ​ឆ្ងាយ ហាម​ពាក់​ស្បែក​ជើង​កែង​ព្រោះ​នាំ ឱ្យប៉ះ​ពាល់​ដល់​ទារក​ក្នុង​ផ្ទៃ អាច​ជាការ​រលូត ឬ​ពិបាក​សម្រាល​ជា​ដើម។
  • ការធ្វើ​លំហាត់​ប្រាណ ៖ ការ​ហាត់​ប្រាណ​របស់​ស្ដ្រី​មាន​ផ្ទៃពោះ​សំដៅ​លើ​ការ​លើក​ដៃ​លើក​ជើង​ម្ដង​ទៅឆ្វេង​ម្ដង​ទៅ​ស្ដាំ ចៀស​វាង​ការ​ហាត់​ដោយ​ប្រើ​កម្លាំង​ធ្ងន់។

ដំបូន្មាន​អ្នក​ប្រឹក្សា

គ្រប់​ស្ដ្រី​ទាំង​អស់​ពេល​មាន​ផ្ទៃពោះ សូម​ទៅពិ​គ្រោះ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ឱ្យទៀង​ពេល​វេលា។ សូម​ទទួល​ទាន អាហា​រូបត្ថម្ភ​ឱ្យបាន​គ្រប់​គ្រាន់ ជា​ពិសេស​អនាម័យ​ខ្លួន​ប្រាណឱ្យ​បាន​សមរម្យ ទើប​សុខភាព​ល្អ​ដល់​ខ្លួន​ឯង​និង​ទារក​ក្នុង​ផ្ទៃ។ ម្យ៉ាង​វិញ ទៀត ត្រូវ​ស្លៀក​សម្លៀក​បំពាក់​ណា​ដែល​រលុងៗ​។ ចៀស​វាង​ទទួល​ទាន​គ្រឿង​ស្រវឹង ម្ទេស​ប្រៃ​ពេក​អាច​ធ្វើឱ្យ​ប៉ះ​ទង្គិច​ដល់​ទារក ក្នុង​ផ្ទៃ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *